សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា បានចោទប្រកាន់ជនជាតិថៃចំនួន ៨នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់។ យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្ត។
លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងថា ជនជាតិថៃចំនួន៨នាក់ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ ដោយពួកគេបង្ខាំងជនជាតិថៃដូចគ្នា បន្ទាប់បញ្ចប់ការសាកសួរនៅដំណាក់កាលព្រះរាជអាជ្ញា រួចបានបញ្ជូនពួកគេទៅកាន់ចៅក្រមស៊ើបសួរបន្ត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
លោក សុខុន បានបញ្ជាក់ថា៖ «ពួកគេ[ជនជាតិថៃ៨នាក់]ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុសខុសច្បាប់»។
នគរបាលខេត្តបន្ទាយមានជ័យ បានឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនជាតិថៃចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ៣០នាក់ និងមានកុមារ ២នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អាជ្ញាធរកម្ពុជារៀបចំឯកសារនឹងបញ្ជូនជនជាតិថៃចំនួន៥៥នាក់ដែលត្រូវបានបង្ខាំងឱ្យធ្វើការទីតាំងពីរនោះទៅប្រទេសថៃវិញ នៅថ្ងៃទី២៨ ខែមីនា ដោយត្រូវសុំលិខិតបើកផ្លូវពីស្ថានទូតថៃប្រចាំនៅកម្ពុជាដើម្បីអាចបណ្តេញអ្នកទាំងនោះទៅប្រទេសពួកគេវិញ។
អ្នកនាំពាក្យសាលាដំបូងខេត្ត បានបន្ថែមថា ដំបូង សមត្ថកិច្ចបានឃាត់ជនជាតិថៃចំនួន ៧នាក់ ប៉ុន្តែក្រោយមក ព្រះរាជអាជ្ញាបានបញ្ជាឱ្យឃាត់ម្នាក់ទៀត ព្រោះម្នាក់នោះក៏ជាប់ពាក់ព័ន្ធនឹងករណីនេះដែរ។
ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជាបានឆ្មក់ចូលឆែកឆេរពីរទីតាំងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសចំនួន ២៣០ នាក់ ក្នុងនោះមានស្ត្រី ៦៨ នាក់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ។
ការបង្រ្កាបរយៈពេលពីរថ្ងៃគឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ និងបានរកឃើញជនបរទេសដែលក្នុងនោះ ១២៣នាក់ជាជនជាតិថៃ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានអានរបាយការណ៍ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនានេះ ដែលបង្ហាញថា សមត្ថកិច្ចបង្ក្រាបបានករណីជួញដួរមនុស្សនិងអាជីវកម្មផ្លូវភេទ ១៩៧ករណី និងបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣នាក់។ ចំនួនបង្ហាញពីការកើនឡើង ៣៣ករណីពី ១៦៤ករណីនៅឆ្នាំ២០២៣ និងកំណើននៃជនសង្ស័យចំនួន ៧៩នាក់ពី ១៩៤នាក់នៅឆ្នាំ២០២៣។ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍។
នៅឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសល្មើសច្បាប់ ពីកម្ពុជាចំនួន ៩២២លើក កើនឡើងពី ៥១២លើក នៅឆ្នាំ២០២៣ ដែលមានមនុស្សសរុបចំនួន ៥៨៥២នាក់ កើនឡើងជាង១០០ភាគរយធៀបទៅនឹងចំនួនបណ្ដេញចេញសរុបឆ្នាំ២០២៣ ដែលមាន ២១៥៩នាក់។
ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ មានជនជាតិចិន ២៦៩៥នាក់ កើនឡើងជាង ១០០ភាគរយពី ១០១១នាក់ នៅឆ្នាំ២០២៣។ ចំណែកវៀតណាមមានចំនួន ១១៩៨នាក់ ឥណ្ឌេស៊ី ៨៦១នាក់៕