មន្ត្រីរដ្ឋាភិបាលម្នាក់បានបដិសេធការចោទប្រកាន់របស់មេដឹកនាំសហជីពគឺលោក រ៉ុងឈុន ដែលថា កសិករនៅខេត្តត្បូងឃ្មុំបានបាត់បង់ដីកសិកម្ម អំឡុងពេលមានសកម្ម ភាពបោះបង្គោលព្រំដែន។ ការអះអាងនេះធ្វើឡើងក្នុងសវនាការបន្តលើមេដឹកនាំសហជីពនិងមនុស្សពីរនាក់ផ្សេងទៀតនៅឯតុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធ។
តុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជាពីបទញុះញង់ដោយសារការអត្ថាធិប្បាយអំពីបញ្ហាព្រំដែន ដែលត្រូវបានចាក់ផ្សាយតាមវិទ្យុអាស៊ីសេរីភា្លមៗ មុនពេលមានការចាប់ខ្លួនលោកកាលពីខែកក្កដា។
សកម្មជនពីររូបគឺកញ្ញា សរ កន្និកា និងលោក តុន និមល ក៏ត្រូវបានចោទ ប្រកាន់ពីបទញុះញង់ដែរ ប៉ុន្តែត្រូវបានចាប់ខ្លួន អំឡុងពេលតវ៉ាទាមទារឱ្យដោះលែងមេដឹកនាំសហជីពដែលជាប់ពន្ធនាគាររូបនេះ។
នៅក្នុងសវនាការរយៈពេល ៣ ម៉ោង លោក ឡាយ សៀងលី មន្ត្រីគណៈកម្មាធិការកិច្ចការព្រំដែនបានបដិសេធការអះអាងរបស់លោក រ៉ុង ឈុន ដែលថា អ្នកភូមិនៅខេត្តត្បូងឃ្មុំតាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាមបានបាត់បង់ដីនៅពេលដែលរដ្ឋាភិបាលបានបោះបង្គោលព្រំដែនក្នុងខេត្តនេះ។
លោក សៀងលី បានមានប្រសាសន៍ថា៖ «វាមិនពិតទេ ដែលពួកគាត់ [បាត់បង់ដីធ្លី] ពីព្រោះ [រ៉ុង ឈុន] មិនមានឯកសារគាំទ្រសេចក្តីថ្លែងការណ៍របស់គាត់ហើយអ្វីដែលគាត់បានបង្ហោះ គឺជាការញុះញង់និងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
លោក សៀងលី បានលើកឡើងថា មន្ត្រីបោះបង្គោលព្រំដែនបានបោះបង្គោលព្រំដែន បង្គោលលេខ ១១៤ ដល់ ១១៩ នៅឆ្នាំ ២០១៨ នៅពេលដែលតំបន់នោះនៅជាតំបន់ព្រៃហើយអះអាងថា ប្រជាជនបានរំលោភយកដីនៅតំបន់នោះនាពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា ការកំណត់ព្រំដែនត្រូវបានធ្វើឡើងដោយប្រើផែនទីនិងឧបករណ៍កំណត់ទីតាំង GPS ហើយមិនមែនវិធីសាស្ដ្រសាមញ្ញដូចលោក រ៉ុង ឈុន នោះទេ។
លោកបានមានប្រសាសន៍ថា៖ «វាមិនអាចត្រឹមតែជិះម៉ូតូហើយចង្អុលទៅកន្លែងមួយថា បាត់ដីចំនួន ៥០០ ម៉ែត្រនោះទេ»។
អំឡុងពេលសវនាការលោក រ៉ុង ឈុន បានក្រោកឈរឡើងក្នុងតុលាការហើយបានអះអាងថា ការចាប់ខ្លួនគាត់កាលពីឆ្នាំទៅ គឺគ្មានដីកាទេ ហើយព្រះរាជអាជ្ញាដែលមានវត្តមានក៏មិនបានបង្ហាញអត្តសញ្ញាណរបស់គាត់ក្នុងអំឡុងពេលឃាត់ខ្លួននោះដែរ ។
លោក សេង ហៀង ព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះបានមានប្រសាសន៍ថា លោកមានវត្តមាននៅឯផ្ទះរបស់ រ៉ុង ឈុន ប៉ុន្តែថា តាមច្បាប់មិនចាំបាច់ឲ្យព្រះរាជអាជ្ញាបញ្ជាក់អត្តសញ្ញាណរបស់ខ្លួននោះទេ។ លោកបាននិយាយថា វាក៏មិនចាំបាច់មានដីកាដែរចំពោះបទល្មើសជាក់ស្តែង។
លោក ហៀង បានមានប្រសាសន៍ថា៖ «ករណីនេះទាក់ទងនឹងការបង្កភាពវឹកវរដល់សន្តិសុខសង្គម ហើយយើងមិនអាចរង់ចាំរហូតដល់ថ្ងៃស្អែកបានទេ ដើម្បីចាប់ខ្លួនជនល្មើស»។
លោក ជូង ជូងី មេធាវីការពារក្តីលោក រ៉ុង ឈុន នៅតែអះអាងពីភាពគ្មានកំហុសរបស់កូនក្តីលោក ដោយបន្ថែមថា យោបល់របស់មេដឹកនាំសហជីពលើបញ្ហាព្រំដែនគឺផ្អែកលើការផ្តល់សក្ខីកម្មរបស់អ្នកភូមិ។
លោកបានមានប្រសាសន៍ថា៖ «សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺផ្អែកលើអ្វីដែលអ្នកភូមិបានប្រាប់គាត់ ដូច្នេះគាត់មិនបានធ្វើការញុះញង់ទេ» ។
លោកថា មិនមានភស្តុតាងច្បាស់លាស់ ដើម្បីបង្ហាញពីការចោទប្រកាន់ប្រឆាំងនឹងលោក រ៉ុង ឈុន ទេ។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា រដ្ឋាភិបាលអាចជួយបញ្ជាក់ពីករណីបែបនេះ ជាជាងធ្វើការចាប់ខ្លួនពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា តុលាការនឹងវិនិច្ឆ័យដោយត្រឹមត្រូវហើយឲ្យគាត់រួចខ្លួន»។
សវនាការនឹងបន្តនៅថ្ងៃទី ១០ ខែមីនា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Border official refutes Rong Chhun’s land-loss claims at incitement trial