សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃថា កម្ពុជារំលោភ​លើ​បទ​ឈប់​បាញ់ Updated

រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
UPDATE:

ម៉ោង ៨:៣០ ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។

១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ៖

  • រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។
  • ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
  • ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។

២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖

  • រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀស​សឹក​។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។

រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់របស់ថៃថាកម្ពុជារំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កម្ពុជាយល់ថាការចោទប្រកាន់នេះមានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់យ៉ាងច្បាស់លាស់ថា​ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេ នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេម៉ាឡេស៊ី។ កម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តភាពយូរអង្វែង»។ ក្រសួងការបរទេស បានបន្តថា៖ «កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត»

សេចក្តីថ្លែងការ បានលើកឡើងថា ប្រទេសម៉ាឡេស៊ីបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិរបស់ខ្លួន ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ការផ្ទៀងផ្ទាត់ និងធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។

សេចក្តីថ្ងែងការណ៍បានបន្ថែមថា៖ «កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា​ ដើម្បីលើកស្ទួយតម្លាភាព និងគណនេយ្យភាព ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសម្របសម្រួលការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ស្របតាមសេចក្តីចែងក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាយៃយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»

74 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម