សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា និង​ថៃ បានឯកភាពគ្នាបង្កើត​ក្រុម​សម្រប​សម្រួល​ដើម្បី​ពង្រឹង​ទំនាក់ទំនងនៅគ្រប់កម្រិត Updated

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងឧត្តមនាវីឯក Aphichat Sapprasert មេបញ្ជាការនៃបញ្ជាការដ្ឋានការពារព្រំដែន Chanthaburi និង Trat ក្នុងកិច្ចប្រជុំវិសាមញ្ញ RBC នៅខេត្ត Trat របស់ប្រទេសថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ ក្រសួងការពារជាតិ)
ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងឧត្តមនាវីឯក Aphichat Sapprasert មេបញ្ជាការនៃបញ្ជាការដ្ឋានការពារព្រំដែន Chanthaburi និង Trat ក្នុងកិច្ចប្រជុំវិសាមញ្ញ RBC នៅខេត្ត Trat របស់ប្រទេសថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ ក្រសួងការពារជាតិ)

កម្ពុជា និងថៃបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមសម្របសម្រួល (CG) ដើម្បីបង្កើនទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ជូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅថ្ងៃទី១៦ ខែសីហា ដែលរៀបចំដោយប្រទេសថៃ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងជាប្រចាំរវាងគ្រប់តំបន់កងទ័ព តំបន់យោធា និងអង្គភាពនៅតាមព្រំដែន។

កម្ពុជាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជៀសវាងនូវសកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងដោយយថាហេតុ រួមបញ្ចូលទាំងការដាក់លួសបន្លា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសសំណង់លំនៅឋានស៊ីវិល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ព្រោះថាការវិវឌ្ឍទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបាននូវបរិយាកាសស្ថិរភាព និងសន្តិភាព។

សូមរំលឹកថា កម្ពុជាបានចោទប្រកាន់ថា ភាគីថៃបានព្យាយាម «ច្រើនវិធី» ដើម្បីបង្កបញ្ហានៅតាមព្រំដែន រួមមានការសាងសង់របង ការបាញ់ជំពាមកៅស៊ូ ការប្រើប្រាស់ «សង្គ្រាមផ្លូវចិត្ត» និង «បង្កើតព័ត៌មានមិនពិត»។ ហេតុការណ៍​ចុងក្រោយ​នេះ​បាន​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ ដែល​យោធា​ថៃ​បានដាក់រាយ​លួស​បន្លា និង​កង់​រថយន្ត​នៅ​តាម​ព្រំដែន។

អាជ្ញាធរកម្ពុជា ជួយសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យភូមិមួយក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងលួសបន្លា ដើម្បីបិទផ្លូវ និងឡោមព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ (AKP)
អាជ្ញាធរកម្ពុជា ជួយសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យភូមិមួយក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងលួសបន្លា ដើម្បីបិទផ្លូវ និងឡោមព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ (AKP)

ក្នុងជំនួបនោះ កម្ពុជាក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការជំរុញការដោះមីនមនុស្សធម៌ ដោយកត់សម្គាល់ថា វឌ្ឍនភាពអាស្រ័យលើការអនុវត្តទាំងស្រុងនូវបទឈប់បាញ់ និងការវិលទៅរកភាពប្រក្រតីតាមព្រំដែន។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ជាមួយនឹងការបោះបង្គោលព្រំដែនដែលកំពុងដំណើរការ ការដោះមីនអាចត្រូវបានពិចារណាលើតំបន់ដែលមានការបោះបង្គោល ឬក្នុងតំបន់មិនមានជម្លោះ ដូចដែលបានព្រមព្រៀងដោយគណៈកម្មការព្រំដែនចម្រុះ (JBC) នៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ដោយសារ (RBC) មិនមានអាណត្តិក្នុងការសម្រេចចិត្តលើការដោះមីន បញ្ហានេះគួរតែត្រូវបានដោះស្រាយនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ ដែលគ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដូចដែលបានព្រមព្រៀងគ្នារួចហើយដោយភាគីទាំងពីរ។

កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា ខ្លួនបាន​ចាត់​ទុក​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ជា​បញ្ហា​ធ្ងន់ធ្ងរ រួម​នឹង​ទម្រង់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផ្សេង​ទៀត។ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងអស់នេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងដៃគូអន្តរជាតិដទៃទៀត ហើយទទួលបានលទ្ធផលជាក់ស្តែងផងដែរ។

កម្ពុជាបានសហការជាមួយថៃក្នុងការដោះស្រាយបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ហើយបញ្ហានេះអាចត្រូវបានពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំ GBC នាពេលខាងមុខ ដោយសារប្រទេសទាំងពីររងផលប៉ះពាល់ដូចគ្នា។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ(RBC) »។សេចក្តីប្រកាសព័ត៌មានបានបន្ថែថា៖ «ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ក្នុងរយៈពេលមួយខែ ក្រោយពីកិច្ចប្រជុំវិសាមញ្ញនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia and Thailand To Establish A Coordinating Group to Strengthen Communication

ព័ត៌មានថ្មី

អត្ថបទពេញនិយម