សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិដើមភាគតិចពូនងស្វែងរកអន្តរាគមន៍ករណីលក់ដីសហគមន៍ឲ្យមន្ត្រីជាន់ខ្ពស់

អ្នកភូមិជនជាតិដើមភាគតិចពូនងបានដាក់ញត្តិទៅកាន់ក្រសួងមហាផ្ទៃដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលលើករណីមានការលក់ដីសហគមន៍ ថ្ងៃទី២៩ ខែមិថុនា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
អ្នកភូមិជនជាតិដើមភាគតិចពូនងបានដាក់ញត្តិទៅកាន់ក្រសួងមហាផ្ទៃដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលលើករណីមានការលក់ដីសហគមន៍ ថ្ងៃទី២៩ ខែមិថុនា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ជនជាតិដើម​ភាគតិច​​ពូនងមួយក្រុម​មកពី​ខេត្ត​មណ្ឌល​គិរី​បានស្វែង​រក​កិច្ច​អន្តរាគមន៍​យក​ដីសហគមន៍​ត្រឡប់​មក​វិញ ដោយថា​អ្នក​ភូមិ​បាន​លក់​ទៅ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​នៅ​ភ្នំពេញ​។​

​ជនជាតិដើម​ភាគតិច​​ពូនងចំនួន​បួន​នាក់តំណាង​ឲ្យ​អ្នក​ភូមិ​​៩០​គ្រួសារ​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ និង​បាន​ដាក់​​ពាក់​បណ្ដឹង​របស់​ខ្លួននៅ​ថ្ងៃអង្គារ​ទី​២៩ ខែមិថុនា​ នេះ។ ក្នុង​ពាក្យ​បណ្ដឹង​ ក្រុម​អ្ន​ក​ភូមិ​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​លោក ស ខេង ដក​ហូត​ដី​ដែល​បាន​លក់​ចំនួន​១៩​ហិកតា​ ​ទៅឲ្យ​​អតីត​មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្ត​រតនគិរី​ លោក គឹម រស្មី និង​ស្នងការ​ក្រុង​ភ្នំពេញ លោក ស ថេត​។

​ក្នុង​ពាក្យ​បណ្ដឹង​​ ក្រុម​អ្នក​ភូមិ​បាន​ចោទ​អ្នក​ភូមិ​ចំនូន​បី​នាក់​ មាន​ឈ្មោះ ភ្លឹន ព្យិន ប្រាក់ វណ្ណា និង​ញ៉េវ ម៉ៅ ថា​បាន​គប់​គិត​គ្នា​ជាមួយលោក គឹម រស្មី រៀប​ចំ​ឯកសារ​កាន់​កាប់ដី​ភ្នំ និង​ដី​ចម្ការ​វិល​ជុំ ដែល​ជា​កម្មសិទ្ធិ​របស់ហសគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង​។​

បើ​តាម​អ្នក​ភូមិ លោក រស្មី បាន​ទិញ​ដី​ប្រហែល​៧​ហិកតាពី​​ឈ្មោះ ​ភ្លឹន ព្យិន និង​ប្រាក់ វណ្ណា ខណៈ​ដែល លោក ស ថេត បា​ន​ទិញ​ដី​ចំនួន​១២​ហិកតា​ពី​ឈ្មោះ ញ៉េវ ម៉ោ។ ដី​ទាំង​ពី​រ​ប្លង់​នេះ ស្ថិត​នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​។ អ្នក​ភូមិ​បាន​អះអាង​ថា ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន លោក រស្មី បាន​ដុត​ផ្ទះ​អ្នក​ភូមិ​ចំនួន​ពីរ​គ្រួសារ និង​បំផ្លាញ​បង្គោល​របងឈើ​​អស់​ចំនួន​២០០​ដើម​។

ពាក្យ​បណ្ដឹង​​​សរសេរ​ថា៖ «[យើង]​ទាម​ទារ​ដី​ត្រឡប់​មក​វិញ និង​ចុះបញ្ជី​ជា​ព្រៃ​អារក្ស​[ទៅ​តាម​]​ទំនៀម​ទម្លាប់​របស់​យើង ដើម្បី​រក្សា​​ទុក​ជា​ផល​ប្រយោជន៍​សហគមន៍»។ ពាក្យ​បណ្ដឹង​សរសេរ​ទៀត​ថា៖​«​យើង​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោស​លើ​មនុស្ស​បួន​នាក់ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត»។​​

.

អ្នកស្រី ប៉ុម ឈីង អ្នក​ភូមិ​ជន​ជាតិ​ពូនង​ម្នាក់​ដែល​បាន​ឡើង​មក​ដាក់​បណ្ដឹង​​ទៅ​កាន់​ក្រ​សួង​មហា​ផ្ទៃ និង​ក្រសួងរៀប​ចំ​ដែន​ដី បាន​ប្រាប់​ខេមបូចា​ថា អ្នក​ស្រី សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ នឹង​ជួយ​អន្តរាគមន៍ និង​ប្រគល់​ដី​សហគមន៍​ត្រឡប់​មក​ជនជាតិ​ដើម​ភាគ​តិច​វិញ​។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា អ្ន​ក​ទិញ​ដីបាន​ចាប់​ផ្ដើមធ្វើ​របង​ក្នុង​ខែឧសភា កន្លង​ទៅ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រ​ជា​សហគមន៍​អាច​ចេញ​ចូល​ និង​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បាន​ទេ​។​ អ្នក​ស្រី​អះអាង​ថា​អ្នក​ភូមិ​ទាំង​៩០​គ្រួសារ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​តាំង​ពី​ដូន​តា​មក​ម្លេះ​។​

អ្នក​ស្រី​​បន្ត​ថា៖ «​យើង​មិន​បាន​ចោទគាត់​ [ស ថេត] ថា​បាន​លួច​ដី​ទាំង​នោះទេ តែ​យើង​មាន​ឯកសារ​ដែល​បង្ហាញ​ថា​គាត់ជា​អ្នក​ទិញ​ដី»។ អ្នកស្រី​បន្ថែម​ទៀត​ថា៖ «​វាប៉ះពាល់​ដល់​ដី​ដែល​យើង​ធ្លាប់​អាស្រ័យ​ផល ធ្វើ​ចម្ការ​វិល​ជុំ ដី​សម្រាប់​គោក្របី និង​ព្រៃ​អារក្ស​ដែល​យើង​បាន​គោរព​បូជា…​យើង​សង្ឈឹម​ថា​ពួកគាត់​នឹ​ង​ជួយ​យើង ហើយ​បើ​សិន​ពួកគាត់​មិន​អើពើ​ យើង​ក៏​មិន​ដឹង​ធ្វើម៉េច​ទៀត​ដែរ»។​

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត គឺ​អ្នក​ស្រី ព្រូម ក្រាក់ វ័យ​៣៤ ឆ្នាំ បាន​ឲ្យ​ដឹង​ដែរថា ប្រជា​សហគមន៍​មិន​ដែល​បាន​យល់​ព្រម​ឲ្យ​លក់​ដូរ​ដី​សហគន៍​នោះទេ​។

អ្នក​ស្រីថា៖ «ពួក​គេ​បាន​លក់​ដី​របស់​យើង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០…យើង​មាន​ឯកសារ​គ្រប់​គ្រាន់​ពីការ​ទិញ​លក់​ដី​នេះ។ យើង​មិន​យល់​ព្រម​[លក់​ដី​]​ទេ ដូច​នេះ​យើង​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទារ​យក​ដី​ត្រឡប់​មក​វិញ»។​

ស្នងការនគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បញ្ជាក់​ថា​លោក​ពិត​ជា​បាន​ទិញ​ដី​នោះពី​អ្នក​ភូមិ​មែន និង​បាន​អះអាង​ថា​ការ​លក់​ដូរ​នោះ​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់​។ លោក​បន្ត​ថា លោក​មាន​គម្រោង​អភិវឌ្ឍ​ដី​១២​ហិកតា​នោះ​ជា​ដី​ចម្ការ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​មូល​ដ្ឋាន​។ ​

លោក​មានប្រសាសន៍​ថា៖ «​វា​គឺស្រប​ច្បាប់​[ទិញ​ដី​] ពីព្រោះ​មានការ​ធានាត្រឹម​ត្រូវពី​អាជ្ញាធរ…​ខ្ញុំ​ធ្វើ​ស្រប​ច្បាប់ ហើយ​បើ​លោក​មិន​ជឿ​ខ្ញុំ លោក​អាច​សាក​សួរ​អាជ្ញាធរ​បាន»។​

លោក ស ថេត បាន​លើក​ឡើង​ដែរថា​អ្នក​ភូមិ​ទំនង​ជាមាន​ទំនាស់​នឹង​គ្នា ហើយ​បោកប្រាស់​គ្នា​បន្ទាប់​ពី​ចែក​ចំណែក​លក់​មិន​ស្មើ​គ្នា។ លោក​បន្ថែម​ថាដី​ទាំង​នោះ​មិន​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ទេ​។​

លោក គឹម រស្មី អតីតមេបញ្ជាការកង​រាជអាវុធហត្ថខេត្ត​រតនគិរីមិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​។

ចៅ​សង្កាត់​រមនា លោក ធី ងូក អះអាង​ថា​ករណី​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការ​លួច​ដី​សហគមន៍​ទេ​ ប៉ុន្តែ​អាចជា​ជម្លោះ​រវាង​អ្នក​ភូមិ ក្នុងការ​ចែក​ប្រាក់​បាន​ពីការ​លក់​ដី​​។

លោក​បន្ថែ​មថា៖ «​ពួកគេ​ឈ្លោះ​គ្នា​ដោយ​សារ​ចែក​លុយ​មិន​ស្មើ​គ្នា…​ពួកគេ​បាន​យល់ព្រម​លក់​ដី​សហគមន៍»។ លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ។​

លោក បូរ៉េត កុម្ពី ជំនួយ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី មាន​ប្រ​សាសន៍​ថា ការ​លក់​ដី​នេះធ្វើឲ្យបាត់បង់​ផល​ប្រយោជន៍​របស់​សហគន៍​។

លោក​និយាយថ​ថា៖ «ទាំង​អ្នក​លក់ និង​អ្នក​ទិញ​គឺសុទ្ធតែខុស ពីព្រោះ​ពួកគេ​បាន​អះអាងថា​ដី​ជាកម្មសិទ្ធិ​របស់​រដ្ឋ»។ លោក​បន្ត​ទៀតថា​ជនជាតិ​ដើម​ភាគ​តិច​បាន​រស់​នៅ​ និង​ប្រមូល​ផល​​នៅ​តាម​ភ្នំ​ទាំង​នេះ​ទៅ​តាម​ដូ​ន​តា​របស់​ពួកគេ​។​

លោក​បន្ថែម​ទៀត​ថា៖ «​ពេល​ដែល​ដី​ភ្នំ​ត្រូវ​បាន​លក់ វាប៉ះពាល់​ដល់​ទំនៀប​ទម្លាប់​របស់​ពួកគាត់ ដូចជាព្រៃ​អារក្ស ក៏​ដូច​ជា​ដី​ចម្ការ​វិល​ជុំ​..​.​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ដី​សហគមន៍​ទៅ​ឲ្យ​ជនជាតិ​ដើ​ម​ភាគ​តិច ឬ​ដ​ហូត​ដី​រដ្ឋ​ត្រឡប់​មក​វិញ​»។

លោក ស្វាយ សំអៀង អភិបាល​ខេត្ត​មណ្ឌល​គិរី និង​លោក ចក់ ម៉េងហ៊ាង អភិបាល​រង​ខេត្ត​មិន​អាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Bunong villagers seek intervention over communal land sale

232 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម