សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​បិទការ​នាំ​ចូល​បន្លែ និងផ្លែឈើតាម​ច្រកទ្ធារ​ព្រំដែនទាំងអស់​ពីប្រទេស​ថៃ

អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្ពុជា​បាន​បិទ​ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ​របស់​ថៃ​នៅ​គ្រប់​ច្រកទ្ធារ​ព្រំដែន ដែល​ជា​វិធានការ​មួយ​ដែល​អ្នក​វិភាគ​លើកឡើង​ថា ​អាច​បង្កើន​តម្លៃ​កសិផល​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ កសិករ​អះអាង​ថា ​អត្ថប្រយោជន៍​អាច​នឹង​មិន​បាន​ភ្លាមៗ​ទេ ដោយសារ​ដំណាំ​ដូចជា​ផ្លែឈើ​ត្រូវ​ចំណាយ​ពេល​ប្រមូល​ផល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា រាល់ច្រកព្រំដែនគោកជាមួយប្រទេសថៃ ត្រូវបានបិទចំពោះការនាំចូលកសិផលថៃ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ដោយកត់សម្គាល់ថា ការបិទនេះបានធ្វើឱ្យរថយន្តរាប់រយគ្រឿងដែលដឹកបន្លែ និងផ្លែឈើចូលមកកម្ពុជាជាប់គាំង ក៏ដូចជាការធ្វើដំណើរទៅកាន់ប្រទេសទីបី តាមរយៈច្រកកម្ពុជាផងដែរ។

លោក​បាន​ថ្លែង​ថា​៖ «​ការ​បិទ​ច្រក​របស់កម្ពុជាតាមបន្ទាត់ព្រំដែននេះ​មិន​មែន​ជា​ការ​ប្រកាស​សង្គ្រាម​ចង់យកថៃជាសត្រូវទេ»។

លោក សុខៈ បានថ្លែងថា៖ «គឺជាសិទ្ធិអត្តនោម័តរបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ និងរដ្ឋឯករាជ្យ ពីព្រោះអ្វីៗចាប់ផ្តើមពីភាគីថៃមុនតែប៉ប៉ុណ្ណេះឯង ជាពិសេស ភាគីខាងយោធារបស់ថៃ»។

ការបិទរបស់កម្ពុជាត្រូវបានអនុវត្តបន្ទាប់ពីមានឱសានវាទរយៈពេល២៤ម៉ោងដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទៅកាន់ប្រទេសថៃ ដើម្បីឱ្យបើកច្រកទ្ធារព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកចំពេលមានភាពតានតឹងនៅតាមព្រំដែនកើនឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយយោធាដ៏ធ្ងន់ធ្ងរកាលពីថ្ងៃទី២៨ ឧសភា ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់។

កាលពីសប្តាហ៍មុន មេដឹកនាំកម្ពុជាបានដាក់សម្ពាធប្រទេសថៃ ឱ្យបើកម៉ោងប្រតិបត្តិការតាមព្រំដែនឱ្យធម្មតាឡើងវិញ ដោយដាក់ចេញនូវវិធានការតឹងរឹង ដូចជាការបញ្ឈប់ប្រព័ន្ធអ៊ីនធឺណិត និងការនាំចូលអគ្គិសនីពីប្រទេសថៃ និងការហាមឃាត់ការផ្សាយភាពយន្តរបស់ថៃ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ សារព័ត៌មានកម្ពុជា ថា ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង និងច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង គឺជាច្រកចូលដ៏សំខាន់សម្រាប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសថៃមានចំនួន 1,87 ពាន់លានដុល្លារនៅចន្លោះខែមករា និងឧសភា។ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ថៃ​ក្នុង​តម្លៃ៣៩៥លាន​ដុល្លារ​ក្នុង​ពេល​នោះ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​ចំនួន​សរុប ១,៤៨ ពាន់​លាន​ដុល្លារ ដែល​បង្ហាញ​ពី​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ១,១ពាន់​លាន​ដុល្លារ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ លើកឡើងថា តាមកាលកំណត់ ច្រកព្រំដែនទាំងអស់ត្រូវបានបិទមិនឲ្យមានការនាំចូលបន្លែ និងផ្លែឈើ ពីថៃចូលមកកម្ពុជា។

លោក​បន្ត​ថា​៖ «​យើង​មិន​ប៉ះពាល់​ខ្លាំង​ទេ​ព្រោះ​ខេត្ត​របស់​យើង​មាន​វិស័យ​កសិកម្ម​ខ្លាំង​ដែល​យើង​អាច​ដាំដុះ​បន្លែ​ និង​ផ្លែឈើ​បាន​ដោយ​ខ្លួនឯង​»​។

លោក សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា៖ «យើងនឹងលើកទឹកចិត្តដល់ការបង្កើនការដាំដុះកសិផល ដើម្បីបំពេញតម្រូវការក្នុងស្រុក ហើយយើងក៏អាចនាំចូលពីប្រទេសផ្សេងទៀតប្រសិនបើចាំបាច់»។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ជឿ​ថា​យើង​មាន​បន្លែ​ផ្លែឈើ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ខេត្តបន្ទាយមានជ័យ​»​។

លោកបានចាត់ទុកការហាមប្រាមការនាំចូលកសិផលរបស់ថៃជាឱកាសមួយ ដោយកត់សម្គាល់ថាវាដាក់បន្ទុកសេដ្ឋកិច្ចលើប្រទេសថៃធ្ងន់ជាងមកលើកម្ពុជា។

ទាក់ទិននឹងការវិលត្រឡប់របស់ពលករចំណាកស្រុកវិញ លោក សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្រុមការងារខេត្តកំពុងរង់ចាំជួយសម្រួល និងដឹកជញ្ជូនពលករត្រឡប់ទៅខេត្តរៀងៗខ្លួន ក្នុងករណីមានការវិលត្រឡប់ច្រើនពីប្រទេសថៃ។

លោក សុវណ្ណារិទ្ធ បាន​ថ្លែង​ថា​៖ «​កម្មករ​ប្រហែល៣០០នាក់​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​កាលពី​ម្សិលមិញ​»។

លោក ឈិន រតនៈ អ្នក​នាំពាក្យ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា ​អភិបាល​ខេត្ត​បាន​ចេញ​បញ្ជា​ហាម​ការ​នាំ​ចូល​កសិផល​របស់​ថៃ​ចាប់​ពី​ម៉ោង៦ព្រឹក​ថ្ងៃ​អង្គារ។

លោក​បន្ត​ថា​៖ «​យើង​អាច​ពឹង​ផ្អែក​លើ​កសិផល​ក្នុង​ស្រុក​របស់​យើង ហើយ​បន្លែ​មួយ​ចំនួន​ត្រូវ​បាន​គេ​នាំ​ចូល​ពី​ភ្នំពេញ​ដើម្បី​ផ្គត់ផ្គង់​ក្នុងខេត្តបាន​»​។

លោក រតនៈ បានថ្លែងថា៖ «យើងសង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងបង្កើនការដាំដុះបន្លែរបស់ពួកគេ បន្ទាប់ពីបិទការនាំចូលកសិកម្មរបស់ថៃ»។

អាជីវករលក់ផ្លែឈើនៅផ្សារមួយក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥។ (ខេមបូចា/ ព្រីងសំរាំង)

លោក ជឿន ទិត្យា កសិករដាំទំពាំងបាយជូក្នុងខេត្តតាកែវ បានឱ្យដឹងថា ការហាមឃាត់របស់​រដ្ឋាភិបាល​លើការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ អាចធ្វើឱ្យទីផ្សារក្នុងស្រុកកាន់តែងាយស្រួលសម្រាប់កសិករកម្ពុជា។ ទោះ​យ៉ាង​ណា លោក​កត់​សម្គាល់​ថា ការ​ផ្លាស់​ប្តូរ​ការ​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​មិន​ទាន់​មាន​សន្ទុះ​ខ្លាំង​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា តម្រូវ​ការ​ស្ពៃក្រញ៉ាញ់​មាន​ការ​កើន​ឡើង​បន្តិច ដោយ​ការ​លក់​បាន​កើន​ឡើង​ជា​ធម្មតាពី១តោន​ដល់១,៣តោន​ថ្ងៃ​នេះ លក់​បាន១ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​បាន​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​បន្លែ​របស់​យើង​នឹង​មាន​តម្លៃ​សមរម្យ​ហើយ​ប្រជាជន​នឹង​ទិញ​វា​ទាំង​អស់​»។

ទោះ​បី​ជា​យ៉ាង​ណា លោក ទិត្យា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ការ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​របស់​ថៃ​នៅ​តែ​ត្រូវ​បាន​ហាម​ឃាត់​ជា​យូរ​មក​ហើយ តម្លៃ​ក្នុង​ស្រុក​អាច​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង។ លោក​បាន​ព្រមាន​ថា ប្រសិន​បើ​វា​កើត​ឡើង អ្នក​ប្រើ​ប្រាស់​អាច​ងាក​ទៅ​រក​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ជំនួស​វិញ។

លោក​បាន​បន្ថែម​ថា​៖ «​យើង​មាន​សង្ឃឹម ប៉ុន្តែ​យើង​នឹង​ត្រូវ​រង់ចាំ​មើល​។ យើង​មិន​រំពឹង​ថា​ការ​ហាម​ឃាត់​នេះ​នឹង​មាន​រយៈពេល​យូរ​ទេ។ នៅ​ពេល​ព្រំដែន​បើក​ឡើង​វិញ អ្វីៗ​អាច​នឹង​វិល​មក​រក​ធម្មតា​វិញ»។

លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើរបស់ថៃ គឺជាជំហានវិជ្ជមានមួយ។ លោក​បាន​បន្ត​ថា ដោយសារ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ថៃ ជាពិសេស​កសិករ​របស់​ខ្លួន​ដែល​ដាំ​ដំណាំ​សម្រាប់​នាំ​ចេញ​មក​កម្ពុជា​ត្រូវ​ខាតបង់​យ៉ាង​ខ្លាំង។

ទន្ទឹម​នឹង​នោះ លោក​កត់​សម្គាល់​ថា ការ​ហាមប្រាម​នេះ​បង្ហាញ​ពី​ឱកាស​សម្រាប់​កម្ពុជា។ វាអាចលើកទឹកចិត្តកសិករក្នុងស្រុកឱ្យវិនិយោគបន្ថែមលើការផលិតបន្លែ និងផ្លែឈើ និងជួយផ្លាស់ប្តូរអាកប្បកិរិយាសាធារណៈចំពោះការគាំទ្រដំណាំដាំដុះក្នុងស្រុក។

ទោះជាយ៉ាងនេះក្តី លោក វណ្ណៈ ក៏បានព្រមានថា ស្ថានភាពអាចជះឥទ្ធិពលអវិជ្ជមានដល់កសិករខ្មែរ ជាពិសេសអ្នកនៅតាមព្រំដែនដែលពឹងផ្អែកលើទីផ្សារថៃក្នុងការនាំចេញផលិតផល​របស់ពួកគេ ដោយសារកម្ពុជាក៏នាំចេញបន្លែ និងផ្លែឈើទៅប្រទេសថៃផងដែរ។

លោក​មានប្រសាសន៍​ថា​៖ «​ប្រទេស​ថៃ​នឹង​ខាតបង់​ច្រើន​ជាង​យើង​»​។ លោកបន្តថា៖ «ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ​ឱ្យបាន​លឿន នោះផល​ប្រយោជន៍​កសិកម្ម​​ភ្លាមៗ​ សម្រាប់​កសិករ​របស់​យើង​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ភ្លាមៗ​ទេ ព្រោះ​ដំណាំ​ខ្លះ ជាពិសេស​ផ្លែឈើ​ត្រូវការ​ពេល​វេលា​ដើម្បី​ដាំ​ដុះ»។

ក្រឡេកមើលទៅមុខ លោកបានបន្ថែមថា ទោះបីជាគ្មានការនាំចូលពីប្រទេសថៃក៏ដោយ ក៏កម្ពុជានៅតែមានទីផ្សារជំនួស ដូចជាប្រទេសវៀតណាម និងចិន។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ នឹងមិនធ្វើឱ្យកម្ពុជាខ្វះខាតនោះទេ ព្រោះប្រទេសនេះក៏នាំចូលផលិតផលពីប្រភពផ្សេងទៀតដូចជា វៀតណាម ចិន និងសហរដ្ឋអាមេរិក។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​បន្លែ​ផ្លែឈើ​គឺ​មិន​ចាំ​បាច់​ទេ យើង​មាន​ប្រភព​ផ្សេង​ទៀត​ដើម្បី​ជំនួស​ការ​នាំ​ចូល​របស់​ថៃ»។

លោកបានពន្យល់ថា ខណៈពេលដែលដំណាំក្នុងស្រុកភាគច្រើនមានលក្ខណៈសរីរាង្គ និងដាំដុះក្នុងទ្រង់ទ្រាយតូច កម្ពុជានៅតែត្រូវការពឹងផ្អែកលើការនាំចូល ដើម្បីបំពេញតម្រូវការទ្រង់​ទ្រាយ​ធំ។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​អាច​នឹង​បាត់បង់​ទីផ្សារ​មួយ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​គោលដៅ​ផ្សេង​ទៀត​»​។ លោកបន្តថា៖ «យើង​ក៏​កំពុង​លើក​ទឹកចិត្ត​ដល់​អាជីវកម្ម​ក្នុង​ស្រុក​ដែល​ពី​មុន​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ឲ្យ​ចាប់​ផ្តើម​ទិញ​ពី​កសិករ​ក្នុង​ស្រុក​ជំនួស​វិញ»។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង ១ ០០០ គ្រួសារ និងប្រជាពលរដ្ឋប្រមាណជាង ៣ ០០០នាក់ ដែលបានផ្លាស់ទីលំនៅទៅទីជម្រកបណ្ដោះអាសន្ន ដោយសារបារម្ភពីសុវត្ថិភាព ចំពេលមានភាពតានតឹងនៅតាមព្រំដែនកើនឡើង​។

លោក​បាន​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​មាន​ជម្លោះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពួកគេ​បាន​ចាកចេញ​ដោយ​ខ្លួន​ឯង​ហើយ​មក​កាន់​មជ្ឈមណ្ឌល​សុវត្ថិភាព​ដែល​យើង​កំណត់​»​។

រដ្ឋបាល​ខេត្ត​បាន​បង្កើត​មណ្ឌលសុវត្ថិភាពចម្ងាយ​ប្រមាណជាង១០០គីឡូម៉ែត្រ​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​ក្នុង​ស្រុក​ជាំក្សាន្ត ដែល​នៅ​ជិត​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

លើសពីនេះ នៅ​មណ្ឌល​សុវត្ថិភាព អាជ្ញាធរ​ពាក់ព័ន្ធ និង​កាកបាទក្រហម​បាន​ផ្តល់​អាហារ​សម្រាប់​អ្នក​ដែល​ស្នាក់នៅ​បណ្តោះអាសន្នទាំង​នោះ​។

លោក ចាន់បញ្ញា បាន​បន្ត​ថា ខេត្តព្រះវិហារមានតែ​ច្រក​ព្រំដែនអានសេះមួយទេ ដែល​ត​ភ្ជាប់​ទៅ​ខេត្ត Ubon Ratchathani ក្នុង​ប្រទេស​ថៃ។

លោកបញ្ជាក់ទៀតថា ជាធម្មតា មនុស្សត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារតែថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ប៉ុន្តែដោយសារតែភាពតានតឹងកើនឡើង ឥឡូវនេះវាត្រូវបានបើកសម្រាប់តែថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​តែ​ស្ងប់ស្ងាត់។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៧ ខែមិថុនា ថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។

លោកបន្តថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

ជាមួយគ្នានេះ យោងតាមតេឡេក្រាមផ្លូវការក្រសួងការបរទេស​ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក្យបណ្តឹងរបស់កម្ពុជា ត្រូវបានប្រគល់ជូនលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់​​ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Agricultural Goods Barred From Passing Through Border Crossings Following Cambodia’s Import Ban

ព័ត៌មានថ្មី

អត្ថបទពេញនិយម