កាលពីខែមុន ប្រទេសកម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីទំនាក់ទំនងសង្គមឆាតដំបូងរបស់ខ្លួនឈ្មោះ CoolApp ដែលស្រដៀងនឹងកម្មវិធីអ៊ែបអន្តរជាតិដ៏ពេញនិយមផ្សេងទៀតដូចជា WhatsApp Signal និង Telegram ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញឌីជីថលអ៊ែប និងឃ្លាំមើលសង្គមបានសម្តែងក្តីបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់កម្មវិធី CoolApp ដើម្បីតាមដាន និងបំពានលើព័ត៌មានឯកជនភាពនិងសុវត្ថិភាព និងគាបសង្កត់លើគូប្រជែងនយោបាយ។
អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងអ្នកជំនាញផ្នែកអាជីវកម្មជាង១០នាក់បានបង្កើត CoolApp នេះឡើង ដោយប្រើពេលជាង៣ឆ្នាំ (២០២១ដល់២០២៤) នេះបើតាមការអះអាងរបស់លោក លឹម ជាវុត្ថា ជាអគ្គនាយក CoolApp នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេល៤នាទីនិង៣៩វិនាទី។
លោក លឹម ជាវុត្ថា មិនបានឆ្លើយតបផ្ទាល់ទៅនឹងសំណួររបស់ខេមបូចា ជុំវិញបណ្តាញទំនាក់ទំនងសង្គមឆាតនេះទេ ។
នៅក្នុងវីដេអូឃ្លីបដដែលនេះ លោកបានមានប្រសាសន៍ថា ក្រុមការងារបានទិញអាជ្ញាបណ្ណសូហ្វវែ (softwares) ពីបរទេស និង «បានយកគំរូខ្លះ» ពីបណ្តាញទំនាក់ទំនងសង្គមបរទេសដែលមានស្រាប់។
លោក លឹម ជាវុត្ថា បានលើកឡើងនៅក្នុងវីដេអូឃ្លីបនោះថា៖ «យើងបានយកគំរូ យើងមើលស្តាយល៍ខ្លះពីបណ្តាញទំនាក់ទំនងសង្គមដូចជា WhatsApp Signal ឬក៏ Telegram ដើម្បីបញ្ចូលជាមួយគំនិតរបស់យើង ហើយចេញ CoolApp នៅថ្ងៃនេះ»។
លោកមានប្រសាសន៍ថា លោកមានមោទនភាពដោយសារ CoolApp គឺជា «ស្នាដៃទីពីរ» របស់លោក បន្ទាប់ពីការបង្កើត Freshnews ជាបណ្តាញផ្សព្វផ្សាយព័ត៌មានអនឡាញ កាលពីដើមឆ្នាំ២០១៦។
លោកមានប្រសាសន៍ថា CoolApp មានមជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលបានរៀនសូត្រពីបទពិសោធន៍កន្លងមកក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យសម្រាប់បណ្តាញព័ត៌មាន Fresh News ដែលអាចផ្ទុកទិន្នន័យធំៗបាន និងអាចឱ្យអ្នកចូលមើលរាប់លាននាក់បាន។
លោកបានរំលឹកថា ពេលដែលលោកបង្កើតបណ្តាញព័ត៌មាន Freshnews ដំបូងនៅដើមឆ្នាំ២០១៦ មាន «បរទេសមួយក្រុម» ដែលធ្វើការនៅសារព័ត៌មានភាសារបរទេសមួយក្នុងទីក្រុងភ្នំពេញ មិនជឿថា ខ្មែរអាចបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានអនឡាញបានទេ។
លោក ជាវុត្ថា មានប្រសាសន៍ថា៖ «នេះជាស្នាដៃរបស់ខ្មែរតែម្តង គ្មានបរទេសណាមួយ ដើម្បីមកបង្កើត Freshnews ជាមួយនឹងខ្មែរនោះទេ។ ជនបរទេសមួយចំនួនហាក់បីដូចជាមើលងាយខ្មែរ […] មានបងប្អូនមួយចំនួនតូច [ខ្មែរ] ដែលគាត់ចូលចិត្តវាយពន្លិចស្នាដៃកូនខ្មែរ»។
កាលពី១០ឆ្នាំមុន ពេលដែល Freshnews ត្រូវបានបង្កើតឡើង មជ្ឈដ្ឋានជាច្រើនមិនជឿថា វាជារបស់ខ្មែរនោះទេ។
លោកបានមានប្រសាសន៍ថា៖ «ពួកគេ [ជនបរទេស] ចេះតែចោទថា ខ្មែរមិនអាចធ្វើបាន ឥទ្បូវខ្មែរធ្វើបាន យើងបង្កើតបាន [CoolApp]ហើយ»។
លោក ជាវុត្ថា បានប្រាប់សារព័ត៌មានអនឡាញ កម្ពុជាថ្មី ថា៖ «កម្ពុជានៅពេលនេះ មានបណ្ដាញទំនាក់ទំនងសង្គមឆាតមួយ ដែលប្រកបដោយថាមពល [Cool App] ជាពិសេសបំផុតនោះ គឺសុវត្ថិភាពដល់បងប្អូនប្រជាពលអ្នកប្រើទាំងអស់»។ លោកមានប្រសាសន៍ថា លោកមានបំណងឱ្យប្រទេសកម្ពុជាមាន «បណ្តាញទំនាក់ទំនងសង្គមដោយខ្លួនឯង» ដើម្បីចៀសវាងនៅពេលដែលបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិបិទ ឬមានប្រការណាមួយ «កើតឡើង»។ លោកបានបន្តថា ប្រសិនបើរឿងនោះកើតឡើង «ពេលនោះកម្ពុជានឹងចលាចល»។
ប្រធានផ្នែកសន្តិសុខអ៊ីនធឺណិតនៃអង្គការការពារសិទ្ធិតាមអ៊ីនធើណិតឈ្មោះមូលនិធិដែនអេឡេកត្រូនិក (Electronic Frontier Foundation) បានប្រាប់ខេមបូចាតាមរយៈអ៊ីមែលថា លោកស្រីមាន «ការសង្ស័យខ្លះ» អំពីបច្ចេកវិទ្យាអ៊ិនគ្រីប (E2EE) ដែលធានាចំពោះឯកជនភាពរបស់អ្នកប្រើប្រាស់។
លោកស្រីមានប្រសាសន៍ថា៖ «គេហទំព័រនេះសន្យាថា សារទាំងអស់ត្រូវបានរក្សាជាសម្ងាត់មួយរយភាគរយ ប៉ុន្តែខ្ញុំរកមិនឃើញនូវឯកសារណាមួយ ដែលនិយាយអំពីវិធីសាស្ត្រនៃការលាក់បាំងសារឱ្យមានសុវត្ថិភាព ដែលគេ [CoolApp] កំពុងប្រើ ពីរបៀបដែលកម្មវិធីនេះកំពុងត្រូវបានអនុវត្ត ឬការពិនិត្យមើលពីក្រុមអ្នកជំនាញកូដសម្ងាត់លើវិធីសាស្រ្តនោះទេ»។
លោកស្រី Galperin បានបន្ថែមថា៖ «ប្រសិនបើគេចង់បានអ៊ិនគ្រីបដែលមានប្រសិទ្ធភាពពិតប្រាកដ គេគួរប្រើ Signal ឬ WhatsApp»។
ភាពខុសគ្នារវាង CoolApp និងអ៊ែបដទៃទៀត
លោក ង៉ែត ម៉ូសេ ទីប្រឹក្សាផ្នែកសន្តិសុខឌីជីថល យល់ឃើញថា វាមិនគ្រប់គ្រាន់សម្រាប់បណ្តាញទំនាក់ទំនងសង្គមមួយដែលអះអាងថា ខ្លួនមានប្រើកម្មវិធីអ៊ីនគ្រីប (E2EE) ផ្ទុយទៅវិញត្រូវតែមានការបង្ហាញជាសាធារណៈនៅព័ត៌មានមួយចំនួន។
លោកមានប្រសាសន៍ថា៖ «ជាដំបូង [គួរតែបញ្ជាក់] ឯកសារដែលបញ្ជាក់ពីប្រភេទនៃនីតិវិធីអ៊ីនគ្រីប [E2EE protocol] ដែលសេវាកម្មនោះយកមកប្រើប្រាស់ និងឯកសារបច្ចេកទេសដែលពន្យល់ពីរបៀបដែលនីតិវិធីអ៊ីនគ្រីបនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់សេវាកម្មរបស់ខ្លួន»។
លោកមានប្រសាសន៍បន្តថា៖ «ទីពីរ ការដាក់បង្ហាញប្រភពកូដបើកចំហ [open-source code] ដើម្បីបញ្ជាក់ពីរបៀបប្រើប្រាស់អ៊ីនគ្រីប E2EE ។ ទីបី [គួរតែផ្តល់] ឯកសារពីសវនកកម្មឯករាជ្យទៅលើប្រភពកូដបើកចំហ រួមទាំងការធ្វើតេស្តសាកល្បងវិភាគចរាចរណ៍បណ្តាញ ដើម្បីពិនិត្យមើលដំណើររបស់កម្មវិធីអ៊ីនគ្រីប E2EE ថាពិតជាមានសុវត្ថិភាពមែន»។
លោកបានអះអាងថា ការបង្កើតអ៊ែប គឺ «ងាយស្រួល» ប៉ុន្តែការធានាថា អ៊ែប [App] នោះ មានសុវត្ថិភាពក្នុងការប្រើប្រាស់ គឺជារឿងពិបាក ហើយធ្វើឱ្យអ្នកប្រើប្រាស់ទុកចិត្តលើអ៊ែប របស់ខ្លួនកាន់តែពិបាក។
ការបង្ហាញពីតម្លាភាពនៅក្នុងប្រភពកូដបើកចំហរបស់អ៊ែប និងរបាយការណ៍វាយតម្លៃឯករាជ្យអំពីប្រភពកូដរបស់អ៊ែប (open-source-code) «មិនមែនធ្វើឱ្យអសន្តិសុខនោះទេ» ប៉ុន្តែវាជួយបញ្ជាក់ពីសុន្តិសុខអ៊ែបរបស់ខ្លួនបាន «ច្រើនជាងការសរសេរ ឬប្រកាសប្រាប់នៅលើវេបសាយរបស់ខ្លួន»។
លោក ម៉ូសេ បានវិភាគមុខងារមួយចំនួនរបស់ CoolApp ហើយប្រៀបធៀបជាមួយ Signal និង Telegram ។
លោកបានមានប្រសាសន៍ថា CoolApp ប្រហែលជាបានចម្លងប្រភពកូដបើកចំហពី Signal ប៉ុន្តែ CoolApp មិនទាន់បានបង្ហាញជាសាធារណៈពីឯកសារនូវប្រភពកូដបើកចំហ នៃការរកសាររបស់អ៊ែបរបស់ខ្លួន ដូច្នេះវានៅតែមិនទាន់ច្បាស់ថា«វានៅតែជាមន្ទិលថាតើ CoolApp ប្រើប្រភពបើកចំហឬប្រភពកូដបិទជិត»។
ចំណែក Signal ប្រើប្រភពកូដបើកចំហ ហើយTelegram ប្រើប្រភពកូដបើកចំហសម្រាប់ផ្នែកខ្លះ។ ការបង្ហាញប្រភពកូដបើកចំហ របស់ខ្លួនគឺជា បង្ហាញពីតម្លាភាពនូវនៃសន្តិសុខសុត្ថិភាពដល់អ្នកប្រើប្រាស់ ដើម្បីទទួលបានការជឿទុកចិត្តលើសេវាកម្មរបស់ខ្លួន។
ម្យ៉ាងវិញទៀត វាជួយឱ្យសហគមន៍អ្នកបង្កើតអ៊ែបជួយគ្នាស្វែងរកកំហុសឆ្គងនិងធ្វើបច្ចុប្បន្នភាពកម្មវិធីអ៊ែបឱ្យកាន់តែល្អប្រសើរ។ លោក ម៉ូសេ មានប្រសាសន៍ថា ប្រសិនបើ CoolApp ប្រើប្រាស់ប្រភពកូដបិទជិត វានឹងពិបាកក្នុងការបញ្ជាក់ថា អ៊ែបរបស់ពួកគេ «មានសុវត្ថិភាពដូចអ្វីដែលពួកគេបានអះអាងណាស់»។
ពាក់ព័ន្ធនឹងសវនកម្មផ្នែសន្តិសុខ CoolApp មិនបង្ហាញពីការវាយតម្លៃផ្នែកសន្តិសុខ អ៊ែប ពិតជាមានសុវត្ថិភាពមែន។ លោកថា៖ «ប្រហែលជា CoolApp ទើបតែចាប់ផ្តើម ហើយវាត្រូវការរយៈពេល ដើម្បីទទួលមតិយោបល់ស្ថាបនា»។
លោកបានមានប្រសាសន៍ថា Signal ត្រូវបានធានាសុវត្ថិភាពពី«ក្រុមសវនកម្មឯករាជ្យជាច្រើន» ខណៈដែល Telegram ក៏មានព័ត៌មានមួយចំនួនស្តីពីសវនកម្មអ៊ែបរបស់ខ្លួនដែរ។
លោក ម៉ូសេ បានបញ្ជាក់ថា CoolApp មិនទាន់បានបង្ហាញនីតិវិធីអ៊ីនគ្រី[encryption protocol] របស់ខ្លួននៅឡើយទេ ដោយកត់សម្គាល់ថា នីតិវិធីអ៊ីនគ្រីបរបស់ Signal ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា មានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ Telegram បានប្រើនីតិវិធីដែលមិនទាន់ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពច្រើននោះទេ។
ទាក់ទងនឹងគោលការណ៍ឯកជនភាព CoolApp មានព័ត៌មានមួយចំនួននៅលើគេហទំព័ររបស់ខ្លួនដែរ ប៉ុន្តែមានព័ត៌មានតិចតួច បើប្រៀបធៀបទៅនឹង Signal និង Telegram ។
លោក ម៉ូសេ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងតម្លាភាព CoolApp មិនបានបង្ហាញព័ត៌មានបច្ចេកទេសជាសាធារណៈគ្រប់គ្រាន់ដើម្បីពិនិតមើលពីលក្ខខ័ណ្ឌសុវត្ថិភាពរបស់អ៊ែបនោះទេ។ លោកថា៖ «Signal បានដាក់បង្ហាញប្រភពកូដបើកចំហរបស់ខ្លួនជាសាធារណៈ ហើយ Telegram បានបង្ហាញផ្នែកខ្លះ ប៉ុន្តែមិនមែនទាំងអស់នោះទេ»។
អ៊ែបទាំងបី ដែលលោកបានពិនិត្យទាក់ទងនឹងការស្នើសុំការអនុញ្ញាតមាន «ការស្នើសុំចូលប្រើប្រាស់» សឹងតែ ដូចគ្នា ក្នុងនោះមានដូចជា កាមេរ៉ា លេខទំនាក់ទំនង ទីតាំង មីក្រូហ្វូន កន្លែងផ្ទុកព័ត៌មាន និងផ្នែកផ្សេងៗទៀត។ លោក ម៉ូសេ មានប្រសាសន៍ថា អ៊ែបទាំងបីនេះក៏មានប្រមូលយកទិន្នន័យស្រដៀងគ្នាដែរ។
ការព្រួយបារម្ភអំពីការតាមដាន និងការគាបសង្កត់
ចាប់តាំងពីការដាក់ឱ្យដំណើរការ CoolApp កាលពីថ្ងៃទី២១ ខែមិថុនា គិតត្រឹមថ្ងៃទី៤ ខែកក្តដា មានការទាញយកប្រើចំនួន ២០០ ០០០ ត្រូវបានកត់ត្រា នេះបើយោងតាមការផ្សាយរបស់បណ្តាញព័ត៌មាន Freshnews។ អ៊ែបនេះ គ្រប់គ្រងដោយក្រុមហ៊ុន Coolapp Co Ltd ជាក្រុមហ៊ុនឯកជនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២១។ លោក លឹម ជាវុត្ថា ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនេះ។
លោក លឹម ជាវុត្ថា ក៏ជានាយកប្រតិបត្តិរបស់បណ្តាញព័ត៌មាន Freshnews ដែលមានទំនាក់ទំនងស្និទ្ធជាមួយរដ្ឋាភិបាលផងដែរ។ កន្លងមក បណ្តាញព័ត៌មាននេះ បានរាយការណ៍ពីការបែកធ្លាយសារសំឡេង និងវីដេអូជាច្រើន ដែលបណ្តាលឱ្យមានការធ្វើទុក្ខបុកម្នេញលើសមាជិកគណបក្សប្រឆាំង។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមានប្រសាសន៍ថា៖ «វា [អ៊ែប] ជារឿងល្អសម្រាប់ការទំនាក់ទំនងជាសាធារណៈ ប៉ុន្តែខ្ញុំមិនចង់ឃើញអ្នកបង្កើតអ្វីមកក្លាយទៅជាឧបករណ៍សម្រាប់អ្នកនយោបាយ ខ្ញុំជឿថាមិនមានប្រយោជន៍យូរអង្វែងទេ [ដល់ផលប្រយោជន៍ជាតិ] នោះទេ»។ បច្ចុប្បន្ន លោក អ៊ូ ច័ន្ទរ័ត្ន គឺជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា។
លោក ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា៖ «វាជារឿងពិតចឹងហើយដោយសារមានទំនាក់ទំនងគ្នា មាននិន្នាការនយោបាយ”»។ សមាជិក និងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ ដែលត្រូវបានចាប់ខ្លួន និងកាត់ទោស បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីទំនាក់ទំនងគ្នា ដែលត្រូវបានបែកធ្លាយ ហើយអ៊ែបរបស់ពួកគេត្រូវបានលួចចូល។
ស្របពេលលោក ច័ន្ទរ័ត្ន ស្វាគមន៍ការដែលប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គមឆាតរបស់ខ្លួន លោកបានលើកឡើងពីការព្រួយបារម្ភថា អ៊ែបនេះអាចនឹងត្រូវបាន ប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីតាមដាន និងគាបសង្កត់គណបក្សនយោបាយប្រឆាំង។
លោកមានប្រសាសន៍ថា៖ «វាជារឿងត្រឹមត្រូវហើយ អ្នកខ្លះគេនិយាយគ្នាជាលក្ខណៈផ្ទាល់ខ្លួន [តាមបណ្តាញទំនាក់ទំនងសង្គមឆាត] ក៏មានការលួចចូលឬការថតសំឡេង [ដោយសម្ងាត់] ដូច្នេះវាជាបញ្ហាដែលយើងព្រួយបារម្ភ»។
លោកមានប្រសាសន៍ថា ប្រទេសអភិវឌ្ឍន៍ ដែលបានបង្កើតបណ្តាញទំនាក់ទំនងសង្គមឆាតមានលក្ខណៈ «ឯករាជ្យ» មិនមានឥទ្ធិពលពីអ្នកនយោបាយទេ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា CoolApp ដើរតួនាទីការពារសន្តិសុខជាតិ ដោយរារាំងការជ្រៀតជ្រែកពីបរទេសក្នុងទំនាក់ទំនងកម្ពុជា។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ ខែមិថុនាថា៖ «អ្វីដែលខ្ញុំត្រូវគិត គឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន»។
លោកមានប្រសាសន៍ថា ដូចប្រទេសដទៃទៀតដែលមានប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង Telegram របស់រុស្ស៊ី រីឯប្រទេសកម្ពុជាមាន CoolApp ដែរ។
លោកបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យប្រើប្រាស់ CoolApp ដើម្បីធានាម្ចាស់ការលើការរក្សា «ការសម្ងាត់» និងដើម្បីបង្ការ «ការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «CoolApp ប្រើប្រព័ន្ធរក្សាការសម្ងាត់បំផុតគឺប្រព័ន្ធអ៊ីនគ្រីប ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ»។
Campaign to install CoolApp យុទ្ធនាការដំឡើង CoolApp
បន្ទាប់ពីការអំពាវនាវរបស់លោក ហ៊ុន សែន ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យប្រើប្រាស់ CoolApp រដ្ឋសភាបានចេញសេចក្តីប្រកាសមួយ។ រដ្ឋសភាបានជូនដំណឹងដល់មន្ត្រីថា អ៊ែបនេះ គឺទំនើប និងប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់។
អ៊ែបនេះ «មានប្រយោជន៍សម្រាប់ទំនាក់ទំនង» នៅក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងការទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងចំណោមពលរដ្ឋទូទៅ។ សេចក្តីប្រកាសព័ត៌មាននោះបានសរសេរថា៖ «មានភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាព។”
មន្ត្រីរដ្ឋាភិបាល រួមទាំងលោក ស ថេត អគ្គស្នងការនគរបាលជាតិ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យសាធារណជនប្រើប្រាស់កម្មវិធី CoolApp ព្រោះវាត្រូវបានបង្កើតឡើងដោយកូនខ្មែរ។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានកោតសរសើរចំពោះសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតបណ្តាញទំនាក់ទំនងសង្គមឆាត ដោយសារការទំនាក់ទំនងតាមអនឡាញមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃនាពេលបច្ចុប្បន្ន ប៉ុន្តែក្រុមហ៊ុនគួរតែសង្កត់ធ្ងន់លើការគោរពឯកជនភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ប្រកបដោយទំនុកចិត្ត។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើក្រុមហ៊ុនអាចមានយន្តការនៅក្នុងការបញ្ជាក់ឱ្យកាន់តែច្បាស់ពីការគោរពឯកជនភាព ក៏ដូចជាសន្តិសុខនៅក្នុងការប្រើប្រាស់ ខ្ញុំជឿថាវាអាចបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងការប្រើប្រាស់អ៊ែបនេះ»។
លោកសង្កេតឃើញថា មានពលរដ្ឋជាច្រើនបានសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាព និងឯកជនភាពពេលប្រើកម្មវិធីអ៊ែបនេះ។
លោក ចាន់រឿន មានប្រសាសន៍ថា CoolApp ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលមាន «ទំនាក់ទំនងជិតស្និទ្ធ» ជាមួយថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនយោបាយ។ លោកបានអះអាងថា៖ «វាជាហេតុផល ដែលពលរដ្ឋមួយចំនួនព្រួយបារម្ភអំពីសុវត្ថិភាព និងឯកជនភាពរបស់ពួកគាត់»។
ទាក់ទិននឹងការអំពាវនាវរបស់រដ្ឋសភា លោក ចាន់រឿន មានប្រសាសន៍ថា ការដែលស្ថាប័នរដ្ឋប្រកាសគាំទ្រក្រុមហ៊ុនឯកជនមួយ ទំនងជាប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចទីផ្សារសេរី។
បណ្តាញព័ត៌មានអនឡាញ Kiripost បានរាយការណ៍ថា យោងតាមអង្គការ World Population Review ប្រព័ន្ធអ៊ែប Telegram មានអ្នកប្រើប្រាស់ច្រើនជាង ១០លាននាក់នៅក្នុងប្រទេសកម្ពុជា គិតត្រឹមដើមឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៣ គេហទំព័រ Datareportal បានបង្ហាញថា មានអ្នកប្រើប្រាស់អ៊ីនធើណិត ១១,៣៧លាននាក់នៅក្នុងប្រទេសកម្ពុជា និងអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ១០,៩៥លាននាក់។ អ្នកប្រើប្រាស់ Facebook មានចំនួន១០,៤៥លាននាក់ និង Instagram ចំនួន១,៧៥លាននាក់។
បណ្តាញសង្គម TikTok មានអ្នកប្រើប្រាស់ ៧,០៦លាននាក់ Linkedln មានសមាជិក ៥៣០ ០០០នាក់ ហើយ X ដែលពីមុនហៅថា Twitter មានអ្នកប្រើប្រាស់ ៣៩៣ ២០០នាក់។
លោក លីវ សុផាន់ណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែមស្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Launches CoolApp, A Social Messaging App, But Critics Question Data Privacy