សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាសាងសង់បង្គោលព្រំដែនតាមគំរូដើមជំនាន់បារាំងលើទីតាំងចាស់

លោក ឡាំ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ លោកទាំងពីរជាសហប្រធានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងព័ត៌មាន)
លោក ឡាំ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ លោកទាំងពីរជាសហប្រធានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងព័ត៌មាន)

Breaking: កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាសហប្រធានកិច្ចប្រជុំ ហើយគណៈប្រតិភូថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាសហប្រធានកិច្ចប្រជុំ។

តាមសេចក្តីប្រកាសព័ត៌មានរួម ដែលមាន៧ចំណុចសំខាន់ៗ រួមមាន ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម និងបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា។

នៅក្នុងចំណុចទាំង៧នោះដែរ ភាគីទាំងពីរក៏បានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។

ជាងនេះទៅទៀត ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ៖ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ២០០០។

ចំណុចចុងក្រោយ ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹង ប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕

441 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម