អ្នកជំនាញអះអាងថា ទាំងអ្នកសាងសង់ និងអ្នករស់នៅកំពុងប្រឈមមុខនឹងបញ្ហាសុខភាពពីសម្ភារផ្ទុកសារធាតុ អាសបេស្តុស (Asbestos) ។ អាសបេស្តុស ជាសារធាតុមួយប្រភេទត្រូវបានប្រទេសជាច្រើនហាមឃាត់ ដោយសារតែផលប៉ះពាល់របស់វា ប៉ុន្តែសម្ភារផ្ទុកសារធាតុប្រភេទនេះនៅតែឃើញមាននាំចូលមកលក់នៅកម្ពុជា។
ទោះបីជាមានក្រុមអង្គការសង្គមស៊ីវិលបានបោះមួយជំហានទៀតធ្វើការផ្សព្វផ្សាយដល់សាធារណជនពីហានិភ័យសុខភាពរបស់សារធាតុ អាសបេស្តុស និងកំពុងតស៊ូមតិជាមួយរដ្ឋាភិបាលឲ្យហាមឃាត់ការនាំចូលសម្ភារសំណង់មានផ្ទុកសារធាតុមួយនេះ ក្រុមអ្នកតាមដាន បាននិយាយថា សម្ភារសំណង់មានផ្ទុកសារធាតុ អាសបេស្តុស កំពុងតែនាំចូលយ៉ាងច្រើន និងបង្កជាជំងឺផងដែរ។
លោក ម៉ាន ហាន់ណាហ្វី (Man Hannafy) អ្នកគ្រប់គ្រងគម្រោងប្រចាំប្រទេសកម្ពុជារបស់អង្គការ APHEDA ធ្វើការខាងផ្នែកអប់រំសុខភាព មានប្រសាសន៍ថាសារធាតុ អាសបេស្តុស អាចបង្កជាជំងឺមហារីកសួត មហារីកកោសិកា ជំងឺមហារីក្រពេញអូវែ និងមហារីកបំពង់ក។ លោកឲ្យដឹងទៀតថា មនុស្សប្រហែល១៧០បានស្លាប់ជារាល់ឆ្នាំដោយសារជំងឺបង្កពីសារធាតុ អាសបេស្តុស ។
លោក ហាន់ណាហ្វី បន្ថែមទៀតថា នៅលើពិភពលោកជំងឺដែលបង្កឡើងដោយសារធាតុ អាសបេស្តុស ត្រូវគេជឿថា បានសម្លាប់មនុស្ស ២៩.០០០នាក់រាល់ឆ្នាំ។
លោកបន្ថែមថា៖ «កម្មករសំណង់ ប្រឈមហានិភ័យសុខភាពខ្ពស់ពីសារធាតុ អាសបេស្តុស ពីព្រោះពួកគេធ្វើការផ្ទាល់ជាមួយនឹងសម្ភារសំណង់មានផ្ទុកសារធាតុ អាសបេស្តុស ពេលពួកគេលើកដាក់ កាត់ឥដ្ឋ ឬការ៉ូ ដូចនេះពួកគាត់អាចងាយស្រូបយកសារធាតុ អាសបេស្តុស ចូលទៅក្នុងសួត»។
សារធាតុ អាសបេស្តុស ជាឈ្មោះគេប្រើដើម្បីនិយាយដល់សារធាតុដែលផលិតចេញពីសរសៃឆ្មារនៃរ៉ែធម្មជាតិស៊ីលីកា។ សារធាតុ អាសបេស្តុស អាចជួយទប់កម្ដៅ និងសារធាតិគីមី ក៏ដូចជាការពារអគ្គិភ័យ និងផ្ដល់ភាពរឹងមាំ។ ជាលទ្ធផល វាត្រូវបានគេនិយមប្រើក្នុងសម្ភារសំណង់ផ្សេងៗជាសកល រហូតមានការរកឃើញថា សារធាតុនេះអាចបង្កជាជំងឺមហារីក និងជំងឺផ្សេងៗ។
គ្រោះថ្នាក់កើតចេញពីសារធាតុនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពបន្តិចម្ដងៗតាមរយៈការស្រូបយកសារធាតុសរសៃឆ្មារដូចល្អងធូលី ដែលតែងកើតចេញពីសម្ភារបាក់បែករឺចាស់ៗ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា មានប្រសាសន៍ថា ផលប៉ះពាល់សុខភាពពីសារធាតុ អាសបេស្តុស មិនកើតឡើងភ្លាមៗនោះទេ។
លោក ឲ្យដឹងថា៖ «រោគសញ្ញាអាចលេចចេញរយៈពេលពី២០ទៅ៣០ឆ្នាំ គិតពីពេលអ្នកណាម្នាក់បានស្រូប សារធាតុ អាសបេស្តុស ចូលក្នុងខ្លួន»។
លោកពន្យល់ថា សារធាតុ អាសបេស្តុស ត្រូវបានគេលាយជាមួយសារធាតុផ្សេងទៀតដើម្បីផលិតហ្វីប្រូស៊ីម៉ងត៍ ក្ដាពិដាន ដំបូលការពារអគ្គិភ័យ ទុយោទឹក និងឥដ្ឋការ៉ូ ជាដើម។ លោកថា សារធាតុនេះ ត្រូវបានគេរកឃើញថាមាននៅក្នុងផលិតផលជាង៣.០០០មុខផ្សេងគ្នានាពេលកន្លងមក។
លោក បន្ថែមថា ទោះបីជាបច្ចុប្បន្នមានប្រទេសជា៦០បានហាមឃាត់ផលិតផលមានសារធាតុ អាសបេស្តុស តែប្រទេសកម្ពុជានៅមិនទាន់ហាមឃាត់នៅឡើយ។
ក្នុងឆ្នាំ២០១៥ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងបណ្ដុះបណ្ដាលកម្មករសំណង់ពីវិធីការពារសារធាតុ អាសបេស្តុស និងកម្រិតការប្រើប្រាស់។
លោក សុខ គីន ឲ្យដឹងទៀតថា៖ «ខ្ញុំគិតថារហូតមកដល់ពេលនេះ អង្គការ សហជីព និងរដ្ឋាភិបាលបានធ្វើផែនការសកម្មភាពដើម្បីកាត់បន្ថយ និងហាមឃាត់ការនាំចូលសាធាតុ អាសបេស្តុស មកកម្ពុជា»។ លោកពន្យល់ថា រដ្ឋាភិបាលមានចេតនាចង់លុបបំបាត់ការនាំចូលសម្ភារផ្ទុកសារធាតុ អាសបេស្តុស តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយ។
សព្វថ្ងៃនេះ អង្គការសង្គមស៊ីវិលរួមទាំង សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និង APHEDA កំពុងធ្វើសកម្មភាពតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីបោះមួយជំហានទៀតឈានដល់ការហាមឃាត់ការនាំចូលសម្ភារមានផ្ទុកសារធាតុ អាសបេស្តុស។ សម្រាប់អ្នកធ្លាប់ធ្វើការវិស័យសំណង់ និងអ្នកកំពុងធ្វើសំណង់ បានស្វាគមន៍ចំពោះវិធានការនេះ។
លោក ហឹម វាសនា អតីតកម្មករសំណង់នៅក្នុងគម្រោងបុរីមួយ លើកឡើងថា លោកពិតជាបារម្ភចំពោះផលប៉ះពាល់សុខភាពរយៈពេលយូរដោយសារ សារធាតុ អាសបេស្តុស ។
លោកបន្ថែមថា៖ «ខ្ញុំបារម្ភខ្លាំងណាស់អំពីសារធាតុ អាសបេស្តុស ពីព្រោះផលប៉ះពាល់របស់វាយូរអង្វែងទៅថ្ងៃអនាគត»។ លោក វាសនា បានឲ្យដឹងតៀតថា៖ «យើង[គួរតែ]កាត់បន្ថយផលិតផលមានសារធាតុ អាសបេស្តុស ពីព្រោះសព្វថ្ងៃយើងមិនអាចគេចផុតពីការប្រើប្រាស់វាបានទេ»។
ដោយសារតែមានផលប៉ះពាល់សុខភាព លោក វាសនា ថា កម្មករសំណង់គួរតែពាក់ម៉ាស និងពាក់ស្រោមដៃពេលធ្វើការជាមួយនឹងសម្ភារមានផ្ទុកសារធាតុ អាសបេស្តុស ។
លោក ចាប ភារៈ វ័យ៤២ឆ្នាំ ធ្វើការនៅរោងចក្រស៊ីម៉ងត៍ចក្រីទីង ក្នុងខេត្តកំពត មានប្រសាសន៍ថា កម្មករសំណង់ភាគច្រើននៅមិនទាន់យល់ពីផលប៉ះពាល់សុខភាពរបស់សារធាតុ អាសបេស្តុស ។ លោក ភារៈ បានឲ្យដឹងទៀតថា រដ្ឋាភិបាលនិងអង្គការដៃគូ គួរតែផ្សព្វផ្សាយព័ត៌មានអំពីវិធីការពារ នៃសារធាតុ អាសបេស្តុស កម្មកររឺអ្នកប្រើបា្រស់។ លោក បានបន្ថែមថា គាត់ក៍បានចូលរៀនវគ្គ ការយល់ដឹងអំពីសារធាតុ អាសបេស្តុស បានមួយវគ្គដែរ។
លោកបន្តថា៖ «យើងបារម្ភអំពីសារធាតុ អាសបេស្តុស ដូចនេះយើងសង្ឃឹមថាកម្ពុជានឹងមានច្បាប់ហាមឃាត់ការនាំចូលសម្ភារមានផ្ទុកសារធាតុ អាសបេស្តុស »។
លោក ហាន់ណាហ្វី អ្នកគ្រប់គ្រងគម្រោងប្រចាំប្រទេសរបស់អង្គការ APHEDA មានប្រសាសន៍ទៀតថា អង្គការរបស់លោកបានធ្វើការជាមួយក្រសួងការងារ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតកម្រងព័ត៌មានជាតិស្ដីពីសារធាតុ អាសបេស្តុស ក្នុងឆ្នាំ២០១៩ ដែលក្រុមការងារនេះមានរួមទាំងក្រុមការងារបច្ចេកទេសតាមដានសារធាតុនេះផង។ អង្គការ APHEDA និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានផ្ដល់នូវម៉ាស៊ីនសម្រាប់ធ្វើតេស្តរកសារធាតុ អាសបេស្តុស ដល់មន្ត្រីកាំកុងត្រូល និងពេលនេះកំពុងជំរុញឲ្យមានការហាមឃាត់ការនាំចូល ដោយបានលើកបង្ហាញថា ប្រទេសវៀតណាមនឹងហាមប្រើប្រាស់សារធាតុប្រភេទនេះនៅឆ្នាំ២០២៣។
ក្រុមអង្គការថ្នាក់តំបន់ដូចជា Asian Ban Asbestos Network ក៏បានប្ដេជ្ញាជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុ អាសបេស្តុស នេះដែរ។
លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានកម្មវិធីកម្រងព័ត៌មានជាតិស្ដីពីសារធាតុ អាសបេស្តុស (CNAP) មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលោកបានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ថា ក្រសួងការងារពិតជាមានកង្វល់ជាខ្លាំងលើបញ្ហាសុខភាពកើតចេញពីសារធាតុ អាសបេស្តុស នៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «បើទោះជាពិភពលោក តំបន់ និងប្រទេសយើង កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺកូវីដ ក្តីក៏យើងនៅតែត្រូវបន្តការងារការពារកម្មករឲ្យរួចផុតពីជំងឺវិជ្ជាជីវៈ ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងៗទៀត ដែលអាចរងការលំបាកយ៉ាងខ្លាំងដោយសារសារធាតុនេះ »។
លោកបន្ថែមថា នៅថ្ងៃខាងមុខ រដ្ឋាភិបាលនឹងធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ APHEDA និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីផ្ដល់នូវព័ត៌មានថ្មីៗបន្ថែមទៀតទាក់ទងនឹងស្ថានភាពសារធាតុ អាសបេស្តុស នៅក្នុងប្រទេស៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Asbestos materials pose lingering health risk to construction workers