ប្រជាពលរដ្ឋខេត្តបាត់ដំបងស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យកាត់ឆ្វៀលដីប្រមាណជាង៣០ហិកតាជូនពួកគាត់កាន់កាប់ស្របច្បាប់ ក្រោយពីអាជ្ញាធរបញ្ជាគ្រឿងចក្រក្រុមហ៊ុនឯកជនឱ្យកាយស្រែស្រូវពួកគាត់ដែលធ្វើជិត៤០ឆ្នាំមកហើយ។
ពលរដ្ឋម្នាក់ លោក ឈុំ សារិន បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ តំណាងប្រជាពលរដ្ឋបានឡើងទៅភ្នំពេញដើម្បីស្នើឱ្យលោកនាយករដ្ឋមន្រ្តីជួយដោះស្រាយ ដើម្បីឆ្វៀលដីឱ្យពួកគាត់បានកម្មសិទ្ធស្របច្បាប់ បន្ទាប់ពីអាជ្ញាធរស្រុកមិនមានលទ្ធភាពដោះស្រាយជូនពួកគាត់។
លោក សារិន បានប្រាប់ថា៖ «ពួកខ្ញុំ១០នាក់ជាងនៅចាំស្រែ ១០នាក់ជាងទៀតឡើងទៅភ្នំពេញកាលពីថ្ងៃអង្គារ ក្រោយពីអាជ្ញាធរស្រុកហៅប្រជាពលរដ្ឋទាំង២៣គ្រួសារទៅសាលាស្រុក ដើម្បីស្តាប់សំណូមពរ នៅពេលដែលពលរដ្ឋចង់អោយមានការកាត់ឆ្វៀលដីឱ្យ ដើម្បីបានកម្មសិទ្ធិស្របច្បាប់ ខាងស្រុកថាគ្មានលទ្ធភាពដោះស្រាយទេ គាត់ថាចាំរាយការណ៍បន្តទៅថ្នាក់លើ និងបានបញ្ជាឱ្យគ្រឿងចក្របញ្ឈប់កាយលើដី ដែលមានទំនាស់សិន»។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រជាពលរដ្ឋប្រមាណ២៣គ្រួសារបានលើកគ្នាទៅ រារាំង គ្រឿងចក្រជាច្រើនបម្រុងមកកាយដីស្រែរបស់ពួកគាត់ជាង៣០ហិកតា ដែលអាស្រ័យផលជិត៤០ឆ្នាំមកហើយ នៅចំណុចអាងភាស ស្ថិតនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋមានសភាពតឹងតែងមួយប្រាវ ហើយប្រជាពលរដ្ឋខ្លះបានដេកពី មុខគ្រឿងចក្រ ដើម្បីរារាំងមិនអោយចូលទៅកាយដីស្រែរបស់ពួកគាត់។
ប្រជាពលរដ្ឋទៀតលោក ឡយ សុខ អាយុ៦៧ឆ្នាំ រស់នៅភូមិតាគម បានប្រាប់ថា ពួកខ្ញុំអាស្រ័យផលលើដីអាងភាសនេះ៣៩ឆ្នាំមកហើយ អាជ្ញាធរមិនព្រមចេញប្លង់កម្មសិទ្ធិឱ្យនោះទេ ហើយបែរជាអាជ្ញាធរប្រើគ្រឿងចក្រក្រុមហ៊ុនឯកជន មកកាយយកអាចម៍ដីស្រែរបស់ពួកគាត់ទៅលក់ឱ្យក្រុមហ៊ុនពុះដីឡូត៍លក់ដោយលើកហេតុផលថាជាដីរដ្ឋ ហើយរដ្ឋត្រូវការយកទៅអភិវឌ្ឍន៍ ។
លោក សុខ ថ្លែងថា៖ «១០ថ្ងៃនេះ គេមកកាយបីដងហើយ តែពលរដ្ឋដេញរហូត លើកនេះមកទៀត ខ្ញុំមិនព្រមឱ្យកាយទេ បើមិនដកគ្រឿងចក្រចេញ ពួកខ្ញុំមិនទៅផ្ទះទេ សុខចិត្តឱ្យគ្រឿងចក្រកិនស្លាប់ចុះ! ព្រោះបើអស់ដីហ្នឹង! មិនមានបាយហូបទេ»។
លោក សុខ បានរំលឹកឱ្យដឹងថា ដីស្រែរបស់ពួកគាត់ទាំង២៣គ្រួសារត្រូវបានអាជ្ញាធរភូមិឃុំ ចែកឱ្យតាំងឆ្នាំ១៩៨៣ ក្នុងសម័យរដ្ឋកម្ពុជា សរុបចំនួន៣១ហិកតា ដែលកាលនោះរដ្ឋចែក ឱ្យគិតតាមសមាជិកគ្រួសារ គឺម្នាក់បានកន្លះហិកតា ហើយពួកគាត់បានអាស្រ័យផលជាប់ រហូតដល់បច្ចុប្បន្ន។ លោកបន្តថា អាជ្ញាធរមិនព្រមឆ្វៀលដីឱ្យពួកគាត់ តាមប្រសាសន៍ របស់សម្តេចដែលប្រកាសនៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំថ្មីៗនេះនោះទេ។
លោក សុខ បានប្រាប់ទៀតថា៖ «សម្តេចស្រែកថា ដីប្រជាពលរដ្ឋអាស្រ័យផល១០ឆ្នាំឡើងទៅ សម្តេចប្រកាសឱ្យកាត់ឆ្វៀលជូនប្រជាជន ទោះបីដីតំបន់១ តំបន់២ តំបន់៣ និងដីសង្គមចាស់អីក៏ដោយ»។ លោកបន្តថា៖ «ខ្ញុំចង់ឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ឱ្យពួកខ្ញុំ»។
ប្រជាពលរដ្ឋជាអតីតទាហ៊ានម្នាក់ លោក ឈុំ រ៉ាត់ អាយុ៥៦ រស់នៅភូមិតាគម ដែលមានដីស្រែ ៧រ៉ៃ(ជាង១ហិកតា)នៅទីនោះដែរ បាននិយាយថា តាំងពីអាជ្ញាធរចែកអោយមក គាត់អាស្រ័យផលលើដីនេះរហូត និង បានធ្វើមួយឆ្នាំ ២រដូវ គ្រាប់បានផ្គត់ផ្គង់គ្រួសារ និងកូនទៅរៀនដល់សព្វថ្ងៃ។
លោក ឈុំ រ៉ាត ថ្លែងថា៖ «ដីមានតែ៧រ៉ៃ(ជាង១ហិកតា) ខ្ញុំចែកដីឱ្យកូនម្នាក់បន្តិចៗ ធ្វើស្រែបានបង់សាលាកូនរៀនឆ្នាំទីពីរហើយ និងបានលុយទិញម៉ូតូបង់រំលួសអោយកូនទៅរៀន ឡូវមានសង្ឃឹមអី បើគេមកកាយចឹង»។
ក្រោយពីពលរដ្ឋធ្វើការតវ៉ា ក្រុមគ្រឿងចក្រមិនទាន់មានសកម្មភាពអ្វីនោះឡើយ ដោយចតចោល នៅក្បែរស្រែពលរដ្ឋនោះដែលមានមន្រ្តីនគបាលប៉ុស៍ពីររូបចាំនៅទីនោះ។ នៅពេល ខេមបូចា សាកសួរមន្រ្តីនគបាលទីនោះ គាត់បានហុចទូរសព្ទឱ្យអ្នកព័ត៌មានជួបជាមួយថ្នាក់លើរបស់គាត់។
មន្រ្តីនគបាលដែលនិយាយមិនបញ្ចេញឈ្មោះ៖ «កូនចៅរបស់ខ្ញុំពីរនាក់ជាមន្រ្តីនគបាលប៉ុស៍ គាត់មករក្សាសន្តិសុខ នៅទីនេះក្រែងមានអំពើហិង្សាណាមួយកើតឡើង ហើយការកាយដីស្រែនេះមិនទាក់ទងនឹងមន្រ្តីនគបាលទេ»។
លោក អួង សារិន អតីតមេឃុំពាមឯក បច្ចុប្បន្នជាមន្រ្តីក្រុមប្រឹក្សាឃុំបានទទួលស្គាល់ថា ប្រជាពលរដ្ឋពិតជាធ្វើស្រែជាប់រហូតតាំងពីទស្សវត្សឆ្នាំ៨០មកដល់បច្ចុប្បន្ននេះមែន។ លោក បញ្ជាក់ថា ពេលនោះអាងភាសនេះ វាធ្លុះធ្លាយ អាជ្ញាធរសម័យនោះបានចែកឱ្យប្រជាជន៨ភូមិក្នុងឃុំពាមឯក ដោយមួយភូមិបានទទឹង៥០០ម៉ែត្របណ្តោយរហូតទល់ព្រៃ ចំណែកភូមិ ក្រោយ គេបានទទឹង១ពាន់មែត្រ ។
លោក អួង សារិន បញ្ជាក់ថា ក្រោយពីបានទទួលដីអាជ្ញាធរភូមិបានបែងចែកតាមក្រុម គឺពលរដ្ឋម្នាក់បានដីកន្លះហិកតា សម័យនោះ ខ្លះបានធ្វើ ខ្លះមិនបានធ្វើនិងលក់ ខ្លះដោះដូរតគ្នា ខ្លះទុកចោល តែប្រជាជន ២៣គ្រួសារនេះគាត់ធ្វើជាប់រហូត ។
លោក អួង សារិន បានបន្តថា នៅឆ្នាំ២០១២ ក្រសួងធនធានទឹកបានចុះមកសិក្សា នៅតំបន់អាងភាសនេះ ដែលមានផ្ទៃដីជិត១៤០០ហិកតា ច្រើនលើកច្រើនសារជាមួយដៃគូរ ដើម្បីស្តារអាងភាសនេះឡើងវិញ រហូត ដល់រាជរដ្ឋាភិបាលសម្រេចឱ្យស្តារនាពេលបច្ចុប្បន្ន ។
លោក សាវិន បានថ្លែងថា៖ «វាជាការងាររបស់ក្រសួងធនធានទឹកទេ គេអនុញ្ញាតឱ្យខេត្ត ស្តារអាងហ្នឹងឡើងវិញ តែប្រជាពលរដ្ឋតវ៉ា មិនដឹងអាជ្ញាធរខេត្ត ស្រុកដោះស្រាយយ៉ាងម៉េចទេ វាហួសមត្ថភាពឃុំហើយ»។
ជុំវិញ ការប្រើគ្រឿងចក្រកាយដីស្រែក្នុងចំណុច គម្រោងអាងភាសនេះ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង បានបញ្ជាក់ខ្លីថា លោកមិនទាន់ដឹងនៅឡើយទេ ដោយលោកកំពុងជាប់ប្រជុំនៅភ្នំពេញ ។
លោក ឡុង ផល្គុន ប្រាប់ថា៖ «ខ្ញុំក្តាប់អត់ទាន់បានទេ ចាំឱ្យមន្រ្តីខ្ញុំចុះទៅកន្លែងហ្នឹង ដើម្បីពិនិត្យមើល ខ្ញុំជាប់នៅប្រជុំភ្នំពេញ ខ្ញុំអត់ដឹងដែរ តែកន្លែងហ្នឹងមានគម្រោងរបស់ក្រសួង»។
ទោះបីយ៉ាងណា លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានឱ្យដឹងថា ដីអាងភាសនេះជាដីរដ្ឋ ស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលមានប្លង់ត្រឹមត្រូវ។ លោកបន្តថា ក្រសួងបានសម្រេចឱ្យស្តារអាងនេះ ជំហ៊ានដំបូងលើផ្ទៃដី១០០ហិកតាសិននៅចំណុចភូមិគោលដូងនិងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ដែលកាយអាចម៍ដីជម្រៅ ៤ម៉ែត្រ ស្មើប្រមាណ៤លានម៉ែត្រគូបចេញដើម្បីស្តុកទឹកឱ្យពលរដ្ឋប្រើប្រាស់។
លោក សុផល មានប្រសាសន៍ថា៖ «ខេត្តអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២មកកាយយកអាចម៍ដី ក្រុមហ៊ុនមួយកាយអាចម៍ដី២លានម៉ែតគូប ដោយក្រុមហ៊ុនទទួលបង់ពន្ធនិងផ្នែករដ្ឋបាលអីច្បាស់លាស់។ ការធ្វើបែននេះ ទីមួយ ដីបួនលានម៉ែត្រគូបមិនចាំបាច់ចំណាយលុយរដ្ឋ ទីពីរ អាចម៍ដីបើមិនយកចេញទៅដោះដូរទេ យើងយកអាចម៍ដីទៅទុកឯណា»។
ចំពោះការតវ៉ារបស់ពលរដ្ឋ២៣គ្រួសារចំពោះគម្រោងស្តារអាងនេះ លោក ម៉ឺល សុផល បានឆ្លើយតបថា ថ្វីត្បិតពួកគាត់អាស្រ័យផលលើដីនេះមែន តែវាជាដីរបស់រដ្ឋមានប្លង់ត្រឹមត្រូវ អាជ្ញាធរចេះតែបិទភ្នែកឱ្យគាត់អាស្រ័យផល ពីមួយជំនាន់ទៅមួយជំនាន់ទៅ តែពេលនេះ អាជ្ញាធរត្រូវការអភិវឌ្ឍ គឺពួកគាត់ត្រូវតែប្រគល់ឱ្យដោយមិនមានសំណងនោះទេ។
លោកបញ្ជាក់ថា កន្លងទៅអាជ្ញាធរបានហៅគាត់មកប្រជុំដោះស្រាយដែរ នឹងបានសម្រេចផ្តល់អំណោយដែលមិនមែនជាសំណង ព្រោះវាខុសច្បាប់ ដោយមួយគ្រួសារទទួលបាន៦៥២ដុល្លារ នឹងមានឯកសារបញ្ជាក់ទទួលត្រឹមត្រូវ តែពេលគ្រឿងចក្រមកកាយអាចម៍ដីគាត់មកតវ៉ាទៀត ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋថា សម្តេចនាយករដ្ឋមន្រ្តីប្រកាសមុនបោះឆ្នោត ក្រុមប្រឹក្សាឃុំអណ្តតិថ្មីនេះថា ឱ្យតែអាស្រ័យផលជាប់១០ឆ្នាំឡើងទៅ ត្រូវឆ្វៀលឱ្យប្រជាពលរដ្ឋនោះ។ លោក ម៉ឹលសុផល អភិបាលស្រុកឯកភ្នំ បានឆ្លើយតបថា៖ «ប្រសាសន៍ប្រមុខដឹកនាំ គាត់លើកឡើងថាប្រជាជនមានភូមិកររស់នៅជាប្រចាំនៅតំបន់បី ទើបឆ្វៀលឱ្យ អញ្ចឹង! គាត់យកមកភ្ជាប់គ្នាមិនត្រូវនោះទេ ព្រោះគាត់អាស្រ័យផលលើដី របស់ក្រសួងធនធានទឹក ដែលគេមានប្លង់ត្រឹមត្រូវគាត់មកទាមទាវាមិនត្រូវ»។
ដោយឡែក លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលមុនច្បាប់ភូមិបាលចេញនៅឆ្នាំ២០០១។ បើយោងតាមខ្លឹមសារច្បាប់នេះ បើសិនប្រជាពលរដ្ឋកាន់កាប់ជាក់លាក់ កាន់កាប់ដោយសុច្ចរិច និងកាន់កាប់ដោយគ្មានវិវាទអីជាដើម ប្រជាពលរដ្ឋជាភោគៈហើយ ។
លោក សែនករុណា ថ្លែងថា៖ «អាជ្ញាធរគួរបញ្ជាក់ឱ្យច្បាស់ នៅពេលច្បាប់ភូមិបាលចេញថ្មី ដល់ពលរដ្ឋថា ជាដីរបស់រដ្ឋមិនអាចធ្វើកម្មសិទ្ធបានទេ គឺបានត្រឹមអាស្រ័យផលបាន ហើយរដ្ឋត្រូវការរយកវិញ ប៉ុន្តែបញ្ហានេះប្រហែលជាអាជ្ញាធរមិនបានបញ្ជាក់ជាលាយលក្ខណ៍អក្សរ រឺក៏ហាមប្រាមនៅពេលដែលពលរដ្ឋ ប្រើប្រាស់ក្នុងអំឡុងពេលហ្នឹង! ជាហេតុធ្វើឱ្យពលរដ្ឋយល់ថា ជាកម្មសិទ្ធរបស់ពួកគាត់អាចប្រើប្រាស់ទៅបាន»។
លោក ករុណា បន្តទៀតថា បើយើងមើលច្បាប់អាសាមីករ ការដកហូតដីទាំងឡាយណា បើទោះជាដីសាធារណៈរបស់រដ្ឋក៏ដោយ អាជ្ញាធរត្រូវដោះស្រាយទូទាត់សំណងឱ្យបានសមរម្យជាមុនសិន។ ប៉ុន្តែកន្លងមកអោយថាជាដីរបស់រដ្ឋហើយ អាជ្ញាធរដឹងតែដកមកហើយ ដោយប្រើវិធីសាស្រ្តផ្សេងៗ ទប់ស្កាត់ពលរដ្ឋ មិនអោយបង្កបង្កើនផល រឺក៏បណ្តេញចេញជាដើម ។
លោក សែនករុណា បញ្ជាក់ថា៖ «ខ្ញុំយល់ថា អាជ្ញាធរគួរតែសិក្សាផលប៉ះពាល់ពីជីវភាពពួកគាត់ តើគាត់ពិតជាខ្វះខាត អត់ដីប្រើប្រាស់ពិតមែន រឺក៏អត់ បើមិនអាចឱ្យគាត់ប្រើប្រាស់ដីហ្នឹងបង្កបង្កើនផលបាន ក្នុងនាម គាត់ជាពលរដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលគួរតែមានការពិនិត្យរកដំណោះស្រាយជូនពួកគាត់»។ លោក សែនករុណា បន្ថែមថា៖ «អាចថាដោះដូរជាដី រឺសំណងណាមួយដែលគាត់ទទួលយកបាន ដើម្បីយកទៅបង្កបង្កើនផល រឺប្រើប្រាស់ចិញ្ចឹមជីវិតអី! គួរតែមានការគិតគូរពិចារណា ចំណុចហ្នឹង! ទើបវិវាទនេះបញ្ចប់បាន»៕