សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធសំណើដែលដាក់ដោយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ចំពោះសវនាការរួមគ្នារបស់ពួកគេ ដោយតុលាការបានសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាប ដើម្បីបំបែកសំណុំរឿងដាច់ដោយឡែកពីគ្នា បើតាមការបញ្ជាក់របស់មេធាវី។
កាលពីខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចថា សវនាការសំណុំរឿងនេះនឹងត្រូវបែងចែកជា៥សំណុំរឿង ដោយសារមាន «ជនជាប់ចោទច្រើន» ហើយមានបញ្ហា «ភាពស្មុគស្មាញ» ដែលធ្វើឲ្យមានការលំបាកក្នុងការពិនិត្យភស្តុតាង។
ប៉ូលិសបានចាប់ខ្លួនជនជាប់ចោទចំនួន៣៧នាក់ រួមទាំងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដ៏ល្បីម្នាក់ឈ្មោះ ស្រ៊ុន ស្រ៊ន និងចោទប្រកាន់ពួកគេពីបទញុះញង់កាលពីខែកក្កដា បន្ទាប់ពីមានការចោទប្រកាន់ថា បានរៀបចំការផ្សាយបន្តផ្ទាល់លើតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅលើហ្វេសប៊ុក។ ពួកគេបានចោទប្រកាន់មេដឹកនាំកម្ពុជាថា បានប្រគល់ទឹកដីនៃខេត្តភាគខាងជើងចំនួនបួនទៅឲ្យប្រទេសវៀតណាម។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យជនជាប់ចោទ បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដោយកត់សម្គាល់ថា លោកនឹងពិភាក្សាជាមួយកូនក្តីថាតើត្រូវប្តឹងសារទុក្ខចំពោះសាលក្រមនេះទៅតុលាការកំពូលដែរឬទេ។
យោងតាមលោកមេធាវី សាលាឧទ្ធរណ៍បានលើកយកមាត្រា៣៨៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងថា បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមអន្តរការីមុនពេលកាត់ទោសអាចទទួលយកបាន ប្រសិនបើវាត្រូវបានប្តឹងភ្លាមៗ។
លោកបានថ្លែងថា៖ «យើងមិនអាចទទួលយកហេតុផលដែលផ្តល់ដោយសាលាឧទ្ធរណ៍ដែលអះអាងថា សិទ្ធិប្តឹងឧទ្ធរណ៍របស់ចុងចោទត្រូវបានបាត់បង់សុពលភាព [ដោយសារតែការពន្យារពេល]»។ គាត់បានបន្តថា ការប្តឹងឧទ្ធរណ៍នេះត្រូវបានដាក់មួយសប្តាហ៍បន្ទាប់ពីសាលក្រមរបស់តុលាការជាន់ទាប។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែយើងបានគិតពីសាលក្រមចាត់របៀប លុះត្រាតែចៅក្រមបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកភស្តុតាងបន្ថែម»។
លោកបានបន្ថែមថា៖ «យើងមិនអាចទទួលយក [ការសម្រេចចិត្ត] បំបែកសវនាការបានទេ ដោយសារករណីនេះនឹងត្រូវអូសបន្លាយ ហើយ [នេះ] ប៉ះពាល់ដល់សិទ្ធិរបស់ចុងចោទក្នុងការកាត់ក្ដីដោយយុត្តិធម៌»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ហាក់ដូចជាមានហេតុផលនយោបាយ ជាជាងផ្អែកលើអង្គហេតុ។
លោក សុខសាន្ត មានប្រសាសន៍ថា៖ «ខ្ញុំគិតថា តុលាការមិនគួរពន្យារពេលសវនាការ ឬបំបែកសវនាការនោះទេ»។
ករណីមុនៗ តុលាការមិនបានបំបែកសវនាការទេ លោកសង្កេតឃើញថា សំដៅលើការកាត់ក្តី និងផ្ដន្ទាទោសជនជាប់ចោទជាង ៤០នាក់ ដែលជាសកម្មជននយោបាយ និងសមាជិកនៃគណបក្សសង្គ្រោះជាតិ ដែលផុតអាណត្តិនៅឆ្នាំ២០២២។
ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្ស លីកាដូ ក្នុងស្រុកបាននិយាយថា ចាប់តាំងពីខែកក្កដាឆ្នាំមុន មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន ដោយមានជាង៦០នាក់ត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារដោយសារការតវ៉ាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម គ្រោងនឹងប្រមូលផ្តុំ ឬបញ្ចេញមតិលើ CLV-DTA។
កាលពីខែកញ្ញា កម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងត្រីកោណអភិវឌ្ឍន៍ CLV ដែលមានរយៈពេល២០ឆ្នាំ បន្ទាប់ពីមានការតវ៉ា និងការរិះគន់សាធារណៈតាមអ៊ីនធឺណិត។
កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋាភិបាលទាំងបីក្នុងឆ្នាំ១៩៩៩ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Upholds Lower Court’s Verdict to Split Hearing of CLV-DTA Case