សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់ពីការងារ

អគារណាហ្គាវើលមានសភាពស្ងប់ស្ងាត់ដោយសារស្ថានភាពរីករាលដាលជំងឺ ប៉ុន្តែការបញ្ឈប់បុគ្គលិកយ៉ាងច្រើនរបស់ក្រុមហ៊ុនកាស៊ីណូនេះនៅតែបន្តធ្វើឲ្យមានភាពរំជើបរំជួល។ រូបភាពថត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អគារណាហ្គាវើលមានសភាពស្ងប់ស្ងាត់ដោយសារស្ថានភាពរីករាលដាលជំងឺ ប៉ុន្តែការបញ្ឈប់បុគ្គលិកយ៉ាងច្រើនរបស់ក្រុមហ៊ុនកាស៊ីណូនេះនៅតែបន្តធ្វើឲ្យមានភាពរំជើបរំជួល។ រូបភាពថត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃសុក្របានបដិសេធមិនពិចារណាលើការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារចំនួន ៣៧៣នាក់ដែលបានព្យាយាមជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនកាស៊ីណូនេះ។

ការសម្រេចចិត្តនេះមានន័យថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងមិនធ្វើអន្តរាគមន៍ ដើម្បីរារាំងការបញ្ឈប់បុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសជាលើកដំបូងកាលពីថ្ងៃទី៨ ខែមេសានោះទេ។ ទោះយ៉ាងណា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាបានបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍រៀបចំកញ្ចប់ប្រាក់បំណាច់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់បុគ្គលិកទាំងនោះ ដែលរួមមានសមាជិកសហជីពនិងភាគច្រើនជាមេដឹកនាំសហជីព។

ក្រុមតំណាងឲ្យបុគ្គលិកដែលត្រូវបានបញ្ឈប់ទ្រង់ទ្រាយធំចុងក្រោយដែលធ្វើឲ្យចំនួនបុគ្គលិកសរុបដែលត្រូវបានបញ្ឈប់ពីការងារចំនួន ១៣២៩នាក់ដែលជិតស្មើ ១ភាគ៦នៃបុគ្គលិកសរុបប្រហែល ៨០០០នាក់របស់ក្រុមហ៊ុននេះ។

អ្នកនាង ឈឹម ស៊ីថរ អាយុ៣២ឆ្នាំគឺជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ស៊ីថរ គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកត្រូវបញ្ឈប់ពីការងារ ៣៧៣នាក់ដែលមិនព្រមទទួលយកប្រាក់សំណងពីក្រុមហ៊ុន ហើយពួកគាត់កំពុងតស៊ូទាមទារដើម្បីឲ្យ​ក្រុមហ៊ុនអនុញ្ញាតពួកគាត់ចូលធ្វើការវិញ ។

អ្នកនាង ស៊ីថរ បានប្រាប់ខេមបូចា ថាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃសុក្រគឺជាការបរាជ័យក្នុងការវិនិច្ឆ័យ។

ស៊ីថរ បានឲ្យដឹងថា៖ «យុត្តិធម៌ត្រូវបានពន្យារពេល» ដោយបន្ថែមថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនបាននិយាយថា តើកម្មករនិយោជិតត្រូវឬខុសនៅក្នុងជម្លោះនេះទេ។

ស៊ីថរ បានបន្ថែមថា៖ «តើយើងអាចស្វែងរកយុត្តិធម៌នៅឯណា? បើក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនហ៊ាននិយាយ» ។

ក្រុមហ៊ុនកាស៊ីណូនេះបានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ថា ជាមូលហេតុក្នុងការកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនដោយបញ្ជាក់ថា ការរឹតបន្តឹងសុខភាពសាធារណៈបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មអស់រយៈពេលជិតមួយឆ្នាំ មុនពេលបិទដំណើរការជាបណ្តោះអាសន្ននៅខែមីនា។

ប៉ុន្តែបុគ្គលិកដែលត្រូវបានបញ្ឈប់ជាច្រើននាក់បានច្រានចោលការលើកឡើងនេះដោយចង្អុលបង្ហាញថា ក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែទទួលបានផលចំណេញ ទោះបីជាមានការបិទក៏ដោយ។ បុគ្គលិកទាំងនេះជឿជាក់ថា ការកាត់បន្ថយបុគ្គលិកនេះគឺភាគច្រើនមានបំណងផ្តល់ឱកាសឲ្យអ្នកគ្រប់គ្រងលុបបំបាត់ការតវ៉ារបស់សហជីពណាហ្គាវើលដ៍ ដែលមានជំហរចរចាប្រកបដោយប្រសិទ្ធភាពជាយូរឆ្នាំមកហើយ។

អ្នកគ្រប់គ្រងកាស៊ីណូបានបដិសេធមិនចរចាជាមួយសហជីព ក្នុងការរៀបចំរការបញ្ឈប់ទ្រង់ទ្រាយធំនេះ ដែលរួមបញ្ចូលសមាជិកសហជីពប្រហែល ៦០០នាក់។ កាលពីខែមិថុនា អង្គការសង្គមស៊ីវិលចំនួន ៧៣បានចេញសេចក្តីថ្លែងការណ៍រួមមួយច្រានចោលការបញ្ឈប់ទ្រង់ទ្រាយធំនេះ ដោយចាត់ទុកការកាត់បន្ថយបុគ្គលិកនេះ គឺជាការប៉ុនប៉ងច្បាស់ក្រឡែតក្នុងការបំបែកសហជីពរបស់ក្រុមហ៊ុនកាស៊ីណូនេះ។

ឥឡូវនេះ ស៊ីថរ ទទូចឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ ទូទាត់ឡើងវិញនូវកញ្ចប់ប្រាក់បំណាច់អតីតភាពការងារសម្រាប់អ្នកដែលបានទទួលយកសំណងរួចហើយ ជាផ្នែកនៃការបញ្ឈប់របស់ពួកគេ ដោយនិយាយថា កញ្ចប់ប្រាក់បំណាច់អតីតភាពការងារទាំងនេះត្រូវបានគណនាមិនត្រឹមត្រូវ។ អ្នកនាងក៏បានច្រានចោលនូវការអះអាងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលថា ការបញ្ឈប់នេះត្រូវបានធ្វើឡើងដោយសារបញ្ហាសេដ្ឋកិច្ច ដោយអ្នកនាងនិយាយថា ការតវ៉ារបស់សហជីពដែលតំណាងឲ្យបុគ្គលិកដែលត្រូវកាត់ចេញទៅវិញទេ​ ដែលនឹងបង្កហានិភ័យដល់កម្លាំងការងារទាំងមូលរបស់ក្រុមហ៊ុន​​​​​កាស៊ីណូនេះ។

ស៊ីថរ បាននិយាយថា៖ «យើងទាមទារឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យកម្មករដែលមិនទទួលបានសំណងនេះត្រឡប់ទៅធ្វើការវិញ»។

អ្នកស្រី ឃ្លាំង សុបិន្ត អាយុ៤១ឆ្នាំ ជាបុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ពីការងារក៏ជឿជាក់ដែរថា ការបញ្ឈប់បុគ្គលិកនេះគឺបណ្តាលមកពីបញ្ហាផ្ទៃក្នុងការងារច្រើនជាងបញ្ហាសេដ្ឋកិច្ច។ អ្នកស្រី សុបិន្ត គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកចំនួន ៣៧៣នាក់ ដែលត្រូវបញ្ឈប់ពីការងារទ្រង់ទ្រាយធំនេះ។

អ្នកស្រី សុបិន្ត បាននិយាយថា៖ «ពួកគេចង់សងសឹកនឹងសហជីព ដូច្នេះពួកគេបានបញ្ចេញឈ្មោះរបស់យើងក្នុងក្រុមដែលត្រូវបញ្ឈប់ពីការងារ។ ពួកគេបានរំលោភបំពានតាមអំពើចិត្តដោយមិនគោរពច្បាប់កម្ពុជាទេ»។

អ្នកស្រីបន្តថា បុគ្គលិកវ័យក្មេងខ្លះអាចរកការងារផ្សេងទៀតបាន ប៉ុន្តែក្រុមហ៊ុនមិនទទួលយកបុគ្គលិកវ័យចំណាស់ដូចជាគាត់ទេ ជាពិសេសអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ឥឡូវនេះ អ្នកស្រី សុបិន្ត ស្នាក់នៅផ្ទះគ្មានការងារធ្វើដោយត្រូវមើលថែគ្រួសាររបស់អ្នកស្រីជំនួសវិញ។

អ្នកស្រី បាននិយាយថា៖ «ខ្ញុំពឹងផ្អែកលើប្តីរបស់ខ្ញុំ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារទាំងមូល»។

គ្រួសាររបស់ អ្នកស្រី ត្រូវសងប្រាក់កម្ចីចំនួន ៥០០០ដុល្លារដែលគាត់យកមកជួសជុលផ្ទះដោយត្រូវបង់ចំនួន២៥០ដុល្លារជារៀងរាល់ខែ។ លោកស្រី បាននិយាយថា សំណងដែលក្រុមហ៊ុនផ្តល់ជូនជាផ្នែកនៃការបញ្ឈប់ពីការងាររបស់នាងគឺតិចជាងអ្វីដែលនាងត្រូវទទួលបានបើគិតពីអតីតភាពការងាររបស់អ្នកស្រីនៅណាហ្គាវើលដ៍។

អ្នកស្រី បានពន្យល់ថា៖ «នេះហើយជាមូលហេតុដែលខ្ញុំមិនទទួលយកវា» ដោយបានបន្ថែមថា គេមិនគួរបណ្តោយឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ គេចវេះពីច្បាប់ការងារដោយសារតែជាក្រុមហ៊ុនដ៏មានឥទ្ធិពលនោះទេ។

តយ ខេងប៉ុលរិទ្ធ អាយុ៥២ឆ្នាំជាមិត្តរួមការងារដែលត្រូវបានបញ្ឈប់ពីការងារដោយក្រុមហ៊ុនណាហ្គាវើលដ៍ក៏បាននិយាយផងដែរថា ចំនួនទឹកប្រាក់ដែលផ្តល់ជូនលោកនេះមិនគ្រប់គ្រាន់ទេ បើគិតពីពេលវេលារបស់លោកជាមួយក្រុមហ៊ុនកាស៊ីណូនេះ។ ទោះក្នុងចំនួនណាក៏ដោយ លោកនិយាយថា លោកចង់បានការងារធ្វើជាជាងការទូទាត់ ប្រាក់បំណាច់អតីតភាពការងារនេះ។

លោក ខេងប៉ុលរិទ្ធ បាននិយាយថា៖ «ខ្ញុំមិនចង់បានប្រាក់ទេ ខ្ញុំចង់ធ្វើការព្រោះខ្ញុំចាស់ពេកមិនអាចរកការងារផ្សេងធ្វើបានទេ»។

លោកមិនទាន់រកការងារធ្វើបាននៅឡើយទេ បន្ទាប់ពីទទួលបានការជូនដំណឹងពីណាហ្គាវើលដ៍ហើយលោកបាននិយាយថា លោកនិងគ្រួសាររបស់លោកមានការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត អំឡុងពេលមានជំងឺរាតត្បាត។ ភរិយារបស់លោកទើបសម្រាលកូនបាន៥ខែប៉ុណ្ណោះ ដែលបានបន្ថែមការចំណាយក្នុងគ្រួសារ ហើយទោះបីជា លោក ខេងប៉ុលរិទ្ធ និយាយថា អតីតមិត្តរួមការងារបានរៃអង្គាសថវិកាខ្លះដើម្បីជួយគ្រួសារលោកក៏ដោយ វានៅតែមិនគ្រប់គ្រាន់ទេ។

អ្នកជំនាញផ្នែកការងារនិយាយថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនបានបញ្ចប់ការតវ៉ានឹងការបញ្ឈប់បុគ្គលិកនៅណាហ្គាវើលដ៍ទាំងស្រុងនោះទេ។

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៅអង្គការសិទិ្ធការងារសង់ត្រាល់ បាននិយាយថា សេចក្តីសម្រេចនៅថ្ងៃសុក្រនេះមិនច្បាស់ទេ ហើយធ្វើឲ្យជម្លោះដែលកំពុងបន្តនេះអូសបន្លាយបន្តទៀត។

លោក ថារ៉ូ បានមានប្រសាសន៍ថា៖ «និយោជិតទំនងជាបាត់បង់ផលប្រយោជន៍ជាងនិយោជក ពីព្រោះនិយោជកបានបញ្ឈប់បុគ្គលិករួចហើយ»។ លោកបន្ថែមថា៖ «ប្រសិនបើពួកគេពន្យារពេលនីតិវិធីយូរទៅទៀត បុគ្គលិកនឹងបាត់បង់អត្ថប្រយោជន៍ច្រើន ដោយសារពួកគេមិនអាចត្រឡប់ចូលធ្វើការវិញបាន»។

លោកបន្ថែមថា ភាគីទាំងពីរមិនទាន់បាត់បង់សិទ្ធិនៅឡើយទេ ប៉ុន្តែត្រូវរង់ចាំការសម្រេចរបស់នាយកដ្ឋានអធិការកិច្ចការងាររបស់ក្រសួងការងារ។ លោក ថារ៉ូ បានជំរុញឲ្យនាយកដ្ឋានធ្វើការឲ្យបានលឿន ក្នុងដំណើរការធ្វើសេចក្តីសម្រេចរបស់ខ្លួនដើម្បីកំណត់ថា តើណាហ្គាវើលដ៍មានសិទ្ធិបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំមែនឬយ៉ាងណា។

ទាំងលោក Hein Dames ជាប្រធានផ្នែកធនធានមនុស្សនៅណាហ្គាវើលដ៍ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕ (រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Arbitration Council will not consider demands of laid-off NagaWorld’s workers

1,290 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម