សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សង្វៀនប្រដាល់​​ក្លាយ​ជា​ជម្រក​ការងារ ​​​រក​បានចំណូល​ដ៏សមរម្យ សម្រាប់អ្នក​ចូល​ចិត្តអាជីព​​ឈឺសាច់

កីឡាករ​ម្នាក់ដែល​បានបញ្ចប់​បរិញ្ញាបត្រផ្នែក​ទី​ផ្សារ ឡុង សុវណ្ណឌឿន ក្នុងពេលបង្ហាត់សិស្សគុនរបស់ខ្លួន កាលពីដើមឆ្នាំ២០២៥។ (រូប​ថត ស៊ា បញ្ញា)
កីឡាករ​ម្នាក់ដែល​បានបញ្ចប់​បរិញ្ញាបត្រផ្នែក​ទី​ផ្សារ ឡុង សុវណ្ណឌឿន ក្នុងពេលបង្ហាត់សិស្សគុនរបស់ខ្លួន កាលពីដើមឆ្នាំ២០២៥។ (រូប​ថត ស៊ា បញ្ញា)

ប្រាក់ដែលទទួលបានពីការឡើងវ៉ៃនៅលើសង្វៀនបានជួយឱ្យយុវជនម្នាក់អាចចិញ្ចឹមជីវភាពប្រចាំថ្ងៃ និងតស៊ូរៀនសូត្ររហូតទទួលបានបរិញ្ញាបត្រ ហើយយុវជននេះមិនបានដោះដូរអាជីព​នេះទេ ប៉ុន្តែ​បានប្រឹងហ្វឹកហាត់ក្លាយខ្លួនជាកីឡាករល្អមួយរូប និងបានក្លាយជាគ្រូបង្វឹកដែល​មានសមត្ថ​ភាព និង​មាន​ឈ្មោះ​ល្បី ក្នុងចំណោមកីឡាករ និងគ្រូបង្វឹកល្អៗ អាច​រក​ចំណូល​​បានខ្ពស់ក្នុងមួយខែៗ ដើម្បី​​ឈាន​ទៅបង្កើតបាន​នូវជីវភាព​ដ៏​ប្រសើរ​មួយ​។

ជាមនុស្សម្នាក់ ដែលធ្លាប់​ហែល​ឆ្លង​ការ​លំបាក​រាប់មិនអស់ មុនពេល​ចាប់​យក​អាជីព​ប្រដាល់ ធ្វើ​ជា​មុខ​របរ ឡុង សុវណ្ណឌឿន បាន​អះអាង​ថា ចាប់តាំងពី​ធ្វើ​ជា​អ្នកប្រដាល់ ពី​ដើម​ឆ្នាំ​២០១០ រហូត​មក​ដល់ពេលនេះ ផ្ទៃ​មុខ និង​ក្បាល​របស់គេ​មាន​ស្នាមបែក​ជាង​៣០០ថ្នេរ គឺ​​បែក​នៅ​កន្លែង​​ដដែលៗ ហើយ​ត្រូវបាន​គ្រូពេទ្យ​ដេរម្តងហើយ​ម្តងទៀត ប៉ុន្តែ សុវណ្ណឌឿន ដែល​បានបញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ តាំង​ពីឆ្នាំ​២០១២​មក​នោះ នៅតែ​មិនព្រម​​បោះ​បង់​អាជីព​ឈឺសាច់នេះ​។

សុវណ្ណឌឿន បាន​និយាយ​ថា៖​ «គ្រួសារ​របស់​ខ្ញុំ និងសាច់ញាតិ​របស់​ខ្ញុំ បានស្តី​បន្ទោស​ខ្ញុំ​ថា ហេតុ​អ្វី​មិនប្រើចំណេះដឹង រក​ការងារ​អ្វី​ធ្វើ ឱ្យផុតពីប្រដាល់​ហ្នឹង ប៉ុន្តែ​ខ្ញុំនៅតែ​មិនអាច​ដើរចេញពីប្រដាល់ ព្រោះ​​ខ្ញុំមាន​អ្វីៗ​គ្រប់យ៉ាង ទាំង​ការ​សិក្សា ​ការងារ និងមុខ​របរ​មក​ដល់សព្វថ្ងៃ គឺ​ដោយសារ​ប្រដាល់»។

ជាកូនច្បង​នៅក្នុងគ្រួសារ​កសិក មានបងប្អូន​៤នាក់ យុវជន ឡុង សុវណ្ណឌឿន មានឈ្មោះ​ក្នុងបញ្ជីជាតិ​ថា ដន ដឿន បានចេញជួយ​រក​ស៊ី​លោក​ឪពុក​ ទេព ស៊ីយ៉ាដន និង​ម្តាយ លឹម ស៊ីម តាំងពី​រៀន នៅថ្នាក់​ទី​៤ ដោយបាន​ទៅ​​ដឹកផ្លែឈើ និងសាំង ពីប្រទេស​វៀតណាម មកឱ្យ​​​ម្តាយ​លក់ នៅស្រុក​កំណើត ​ស្ថិត​នៅ​ភូមិក្បាលកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល​​​។

នៅក្នុង​ខ្សែ​ជីវិត​ដ៏​វែង​ឆ្ងាយ​នេះ សុវណ្ណឌឿន ​​​ត្រូវរ៉ាប់​រង​​មើល​ថែ​ប្អូន​ប្រុស​ស្រី ជំនួស​ឪពុក​ម្តាយ ពេលពួកគាត់ ​ចេញ​ទៅ​រក​ស៊ី នៅ​ខេត្ត​ឆ្ងាយៗរយៈ​ពេលយូរ។ រូបគេ ​ត្រូវ​ផ្ញើ​ខ្លួន​ជាមួយ​ម្តាយ​មីង និងប្តីគាត់ ដោយ​​​ឆ្លៀតរកស៊ីផង រត់តាក់ស៊ីផង ហើយ​នៅ​ចុងឆ្នាំ២០០៧ យុវជន​ម្នាក់នេះ ​បាន​សម្រេច​មក​រកការងារធ្វើនៅភ្នំពេញ ដោយ​ធ្វើជាកម្មកររោងចក្របារី នៅមុខព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ។

យ៉ាងណាក៏ដោយ ក្រោយ​​បាន​​ប្រឡងជាប់បាក់ឌុប​ ក្នុងនាមជាសិស្សស្វ័យរិន នៅឆ្នាំ​២០០៨ សុវណ្ណឌឿន​ បានសម្រេច​ឈប់​ធ្វើកម្មកររោងចក្របារី ដោយ​បាន​ទៅ​​លក់​សាច់ជ្រូក​ជាមួយ​ឪពុកមាខាងម្តាយ នៅផ្សារបឹងត្របែកថ្មីវិញ ព្រោះ​អាច​រក​ចំណូល​ច្រើន​ជាង​ហ្នឹង ដើម្បី​ដោះស្រាយជីវភាពផង និង​បាន​សិក្សា​នៅមហាវិទ្យាល័យ​ផង ប៉ុន្តែដោយ​សារ ​មុខរបរនេះ​រកចំណូល​លែងសូវ​​បាន ​នៅពេល​ផ្ទុះ​ជំងឺ H1N1 (ផ្តាសាយជ្រូក) សុវណ្ណឌឿន ក៏​ឆ្លៀត​ទៅ​ធ្វើ​ការជាអ្នក​​រត់តុបន្ថែម​ទៀត។

រំឭក​ដល់​អតីតកាល​ដ៏ជូរចត់​នោះ ឡុង សុវណ្ណឌឿន បញ្ជាក់ថា៖ ​«ដើម្បី​បាន​លុយមកដោះស្រាយជីវភាពផង និងការសិក្សាផង ​ខ្ញុំ​តែងតែ​ងើបនៅម៉ោង​៣យប់ ដើម្បី​កាប់ជ្រូកជាមួយឪពុកមាជានិច្ច តែការ​រកស៊ីមិនស្រួលដូចដេកស៊ីទេ។ ​ខ្ញុំ​បានហៅម្តាយ មកជួយលក់សាច់ជ្រូក ព្រោះ​គាត់ លក់សល់លុយជាង ប៉ុន្តែ​ជងឺ​ចង្រៃ H1N1 ធ្វើ​ឱ្យ​គ្រួសារ​ខ្ញុំ ជួប​បញ្ហា​វិបត្តិសេដ្ឋកិច្ច​ម្តង​ទៀត ដោយសឹងតែរកលុយបង់ថ្លៃឈ្នួលផ្ទះ មិនបានផង»។

ជាមួយ​វិបត្តិសេដ្ឋកិច្ច​ក្នុង​គ្រួសារ​នេះ ដន ដឿន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១០ បាន​សម្រេច​ប្តូរ​ឈ្មោះមកជា ឡុង សុវណ្ណឌឿន ដើម្បី​លួច​ចូល​ហាត់​ប្រដាល់ ​កុំ​ឱ្យ​ឪពុក​ម្តាយ​ដឹង ព្រោះ​កំលោះ​រូ​ប​នេះ បានចាប់​​ផ្តើម​ដក់​ចិត្តខ្លាំង​​នឹង​ប្រដាល់ ហើយ​ចង់​ប្រើជំនាញនេះ សាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​ល្បាញ​ល្បី និង​រក​ចំណូល​មក​ផ្តត់​ផ្គង់​ការ​សិក្សា និង​ក្រុម​គ្រួសារវិញម្តង។ ​​

ក្រោមការ​ខិតខំ​ហ្វឹក​ហាត់ជាមួយ​លោក​គ្រូ ឡុង សាលវ័ន្ត  កីឡាករ​ថ្មោង​ថ្មី សុវណ្ណឌឿន អាច​អភិវឌ្ឍ​សមត្ថ​ភាព​បាន​យ៉ាង​លឿន ុវ្មោង​ថ្ម ំ​២០០៩ ូ ឡុង សាលវ័ន្តល្រុមុមចនិង​​បាន​ចេញប្រកួតគូបើក​ឆាក ជាមួយប្រាក់​តម្លៃ​ខ្លួន ពី​៦ ទៅ៨ម៉ឺន​រៀល ហើយ​ក៏​បានឈាន​ទៅ​ដល់​ការ​​​ប្រកួតជាគូឯក ដោយ​ទទួល​​បានតម្លៃ​ខ្លួន ពី​៣០ ទៅ​៣៥ម៉ឺន​រៀល។

ជាង​១ឆ្នាំប៉ុណ្ណោះ ឡុង សុវណ្ណឌឿន អាច​ដណ្តើម​បាន​ខ្សែ​ក្រវាត់ក្នុងអាជីព​ដូចបំណង ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង កែវ រំចង់ កាលពី​នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១១ តែ​​ក៏បាត់បង់ទៅវិញ នៅ​ថ្ងៃទី២១ ខែកញ្ញាដដែល។ ប៉ុន្តែ​​នៅឆ្នាំ​​២០១៥ សុវណ្ណឌឿន ​បាន​យក​ឈ្នះ ពេជ្រ សីហា ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ នៅ​សង្វៀន PNN។

នៅក្នុងអំឡុង​ពេល​មាន​ឈ្មោះ​ល្បីបោះសំឡេង​នោះ គឺជាពេលវេលា​ដែល សុវណ្ណឌឿន ​ទទួលបានតម្លៃ​ខ្លួន ៣៥០​ដុល្លារ​ក្នុង​១​ប្រកួត ដើម្បី​ជួយ​ក្រុមគ្រួសារ និង​បានបញ្ចប់បរិញ្ញាប័ត្រផ្នែកទីផ្សារ នៅសាកល​វិទ្យាល័យធនធានមនុស្ស ក្នុង​ឆ្នាំ​២០១២ ដោយ​ប្រើ​ថវិកា​បាន​ពី​ប្រដាល់​គុនខ្មែរជាង​៨០ភាគរយ។

បន្ថែម​លើ​ការ​ឡើង​​ប្រដាល់​ សុវណ្ណឌឿន ក៏បាន​ធ្វើ​ការងារជា​ពិធីករ​ប្រដាល់​នៅ​ស្ថានីយ៍ទូរទស្សន៍ CTN និង CNC ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ​២០២១ ហើយ​ពីឆ្នាំ២០១៥ ដល់​ឆ្នាំ​២០១៨ រូបគេ ក៏​ទទួលសិទ្ធិលក់ផលិត​ផល​របស់ក្រុមហ៊ុនគុនខ្មែរ ប៊ីវើរិកជិក និង​បាន​បើកអាហារដ្ឋានផ្ទះគុនខ្មែរ ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​ ប៉ុន្តែ​មុខរបរ​ទាំង​នេះ ​ត្រូវ​បានបិទ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃជំងឺកូវីដ​-១៩។

យ៉ាងណា​ក៏ដោយ ​​ចំពោះ​សកម្ម​ភាព​ប្រដាល់ ឡុង សុវណ្ណឌឿន បានបន្ត​មក​ដល់​សព្វ​ថ្ងៃ ដោយ​រូបគេ នៅតែ​ឡើង​ប្រកួត​ម្តង​ម្កាល ដែល​អាចបា​ន​​តម្លៃ​ខ្លួន​៥០០​ដុល្លារ បន្ថែម​ទៅលើ​ការ​ងារជា​អាជ្ញាកណ្តាល​ចៅក្រម និង​ជាគ្រូ​បង្វឹក ហើយ​រូបគេ​ក៏ទើប​បានបើក​អាហារដ្ឋាន​ឈ្មោះ «ផ្ទះ​ឡុង​សុវណ្ណឌឿន» នៅស្រុកកំណើត ​ដើម្បី​ឱ្យប្រពន្ធ​លក់ដូរ​ផង និង​សម្រាប់​ផ្គត់ផ្គង់ការហូប​ចុក​ដល់​សិស្ស​គុន​របស់​ខ្លួន​ផង។

សម្រាប់ចំណូល ដែល​រក​​បាន​ក្នុង​១ខែៗ សុវណ្ណឌឿន បង្ហើប​ថា អាចបាន​​ចន្លោះ​ពីជាង​​១ពាន់​ ទៅ​​១២០០ដុល្លារ តែការចំណាយ​ទៅលើ​​ថ្លៃ​ទី​តាំង​​បើក​ក្លិប​ ទឹក​​ ភ្លើង ការ​ផ្គត់ផ្គង់​ដល់​សិស្ស និង​ថ្លៃ​កូនរៀន គឺ​ខែ​ខ្លះ​ក៏សល់​​បាន​ខ្លះ ហើយខែ​ខ្លះ ក៏​ចូល​ដើម​ក៏មាន ប៉ុន្តែ​បុរស​កូន​៥​រូបនេះ នៅតែពេញ​ចិត្ត​នឹង​អ្វី​ដែល​រូបគេ កំពុង​ធ្វើ​នៅ​ពេល​នេះ។

អ្នកកីឡាកាន់សញ្ញា​បត្រ​ទីផ្សារ សុវណ្ណឌឿន បញ្ជាក់​ថា៖ «បើទោះបីជា​ពេល​នេះ ខ្ញុំ​មិនទាន់បានជោគ​ជ័យធំដុំ ប៉ុន្តែ​ខ្ញុំ​មាន​ភាពជោគ​ជាំ​ក្នុងជីវិត​លើវិស័យ​​គុនខ្មែរ ហើយ​នេះ​ជាបទពិសោធន៍​​របស់ខ្ញុំ សម្រាប់​យក​ទៅប្រាប់​ដល់​ប្អូនៗ កូនៗ និង​សិស្ស​របស់​ខ្ញុំ ដើម្បី​ឱ្យ​ពួកគេ​ខិតខំ​អភិវឌ្ឍ​ខ្លួន ឈាន​ទៅ​ទទួល​បានជោគ​ជ័យ លើ​វិថី​មួយ​នេះ ​គឺ​​ទទួលបាន​ថវិកាច្រើន និង​មាន​តម្លៃ​ខ្លួនខ្ពស់»។​

ជាមួយគ្នា​នេះ សុវណ្ណឌឿន បាន​បង្ហាញពី​មោទនភាព ដែល​កូនសិស្ស​របស់​​ខ្លួន​​៣នាក់បានជាប់​ជម្រើសជាតិ។ «នេះជាជោគជ័យមួយសម្រាប់​ខ្ញុំ ក្នុងនាមជា​គ្រូ​បង្វឹក ហើយខ្ញុំ​ចង់​ឱ្យ​ក្មេងៗ​​ទាំង​អស់​ក្លាយជា​ជម្រើសជាតិ។ ​ខ្ញុំ​ដូចជា​គ្រូ​បង្រៀន​ម្នាក់ ដែល​ចង់​ឱ្យ​សិស្ស​របស់​ខ្លួន ទទួល​បានជោគ​ជ័យ នូវ​អ្វី​ដែល​ពួកគេ​បានរៀន មិន​មែនបាន​តែ​​រៀន ​ហើយចុងក្រោយ​អត់មាន​អ្វី​​ត្រូវ​ធ្វើ​នោះ​ទេ»។

ឡុង សុវណ្ណឌឿន (ស្តាំ) ពាក់អាវយឺតពណ៌ស ពេលទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាវគ្គអាជ្ញាកណ្តាល​ចៅក្រម ពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីខែកក្កដា ឆ្នាំ ២០២៤។ (រូបភាព៖ ស៊ា បញ្ញា)

ទន្ទឹម​នឹងនេះ សុវណ្ណឌឿន បាន​លើក​ទឹក​ចិត្ត​ឱ្យ​យុវជនជំនាន់​ក្រោយ ជាពិសេស​អ្នក​មិន​មានលទ្ធភាព​​រៀនសូត្រ​បានខ្ពស់ ចាប់យក​អាជីព​ប្រដាល់ ដើម្បី​ធ្វើ​ជា​មុខរបរ ក្នុងការ​រកចំណូល ព្រោះ​មិនថា កីឡាករ កីឡាការិនី​កម្រិត​ណា​នោះ​ទេ ​ឱ្យ​តែ​ខិតខំប្រឹង​ប្រែង​ព្យាយាម នឹងមាន​ឱកាស​បាន​ឡើង​ប្រកួត ដ្បិតអី​​​​បច្ចុប្បន្ន​ទាំងការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ មាន​ការគាំ​ទ្រ​ច្រើន ហើយ​ប្រទេស​ផ្សេងៗ ក៏មានការ​យល់ដឹងពី​គុនខ្មែរ កាន់តែ​ច្រើន​។

​​លោក​បញ្ជាក់​ថា៖ «កីឡាករ​កម្ពុជា​​យើង មាន​អាទិភាពខ្ពស់បំផុត នៅលើ​ឆាក​អន្តរជាតិ ហេតុនេះកីឡាករ​ជួរមុខ​ នៅពេលនេះ គឺអ្នក​ខ្លះ មានផ្ទះ មានឡាន មានដី និង​មានអ្វីៗ​ផ្សេង​ទៀត ព្រោះ​​កីឡាករ​ខ្លះ ​តម្លៃ​ខ្លួន​មួយប្រកួត​មាន​ដល់​៥ពាន់​ដុល្លារ អ៊ីចឹងខ្ញុំ​គិត​ថា កីឡាករ​ទាំង​អស់ នឹង​មានឱកាស​បែបនេះដូចគ្នា ឱ្យ​តែ​ពួកគាត់​ខិតខំប្រឹង​ប្រែង​ហ្វឹកហាត់ ពង្រឹង​សមត្ថភាព​ឱ្យ​បាន​ខ្លាំង»។

ចំពោះស្ថាន​ភាព​ប្រកួត​ប្រដាល់ នៅពេល​នេះ ឡុង សុវណ្ណឌឿន បានអះអាងថា កីឡាករ​មានឈ្មោះ​បោះសំឡេង និងមានសមត្ថ​ភាព​ខ្លាំង ក្នុង​កម្រិត A អាច​រក​បានប្រាក់ចំណូល​ច្រើនជាង​អ្នក​ធ្វើការ​ងារ​រដ្ឋ និងការងារឯកជនទៅ​ទៀត ហើយ​ក៏​អាច​ច្រើនជាង​អ្នក​រៀនសូត្រ​ដល់​ថ្នាក់​បណ្ឌិត​មួយ​ចំនួន​ផងដែរ។

«កីឡាករ​ប្រដាល់​​យើង​មួយចំនួន ទទួលបានជោគ​ជ័យច្រើនជាង​អ្នក​ធ្វើ​ការងារ​មួយចំនួន​ធំ»។ សុវណ្ណឌឿន បញ្ជាក់ថា៖ «បើ​មួយប្រកួត​បាន​៥ពាន់​ដុល្លារ ឬ​១ពាន់​ដុល្លារ ហើយ​១​ខែ​វ៉ៃបាន​​​​​២​ដង អ៊ីចឹង​​​បើ​ប្រៀបធៀប​ទៅនឹង​បណ្ឌិតខ្លះ ដែលគាត់ខំសិក្សា​​ពី​​១០​ ទៅ​២០​ឆ្នាំ ​មាន​ប្រាក់ចំណូល មិន​ច្រើនជាង​កីឡាករ​ជួរមុខ​របស់យើង​ក្នុងពេល​បច្ចុប្បន្ន​ទេ ប៉ុន្តែ​សំខាន់​កីឡាករ​ជួរ​មុខ​របស់​យើង ចេះ​អភិវឌ្ឍ​ខ្លួន ផ្សព្វ​ផ្សាយគុនខ្មែរ ឬអត់ ព្រោះ​គុណ​តម្លៃ​របស់​​ពួកគេ ក៏មានទៅតាម​ហ្នឹងដែរ»។

ចំណែក​លោក ស្រ៊ឺ​ ស្រេង ហៅ សំណព្វ ដែល​ធ្លាប់​មាន​បទពិសោធន៍​ជាអ្នក​គ្រប់​​គ្រង​កម្មវិធី​ប្រដាល់ នៅសង្វៀន PNN ហើយ​បច្ចុប្បន្ន បាន​ក្លាយជា​អ្នករៀបចំ​កម្ម​វិធី​ប្រដាល់​១​រូប និងជា​អ្នក​ដឹកនាំកីឡាករ កីឡាការិនី​​ប្រដាល់​កម្ពុជា ទៅ​ប្រកួត នៅ​ក្រៅ​ប្រទេស​នោះ បាន​ទទួល​ស្គាល់​ថា ​វិស័យ​​ប្រដាល់​គុនខ្មែរ ពេលនេះ បានជួយដល់​ជីវភាព​​កីឡាករ​​បាន​ច្រើន នឹង​​ធ្វើ​ឱ្យ​ពួកគេ មាន​កិត្តិយស និងកេរ្តិ៍​ឈ្មោះ នៅ​ក្នុងសង្គម។

ចំណែក​​​គ្រូ​បង្វឹក និង​មន្រ្តី​អាជ្ញាកណ្តាល​ចៅ​ក្រម ក៏​អាច​រកបាន​​ចំណូលពី​វិស័យ​កីឡាប្រដាល់ ​ដើម្បី​ដោះ​​ស្រាយជីវភាព​ក្នុងគ្រួសារ​ ហើយ​​កីឡាករ និង​គ្រូ​បង្វឹក​ខ្លះ ​បាន​​យក​ប្រជាប្រិយ​របស់​គាត់ នៅក្នុងប្រដាល់គុនខ្មែរ ទៅ​បង្កើត​ឱ្យមានការគាំ​ទ្រ​ដល់​ផលិតផល និងការ​ប្រកប​របរ​របស់​គាត់​​ ដើម្បី​រក​បានចំណូល​មួយ​ផ្នែក​ទៀត ដែល​សុទ្ធតែ​ជាផល​ប្រយោជន៍​​បានពី​​វិស័យ​ប្រដាល់​។

លោក​បញ្ជាក់​ថា៖ «ពីមុនមក ​ការ​ប្រកបអាជីព​ប្រដាល់​របស់កីឡាករយើង​មួយចំនួន គ្រាន់តែ​ជា​ការ​ស្រឡាញ់ គឺ​វ៉ៃបានតែ​​មួយប្រាវ ក៏​ឈប់​ទៅ​វិញ​ទៅ ​ហើយក៏​គ្មាន​ទិសដៅ​ថា នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត ប៉ុន្តែ​ឥឡូវ​នេះ​អត់​ទេ! ឱ្យ​តែគាត់​ដាក់​ចិត្តដាក់កាយ បាន​ល្អ​ប្រសើរ គាត់នឹង​អាច​ក្លាយជា​អ្នក​មានជីវភាព​ធូរធារ»។

លោក សំណព្វ បានបន្តទៀតថា៖ «​​យើង​ឃើញ​ហើយ កីឡាករ​ខ្លះ​បាន​តម្លៃ​ខ្លួន​ដល់​ជាង​៣ពាន់​ដុល្លារ ក្នុង​១​ប្រកួត និង​មានប្រាក់​រង្វាន់​នៅ​ខាង​ក្រៅ​ទៀត អ៊ីចឹង​វាជា​រឿង​ដ៏​ល្អប្រសើរ គឺ​នៅតែ​អ្នក​វ៉ៃ​មិនទាន់​ល្បី​ទេ ដែល​មានជីវភាព​មិន​ទាន់​ប្រសើរ ប៉ុន្តែ​ខ្ញុំ​លើក​ទឹក​ចិត្តឱ្យ​ពួកគាត់​​ប្រឹងប្រែង​ហ្វឹកហាត់ ហើយនៅពេល​ក្លាយជា​អ្នក​ប្រដាល់​ល្បី គាត់នឹង​មានជីវភាព​ធូរធារ​ទៅ​ថ្ងៃ​ក្រោយ​ទៀត»។

លោក ធន់ សុភា គ្រូបង្វឹកក្លិបប្រដាល់ធន់សុភាគុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងចំណោមសិស្សគុន ដែលកំពុងហ្វឹកហាត់ប្រដាល់ជាមួយលោក គឺមានកីឡាការិនី៣នាក់ និងកីឡាករ៣នាក់ បានចាប់យកអាជីពប្រដាល់នេះ ដើម្បីឡើងប្រកួត​យកលុយផ្គត់ផ្គង់ការសិក្សាផង និងជួយដល់ក្រុមគ្រួសារផង។

លោកបញ្ជាក់ថា៖ «នៅក្នុងចំណោមអ្នកទាំង៦នេះ មានខ្លះរៀននៅថ្នាក់ទី១១ ខ្លះទី ១២ និងខ្លះទៀត បានចូលដល់មហាវិទ្យាល័យហើយ អ៊ីចឹងគាត់មកហាត់ប្រដាល់ជាមួយខ្ញុំ ដើម្បីឡើងប្រកួតយកលុយរៀនផង និងជួយដល់ឪពុកម្តាយផង ប៉ុន្តែការរកចំណូលរបស់ពួកគាត់ វាអាស្រ័យទៅលើការបានឡើងប្រកួត»។

លោក ធន់ សុភា បានបន្ថែមថា៖ «បើសិនចាប់គូបានប្រកួតញឹកញាប់ ក៏បានចំណូលច្រើនទៅតាមហ្នឹង តែបើចាប់គូមិនបាន ហើយខានប្រកួតយូរពេក ក៏ជួបការខ្វះខាតដែរ ព្រោះនៅក្នុងចំណោមអ្នកទាំង៦នេះ មានអ្នកខ្លះ ទើបមានសមត្ថភាព ក្នុងកម្រិត B ដែលមិនទាន់មានទីផ្សារប្រកួតច្រើនទេ រីឯផ្នែកកីឡាការិនី ក៏មិនសម្បូរទីផ្សារប្រកួតដូចគ្នា ប៉ុន្តែចំពោះកីឡាករកម្រិត A មានទីផ្សារប្រកួតច្រើន និងរកបានចំណូលច្រើន»។

ចំណែក​អតីត​កីឡាករជើងខ្លាំង បឺត ខាំ និង​ជា​គ្រូ​បង្វឹកក្លិបរាជសីហ៍មានរិទ្ធ​សមាគម​កីឡា​កង​យោធពល​ខេមរភូមិន្ទ បានទទួលស្គាល់​ថា ការ​ទទួលបានចំណូលពីការ​ប្រកួត​ប្រដាល់ នាពេល​បច្ចុប្បន្ន គឺ​ខុសគ្នា​ឆ្ងាយ កាលពី​ជាង​​១៥​ឆ្នាំមុន ព្រោះជំនាន់​​លោក​នៅជា​កីឡាករ​ល្បី វាយលំដាប់គូឯក គឺ​បាន​លុយ​តិច ត្រឹម​៣០ ទៅ​៤០ម៉ឺន​រៀល ផ្គត់ផ្គង់​គ្រួសារ​មិនចង់​​រស់ផង។

លោកបានលើកឡើង​ថា៖ «ការ​ប្រលោក​ក្នុង​វិស័យ​កីឡាប្រដាល់​ជាង​​២០​ឆ្នាំ​របស់​ខ្ញុំ គឺ​ពេល​ឈប់​ប្រកួត នៅសល់​តែ​កេរ្តិ៍​ឈ្មោះទេ ព្រោះបាន​លុយតិច​ពេក។ យើង​វ៉ៃ​ហើយ យក​លុយ​នោះ​ទៅ​ផ្គត់​ផ្គង់​ជីវភាព សឹងតែ​មិន​គ្រប់ផង ប៉ុន្តែ​​បើ​ប្រៀប​ធៀបជាមួយ​ប្អូនៗ​ឥឡូវ គឺ​កីឡាករ​មាន​ឈ្មោះ​ល្បី និងមាន​​ការគាំ​ទ្រ​ច្រើន គឺ​១​ប្រកួតៗ​មាន​តម្លៃ​ខ្លួន​រាប់​ពាន់​ដុល្លារ»។

លោក​ឱ្យដឹងទៀត​ថា៖ «ដូច​ជា ធឿន ធារ៉ា អី​បានតម្លៃ​ខ្លួន​ពី​៤ទៅ​៥ពាន់​ដុល្លារ រីឯ ពេជ្រ​ សម្បត្តិ និង បឺត សង្ឃឹម ជា​ដើម បាន​ចាប់​ពី​២ទៅ​៣ពាន់​ដុល្លារ ហើយ​នៅមានស្ពន់ស័រ ឧបត្ថម្ភ គឺ​បើអត់​ឡើង​វ៉ៃ ក៏ក្នុង​១ខែៗ​បាន​ ៤ទៅ​៥ពាន់​ដុល្លារ​ដែរ»។ លោកបន្តថា៖ «​បើប្រៀប​ធៀប​តម្លៃ​ខ្លួន និងចំណូល​ដែល​រកបានពីប្រដាល់​សព្វថ្ងៃ​នេះ គឺ​ខុសពី​មុនដូចមេឃ​និង​ដី អ៊ីចឹងកីឡាករ​ល្បី មានប្រជាប្រិយ​ខ្លាំង អាច​រកបានចំណូល​ច្រើន​ ព្រោះ​ការ​ប្រកួត​ខ្លះ​វ៉ៃ​ដាក់​ផ្ទះ ដាក់​ឡាន និង​ដណ្តើម​ខ្សែ​ក្រវាត់ ដោយ​​បាន​លុយ​រាប់ម៉ឺន​ដុល្លារ»។

ជុំវិញ​ការ​រកចំណូល​ក្នុង​វិស័យ​ប្រដាល់​ លោក បឺត ខាំ បាន​យក​ស្ថាន​ភាព​ជាក់​ស្តែង​របស់​​កីឡាករជើង​ខ្លាំង បឺត សង្ឃឹម ដែលជា​ក្មួយប្រុស​របស់​លោកមកបញ្ជាក់ គឺ​ក្នុង​រយៈពេល​មាន​ឈ្មោះ​ល្បី ៤ទៅ​៥​ឆ្នាំ​នេះ បឺត សង្ឃឹម ​អាច​សល់​ពី​ប្រដាល់​ច្រើន ដោយ​មានផ្ទះ មានឡាន​២​គ្រឿង ហើយ​មាន​លុយ មាន​ស្ពន់ស័រ ឧបត្ថម្ភ​ប្រចាំ​ខែ តាម​រយៈការ​ធ្វើ​ជាទូតសុច្ឆន្ទៈ (BA) ឱ្យ​ក្រុម​​ហ៊ុន​ឯកជន​ផ្សេងៗទៀត។

ដោយមើលឃើញ​ពី​អត្ថប្រយោជន៍នេះ បឺត ខាំ បានលើក​ទឹក​ចិត្ត​ឱ្យក្មេងៗ ចាប់​យក​អាជីពនេះ ដើម្បី​រកចំណូល​បាន ដូចកីឡាករជួរ​មុខ ពេល​បច្ចុប្បន្ន ប៉ុន្តែ​លោកបាន​ទម្លាយ​ថា ការបង្ហាត់​សិស្ស​ថ្មី ឱ្យ​ក្លាយទៅជា​អ្នក​ល្បី មានការពិបាក ចំណែក​ការ​ចាប់គូ​សម្រាប់​កីឡាករ ស្ថិត​ក្នុង​កម្រិត C និង B ក៏មានការពិបាក ដោយសារ​សង្វៀននីមួយៗ ត្រូវ​ការ​តែ​កីឡាករ​កម្រិត A អ៊ីចឹងបើចាប់គូ​មិនបាន ​ក្លិបក៏​មិនអាច​រកចំណូលបាន ដើម្បីដំណើរការ​ទៅមុខ​បាន​ល្អ​ដូចគ្នា។

បឺត ខាំ បានបញ្ជាក់ថា៖ «ក្លិបខ្ញុំដែល​ទើបបើក​បាន​៨​ខែ ហើយ​គ្មាន​អ្នកឧបត្ថម្ភ គឺ​បើ​ចាប់​គូ​មិនសូវបាន ក៏មិនសប្បាយចិត្ត​ដែរ ព្រោះ​រាល់​ខែ ត្រូវ​បង់​ថ្លៃ​ជួល​ទីតាំង​បើក​ក្លិប ថ្លៃទឹក ភ្លើង និងការ​ហូប​ចុក​របស់​សិស្ស ក្នុង​១ខែៗ​ចូល​១៥០០​ដុល្លារ ហើយសព្វ​ថ្ងៃ​ក៏​មានការពិបាក លើការចាប់គូ ប៉ុន្តែសង្ឃឹម​ថា ទៅថ្ងៃ​ខាងមុខ អាចនឹងផ្លាស់ប្តូរ ចាប់គូបានច្រើន ព្រោះ​សិស្ស​របស់​ខ្ញុំ សុទ្ធតែ​មាន​សមត្ថភាព»។

ការ​ឡើង​ប្រកួតជាថ្មី​របស់​អតីតជើង​ខ្លាំង កែវ រំចង់ ជាមួយ​កីឡាករ Deyson Sapalo របស់ប្រទេស Angola នៅ​លើ​សង្វៀន​បាយ័នស្ទឹងមានជ័យ កាលពីព្រលប់​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២៥ ដោយការ​ប្រកួតនេះ រំចង់ បាន​ឈ្នះ​ដោយពិន្ទុ។ (រូប​ភាព៖ ស៊ា បញ្ញា)

កីឡាករជើ​ងចាស់​ធ្លាប់​មាន​ឈ្មោះ​ល្បី​ខ្លាំង កាលពី​ជាង​១០​ឆ្នាំ​មុន កែវ រំចង់ បានសម្រេច​ចិត្តវិល​មក​ប្រកួតជា​ថ្មី ហើយ​ក៏មានគម្រោង​បើក​ក្លិបផង​ដែរ។ សម្រាប់​ការ​ប្រកួត នៅលើសង្វៀ​ន​បាយ័នស្ទឹងមានជ័យ កាលពី​ថ្ងៃទី១៤ ខែកញ្ញា កន្លងមក​នេះ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ Deyson Sapalo របស់ ប្រទេស Angola ដោយពិន្ទុ។

ចំពោះ​ការ​សម្រេច​វិល​កាន់​សង្វៀន​ជាថ្មី​នេះ កែវ រំចង់ បញ្ជាក់​ថា៖ «ការ​វិលមកកាន់​សង្វៀ​ន ជា​ថ្មី​នេះ គឺ​ដើម្បី​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​ផង ហើយ​គ្រោង​បើក​ក្លិប​ខ្លួនឯងផង តែ​ក៏សុំ​ឱ្យ​មាន​ការ​ជួយ​បន្ថែម​ពី​បងប្អូន​ ដើម្បី​ខ្ញុំ​មាន​លទ្ធភាព​បើក​ក្លិប និង​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ បានច្រើន»។

កែវ រំចង់ ​ធ្លាប់ជា​កីឡាករ​មានឈ្មោះ​ល្បី​ល្បាញជាង​គេ ហើយក៏​មាន​ប្រាក់​តម្លៃ​ខ្លួនខ្ពស់​ជាង​គេ កាលពី​ជាង​១០​មុន​នោះ បាន​មើល​ឃើញ​ថា  វិស័យ​កីឡា​ប្រដាល់គុនខ្មែរ នៅពេល​នេះ កាន់​តែ​​​មានការ​រីក​ចម្រើន​ និង​អាច​រក​​បាន​ចំណូល​កាន់តែ​​សមរម្យ។

រំចង់ បញ្ជាក់​ថា៖ «កាលជំនាន់​ខ្ញុំនៅ​ល្បី បាន​តម្លៃ​ខ្លួន​ជាង​១ពាន់​ដុល្លារ ចំណែក​ពេល​នេះ ខ្ញុំ​បាន​ចូល​២ពាន់​ដុល្លារ ក្នុង​មួយ​ប្រកួត គឺមានន័យ​ថា គុនខ្មែរ​របស់​យើង មានការ​រីក​ចម្រើន​ខ្លាំង ដោយមាន​ស្ពន់ស័រ​ ជួយពី​ក្រោយ ល្អមែន​ទែន ធ្វើ​ឱ្យ​កីឡាករ​មាន​ទឹក​ចិត្ត​ហ្វឹក​ហាត់ មិនស្តាយពេល​វេលា​ អ៊ីចឹង​កីឡាករ ដែល​ខំហ្វឹក​ហាត់ មាន​សមត្ថ​ភាព​ល្អ គឺ​អាច​រកចំណូល​បាន​ច្រើន ហើយ​ពួកគេ ក៏អាច​ប្រើកេរ្តិ៍​ឈ្មោះ​​នៅក្នុង​​វិស័យ​ប្រដាល់ ទៅ​បើក​អាជីវកម្ម​ផ្សេងៗ​ទៀត​ផងដែរ»។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​បានលើកឡើង​​​ថា វិស័យប្រដាល់ទទួល​បានការ​គាំ​ទ្រកាន់តែ​ច្រើនពីប្រជាពលរដ្ឋ​​កម្ពុជា ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ក៏ដូចជា​បណ្តា​ប្រទេស​ជា​ដៃគូ​គុនខ្មែរ​ ​ធ្វើ​ឱ្យ​វិស័យ​ឯក​ជន​ ងាក​មកគាំ​ទ្រ​ និង​ឧបត្ថម្ភ បង្កើត​ឱ្យមានព្រឹត្តិការណ៍​ប្រកួត​កាន់​តែ​ច្រើន​ទាំង​ក្នុង និងក្រៅ​ប្រទេស ហើយកម្មវិធីទាំង​អស់​នោះ បានផ្តល់ការងារ​ច្រើន​ដល់​កីឡាករ កីឡាការិនី គ្រូ​បង្វឹក មន្រ្តី​អាជ្ញាកណ្តាល ចៅ​ក្រម និង​អ្នកពាក់​ព័ន្ធផ្សេងៗទៀត។

លោក ឆាយ បានឱ្យដឹង​ថា មានក្លិប​ថ្មី បាន​បើក​ដំណើរ​ការច្រើន គឺ​គ្រាន់តែ​ក្នុង​ឆ្នាំ​២០២៥នេះ មាន​ក្លិប​បើក​ក្លិបថ្មី​ជិត​​៤០ ដែល​ភាគ​ច្រើន នៅតាម​ខេត្ត ហើយ​បើតាមតួលេខ​​ចាស់ គឺ​មក​ដល់​ពេលនេះ ​មាន​ក្លិប​ជាង​១៥០ក្លិប និង​មាន​កីឡាករ កីឡាការិនី​ប្រមាណ ១២០០នាក់ ប៉ុន្តែ​​ក៏មាន​ក្លិប​មួយចំនួន បានបិទទៅ​វិញ ក្នុង​ពេល​ផ្ទុះឡើងនៃជំងឺ​កូវីដ-​១៩ ដែល​សហព័ន្ធ នឹង​​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​វិញ នា​ពេល​ខាងមុខ។

លោក​ថ្លែង​ថា៖ «យើងឃើញ​ហើយ​ថា កីឡាប្រដាល់ កាលពី​អតីតកាល មិនអាចជួយ​ឱ្យ​ពួកគាត់ មានជីវភាព​ប្រសើរ​​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​រីកចម្រើននៃ​វិស័យប្រដាល់​គុនខ្មែរ​ ​ធ្វើឱ្យ​​​កីឡាករ​កម្រិត​ខ្ពស់ ទទួលបាន​ថវិកា​សមរម្យ បានរហូត​ដល់​រាប់​ពាន់​ដុល្លារ ក្នុង​១​ប្រកួត ហើយព្រឹត្តិការណ៍​ធំខ្លះ បាន​ដល់​ម៉ឺន​ដុល្លារ​ អ៊ីចឹង​កីឡាករ​កម្រិតខ្ពស់​មួយចំនួន​ធំ ទទួល​បាន​ជីវភាព​ល្អប្រសើរ មាន​ឡាន មាន​ផ្ទះវីឡា ហើយ​ក៏មានចំណូល​រាប់ពាន់ រហូត​ដល់​រាប់ម៉ឺន​ដុល្លារ ក្នុង​១ខែ»។

យ៉ាងណាក៏​ដោយ លោក ខូវ ឆាយ បានបង្ហើប​ថា ​សហព័ន្ធ​ នឹង​ខិតខំប្រឹង​ប្រែង​ ធ្វើ​ម៉េច​អភិវឌ្ឍ​កម្រិត​គុនខ្មែរ​ ពីកម្រិត​ស្ម័គ្រ​ចិត្ត ទៅ​កម្រិត​អាជីព ហើយពី​កម្រិត​អាជីព​ទាប ទៅអាជីព​ខ្ពស់​ ព្រោះ​លោក​ទទួលស្គាល់​ថា ក្រៅពីកីឡាករកម្រិត​ខ្ពស់ (កម្រិត A) គឺកីឡាករ​កម្រិត B ជាពិសេស​កម្រិត C នៅតែ​មានជីវភាព​មិនទាន់ល្អប្រសើរ ព្រោះ​មិនសូវ​ទទួលបានឱកាស​ប្រកួតច្រើន និង​មានប្រាក់តម្លៃ​ខ្លួនមិនទាន់​ខ្ពស់​។​

ចំណែក ការ​ស្វែង​ទី​ផ្សារ​ប្រកួត​ សម្រាប់កីឡាការិនី​ប្រដាល់​គុនខ្មែរ​វិញ រឹតតែ​ខ្សត់ ព្រោះ​​កីឡាការិនី​មិនដល់​១០នាក់ ​ត្រូវបានចាប់គូ​ឱ្យ​ឡើង​ប្រកួត​ នៅ​រៀង​រាល់​សប្តាហ៍ ខណៈ​កីឡាករ​វិញ បាន​ឡើង​ប្រកួត​ចន្លោះ​ពី១៤០ ទៅ​​១៦០​នាក់ បាន​ឡើង​ប្រកួតជា​រៀង​រាល់​សប្តាហ៍ នៅលើ​សង្វៀនរបស់​ស្ថានីយទូរទស្សន៍បាយ័ន, PNN, CNC, TOWN ទទក ប៉ុស្តិ៍លេខ​៥ និង​ស្ថានីយទូរទស្សន៍​ហង្សមាស ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ។

លោក ខូវ ឆាយ បានបញ្ជាក់​ថា ដោយសារ​កីឡាការីនី​ចូល​ហាត់​ប្រដាល់ នៅមាន​ចំនួន​តិច ហើយ​​សមត្ថ​ភាព​របស់ពួក​​គាត់ មិនទាន់​ឈាន​ដល់​បុរស​ ហេតុនេះ​យើង​​ត្រូវការ​ពេលវេលា ដើម្បី​អភិវឌ្ឍ​ធនធានកីឡាការិនី​ឱ្យសម្បូរ និង​មានកម្រិតខ្ពស់​សិន ​ទើប​អាច​​ទទួលបានការគាំ​ទ្រ​ពីអ្នកទស្សនា និងអាច​ទទួលបាន​ការឧបត្ថម្ភ​តម្លៃ​ខ្លួន​បាន​ល្អ​ប្រសើរជាង​មុន។

លោកបញ្ជាក់​ថា៖ «​នៅពេល​យើង​ចូល​ដល់​កម្រិតអាជីព​ហើយ បានន័យ​ថា ថវិកា ដែល​ផ្តល់​​​ឱ្យ​កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ អាច​មានជីវភាពរស់រាន បាន​សមរម្យ ដោយមិនចាំបាច់ទៅ​បង្កបង្កើត​មុខ​របរ​ផ្សេង​ទេ គឺ​គាត់​​អាច​មានជីវភាព​មានបាន ដោយ​ចាប់​យក​តែ​អាជីពប្រដាល់​នេះ ដោយអាច​ថា វ៉ៃ​មួយប្រកួត​បានថវិកា​​រាប់ម៉ឺន​ដុល្លារ ទៅ​ថ្ងៃអនាគត​ ហេតុនេះ​យើង​ត្រូវការ​អភិវឌ្ឍជំហាន​ទៅមុខ»។

លោកបន្ថែម​ថា៖ «យើងប្រឹង​ប្រែងណាស់​ ដើម្បី​ឱ្យ​វិស័យ​កីឡា​គុនខ្មែរ​ទាំងមូល មានការ​រីក​ចម្រើន តែ​ក្នុង​នោះ​បើ​សិនជា​កីឡាករ កីឡាការិនី​របស់​ក្លិប​ណា មិន​ប្រឹង​ប្រែង​ គឺ​នៅ​តែ​មិន​ទទួល​​បាន​ផល អ៊ីចឹង​ក្នុងចំណុចនេះ ខ្ញុំសំណូមពរ​ឱ្យ​យើង​ខំប្រឹង​ប្រែង​ ដើម្បី​ទទួលបានផលប្រយោជន៍ទាំងអស់​គ្នា ព្រោះយើងមាន​កម្មវិធីច្រើនណាស់ ទាំងក្នុង និង​ក្រៅប្រទេស ​តែ​គ្រប់​កម្មវិធី​ទាំង​អស់ គេ​ត្រូវការតែ​កីឡាករ កីឡាការិនី មាន​សមត្ថ​ភាព»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម