សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការបូមឈាមលក់នៅតែមានសកម្មភាព ខណៈអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តថយចុះ

ស្ត្រីម្នាក់ដើរចេញពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
ស្ត្រីម្នាក់ដើរចេញពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ជារៀងរាល់ព្រឹក នៅមុខមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុង​ក្រុងភ្នំពេញ មានមនុស្សប្រុសស្រីវ័យកណ្ដាលឈរត្រៀបត្រា ដើម្បីរង់ចាំ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាមជាបន្ទាន់។ ពួកគេជាឈ្មួញកណ្ដាលទាក់ទងនឹងការលក់ឈាមដោយនាំមនុស្សមក​បរិច្ចាគ ក្រោម​រូបភាព​ស្ម័គ្រចិត្តជាថ្នូរនឹងប្រាក់សម្រាប់ដោះស្រាយជីវភាព។

បើតាមលោក ចន ចិត្រ(ជាឈ្មោះអ្នកសរសេរដាក់ឱ្យ) បានប្រាប់ឱ្យដឹងថា រូបលោកជា​អ្នករត់​តុការហើយលោកធ្លាប់បូមឈាមលក់ក្រោមរូបភាពស្ម័គ្រចិត្ត ប្រសិនបើអ្នកជំងឺណាម្នាក់​ខ្វះ​ឈាម នោះលោកតែងតែទៅផ្ដល់ឱ្យនៅមជ្ឈមណ្ឌលផ្ដល់ឈាម។

អ្នកធ្លាប់បូមឈាមលក់រូបនេះបន្តថា៖«គាត់ស្គាល់យើង យើងស្ម័គ្រចិត្តទៅជួយគាត់ តែបើ​យើងថាយើងទៅលក់ឈាមគឺគេចាប់យើងហើយ ចឹងយើងអត់អាចឆ្លើយទៅចឹងបានទេ លក់ៗវាអត់ល្អទេ»។

ដោយសារតែលោក ចិត្រ ជាអ្នកលក់ផ្ទាល់ និងធ្លាប់ណែនាំគេឱ្យទៅលក់ឈាមដែរ លោក​បញ្ជាក់ថា អ្នកដែលបូមឈាមលក់ភាគច្រើន គឺអ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រ ដោយ​ពួកគេអាចបូមឈាមម្ដងបាន៥០ ទៅ៧០ដុល្លារ។

លោកថ្លែងយ៉ាងដូច្នេះថា៖«និយាយឱ្យអស់ហ្មង៎ ខ្ញុំនាំគេទៅច្រើន អ្នកខ្លះខ្វះខាតទ័លច្រកអី​អាចផ្ដល់ឈាម ផ្ដល់ចឹងគេឱ្យ៥០ ទៅ៧០រៀលអ៊ីងចឹងទៅ អាចដោះស្រាយជីវភាព​បានមួយ​គ្រាចឹងទៅ អាហ្នឹងអ្នកទ័លបំផុតហ្មង៎»។

បុរសរូបនេះអះអាងថា កាលគាត់បូមឈាមលើកដំបូង គឺមានអាការៈមិនប្រក្រតី​មួយ​ចំនួន ប៉ុន្តែក្រោយៗមកគាត់មិនមានបញ្ហាអ្វីទេ។ ចំណែកបុគ្គលផ្សេងដែលទៅបូមឈាមដែរ អ្នកខ្លះ​ក៏វិលមុខ អ្នកខ្លះឈឺស្ពឹកស្រពន់ដៃ។

លោក ចិត្រ បានប្រាប់អ្នកសារព័ត៌មានថា នៅមុខពេទ្យរុស្សី និងផ្លូវវេងស្រេងម្ដុំកាណាឌីយ៉ាគឺ​សម្បូរទៅដោយមេខ្យល់ចាំនាំកម្មកររោងចក្រទៅលក់ឈាម ក្រោមរូបភាពជួយទៅ​អ្នកជំងឺ​ដែលកំពុងត្រូវការឈាម។ ហើយក្នុងករណីកម្មក​រនោះទៅ​បូម​ឈាម​ញឹកញាប់ គឺពួកគេខ្ចី​អត្តសញ្ញាណប័ណ្ណអ្នកផ្សេង ដើម្បីបានបូមឈាមលក់ ព្រោះ​ពេទ្យ​មិនចំណាំមុខឡើយ។

លោក ចិត្រ ប្រាប់អ្នកសារព័ត៌មានថា៖«បើខ្ញុំទាយមិនឱ្យខុស​រឺម៉កកង់បី​នេះទៅពេទ្យរុស្សី គឺទៅផ្ដល់ឈាម ឱ្យអ្នកជំងឺ បើយើងនិយាយថា​ទៅលក់គឺ​វាខុស​ច្បាប់។ ហើយអ្នកខ្លះខ្ចី​អត្តសញ្ញាណប័ណ្ណរបស់គេឡើង»។ លោកបន្តថា៖«អ្នកខ្លះ​ឡើង​ទៅ​សម្ភាស​ជាមួយ​ពេទ្យ​ហើយ យកអ្នកអត់មានអត្តសញ្ញាណប័ណ្ណទៅបូមវិញ វាមានចឹង យើង​ដូរបាន»។

បុរសម្នាក់ទៀត លោក ជិន ចិន( ជាឈ្មោះអ្នកសរសេរដាក់ឱ្យ) បានអះអាងថា លោកជា​អ្នក​រត់​តុការ ដោយសារតែរបរនេះរកមិនសូវបាន គ្មានចំណូលទៀងទាត់ ទើបលោកសម្រេចចិត្ត​បូមឈាមលក់ ក្រោមរូបភាពស្ម័គ្រចិត្តទៅឱ្យអ្នកជំងឺណាដែលខ្វះខាតឈាម តែលោកបញ្ជាក់​ថាមកបូមតែម្ដងម្កាលប៉ុណ្ណោះ។

បើតាមលោក ចិន បញ្ជាក់ថា លោកអាចបរិច្ចាគឈាមដើម្បីលក់ឱ្យគេក្នុងរយៈពេល​៣ទៅ​៤ខែ​ម្ដង ក្នុងមួយប្លោកបានប្រាក់១៣០ ទៅ១៤០ដុល្លារ។

លោកប្រាប់ថា៖​«មួយរយៈកូវីដ​ហ្នឹងពិបាកគ្រប់តែគ្នា បើម្នាក់ៗដាច់បាយ ដាច់ទឹកហើយ  ហើយធម្មតាសុទ្ធតែអ្នកអត់មានលុយមានកាក់បានទៅបរិច្ចាគ ជួយអ្នកជំងឺក៏បាន​បុណ្យ​ដែរ»។

ចំណែកលោក ភិន ផាន រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មាន​ប្អូន​ស្រីឈឺ និងត្រូវការឈាមជាបន្ទាន់ បានប្រាប់ឱ្យដឹងថា លោកមានបងប្អូន​សម្រាប់បរិច្ចាគ​ឈាម តែមិនគ្រប់តាមចំនួនដែលពេទ្យចង់បានទេ ដូច្នេះលោកបានទិញឈាម​ពីអ្នកលក់​ឈាមក្រហម ក្នុងមួយសាក់តម្លៃជាង១០០ដុល្លារ ចំណែកឈាមសតម្លៃ១៧០ដុល្លារ។ លោក​បាន​ត្អូញត្អែរថា ជីវភាពលោកមិនធូរធារឡើយ ប្រសិនបើខ្វះឈាមហើយ​ត្រូវការ​ចំណាយ​លុយ​ទិញក្នុងតម្លៃថ្លៃបែបនេះ លោកមិនអាចទៅរួចឡើយ។

លោក ផាន​ បន្តថា៖«ជីវភាពអ្នកដែលត្រូវការឈាមលំបាកខ្លាំង មិនដឹងខាងពេទ្យគិត​របៀប​ម៉េចទេ បើអ្នកបរិច្ចាគមិនសុចរិត មកបូមឈាម២នាក់ ពេទ្យប្រាប់ថាបានតែម្នាក់ ចឹងត្រូវបង់​ខាត​លុយព្យាបាលអ្នកជំងឺហើយ ត្រូវបង់ខាតលុយទិញឈាមទៀត»។

យ៉ាងណាមិញ លោក ផាន ក៏បានសំណូមពរទៅដល់មន្ទីរពេទ្យទាំងអស់ ឱ្យគិតគូរព្យាបាល​អ្នកជំងឺដែលមានតម្រូវការឈាមចំបាច់ជាមុនសិន សឹមគិតគូរដោះដូរឈាមតាមក្រោយ បើ​មិនដូច្នេះទេមិនអាចសង្រ្គោះអ្នកជំងឺទាន់ពេលបានឡើយ បើរង់ចាំតែមានឈាមគ្រប់​ចំនួន​ទើបព្យាបាលនោះ។

លោកថ្លែងថា៖«ប្អូនខ្ញុំបញ្ចូលឈាមសអស់៣ប្លោក  ឈាមក្រហមនេះបញ្ចូល៦ប្លោកទៀត​ហើយ ហើយគាត់នៅតែមិនគ្រប់ ហើយបងប្អូនបរិច្ចាគខ្លះ និងទិញថែមខ្លះ។ ឈាមក្រហម​១០០ជាងដុល្លារ និងឈាមសមួយប្លោក១៧០ដុល្លារ»។

បុរសម្នាក់ផ្ដល់ឈាមនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។ ខេមបូចា/ព្រីង សំរាំង

ចំណែកលោក សុខ សាន (ឈ្មោះអ្នកអ្នកសរសេរដាក់ឱ្យ) ជាពលរដ្ឋធ្វើការក្បែរមណ្ឌលជាតិ​ផ្ដល់​ឈាមបានឱ្យដឹងថា លោកតែងតែឃើញមានអ្នកបូមឈាមលក់ និងមានមេខ្យល់ចាំនាំ​មនុស្ស​ទៅបរិច្ចាគឈាមក្រោមរូបភាពស្ម័គ្រចិត្ត។ លោកបន្ថែមថា ការទិញលក់នេះ គឺជាការ​សំងាត់ មិនមែនលក់បើកចំហទេ ព្រោះវាខុសច្បាប់។​ហើយសម្រាប់អ្នកមានលទ្ធភាព​គឺភាគ​ច្រើនគេ​ទិញឈាមពីមេខ្យល់ទាំងនោះ។

លោក​ សាន និយាយថា៖« មិនបើកចំហ ហើយអ្នកដែលត្រូវមកបរិច្ចាគឈាម​នឹងយកលេសថា​ជា​បងប្អូន ភាគច្រើនជាកម្មករោងចក្រ ហើយទាល់តែត្រូវការទើបទាក់ទងទៅមនុស្ស »។

គេឃើញមានមនុស្សប្រុសស្រីឈរត្រៀបត្រា នៅក្បែររបងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែល​ទំនងជាឈ្មួញរកស៊ីបូមឈាម។ បើតាមការអះអាងរបស់លោក សាន  អ្នករកស៊ីលក់ឈាម​គឺយូរឆ្នាំមកហើយ ភាគច្រើនពួកគេឈរនៅជាប់របងពេទ្យ ឱ្យតែមានអ្នកជំងឺណាខ្វះ​ឈាម​ពួកគេនឹងទាក់ទងដើម្បីនាំមនុស្សមកបូមឈាម។លោកថា អ្នករកស៊ីបូមឈាមជាប្រព័ន្ធ គឺ​មាន​គ្នីគ្នានៅកន្លែងបូមឈាមស្រាប់ ឱ្យតែមានអ្នកមកបូមឈាមគឺគេរៀបចំភ្លាមៗមិនទុកយូរ​ឡើយ។

លោកបន្ថែមថា៖«និយាយរួមទៅដុះស្លែហើយ ប៉ុន្តែរញ៉េរញ៉ៃ  ស្រួលមិនស្រួលបោក​យើង​ទៀតភាគច្រើនតែឃើញយើងដើរកាន់ក្រដាសរត់មកចាប់ហ្មង៎ ត្រូវការទិញឈាមទេ»។ លោកបន្តថា៖«គេមានខ្សែរនៅខាងលើ បុគ្គលិកផង ពេទ្យផង យើងនិយាយមិនកើត​ទេ​អាហ្នឹងខ្លាចប៉ះពាល់គេ»។

ដោយឡែកអ្នកលក់ដូរនៅក្បែរៗមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គឺអ្នកស្រី តាង អ៊ិត​(ឈ្មោះ​អ្នក​សរសេរដាក់ឱ្យ) បានអះអាងថា ពិតជាមានការទិញលក់ឈាមមែន ហើយក្នុងមួយសាក់ តម្លៃ​១៣០​ ទៅ១៥០ដុល្លារ។ អ្នកស្រីបន្តថា មនុស្សដែលឈរក្បែរៗកន្លែងផ្ដល់ឈាម ភាគច្រើន​ជាអ្នករកស៊ីលក់ឈាម។ពួកគេប្រកបរបរនេះតាំងពីមជ្ឈមណ្ឌលផ្តល់ឈាមនេះចាប់បើកមកម្ល៉េះ។

អ្នកស្រីបន្តថា៖«ពួកគាត់ហ្នឹងអ្នករកស៊ីឈាមអូន រកយូរហើយម្នាក់ៗតាំងពីកន្លែងហ្នឹងបើក។ ពេលអូនឯងមានប៉ុងឱ្យគាត់ គាត់សារ៉េមនុស្ស ជូនណាសារ៉េមនុស្សអត់ត្រូវ គាត់ខាត»។

អ្នកស្រី អ៊ិត បន្ថែមថា អ្នកដែលរកស៊ីឈាមទាំងនោះ ពេលលក់ឈាមបាន នឹងបាន​លុយ​ពាក់កណ្ដាលនៃតម្លៃឈាម ហើយលុយដែលចំណេញ គឺចែកគ្នីគ្នាជាមួយ​អ្នកបូមឈាម​នៅខាងក្នុង។ ហើយបើថ្ងៃណាមានអ្នកត្រូវការឈាមច្រើន​ អ្នករកស៊ីឈាម​ទាំងនោះ​នឹង​រកបានច្រើនទៅតាមហ្នឹងដែរ។

អ្នកស្រីអះអាងថា៖«អ្នកបូមបានតែ៧០រៀល(៧០ដុល្លារ) តែអ្នកដែលបាន​ពាក់កណ្ដាល​ហ្នឹងគ្នាយ៉ាងច្រើនសល់១០ម៉ឺនអីទេ ព្រោះចែកជាមួយពេទ្យអ្នកបូមទៀត។ បើមិនស៊ីស​ស៊ុះម៉េចគេឱ្យយើងជាប់»

បើតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កន្លងមកធ្លាប់អះអាងថា កំឡុងពេលមាន​ការរីករាលដាល​នៃជំងឺកូវីដ-១៩ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺមានការធ្លាក់ចុះដោយសារតែ​អ្នកទាំង​នោះ​មានការបារម្ភនឹងការឆ្លងជំងឺកូវីដ-១៩។

ជុំវិញបញ្ហានេះ លោក លី សុវិត្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្លែងប្រាប់ខេមបូចា​ថា បច្ចុប្បន្ននេះ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានការថយចុះដោយសារតែ​បញ្ហាកកូវីដ-១៩ ដែលមានអ្នកស្ម័គ្រចិត្តបរិច្ចាគតែ១០%តែប៉ុណ្ណោះ។ ជំនួសឱ្យការធ្លាក់ចុះនេះ លោក​សុវិត្យ សង្កេតឃើញថា ចំនួនអ្នកបរិច្ចាគជំនួស ដែលភាគច្រើនជាសាច់ញាត្តិ​មានចំនួនកើន​ឡើងដល់ទៅ៩០%។

លោក សុវិត្យ បន្តថា មានការខុសគ្នាបន្តិចបន្តួចរវាងតម្រូវការឈាមមុនពេលកូវីដ១៩ និង​ពេលកូវីដ១៩។ លោកមានប្រសាសន៍ទៀតថា ជាក់ស្ដែងនៅឆ្នាំ២០២២នេះ មជ្ឈមណ្ឌល​ជាតិផ្ដល់ឈាមត្រូវការ​ឈាមប្រមាណ៨ម៉ឺនប្លោក ហើយក្នុងមួយថ្ងៃ​មជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាមត្រូវការឈាម​ជិត​២៤០ប្លាកែត ដើម្បីជួយសង្រ្គោះជីវិតមនុស្ស។

អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះបន្ថែមថា ភាគច្រើនអ្នកជំងឺដែលមានត្រូវការ​ប្រើប្រាស់ឈាមច្រើន មិនខុសពីរាល់ឆ្នាំឡើយ ភាគច្រើនមានអ្នកគ្រោះថ្នាក់ចរាចរណ៍ ស្រ្តី​ឆ្លងទន្លេមានភាពមិនប្រក្រតី អ្នកត្រៀមវះកាត់ធំៗ វះកាត់បេះដូង អ្នកមានជំងឺមហារីក​គ្រាប់​ឈាម និងអ្នកត្រូវការលាងឈា​មជាដើម។

យ៉ាងណាមិញលោក សុវិត្យ ទទួលស្គាល់ថា មកទល់បច្ចុប្បន្ននេះ ការទិញលក់ឈាមនៅតែ​បន្ត​មាន ដោយសារតែពលរដ្ឋដែលខ្វះឈាម មិនបានយល់ពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមួយចំនួនមិនមានបងប្អូនបរិច្ចាគមិនគ្រប់តម្រូវការ។ តែទោះជាយ៉ាងណា ឈាមដែល​ទិញ​ពីអ្នករកស៊ីលក់ឈាមនោះ មិនអាចយកមកប្រើប្រាស់បានឡើយ ដោយភាគច្រើន​ជាឈាម​មិន​ល្អ មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានមេរោគផ្សេងៗដូចជា ថ្លើម ស្វាយ អេដស៍​ជា​ដើម។

លោក សុវិត្យ ថ្លែងយ៉ាងដូច្នេះថា៖«អាហ្នឹង[ទិញលក់ឈាម]មានតាំងពីអើយមកហើយ ការ​ទិញ​​ដូរឈាមហ្នឹងនោះ អាកន្លែងជិតមជ្ឈមណ្ឌលហ្នឹងក៏មាន នៅតាមមន្ទីរពេទ្យក៏មាន។ ជួន​កាល​​គាត់អត់ទាន់ដល់ថ្ងៃខែត្រូវផ្ដល់ផង​គាត់ចង់បានលុយហ្នឹង តែមួយខែគាត់មកបូមទៀត​ហើយ អ៊ីចឹងឈាមគាត់អត់ទាន់ពេញវ័យយកមកដាក់ឱ្យអ្នកជំងឺអត់បានប្រយោជន៍អីដែរ»។

បើតាមលោក សុវិត្យ បានអះអាងថាខាងមជ្ឈមណ្ឌល ធ្លាប់បានបញ្ជូនអ្នករកស៊ី​ឈាម​ខុស​ច្បាប់ទាំងនោះទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាច្រើន​លើកច្រើន​សារមកហើយ។​ បន្ថែមពីនេះ ខាងមជ្ឈមណ្ឌលក៏បានប្ដូរគោលការណ៍​មួយចំនួនដើម្បី​ទប់​ស្កាត់កុំឱ្យមានអ្នកបន្លំប្ដូរឈាម និងបានធ្វើការផ្សព្វផ្សាយជាច្រើនផងដែរ។

លោកបន្តថា៖«ដើម្បីបំបាត់ការទិញដូរឈាមហ្នឹង មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានផ្លាស់ប្ដូរ​នូវគោលនយោបាយមួយចំនួន ការដូរកាត និងខិតខំទំនាក់ទំនងស្ថាប័នសសយក  ដើម្បី​ចូលរួមផ្ដល់ឈាមកាត់បន្ថយការទិញដូរឈាមពីខាងក្រៅហ្នឹង»។

លោកបន្ថែមថា អ្នកដែលអាចបរិច្ចាគឈាមបាន ត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ទម្ងន់​ចាប់ពី៤៥គីឡូឡើងទៅ។ ដោយបុរសអាចផ្ដល់ឈាមរយៈពេល៣ខែម្ដង ចំណែកស្រ្តី​អាច​ផ្ដល់​ឈាមបានរយៈពេល៤ខែម្ដង។ ហើយចំពោះបុគ្គលដែលលក់ឈាមញឹកញាប់នឹង​ប្រឈមបញ្ហាសុខភាពមួយចំនួនទៅថ្ងៃមុខ ដោយសារតែខួរឆ្អឺងផលិតឈាមមិនគ្រប់គ្រាន់​។

បុរសម្នាក់ផ្ដល់ឈាមនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

ទាក់​ទិន​នឹង​បញ្ហានេះ​ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានថ្លែងថា លោកធ្លាប់ទទួលព័ត៌មានខ្លះដែរអំពីរឿងនេះ តែក្រុមគ្រូពេទ្យហាក់ដូចជាមានការ​ប្រុងប្រយ័ត្ន​ដែរអំពីការទទួលបិរច្ចាគឈាម ហើយជុំវិញបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធគួរ​សម្របសម្រួល​យ៉ាងណាដើម្បីកុំឱ្យមានបញ្ហាដូច្នេះកើតឡើង។ ។

លោក សែនករុណា បន្ថែមថា តាមការសង្កេតរបស់លោក ឃើញថាមានពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាតកំពុងត្រូវការថវិកាបានទៅបរិច្ចាគឈាម ដើម្បីដោះដូរជាលុយដើម្បីជីវភាព។ លោក​បញ្ជាក់ថា អាជ្ញាធរគួរតែមានវិធានការណាមួយ ដើម្បីទប់ស្កាត់ និងពិនិត្យមើលជុំវិញ​ករណីនេះ ថាតើហេតុអ្វីបានជាមានពលរដ្ឋទៅបូមឈាមលក់បែបនេះ។

លោក សែនករុណា ថ្លែងថា៖«វាជារឿងមួយដែលហាមឃាត់កន្លងមក ហើយដើម្បី​ធ្វើការ​ទប់ស្កាត់ គួរមានការពិនិត្យមើលឡើងវិញដែរអាជ្ញាធរពាក់ព័ន្ធ ហើយបើវាដល់កម្រិត​នេះ​វាមាន​បញ្ហា​ទៅលើជីវភាព និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដល់ថ្នាក់គាត់​សម្រេច​ចិត្ត​ធ្វើ​បែបហ្នឹង​ដើម្បី​តែជីវភាពឬក៏ក្រពះរបស់គាត់»។

លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ បានលើកឡើងថា សកម្មភាពដែលទិញលក់ ក្រោមរូបភាពស្ម័គ្រចិត្តនេះ​ គឺជាការជួញដូរឈាម។ ដូច្នេះអាជ្ញាធរ​មានសមត្ថកិច្ចត្រូវតែចាត់ការទៅតាមផ្លូវច្បាប់។

លោក សំអាត ថ្លែងថា៖«ការបូមឈាមគឺជាការស្ម័គ្រចិត្ត មិនមែនជាការកេងយកកម្រៃ ឬជា​ការទិញលក់ឈាមដើម្បីជាប្រយោជន៍ក្នុងការចំណេញ អាហ្នឹងវាជារឿងមួយ​ធ្ងន់ធ្ងរប៉ះពាល់​ទៅដល់សិទ្ធិបុគ្គលមួយៗ»។

លោកសំអាតបន្តថា ក្នុងករណីនេះបន្តមានដូច្នេះ វាជាការខ្វះចន្លោះនៃការអនុវត្តច្បាប់មួយ ដែលមិនទាន់បានពេញលេញ បណ្ដាលឱ្យមានការបូមឈាមលក់ ដែលជាការជួញដូរ​សរីរាង្គ។ លោកពន្យល់ថា ឈាមក៏ជាសរីរាង្គមួយរបស់មនុស្សដែរ។

ខេមបូចា បានទាក់ទងទៅ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តែមិនមាន​ការឆ្លើយតបឡើយ ជុំវិញបញ្ហានៃការបូមឈាមលក់នេះ៕

1,651 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម