សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខណៈលោក ចូ បៃដិន មកដល់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាជ្ញាធរដាក់កម្លាំងឃ្លាំមើលផ្ទះអ្នកតវ៉ា

អាជ្ញាធរកំពុងបោះទីតាំងយាមកាមនៅខាងក្រៅផ្ទះក្រុមសកម្មជនស្រ្តីថ្ងៃសុក្រ ព្រំ ចន្ថា ក្នុងសង្កាត់បឹងទំពន់២ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
អាជ្ញាធរកំពុងបោះទីតាំងយាមកាមនៅខាងក្រៅផ្ទះក្រុមសកម្មជនស្រ្តីថ្ងៃសុក្រ ព្រំ ចន្ថា ក្នុងសង្កាត់បឹងទំពន់២ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សកម្ម​ជន​ជា​ច្រើន​ក្នុង​សប្ដាហ៍​នេះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មេដឹក​នាំ​នានា​ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​​ឃ្លាំ​មើល​តាម​ផ្ទះ​របស់​អ្នកតវ៉ា​ដែល​បាន​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី និង​សមាជិក​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​។​

ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នាយក​រដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida និង​នាយក​រដ្ឋមន្ត្រី​ញ៉ូហ្សឺលែន លោក​ស្រី Jacinda Ardern បាន​មក​ដល់​កម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាជ្ញាធរ​ពាក់​ឯកសណ្ឋាន និង​ប្រ​ជា​ការពារ​ ប្រហែល​២០​នាក់​បាន​តាម​ឃ្លាំ​មើល​ផ្ទះ​អ្នកស្រី ព្រំ ចន្ថា ដែល​គេ​ស្គាល់​ថា​ជាអ្នក​ដឹក​នាំ​ក្រុម​ស្រ្តី​ថ្ងៃសុក្រ បានធ្វើ​យុទ្ធនាការ​អស់ជា​ច្រើនខែ​ក្នុង​ការ​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូតបរទេស​ដើម្បី​ស្វែង​រក​ការគាំទ្រ​។​

អ្នកស្រី ចន្ថា ឱ្យដឹង​ថា៖ «ពួក​គេ​មក​តាមឃ្លាំ​មើល​ខ្ញុំ ពីព្រោះពួកគេ​ខ្លាច​ថា​ខ្ញុំ​នឹង​ទៅ​តវ៉ាអំឡុង​ពេល​មក​ដល់​របស់​ប្រធានាធិបតី Joe Biden»។​

ស្វាមី​អ្នកស្រី គឺ​លោក កាក់ កុម្ភា ជា​អតីត​ក្រុមប្រឹក្សា​សង្កាត់​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០២០ និង​ត្រូវ​តុលាការកាត់​ទោស​​ឱ្យ​ជាប់ពន្ធនាគារចំនួន​ប្រាំមួយ​ឆ្នាំពីបទញុះញង់ និង​ផ្ដួល​រំលំ​រដ្ឋាភិបាល ពាក់ព័ន្ធនឹង​លោក​បាន​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​។​

អ្នកស្រី ចន្ថា ឱ្យ​ដឹង​ទៀតថា សន្តិសុខខណ្ឌ​បាន​មក​នៅ​ចាំ​យាម​ប្រហែល​ប្រាំម៉ែត្រពី​ផ្ទះ​អ្នកស្រី​នៅ​ក្នុង​សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ តាំងពី​ម៉ោង៦ព្រឹក។ គិត​ត្រឹម​ម៉ោង៥និង​៣០​នាទី​ល្ងាច អ្នកស្រី​ថា នៅ​មាន​សន្តិសុខខណ្ឌ​មួយ​ចំនួន​នៅ​ប្រចាំការ​នៅឡើយ និង​ថា​មាន​សន្តិសុខ​ម្នាក់​ប្រាប់​អ្នកស្រី​ថា ពួកគេ​នឹង​នៅ​យាម​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​។​

អ្នកស្រី​បន្ថែម​ថា៖ «​យ៉ាងណា ខ្ញុំ​គ្មាន​គម្រោង​ចេញ​តវ៉ាទេ ពីព្រោះ​ថា​យើង​បាន​តវ៉ា​មួយ​ឆ្នាំ​មក​ហើយ និង​[រដ្ឋាភិបាល​សហរដ្ឋអាមេរិក]​ក៏​បាន​ដឹង​ពី​បញ្ហា​របស់​ពួក​យើង​ដែរ…​សន្តិសុខ​មក​តាម​ឃ្លាំ​មើល​តែ​ផ្ទះ​របស់​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​ជា​មេក្រុម»។​

អ្នកស្រី​ ចន្ថា ដែល​បាន​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​ហើយ​នោះ បាន​បន្ថែម​ថា ការតាម​ឃ្លាំមើល​បែប​នេះ ជាការ​រឹតត្បិត​លើ​សិទ្ធិ និង​សេរីភាព​ដើរ​ហើរ​របស់​សកម្ម​ជន។​

អ្នកស្រី​បន្តថា៖ «ពួកគេ​ខ្លាច​ថា​យើង​ធ្វើ​បាតុកម្ម​ទៅវា​នឹង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស ក្នុង​ពេល​កំពុង​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន»។​

លោក ភិន ផល នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹង​ទំពន់២ ទទួល​ស្គាល់​ថា ​ពិត​ជាមាន​​កម្លាំង​នគរបាល និង​ប្រជា​ការពារ​ដាក់​យាម​មែន ដោយថា​ដើម្បី​ការពារ​កុំ​ឱ្យ​សកម្មជន​ចេញ​បង្ក​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ ក្នុងពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។​

លោក​បន្ថែម​ថា៖ «វា​មិន​មាន​បញ្ហា​អ្វីទេ​នៅពេល​ដែល​យើង​ដាក់​ពង្រាយ​កម្លាំង​​ដើម្បី​ធានា​សន្តិសុខ ពីព្រោះ​យើង​ខ្លាច​ពួកគេ​ទៅ​ទីណា​ផ្សេង[ចេញ​តវ៉ា]…​ខ្ញុំ​គ្រាន់​តែធ្វើ​តាម​បញ្ជា​ថ្នាក់​លើ»។​

អ្នកនាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា មាន​ប្រសាសន៍​ថា​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធានា​សុវត្ថិភាព​ជូន​ដល់​មេដឹកនាំ​ផ្សេង​ដែល​បាន​មក​កម្ពុជា ក៏​ដូច​ជា​រក្សា​មុខ​មាត់​របស់​កម្ពុជា។​

លោកបញ្ជាក់​ថា៖ «យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ សុវត្ថិភាព និង​មុខមាត់ប្រទេស​ជាតិ​យើង»។ យ៉ាង​ណា លោក​បដិសេធធ្វើអត្ថាធិប្បាយ​ច្រើន​ជាង​នេះ​។​

ស្ន​ង​ការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត មិន​អាចទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​​

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស​នៃ​អង្គការ ​លីកាដូ មាន​ប្រសាសន៍​ថា ​ស្ថាប័ន​របស់​លោក​ក៏​បាន​ទៅ​ឃ្លាំ​មើល​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ​ដែរ និង​ថាទង្វើ​នេះ​ជាការ​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​សេរីភាព​ដើរហើរ​របស់​ពល​រដ្ឋ​។​

លោកថ្លែង​ថា ការអះអាង​របស់​អាជ្ញាធរ​ចំពោះ​សកម្មភាព​នេះ​ថា​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​ គឺ​ «មិនសម​ហេតុផល​នោះទេ»។​​

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ បាន​ផ្សាយ​រូបភាព​អាជ្ញាធរ​ឃ្លាំ​មើល​ផ្ទះ​អ្នកស្រី​ ចន្ថា លើ​បណ្ដាញ​សង្គម​របស់​ខ្លួន និង​សរសេរ​សារថា​ការឃ្លាំ​មើល​​នេះ​ធ្វើ​ឡើង​ចំពេល​មក​ដល់​របស់​លោក​ Biden ក្នុង​រាជធានីភ្នំពេញ​។​

លោក​ស្រី​ មួរ សុខហួរ ដែល​មាន​សញ្ជាតិ​ខ្មែរ-អាមេរិកាំង បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter ថា លោក Biden គួរ​តែ​ជួប​ជាមួយ​ក្រុម​ស្រ្តី​ថ្ងៃសុក្រ ក៏​ដូច​ជា​ក្រុម​កូដករ​ណាហ្គាវើលដ៍។​

ក្រុម​កូដករឈរ​តវ៉ានៅ​មុខ​កាស៊ីណូណាហ្គាវើលដ៍​ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ​២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កាល​ពី​ថ្ងៃសុក្រ ក្រុម​កូដករ​បាន​តវ៉ា​នៅខាង​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយ​បាន​លើក​បដា​​អំពាវ​នាវ​ដល់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ ឱ្យទទួល​យក​ញ្ញតិ​របស់​ពួកគេ បន្ទាប់​ពី​ស្ថានទូត​នេះ​បាន​បដិសេធ​ម្ដង​រួច​ហើយ​កាលពី​ដើម​ឆ្នាំ​នេះ។ ក្រុម​កូដ​ករ​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​​ជា​សមាជិក​អាស៊ានកុំ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាពរបស់​សមាគម​ដូច​ជា​នាយកគ្រប់​គ្រង​ណាហ្គាវើលដ៍ ដែល​ជា​ជន​ជាតិ​ម៉ាឡេស៊ី។​​

ចាន់ ស្រី​រ័ត្ន ជាសមាជិក​សហជីព​ម្នាក់ និង​ជា​អ្នកធ្វើ​ការ​នៅ​ណាហ្គាវើលដ៍​បាន​បួន​ឆ្នាំ មុននឹង​ត្រូវ​បញ្ឈប់ពី​ការងារ បាន​និយាយ​ថា៖ «ខ្ញុំ​ពាក់​សម្លៀក​បំពាក់​ប្រពៃណី និង​កាន់​បដា ដើម្បី​បង្ហាញ​ទៅ​ប្រទេស​ផ្សេងទៀត​ដែល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឱ្យ​ជួយ​អន្តរាគមន៍ និង​រក​ដំណោះ​ស្រាយ​ឱ្យ​ពួក​យើង»។​

សមាជិក​សហជីព​បាន​តវ៉ា​អស់ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួលពួក​គេ​ចូលធ្វើ​ការ​វិញ ដោយ​បាន​ចោទ​ក្រុម​ហ៊ុន​នេះ​ថាមាន​ចេតនា​បញ្ឈប់​ការងារ​ក្រុម​សហជីព​។​

សមាជិក​ក្រុម​តស៊ូមតិ ខ្មែរថាវរៈ ក៏​បាន​ស្វែង​រក​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មេដឹក​នាំ​ពិភព​លោក​នានា រួម​ទាំង​លោក Biden ផង​ដែរ​ក្នុង​សប្ដាហ៍​នេះ ។​

សមាជិក​ខ្មែរ​ថាវរៈ បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួន​តាំងពី​ថ្ងៃចន្ទ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់ឃុំ​ជិត​ប្រាំ​ខែ​មក​ហើយ បន្ទាប់​ពី​ត្រូវ​តុលាការ​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ប្រាំមួយ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រឆាំង​របស់​អ្នកស្រី។​​

លោក ហ៊ុន វណ្ណៈ សមាជិក​ម្នាក់​​របស់​ក្រុម​ខ្មែរថាវរៈ ប្រាប់​ខេមបូចាថា ​លោក​សង្ឃឹម​ថា​យុទ្ធនាការ​របស់​ក្រុម​លោក​នឹង​បាន​ឮ​ដល់​លោក Biden ហើយ​សហរដ្ឋអាមេរិក​នឹង​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។​

លោក​ វណ្ណៈ ឱ្យ​ដឹងថា៖ «​បន្ទាប់​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ​[បាន​និយាយ​ពី​កង្វល់​លើ​ការ​កាត់ទោសកញ្ញា​ សេង ធារី] យើង​កាន់​តែមាន​សង្ឈឹម​ថា​ប្រធានាធិបតី Joe Biden​ នឹង​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស ទាក់ទង​នឹងកញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត[ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន]»។​​

លោក​ថា យុទ្ធនាការ​បង្អត់​អាហារ​នេះបានជួប​ការលំបាក​ដោយសារតែ​អាជ្ញាធរ​បាន​តាមឃ្លាំមើល​ពួកគេ ខណៈ​ដែល​ពួកគេ​បាន​ធ្វើ​យុទ្ធនាការ​នេះ​នៅទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។ សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទី​រពេទ្យ ខណៈ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​មាន​បញ្ហា​ឈឺ​ក្រពះ​។​

លោក វណ្ណៈ បន្ត​ថា លោក​មិន​រំពឹង​ថា​យុទ្ធនាការ​របស់​ក្រុម​ខ្លួន​អាច​នឹង​បាន​លទ្ធផល​ភ្លាមៗ​នោះទេ ប៉ុន្តែ​ថា​សកម្មភាពនេះនឹង​អាច​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​សាធារណជន និង​មេ​ដឹក​នាំ​មកពី​អាមេរិក និង​មេដឹកនាំអាស៊ាន​ផ្សេងទៀត​។​

លោក​បន្ថែមថា៖ «​យើង​មិន​រំពឹង​ថា​រដ្ឋាភិបាល​នឹង​ផ្ដល់​ដំណោះ​ស្រាយ​ឱ្យ​យើង​​ក្នុង​ពេល​ឆាប់ៗ​នេះទេ ប៉ុន្តែ​អ្វីដែល​យើង​កំពុងធ្វើគឺសង្ឃឹម​ថា​នឹង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សង្គមជាតិ​យើង»។​

ក្នុង​លិខិត​មួយ​ជូនទៅ​លោក Biden ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃពុធ ប្រធានគណបក្ស​ភ្លើង​ទៀន លោក​ទាវ វណ្ណុល បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតីអាមេរិក​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា «បញ្ឈប់​រាល់​ទម្រង់​ធ្វើ ទុក្ខបុកម្នេញ បំពារបំពាន និង​គំរាម​កំហែង​នានា» ព្រម​ទាំង​ដោះលែង «អ្នកទោស​មនសិការដោយ​គ្មាន​លក្ខខណ្ឌ» និង​«ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ» មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ចូល​មក​ដល់​។​

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស​ភ្លើង​ទៀន ប្រាប់​ខេមបូចា ថា ​មេ​ដឹក​នាំ​គណបក្ស​មិន​មាន​គម្រោង​ជួប​លោក Biden ក្នុង​ពេល​លោក​កំពុង​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​ថាសហរដ្ឋអាមេរិក គួរ​បង្ហាញ​ជំហរ​​របស់ខ្លួនក្នុង​នាម​​ជា​មហាអំណាច​ពិភព​លោក និងជា​សមាជិក​ហត្ថាលេខី​លើ​កិច្ចព្រម​ព្រៀង​ទីក្រុង​បារីស​ឆ្នាំ​១៩៩១ ដើម្បី​«ធានាលទ្ធិប្រជាធិបតេយ្យ»។​​

លោក​បន្ថែមថា៖ «ខ្ញុំ​សង្ឃឹម​ថា ក្រោយ​កិច្ច​ប្រជុំកំពូល​អាស៊ាន ស្ថានភាព​នៅ​កម្ពុជា​នឹង​មានការ​ប្រែ​ប្រួល»។​

ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក Jake Sullivan បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មុន​ពេល​លោក​ Biden មក​ដល់​កម្ពុជា​នៅ​ថ្ងៃសៅរ៍​នេះ ប្រធានាធិបតីអាមេរិក«បានទាក់ទង»​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពីព្រោះ​ថា​លោក​នាយក​រដ្ឋមន្ត្រី ជា​ប្រធាន​នៃកិច្ចប្រជុំកំពូល​អាស៊ាន។ មន្ត្រី​ដដែល​ឱ្យ​ដឹង​ថា លោក Biden ក៏​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អេហ្សីប និង​ឥណ្ឌូនេស៊ី មុន​និង​ក្រោយ​កិច្ច​ប្រជុំ​នៅ​កម្ពុជា​ផង​ដែរ។​

មន្ត្រី​ដដែល​ថ្លែងថា៖ «លោក​នឹង​ធ្វើ​ការ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​អាមេរិក និង​ពង្រឹង​ជំហរជាយុទ្ធសាស្រ្ត​របស់​អាមេរិក និង​គុណតម្លៃ​របស់​ពួក​យើង»។​

Jake Sullivan លើក​ឡើង​ទៀត​ថា លោក Biden នឹង​ពិភាក្សា​ជាមួយមេដឹកនាំ​អាស៊ានពី​ «សេចក្ដី​​ត្រូវ​ការ​នៃសេរីភាពនាវាចរណ៍» ដែលជាការយោងទៅលើជំហរ​របស់សហរដ្ឋអាមេរិក​នៅសមុទ្រចិនខាងត្បូង«ពាណិជ្ជកម្មស្របច្បាប់ គ្មានការហាមឃាត់» និងការសម្របសម្រួល​ក្នុងការដាក់​ទណ្ឌកម្ម​ និងការបង្កើនសម្ពាធលើរបបសឹកមីយ៉ាន់ម៉ា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន​ ចូល​រួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​ក្នុង​រាជធានីភ្នំពេញ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/​ ព្រីង សំរាំង

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់សេតវិមានលើក​ឡើងថា លោក Joe Biden បានជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃសៅរ៍ និង​បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​លើ​កំពង់​ផែសមុទ្ររាម និង​បាន​«គូស​បញ្ជាក់​ពី​សារសំខាន់​ចំពោះ​តម្លាភាព»ទាក់ទង​នឹង​សកម្មភាព​របស់​យោធាចិន​នៅ​មូលដ្ឋាន​កងទ័ពជើង​ទឹក​រាម​។​

លោក Biden ក៏​បាន​ជំរុញ​ឱ្យយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​​ សែន «​ផ្ដល់​ឡើង​វិញ​នូវ​លំហ​នយោបាយ និង​សិទ្ធិ​ពល​រដ្ឋ» មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ ចូល​មក​ដល់ និង​ «បាន​អំពាវ​នាវ​ឱ្យមាន​ការ​ដោះ​លែង​សកម្មជន​កំពុង​ជាប់ឃុំ ដែល​រង​ការ​ចោទ​ប្រកាន់​រឿង​នយោបាយ» រួម​ទាំង​​កញ្ញា​ សេង​ ធារី ផង​ដែរ។​

បន្ទាប់​មក​​ក្នុង​ពេល​ថ្លែង​សុន្ទរកឋា ប្រធានាធិបតិអាមរិក បាន​ហៅ​អាស៊ានថា ជា«បេះដូង» នៃ​យុទ្ធសាស្រ្ត​របស់​រដ្ឋបាល​លោក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​ថាអាមេរិក​​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារៈសំខាន់​របស់​អាស៊ាន និង​កំពុង​ធ្វើ​ការ​ជាមួយ​សមាជិក​អាស៊ាន​ដើម្បី​ប្រឆាំង​នឹង​ការគំរាម​កំហែង​ផ្នែក​អាកាសធាតុ សន្តិសុខផ្នែក​សុខាភិបាល នីតិរដ្ឋ និង​បទដ្ឋានគតិយុត្ត​នានា និង​បាន​យក​ចិត្តទុក​ដាក់​លើ​បញ្ហា​របស់​មីយ៉ាន់ម៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។​

មុន​នឹង​ផ្ដើម​សុទ្ទរកឋា​របស់​ខ្លួន លោក Biden បាន​ច្រឡំហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​នាយក​រដ្ឋមន្ត្រី​របស់កូឡំប៊ី។​

លោកបាន​ថ្លែងថា៖ «ខ្ញុំ​ចង់អរគុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ពីភាពដឹកនាំរបស់​កូឡំប៊ី និង​ជា​ប្រធានអាស៊ាន សម្រាប់​ការ​ទទួល​ស្វាគមន៍​យើង​ទាំងអស់​គ្នា»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As Biden Arrives for Asean Summit, Authorities Surveil Protester’s House

252 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម