សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយករដ្ឋមន្រ្តីជំរុញឱ្យធ្វើទំនើបកម្មលើវិស័យសុខាភិបាល មុនធ្វើវិមជ្ឈការទៅមន្ទីរពេទ្យថ្នាក់តំបន់ដែលគ្រោងនឹងបង្កើត

ប្រជាពលរដ្ឋមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែករកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ រូបភាពថតកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ (ខេមបូចា/អ៊ួន ឈិន)
ប្រជាពលរដ្ឋមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែករកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ រូបភាពថតកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ (ខេមបូចា/អ៊ួន ឈិន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពិពិធកម្មសេវាសុខាភិបាលថ្នាក់ជាតិឱ្យកាន់តែទំនើប មុនពេលបង្កើតមន្ទីរពេទ្យថ្នាក់តំបន់។ មន្ទីរពេទ្យទាំងនេះនឹងត្រូវបានរចនាឡើងដើម្បីធ្វើវិមជ្ឈការលើការព្យាបាលជម្ងឺសំខាន់ៗនៅក្នុងតំបន់រៀងៗខ្លួន។

ក្នុងពិធីបើកការដ្ឋានសាងសង់អគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកមានប្រសាសន៍ថា ការកែលម្អសេវាថែទាំសុខភាពជាប្រចាំ គឺមានសារៈសំខាន់ណាស់ ដើម្បីបំពេញតាមការរំពឹងទុករបស់អ្នកជំងឺ និងបង្កើនទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធថែទាំសុខភាព។ លោក​ក៏បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​លើក​កម្ពស់​យន្តការ​ក្នុង​ការ​តាមដាន និង​វាយ​តម្លៃ​គុណភាព​នៃសេវាកម្មលើ​បញ្ហាសុខភាព​នៅ​នឹង​កន្លែងផងដែរ។

បន្ថែមលើការកែលម្អទាំងនេះ ក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្ម និងពិពិធកម្មសេវាថែទាំសុខភាពពីថ្នាក់ជាតិឱ្យកាន់តែទំនើប រហូតដល់មណ្ឌលសុខភាពនៅតាមមូលដ្ឋាន ដោយលោកបានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពសេវាសុខភាពនៅតាមមូលដ្ឋានគឺជាគន្លឹះដ៏សំខាន់។

ការធ្វើទំនើបកម្ម និងពិពិធកម្មនៃមន្ទីរពេទ្យថ្នាក់ជាតិនឹងអនុញ្ញាតឱ្យមានវិមជ្ឈការនៃការព្យាបាលជំងឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យថ្នាក់តំបន់។ រដ្ឋាភិបាល​គ្រោងនឹង​បង្កើត​មន្ទីរពេទ្យ​ថ្នាក់​តំបន់ នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​សៀមរាប ដែល​នឹងអាច​កាត់​បន្ថយ​តម្រូវការរបស់​អ្នកជំងឺ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កាន់រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ការ​ព្យាបាល​ជំងឺដែលមានលក្ខណៈ​ធ្ងន់ធ្ងរ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «នៅពេលអនាគត [អ្នកជំងឺ] នឹងមិនចាំបាច់ទៅកន្លែងដដែល [មន្ទីរពេទ្យថ្នាក់ជាតិនៅភ្នំពេញ] នោះទេ។ ជំហាន​បន្ទាប់​គឺ​បង្កើត​មន្ទីរពេទ្យ​ថ្នាក់តំបន់ ដូច្នេះ​ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរផ្លូវ​ឆ្ងាយ ហើយ​នឹង​មាន​ការ​កកស្ទះ​កាន់តែតិច​នៅ​ក្នុង​រាជធានី​ភ្នំពេញ»

លើសពីនេះ លោកបានបន្ថែមថា សមត្ថភាពរបស់មន្ទីរពេទ្យថ្នាក់តំបន់ត្រូវតែពង្រឹង ខណៈស្ថានភាពទូទៅនៃមន្ទីរពេទ្យក្នុងប្រទេសត្រូវការការកែលម្អបន្ថែម។ កត្តាទាំងនេះនឹងអាចជួយកាត់បន្ថយការពឹងផ្អែករបស់ប្រជាជនលើសេវាសុខភាពនៅក្រៅប្រទេសផងដែរ។

ប្រជាជនកម្ពុជាខ្លះបានសម្រេចចិត្តទៅព្យាបាល និងពិនិត្យសុខភាពនៅក្រៅប្រទេស ខណៈមានការរិះគន់ជាច្រើនទៅលើមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការថែទាំសុខភាពដោយខ្វះគុណភាព រួមទាំងការព្រួយបារម្ភអំពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលមិនបានបំពេញតម្រូវការរបស់ប្រជាជន។

យោងតាម រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានឱ្យដឹងថា អគារមួយក្នុងចំណោមអគារដែលទើបសម្ពោធថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត គឺជាអគារ «ស៊ីក្លូតុ្រង» ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកជំងឺ ជាពិសេសអ្នកដែលមានជំងឺមហារីក។

អគារថ្មីនេះ នឹងត្រូវបំពាក់ដោយម៉ាស៊ីនស៊ីក្លូតុ្រងដ៏ទំនើប ដែលកន្លែងនេះនឹងផលិតឱសថវិទ្យុសកម្ម ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺសរសៃប្រសាទ និងជំងឺផ្សេងៗទៀត តាមរយៈបច្ចេកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរទំនើប។

ខណៈ​ពេលដែល​ទំនើបកម្ម​បរិក្ខារ​ពេទ្យ​មាន​សារៈ​សំខាន់នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ការ​លើក​កម្ពស់​ធនធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល​ គឺ​មាន​សារៈ​សំខាន់​ដូចគ្នា។ ដូច្នេះហើយ លោកបានអំពាវនាវឱ្យមានស្តង់ដារតឹងរ៉ឹងនៅពេលជ្រើសរើសបុគ្គលិកថែទាំសុខភាព ដោយធានាថាមានតែអ្នកដែលមានជំនាញត្រឹមត្រូវប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារ។

លោកមានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលត្រូវតែធានាគុណភាព ពីព្រោះគុណភាពគឺការពារអាយុជីវិតមនុស្ស និងកេរ្តិ៍ឈ្មោះនៃវិស័យសុខាភិបាលរបស់យើង។ បើ​យើង​ចង់​ឱ្យ​វិស័យ​សុខាភិបាល​រីក​ចម្រើន និង​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សាធារណជន យើង​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការ​ថែទាំ​មនុស្ស។ ការបណ្តុះបណ្តាលត្រូវតែទៀងទាត់ និងមានគុណភាពខ្ពស់ ដោយផ្តោតលើជំនាញសង្គ្រោះជីវិត ជាជាងបរិមាណ»។

លោក ហ៊ុន ម៉ាណែត ក៏បានណែនាំផងដែរអំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនលើបដិវត្តន៍ឌីជីថលក្នុងវិស័យសុខាភិបាល ក្នុងការកែលម្អមូលដ្ឋានទិន្នន័យសុខភាពជាតិ លើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាល ការត្រួតពិនិត្យសុខភាព និងការពិគ្រោះយោបល់។

អគ្គនាយកបច្ចេកទេស​នៃ​ក្រសួង​សុខាភិបាលកម្ពុជា ​វេជ្ជបណ្ឌិត ហុក គឹមចេង មិន​បាន​ឆ្លើយ​តប​លើរឿងនេះទេ។

រីឯប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក ក្រុស សារ៉ាត់ បានបដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ចំពោះរឿងនេះ ដោយ​បញ្ជាក់​ថា លោក​មិន​​ឆ្លើយ​តបជាមួយ​អ្នក​សារព័ត៌មាន​តាម​ទូរសព្ទ​ទេ។

ដោយឡែក ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម លោក គឹម សួរភិរុណ ក៏មិន​បាន​ឆ្លើយ​តប​ដែរ។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បាននិយាយាថា វាជារឿងល្អមួយដែលរដ្ឋាភិបាលគ្រោងនឹងបង្កើតមន្ទីរពេទ្យថ្នាក់តំបន់ឡើង។

ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមថា ការបង្កើតមន្ទីរពេទ្យថ្នាក់តំបន់នេះ គួរតែផ្តោតលើតម្រូវការ និងធានាលើការផ្តោតទៅលើជំងឺធំៗ ដោយមិនត្រូវឱ្យត្រួតស៊ីគ្នាជាមួយនឹងឯកទេសនានាដែលផ្តល់ជូនក្នុងមន្ទីរពេទ្យខេត្តនោះទេ។

លោកនិយាយ​ថា៖«ខ្ញុំ​គិត​ថា​មន្ទីរពេទ្យ​ថ្នាក់​តំបន់​គួរ​តែ​មាន​ដោយ​ផ្អែក​លើ​តម្រូវ​ការ»ការសិក្សាអំពីឯកទេសដែលមន្ទីរពេទ្យក្នុងតំបន់អាចផ្តោតទៅលើនោះ គឺគួរតែត្រូវបានធ្វើឡើង ដោយសារតែមន្ទីរពេទ្យខេត្តជាច្រើនបានផ្តោតលើឯកទេសផ្សេងៗរួចហើយដែរ។

លោកបន្តថា៖ «ដូច្នេះហើយ មន្ទីរពេទ្យថ្នាក់តំបន់ក៏គួរពិចារណាផងដែរ ថាតើជំនាញពិសេសណាដែលត្រូវផ្តោតលើ។ ប្រសិនបើអ្នកជំងឺអាចស្វែងរកសេវាព្យាបាលឯកទេសផ្សេងទៀត [នៅមន្ទីរពេទ្យខេត្ត] មន្ទីរពេទ្យថ្នាក់តំបន់មិនគួរត្រូវបានចាត់ទុកថាជាអាទិភាពនោះទេ»

លោក ជ័យ បានបន្ថែមថា ប្រសិនបើមន្ទីរពេទ្យថ្នាក់តំបន់ផ្តល់សេវាព្យាបាលសំខាន់ៗបាន ស្របពេលដែលមន្ទីរពេទ្យខេត្តមិនមាននោះ វាក៏អាចជួយដល់ប្រជាជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទៅរកការព្យាបាលនៅរាជធានីភ្នំពេញ ព្រោះការព្យាបាលមានតម្លៃខ្ពស់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Pushes for Modernization, Decentralized Healthcare with Plan of Regional Hospitals

329 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម