ប្រជាពលរដ្ឋមានដីស្រែនិងលំនៅដ្ឋាននៅចំណុចអាងភាសប្រមាណជិត១០០នាក់ក្នុងចំណោមជាង២០០គ្រួសារបាននាំគ្នាទៅតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយអាចម៍ដីក្នុងស្រែពួកគាត់ និងទាមទាឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់នាព្រឹកថ្ងៃទី១៥ ខែសីហា។
ខណៈពេលដែលពលរដ្ឋកំពុងនាំគ្នាតវ៉ាជាច្រើនម៉ោង ក្រុមគ្រឿងចក្រកាយដីនិងរថយន្តដឹកដី ច្រើនគ្រឿងនៅតែសម្រុកកាយនិងដឹកអាចម៍ដីចេញពីស្រែពួកគាត់នៅចំណុចអាងភាសនេះ ដោយមិនខ្វាយខ្វល់នឹងការតវ៉ាប្រជាពលរដ្ឋនោះឡើយ ។
ការតវ៉ារបស់ប្រជាពលរដ្ឋនេះក្រោយពីអាជ្ញាធរខេត្តបាត់ដំបងបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរចូលកាយអាចម៍ដីជំហានដំបូង លើដីស្រែប្រជាពលរដ្ឋនៅចំណុចអាងភាស ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទំហំ១០០ហិកតា និងជម្រៅបួនម៉ែត្រ សិនក្នុងគម្រោងស្តារអាងភាសជាង១ពាន់ហិកតា ដើម្បីស្តុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់របស់ក្រសួងធនធានទឹកនិងឧត្តុនិយម។
ប្រជាពលរដ្ឋ លោក សោម សុភ័ណ្ឌ មានដី៤ហិកតា នៅចំណុចអាងភាសបាននិយាយថា ប្រជាពលរដ្ឋ ដែលឡើងមកតវ៉ានេះ គឺអ្នករស់នៅនិងអាស្រ័យផលនៅចំណុចអាងភាសនេះទាំងអស់ ទាំងអ្នកមានដីស្រែ និងលំនៅដ្ឋានលើខ្នងអាងភាស និងរ៉បមាត់ស្ទឹងដែលមានផ្ទះដីជិត២០០០ហិកតា ។
លោកបញ្ជាក់ថា ពួកគាត់ទាមទាឱ្យបញ្ឈប់ការកាយអាចម៍ដីស្រែរបស់ពួកគាត់ និងកាត់ ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់ដើម្បីរស់នៅនិងអាស្រ័យផលចិញ្ចឹមជីវិត។
លោក សុភ័ណ្ឌ បាននិយាយថា៖ «ដីរបស់ខ្ញុំ៤ហិកតានេះគឺខ្ញុំសន្សំលុយទិញពីអ្នកភូមិតាំង ពីឆ្នាំ១៩៩៣មកម្លេះ ហើយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ហើយបង្កាន់ដៃនេះខ្ញុំបានដាក់បញ្ចាំនៅធនាគារ១ម៉ឺនដុល្លារដើម្បីយកប្រាក់មករកស៊ីបានទៀតផង»។ លោកបន្ថែមថា៖ «មិនគួរណាមកកាយដីស្រែខ្ញុំយកទៅចាក់ឱ្យម្ចាស់ដីឡូតិ៍អញ្ចឹងទេ!»។
លោក ជីវី ដែលមានដីជាង១០ហិកតាដែលទិញពីអ្នកភូមិម្នាក់កន្លះហិកតាៗ តាំងពីឆ្នាំ១៩៩៣មកបាននិយាយថា គ្រឿងចក្រពីមុនកាយដីស្រែប្រជាពលរដ្ឋ២៣គ្រួសារស្មើជាង៣០ហិកតា តែ ដោយប្រជាពល រដ្ឋតវ៉ា គេងាកមកកាយលើដីស្រែរបស់គាត់ម្តងដែលមានព្រំប្រទល់ជាប់គ្នាប្រហែល១០ថ្ងៃមកហើយ។
លោក ជីវី ឱ្យដឹងថា៖ «ប្រជាពលរដ្ឋមកតវ៉ានេះចំពេលគ្រឿងចក្រមកកាយដីស្រែខ្ញុំ ប្រជាពលរដ្ឋឈឺឆ្អាលមកជួយតវ៉ា! ខ្ញុំដើរតែតាមប្រជាពលរដ្ឋទេ ព្រោះថាបើគេយកដីខ្ញុំបាន ដីប្រជាពលរដ្ឋផ្សេងទៀតក៏គេកាយយកដែរ »។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ហ៊ីម ហាន់ អាយុ៣៥ឆ្នាំ ដែលមានដីលំនៅដ្ឋានជាប់មាត់ស្ទឹង ក្នុងចំណោមពលរដ្ឋជាង៨០គ្រួសារ បាននិយាយថា នៅមុនថ្ងៃបោះឆ្នោតឃុំសង្កាត់មាន តំណាងស្រុកឯកភ្នំម្នាក់ចុះមកប្រាប់ប្រជាពលរដ្ឋរស់នៅទីនេះថា រស់នៅលើដីរបស់រដ្ឋពេល រដ្ឋត្រូវការប្រជាពលរដ្ឋត្រូវតែប្រគល់ឱ្យរដ្ឋយកទៅអភិវឌ្ឍន៍។
លោក ហាន់ បញ្ជាក់ថា៖ «គេថាយើងរស់នៅលើដីរដ្ឋ ពេលរដ្ឋត្រូវការត្រូវតែប្រគល់ឱ្យរដ្ឋ ហើយឱ្យ ប្រជាពល រដ្ឋផ្តិតមេដៃ តែប្រជាពលរដ្ឋពេលនោះមិនព្រមផ្តិតមេដៃនោះទេ គេក៏ចេញទៅវិញ » ។
អ្នកស្រី រឿន រ៉ើយ អាយុ៦៤ឆ្នាំ បាននិយាយថា គាត់មានដីភូមិប្រមាណកន្លះហិកតា នៅរ៉បមាត់ស្ទឹង នៅចំណុចអាងភាសនេះ ដែលអាជ្ញាធរចែកឱ្យតាំងពីឆ្នាំ១៩៨០ផ្លាយមកម្លេះ ដែលដីនេះគឺជាដី ភូមិចាស់ របស់ដូនតាគាត់រស់នៅតជំនាន់មកហើយ។ អ្នកស្រីបញ្ជាកថា បច្ចុប្បន្ននេះ គាត់មានមុខរបរ រកក្តាមខ្យង ដើម្បីចិញ្ចឹមកូនបីនាក់ប្រចាំថ្ងៃ បើអាជ្ញាធរយកដីរបស់គាត់នោះ ប្រាកដ ជាគ្មានទី ជម្រកនោះទេ ។
អ្នកស្រី រ៉ើយ ប្រាប់ថា៖ «ខ្ញុំសព្វថ្ងៃរកក្តាមខ្យងបានមួយថ្ងៃ១ម៉ឺន២ម៉ឺនរៀលគ្រាន់ចិញ្ចឹមកូន ។ ខ្ញុំមកតវ៉ានេះ ព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញឱ្យរុះរើផ្ទះចេញពីដីភូមិ មិនដឹងបានអីនៅ ខ្ញុំសំណូមពរ ឱ្យពួកខ្ញុំ រស់ នៅបានស្របច្បាប់លើដីភូមិចាស់នេះផង!»។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២២ តំណាងប្រជាពលរដ្ឋ២៤០គ្រួសារ រស់នៅចំណុចអាងភាស ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ក៏ធ្លាប់បានដាក់លិខិតសុំអន្តារគមន៍ ពីតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ពីអភិបាលខេត្តបាត់ដំបង ឱ្យជួយបញ្ឈប់ក្រុមហ៊ុនប្រើគ្រឿងចក្រកាយអាចម៍ដីលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់និង អាស្រ័យផលតាំងពីឆ្នាំ១៩៨៣មក ។
ប្រជាពលរដ្ឋបញ្ជាក់ថាដីចំណុចអាងភាសនេះតាំងពីជំនាន់ប៉ុលពត គឺត្រូវបានត្រៀមធ្វើជាអាងសម្រាប់ស្តុកទឹក ក៏ប៉ុន្តែជាក់ស្តែងបន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះគឺអាជ្ញាធរមូលដ្ឋានភូមិឃុំបានបែងចែកឱ្យប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៣ ដោយបានកាន់កាប់និងអាស្រ័យផលដល់បច្ចុប្បន្ន។
ម៉្យាងទៀត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ តំណាងប្រជាពលរដ្ឋ៨នាក់ក៏បានដាក់ លិខិតទៅរដ្ឋសភាជាតិ ដើម្បីឱ្យជួយអន្តារគមន៍ដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបាត់ដំបង កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅចំណុចអាងភាសនេះផងដែរ ។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរបានឱ្យក្រុមហ៊ុនឯកជនប្រើគ្រឿងចក្រកាយតែលើដីដែលប្រជាពលរដ្ឋមិនអាស្រ័យផលតែប៉ុណ្ណោះ ចំណែកដីប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង២២គ្រួសារស្មើរនឹងជាង៣០ហិកតា គឺមិនបានកាយនោះទេ គឺរង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកពលរដ្ឋដែលរស់នៅលើខ្នងអាងភាស និងរ៉បមាត់ស្ទឹងជិត២០០គ្រួសារនោះ អាជ្ញាធរមិនទាន់មានគម្រោងណាមួយឱ្យពលរដ្ឋចាកចេញនៅឡើយទេ ។
លោក ម៉ឹល សុផល ៖ «ចំពោះមុខនេះស្រុកមិនមានផែនការណាដេញប្រជាពលរដ្ឋឱ្យរុះរើ ផ្ទះសម្បែងចេញនោះទេ គាត់រស់នៅទីណារស់់នៅទីនោះសិនទៅគេមិនដេញទេ ពួកគាត់ឡើងមកតវ៉ានេះតវ៉ារឿងអី! មានអ្នកញុះញង់ឱ្យពួកគាត់ឡើងមកតវ៉ាទើបគាត់មកដូច្នេះ»។
ទោះបីយ៉ាងណាលោកអភិបាលស្រុកបានបញ្ជាក់ថា តាមគាត់ឃើញគម្រោងរបស់ ក្រសួងធនធានទឹកនឹងមានការស្តារអភិវឌ្ឍន៍អាងភាសនេះទាំងមូល១៩០០ហិកតា តែរង់ចាំគម្រោងចេញសិនទើបដឹងច្បាស់ថាគេត្រូវអភិវឌ្ឍន៍យ៉ាងម៉េច? នៅពេលឆាប់ៗខាងមុខនឹងដឹងទាំងអស់គ្នាហើយ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកមិន ទាន់បានទទួលព័ត៌មានពីការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ តែតាមលោកដឹង ដីអាងភាសនេះ ជាដីស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងធនធានទឹក មិនមែនជាដីរបស់ប្រជាពលរដ្ឋនោះទេ ។ លោកបញ្ជាក់ថាចំពោះការសុំកាត់ឆ្វៀលនោះ អាជ្ញាធរមិនមានសិទ្ធិនោះទេ។
លោក សុខ លូ បានបញ្ជាក់ថា៖ «គាត់សុំឆ្វៀលចេះតែសុំទៅ តែវាជាដីរបស់រដ្ឋគ្រប់គ្រងដោយមន្ទីរធនធានទឹកផ្ទាល់ ឆ្វៀលដីជូនគាត់ម៉េចកើត វាមិនដូចដីតំបន់ពីរតំបន់បីដែលអាចកាត់ឆ្វៀលបាននោះទេ វាខុសគ្នា»។
លោក យិន ម៉េងលី មន្រ្តីស៊ើបអង្កេតសមាគមអាដហុកប្រចាំខេត្តបាត់ដំបងនិងប៉ៃលិន បានមានប្រសាសន៍ថា ករណីដីអាងភាសនេះ លោកមើលឃើញមានទិដ្ឋភាពពីរ គឺតាមផ្លូវច្បាប់និងការរស់នៅជាក់ស្តែង។ បើផ្លូវច្បាប់ដីអាងភាសជាដីសារធារណៈរបស់រដ្ឋ មិនអាចលក់ទិញរឺជាអំណោយឱ្យទេ ទោះបីជាបុគ្គលិកហ្នឹងកាន់កាប់ប៉ុន្មានឆ្នាំក៏ដោយ។ ប៉ុន្តែបើងាកមកមើលការកាន់កាប់ប្រជាពលរដ្ឋតាំងពីទស្សវត្ស៨០មក គឺជិត៤០ឆ្នាំហើយ វាជារឿងមួយដែលរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធគួរពិចារណាលើការរស់នៅរបស់ពួកគាត់ដូចដែលរដ្ឋាភិបាល ទើបតែឱ្យអាជ្ញាធរអនុវត្តលើដីតំបន់១ តំបន់២ និងតំបន់បីដែរ។
លោក ម៉េងលី ឱ្យដឹងថា៖ «ទាក់ទងការអភិវឌ្ឍអាងភាសនេះ ប្រទេសយើងត្រូវការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍហ្នឹង! កុំភ្លេចយើងអភិវឌ្ឍដើម្បីទាំងអស់គ្នា ! មិនមែនអភិវឌ្ឃដើម្បីក្រុមណាមួយ រឺភាគីណាមួយនោះទេ»។ លោក ម៉េងលី បន្ថែមថា៖ «ទី១អាជ្ញាធររគួរសម្របសម្រួលយ៉ាងម៉េចជាមួយប្រជាពលរដ្ឋដើម្បីធ្វើការអភិវឌ្ឍអាងភាសហ្នឹងឱ្យបានល្អ ទីពីរធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋរស់នៅមានលទ្ធភាពចិញ្ចឹមជីវិតដែរ»។
ដោយឡែក លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង និងលោក អ៊ូ ដារី ប្រធានមន្ទីរដែនដីខេត្តបាត់ដំបង មិនអាចទំនាក់ទំនងតាមទូរសព្ទបានទេ៕