សមត្ថកិច្ចជំនាញនៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣ ខែតុលា បានបញ្ជូនជនសង្ស័យ១នាក់ ជាមេខ្លោងនៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រព្រឹត្តលើជនរងគ្រោះនៅសហរដ្ឋអាមេរិក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃអគ្គស្នងការនគរបាលជាតិ។
សេចក្តីប្រកាសព័ត៌មាននៃអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី៣ ខែតុលា ថា កាលពីថ្ងៃទី២៩ ខែកញ្ញា សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ចំនួន៣ទីតាំង ដែលជាបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានអង្គការចាត់តាំង។ ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៤នាក់ (ស្រី២នាក់) មាន៣សញ្ជាតិ ព្រមទាំងដកហូតនូវវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។
សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឈានទៅកំណត់បានមេខ្លោង១នាក់ ឈ្មោះ WANG SHENG YU ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុម ដោយលួចលាក់ប្រើទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកជនរងគ្រោះនៅសហរដ្ឋអាមេរិកតាមប្រព័ន្ធបច្ចេកវិទ្យា។ សេចកីប្រកាសព័ត៌មានបានបញ្ជាក់។
ផ្អែកតាមតាមការស៊ើបអង្កេតរបស់ជំនាញប្រឆាំងការសម្អាតប្រាក់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់បានជនសង្ស័យជាមេខ្លោងបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (Crypto Currency) របស់ក្រុមហ៊ុន BITPIE (PRO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សម្រាប់បង្វែរផលនៃបទល្មើសឆបោក ដែលក្រុមជនល្មើសទទួលបានពីជនរងគ្រោះ ព្រមទាំងបានទប់ស្កាត់ និងគ្រប់គ្រងការផ្ទេរប្រាក់ចេញរបស់ជនសង្ស័យសរុបចំនួន ៥២ ៣៦៣ USDT។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា សមត្ថកិច្ចក៏បានរកឃើញជនសង្ស័យជាមេខ្លោងបានធ្វើសកម្មភាពបង្វិលរូបិយបណ្ណឌីជីថលដែលគ្មានប្រភពរបស់បក្ខពួកខ្លួននៅកោះតៃវ៉ាន់ ទៅតាមបណ្តាញ រូបិយបណ្ណឌីជីថលផ្សេងៗ ដែលមានមូលដ្ឋាននៅក្រៅប្រទេស សរុបប្រមាណជាង ១០លាន USDT។ ពាក់ព័ន្ធនឹងការសកម្មភាពលាងសម្អាតប្រាក់នេះ សមត្ថកិច្ចជំនាញនឹងធ្វើការចែករំលែកព័ត៌មានជាមួយប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការជាប់ពាក់ព័ន្ធ៕










