រាល់៤០នាទីម្ដង កម្ពុជាមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺមហារីក។ តួលេខនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះ។ អ្នកជំនាញជឿថា អាហារនាំចូលដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ជាចំណែកមួយនៃបញ្ហាបង្កជំងឺមហារីក។ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ រដ្ឋាភិបាលកំពុងចាត់វិធានការត្រួតពិនិត្យបន្លែ និងសាច់នាំចូល ខណៈចំនួនអ្នកកើតជំងឺមហារីកកំពុងកើនឡើង។
អត្រាមរណៈពីជំងឺមិនឆ្លងនៅកម្ពុជាមានប្រហែលជាង៦៤ភាគរយ។ ក្នុងនោះមានប្រហែល២៣ភាគរយបានស្លាប់នៅវ័យតិចជាង៧០ឆ្នាំ មានន័យថាអ្នកស្លាប់ម្នាក់ក្នុងចំណោមបួននាក់ គឺដោយសារជំងឺមិនឆ្លងមានដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេងទៀត។
កម្ពុជាបានដាក់ចេញផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ជំងឺមហារីកជាជំងឺមួយបានសម្លាប់ពលរដ្ឋខ្មែរម្នាក់រាល់៤០នាទីម្ដង ឬប្រហែល៣៨នាក់ក្នុងមួយថ្ងៃ និងបានចាត់ទុកបញ្ហានេះថាកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ និងរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានការត្រួតពិនិត្យការនាំចូលបន្លែ និងសាច់ឲ្យបានតឹងរឹង និងអំពាវនាឲ្យស្ថាប័នពាក់ព័ន្ធអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងទូលំទូលាយពីជំងឺមហារីក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ទទួលស្គាល់ថា ក្នុងមួយឆ្នាំមានអ្នកកើតជំងឺមហារីកប្រហែល ២០ ០០០នាក់ និងអ្នកស្លាប់ដោយជំងឺមហារីក១៤ ០០០នាក់។ ដូចគ្នាដែរ៧៥ភាគរយជាអ្នកជំងឺមហារីកមាត់ស្បូនបានស្វែងរកការព្យាបាលនៅដំណាក់កាលចុងក្រោយ ហើយក្នុងដំណាក់កាលនេះឱកាសព្យាបាលជាសះស្បើយគឺតិចតួចស្ដួចស្ដើង។
នាំចូលបន្លែច្រើនជាងសាច់
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បង្ហាញពីក្ដីកង្វល់ចំពោះសុខភាពសាធារណៈ លើការបរិភោគបន្លែ ត្រី សាច់ និងផ្លែឈើដែលមិនមានប្រភព និងការត្រួតពិនិត្យច្បាស់លាស់ ក៏ដូចជាទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិករាល់ថ្ងៃ ដែលមានផ្ទុកសារធាតុគីមីសម្រាប់វេចខ្ចប់ម្ហូបអាហារ ការណ៍នេះអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
លោកប្រាប់ខេមបូចាថា៖ «បន្លែ ត្រី និងសាច់បង្កក ដែលមានផ្ទុកសារធាតុគីមីនឹងធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ មហារីក ជាប្រភេទជំងឺមិនឆ្លង ដូចនេះដើម្បីការពារខ្លួន យើងគួរតែផ្លាស់ប្ដូរបែបបទនៃការរស់នៅ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះម្ហូបអាហារដែលគ្មានប្រភពច្បាស់លាស់»។
លោកឲ្យដឹងទៀតថា អ្នកបរិភោគងាយនឹងកើតជំងឺមហារីកពីអាហារដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ព្រោះថាអ្នកបរិភោគភាគច្រើនមិនសូវយកចិត្តទុកដាក់លើអ្វីដែលខ្លួនញ៉ាំរាល់ថ្ងៃនោះទេ។ ដើម្បីធានាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្រសួងពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់លើការនាំចូលម្ហូបអាហារ។
លោកបន្ថែមថា៖ «ក្រសួងពាក់ព័ន្ធគួរតែត្រួតពិនិត្យម្ហូបអាហារនាំចូលឲ្យបានល្អិតល្អន់ ជាពិសេសពួកសាច់បង្កក ដើម្បីដឹងច្បាស់ពីសារធាតុគីមីនៅក្នុងនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា ត្រូវយល់ដឹងពីសុវត្ថិភាពចំណីអាហារមុននឹងបរិភោគ»។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ក្រសួងបានអនុវត្តវិធានការនានាដើម្បីការពារសុខភាពប្រជាពលរដ្ឋ។ លោកថាក្រសួងបានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងក្រសួងពាណិជ្ជកម្មដើម្បីពង្រឹងការអនុវត្តច្បាប់។
លោកបន្ថែមថា កម្ពុជានាំចូលសាច់មានចំនួនតិចជាងបន្លែ ដែលមានការនាំចូលច្រើនពីប្រទេសជិតខាង។
លោកបន្តថា៖ «យើងនាំចូលបន្លែច្រើនជាងសាច់ ប៉ុន្តែយើងមិនមានតួលេខ [ចុងក្រោយ]ទេ ជាទូទៅយើងមាននីតិវិធីរបស់យើង។ ទាក់ទងនឹងផលិតផលកសិកម្ម យើងមានវិធានការអនាម័យរបស់យើង»។
ក្នុងឆ្នាំ២០២០ កម្ពុជាប្រើប្រាស់បន្លែប្រចាំថ្ងៃរង្វង់៥៧៣តោន ក្នុងនោះ៤០០តោនជាបន្លែក្នុងស្រុក និងក្រៅពីនោះជាបន្លែនាំចូលពីប្រទេសវៀតណាម ថៃ និងចិន។ នេះបើតាមតួលេខរបស់ក្រសួង។
ឈ្មួញពុករលួយមួយក្ដាប់តូច
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចឲ្យក្រសួងពាណិជ្ជកម្ម ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់ខ្លួន លើការវិភាគរកសាធាតុគីមី Basic Yellow 2 ឬ Auramine O និង Cadmium ដែលមានផ្ទុកក្នុងផ្លែទុរេន នាំចូលពីប្រទេសថៃ និងវៀតណាម។
វិធានការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរចិនបានរកឃើញសារធាតុគីមីទាំងនេះមាននៅក្នុងទុរេននាំចូលពីប្រទេសថៃ និងវៀតណាម។ អង្គការសុខភាពពិភពលោក បានចាត់ទុកសាធាតុគីមី Basic Yellow 2 ថា ជាសាធាតុគ្រោះថ្នាក់មួយ និងអាចបង្កឲ្យកើតជាជំងឺមហារីកផងដែរ។
នៅដើមខែនេះ ថៃបានកប់ចោលទុរេនរបស់ខ្លួនជាង៦៧តោន ក្រោយពីគយចិនរកឃើញសារធាតុគ្រោះថ្នាក់នេះនៅក្នុងទុរេនថៃ និងមិនឲ្យនាំចូលប្រទេសចិន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបន្តពង្រឹងសុវត្ថិភាពម្ហូបអាហារតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។ លោកសង្កត់ធ្ងន់ថា ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពប្រជាពលរដ្ឋ។
លោកបន្ថែមថា ក្រសួងបានចេញលិខិតព្រមានទៅកាន់ភាគីពាក់ព័ន្ធ និងបានបង្កើនការពិនិត្យសំណាកទុរេន និងផលិតផលនាំចូលផ្សេងទៀតនៅតាមទីផ្សារនានាដើម្បីស្វែងរកសារធាតុគ្រោះថ្នាក់ទាំងនោះ។ លោកថា៖ «យើងតែងតែគិតគូដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ»។
លោកបន្តថា៖ «សារធាតុគីមីគ្រោះថ្នាក់មិនមែនរកឃើញតែក្នុងទុរេននោះទេ តែក៏រកឃើញមាននៅក្នុងត្រីស្រស់ និងត្រីបង្កក និងបន្លែដែលស្តុកទុករយៈពេលយូរ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាព»។
លោកលើកឡើងទៀតថា៖ «យើងកំពុងអនុវត្តវិធានការទាំងនេះ ព្រោះថាគោលបំណងធំរបស់យើងគឺការពារសុខភាពរបស់ប្រជាពលរដ្ឋ»។
អ្នកសារព័ត៌មានបានស្នើសុំតួលេខនាំចូលចំណីអាហារខុសច្បាប់ទាំងនោះ ប៉ុន្តែលោកបដិសេធ យ៉ាងណាលោកបញ្ជាក់ថា៖ «មានតែក្រុមឈ្មួញពុករលួយមួយក្ដាប់តូចប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ ខណៈដែលក្រុមហ៊ុនចុះបញ្ជីផ្សេងទៀតបានអនុវត្តត្រឹមត្រូវតាមច្បាប់»។
នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានរឹបអូស និងបំផ្លាញចោលនូវសាច់បង្កកនាំចូលខុសច្បាប់ និងខូចគុណភាពជាង២៣០តោន។ ការបង្រាបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការការពារអ្នកប្រើប្រាស់ពីផលិតផលអាហារខ្វះគុណភាព និងពង្រឹងវិធានការសុវត្ថិភាពចំណីអាហាររបស់កម្ពុជា។

បំផ្លាញចោល និងទប់ស្កាត់ការនាំចូល
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា បើសិនជាមានការរឹតបន្តឹងច្បាប់លើការនាំចូល នោះបន្លែ ផ្លែឈើ និងសាច់ ដែលមានផ្ទុកសារធាតុគីមីក៏នឹងថយចុះដែរ។
លោកបន្ថែមថា៖ «យើងមានច្រកព្រំដែនច្រើន ដូចនេះអាចមានការខ្វះចន្លោះក្នុងការអនុវត្តច្បាប់។ ខ្ញុំជំរុញឲ្យស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនពង្រឹងការអនុវត្តច្បាប់ និងការពារបញ្ហាទាំងនេះដើម្បីសុខភាពរបស់ប្រជាពលរដ្ឋយើង»។
កសិករដាំបន្លែនៅខេត្តបាត់ដំបង លោក អ៊ឹម សុភក្ដិ លើកឡើងថា ការបង្កើតកន្លែងត្រួតពិនិត្យច្រើនកន្លែងលើការនាំចូលបន្លែ ផ្លែ ឈើ ត្រី និងសាច់ ពីប្រទេសជិតខាង ដើម្បីធានាដល់សុវត្ថិភាពចំណីអាហារ គឺជារឿង «ល្អ និងគួរឲ្យកោតសរសើរ»។ យ៉ាងណា បុរសវ័យ៤៤ឆ្នាំ រូបនេះថាការអនុវត្តច្បាប់គួរតែពង្រឹងឲ្យមានប្រសិទ្ធភាព និងតឹងរឹង។
លោកបន្តថា៖ «ខ្ញុំមិនដឹងថាច្រកណាគេប្រើសម្រាប់នាំចូលទេ ប៉ុន្តែខ្ញុំដឹងថារបស់នាំចូលទាំងនោះមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ជាងផលិតផលក្នុងស្រុក។ បើសិនជាបន្លែនាំចូលមានផ្ទុកសារធាតុគីមីច្រើន នោះវានឹងប៉ះពាល់សុខភាពប្រជាពលរដ្ឋ»។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រាប់ សារព័ត៌មានខេមបូចា ថា យន្តការរួមដែលមានស្រាប់ជាមួយក្រសួងពាណិជ្ជកម្មគឺបានរឹតបន្តឹងលើការនាំចូលបន្លែ ត្រី សាច់ និងផ្លែឈើ។
លោកមានប្រសាសន៍ថា ថ្វីបើមិនមានតួលេខជាក់លាក់ទាក់ទងនឹងការបង្ក្រាបលើការនាំចូលសាច់បង្កក ស្ថាប័នរបស់លោកបានដុតសាច់ទាំងនោះចោលជាច្រើននាពេលកន្លងមក និងបានបន្តបង្ក្រាបលើការនាំចូលជាបន្តបន្ទាប់។
លោកបន្តថា៖ «ដើម្បីបង្ការជំងឺឆ្លង យើងបានរឹតបន្តឹងនៅតាមច្រកព្រំដែនជាមួយប្រទេសថៃ និងនៅតាមច្រករបៀងនានា។ ពេលនេះ យើងកំពុងពិចារណា និងពិភាក្សាលើវិធានការនានាដែលយើងអាចយកមកអនុវត្តចំពោះទុរេននាំចូលពីវៀតណាម។ មិនថាវាមានបញ្ហាឬអត់ យើងមិននៅស្ងៀមទេ ប៉ុន្តែពិភាក្សា និងរកដំណោះស្រាយ»។
បង្កើនផលិតផលក្នុងស្រុក
ប្រធានសមាគមទុរេនបែកអន្លូង លោក ហេង ឆេងលី បានឲ្យដឹងថា ទុរេននាំចូលពីប្រទេសជិតខាងគឺ «មិនមែនជារឿងថ្មី»នោះទេ ដោយថាវាបានកើតឡើងជាច្រើនឆ្នាំមកហើយ។ ដូចនេះដើម្បីការពារសុខភាពប្រជាពលរដ្ឋ ការអនុវត្តច្បាប់ដោយតឹងរឹង ពិសេសនៅតាមច្រករបៀង គឺជារឿងសំខាន់ក្នុងការទប់ស្ដាត់ការនាំចូលទុរេនពីប្រទេសជិតខាង។
លោកបញ្ជាក់ថា នៅពេលនេះបរិមាណទុរេនផ្គត់ផ្គង់នៅលើទីផ្សារមានច្រើន ខណៈទុរេនក្នុងស្រុកមិនទាន់ដល់ពេលប្រមូលផលនៅឡើយ។ លោកជំរុញឲ្យអ្នកទិញបរិភោគពិនិត្យឲ្យបានច្បាស់លាស់ ព្រោះថា«ទុរេននាំចូលមានគីមីច្រើន»។
លោកបន្ថែមថា៖ «យើងឃើញថានៅតាមច្រកឆ្លងកាត់ព្រំដែនខ្លះមានការរឹតបន្តឹង ដូចនេះយើងអំពាវនាឲ្យមន្ត្រីនៅតាមច្រកព្រំដែនផ្សេងទៀតចាត់វិធានការតឹងរឹងដូចគ្នា ព្រោះថាមិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ចកសិករក្នុងស្រុកទេ តែក៏វាប៉ះពាល់សុខភាពប្រជាពលរដ្ឋផងដែរ»។

ច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារត្រូវបានអនុម័តនៅឆ្នាំ២០២២ ដោយកំណត់ឲ្យមានការដាក់ពិន័យធ្ងន់ធ្ងរលើអ្នកលក់ម្ហូបអាហារដែលគ្មានប្រភពច្បាស់លាស់ ឬគ្មានសុវត្ថិភាព។ ច្បាប់នេះបានកំណត់លើគ្រប់ដំណាក់កាលនៃប្រតិបត្តិការម្ហូបអាហារ រាប់តាំងពីការវេចខ្ចប់ និងចែកចាយទៅកាន់អ្នកលក់រាយ ដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អ្នកស្រី ខេន ដាវី បង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាពចំណីអាហារ និងចង់ឃើញវិធានការទប់ស្ដាក់ការនាំចូលម្ហូបអាហារគ្មានគុណភាពពីប្រទេសជិតខាង។
អ្នកស្រីមានប្រសាសន៍ថាបន្លែ និងផ្លែឈើខ្លះនៅលើទីផ្សារមិនមានប្រភពច្បាស់លាស់ទេ។ ការណ៍នេះទាមទារឲ្យមានវិធានការតឹងរឹង និងយន្តការបន្ថែមក្នុងការធានាសុវត្ថិភាពចំណីអាហារតាមស្តង់ដារ និងសុខភាពសាធារណៈ។
អ្នកស្រីបន្ថែមថា៖ «ប្រជាពលរដ្ឋស្នើបែបនេះ ប៉ុន្តែយើងមិនដឹងថាក្រសួងនឹងខិតខំទប់ស្ដាក់ ឬអត់។ បើសិនជាមានការគ្រប់គ្រងត្រឹមត្រូវ បញ្ហានឹងអាចកាត់បន្ថយ»។
អ្នកស្រីរំពឹងថា ភាគីពាក់ព័ន្ធនឹងជំរុញឲ្យមានការបង្កើនការផលិតក្នុងស្រុកទាំងបន្លែ និងផ្លែឈើ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ជាជាងបង្កើនបរិមាណនាំចូល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Confronts Cancer Crisis Amid Food Safety Concerns, Calls for Stricter Border Checks