សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ ផាកពិន័យច្រើន មិនមែនមានន័យថា គ្រោះថ្នាក់តិច

ប៉ូលិសចរាចរណ៍ កំពុងជួយសម្រួលចរាចរណ៏នៅលើផ្លូវមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)
ប៉ូលិសចរាចរណ៍ កំពុងជួយសម្រួលចរាចរណ៏នៅលើផ្លូវមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ការអនុវត្តច្បាប់ចរាចរណ៍គួរត្រូវវាស់ដោយលទ្ធផល មិនមែនដោយចំនួនផាក

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺជាកាតព្វកិច្ចស្នូលរបស់រដ្ឋ និងជាមធ្យោបាយចាំបាច់សម្រាប់​ការពារ​ជីវិត​ប្រជាពលរដ្ឋ។ ក្នុងនាមជាពលរដ្ឋ «ខ្ញុំបាទគាំទ្រការអនុវត្តច្បាប់យ៉ាងតឹងរឹង ព្រោះគ្មានសង្គម​ណាអាច​ទទួល​យក​ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំបានទេ»។

ទោះយ៉ាងណា ការអនុវត្តច្បាប់មិនគួរត្រូវវាស់ដោយចំនួនសំបុត្រផាក ឬចំនួនប្រាក់ផាកនោះទេ។ វាគួរត្រូវវាស់​ដោយ​សូចនាករដែលសង្គមទាំងមូលចាប់អារម្មណ៍ជាងគេ គឺ ការថយចុះនៃគ្រោះថ្នាក់ និងការថយចុះ​នៃ​អ្នក​ស្លាប់​។

សំណួរដែលគួរតែសួរដោយត្រង់គឺ៖

  • តើការត្រួតពិនិត្យ និងការផាកពិន័យបច្ចុប្បន្ន បានបង្កើតលទ្ធផលសុវត្ថិភាពជាក់ស្តែង និងមាននិរន្តរភាពដែរឬទេ?
  • ការផាកពិន័យជាច្រើន អាចបង្ហាញសកម្មភាព ប៉ុន្តែមិនបញ្ជាក់លទ្ធផល

នៅក្នុងការអនុវត្តជាក់ស្តែង មានការសង្កេតឃើញថា ការត្រួតពិនិត្យខ្លះៗត្រូវបានគេវាស់ជោគជ័យដោយ «ចំនួនចាប់បាន» ជំនួស «ចំនួនជីវិតបានសង្គ្រោះ»។ នៅពេលការផាកពិន័យក្លាយជាសូចនាករចម្បង វាអាច​ជំរុញឲ្យប្រព័ន្ធអនុវត្តផ្តោតលើទីតាំងដែលងាយចាប់ ងាយផាក និងងាយបង្ហាញលទ្ធផលលើក្រដាស ជំនួសទីតាំងដែលមានហានិភ័យខ្ពស់បំផុត។

បើការគ្រប់គ្រងគោលដៅមិនផ្អែកលើទិន្នន័យគ្រោះថ្នាក់ (hotspot analysis) នោះការត្រួតពិនិត្យអាច​មាន​ប្រសិទ្ធភាព​តែបណ្តោះអាសន្ន និងមានលក្ខណៈមិនជាក់លាក់ក្នុងការកាត់បន្ថយអ្នកស្លាប់ជាមធ្យមភាគធំ។

ឆ្លើយតបទៅនឹងទិន្នន័យរបស់ប៉ូលិស៖ សេចក្តីពិត និងការបកស្រាយ

ប៉ូលិសចរាចរណ៍បានរាយការណ៍ថា ពេលមានការត្រួតពិនិត្យតឹងរឹង គ្រោះថ្នាក់មានទំនោរធ្លាក់ចុះ ហើយក្នុងរយៈពេលប្រហែល៦ខែមុន ដែលការអនុវត្តត្រូវបានបន្ថយដោយសារបញ្ហាសន្តិសុខតាមព្រំដែន ចំនួនគ្រោះថ្នាក់បានកើនឡើង។ ប្រសិនបើទិន្នន័យនេះត្រឹមត្រូវ វាបង្ហាញថា ការអនុវត្តច្បាប់មានឥទ្ធិពល deterrence effect ដែលធ្វើឲ្យអ្នកបើកបរប្រុងប្រយ័ត្ន។

ទោះយ៉ាងណា តាមទស្សនៈគោលនយោបាយសាធារណៈ ការវាយតម្លៃប្រសិទ្ធភាពត្រូវការច្រើនជាង​ការ​ប្រៀបធៀប «មាន enforcement» និង «មិនមាន enforcement»។ គ្រោះថ្នាក់អាចកើន ឬថយ ដោយសារ​អថេរផ្សេងៗដូចជា បរិមាណចរាចរណ៍ អាកាសធាតុ ការធ្វើដំណើរពេលយប់ កត្តាសេដ្ឋកិច្ច និងកត្តាផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការអនុវត្ត (enforcement) ដោយផ្ទាល់។

លើសពីនេះ ការកើនឡើងយ៉ាងច្បាស់ពេលមិនមានការត្រួតពិនិត្យ ក៏អាចបង្ហាញថា ប្រព័ន្ធសុវត្ថិភាព ផ្លូវនៅ ខ្សោយ និងពឹងផ្អែកលើ «ការភ័យខ្លាចនៃការផាក» ជាចម្បង។ ប្រព័ន្ធដែលរឹងមាំគួរតែមានការពារ layer ច្រើន មិនមែនអាស្រ័យលើការចាប់ផាកជាប្រចាំជាឧបករណ៍តែមួយទេ។

តម្លាភាព និងការជូនដំណឹងជាមុន៖ សុវត្ថិភាព ឬការបង្កសង្ស័យ?

គោលការណ៍ enforcement ទំនើបគឺ “visible prevention” ដែលមានន័យថា ការត្រួតពិនិត្យត្រូវ​ធ្វើឲ្យ​សាធារណៈ​មើលឃើញ និងយល់ថាជាវិធានការការពារ។ នៅក្នុងបរិបទនេះ ការជូនដំណឹងជាមុន (ឧទាហរណ៍ ផ្លាកសញ្ញា​ព្រមាន​ទីតាំងចាប់ល្បឿន) អាចមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអ្នកបើកបរបន្ថយល្បឿនភ្លាមៗ និងបង្ក​ការ​ការពារ​ភ្លាមៗ។

ផ្ទុយទៅវិញ ប្រសិនបើការចាប់ល្បឿនត្រូវបានអនុវត្តដោយរបៀបដែលសាធារណៈយល់ថា «មិនឃើញច្បាស់» ឬ «មិនមានការជូនដំណឹង» នោះវាអាចបង្កសង្ស័យអំពីគោលបំណង។ សង្ស័យបែបនេះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើទំនុកចិត្តសាធារណៈ និងបង្កឲ្យការគោរពច្បាប់ក្លាយជាការគោរពបណ្ដោះអាសន្ន—គោរព​តែ​ពេល​ឃើញប៉ូលិស។

គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រព័ន្ធ មិនមែនបញ្ហាល្បឿនតែប៉ុណ្ណោះ

ការផ្តោតលើល្បឿន គឺចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រព័ន្ធ ដែលកើតឡើង​ពីការ​បរាជ័យ​រួមរវាងហេដ្ឋារចនាសម្ព័ន្ធ អាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ការបណ្តុះបណ្តាល កត្តាសង្គម និង​ការ​អនុវត្ត​ច្បាប់។

ក្នុងជាក់ស្តែង គ្រោះថ្នាក់អាចបណ្តាលពី ផ្លូវខូច និងភ្លើងបំភ្លឺមិនគ្រប់គ្រាន់ សញ្ញាចរាចរណ៍មិនច្បាស់ ការ​រៀប​ចំ​ច្រកចូលច្រកចេញពីផ្លូវតូចទៅផ្លូវធំមិនមានសុវត្ថិភាព ការមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ ការបើកបរ​ក្រោម​​ឥទ្ធិពលស្រា ការបណ្តុះបណ្តាលអ្នកបើកបរមិនបានតាមស្តង់ដារ និងការអនុវត្តច្បាប់មិនស្មើភាព។

ដូច្នេះ បើគោលនយោបាយផ្តោតតែលើការចាប់ល្បឿន ឬការផាកពិន័យ វាអាចបង្កើតសកម្មភាពជាច្រើន ប៉ុន្តែមិនអាចដោះស្រាយ root causes ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាប្រចាំនោះទេ។

ផ្លូវទៅមុខ៖ បម្លែងការត្រួតពិនិត្យពី «ការផាក»ទៅ «ការពារ»

ការត្រួតពិនិត្យច្បាប់ត្រូវបន្ត និងត្រូវតឹងរឹង ប៉ុន្តែត្រូវបន្ថែមលក្ខណៈគោលនយោបាយ​ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​យល់ថា វាជាការការពារ។ ដើម្បីឲ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសាធារណជន អាជ្ញាធរគួរតែ​ពិចារណា៖

១) កំណត់ទីតាំងត្រួតពិនិត្យដោយផ្អែកលើទិន្នន័យគ្រោះថ្នាក់ និង hotspot ដែលអាចវាស់វែងបាន

២) ប្រកាសជាសាធារណៈអំពីទីតាំង និងហេតុផលនៃការជ្រើសរើស (transparency-based enforcement)

៣) ប្រើការជូនដំណឹងជាមុននៅទីតាំងចាប់ល្បឿនសំខាន់ៗ ដើម្បីបង្កើត deterrence effect ជាមុន មិនមែន​ចាប់​ផាកក្រោយ

៤) បង្កើនស្តង់ដារបណ្តុះបណ្តាល និងការអប់រំវប្បធម៌សុវត្ថិភាពចរាចរណ៍

៥) បង្ហាញតម្លាភាពអំពីការប្រើប្រាស់ប្រាក់ផាកពិន័យ ដើម្បីធានាថា ប្រាក់នោះត្រូវ​បានយកទៅវិនិយោគវិញ​លើ​សុវត្ថិភាព​ផ្លូវ

៦) ពង្រឹងប្រព័ន្ធអេឡិចត្រូនិកក្នុងការចេញសំបុត្រផាក និងការទូទាត់ប្រាក់ ដោយកាត់បន្ថយការបង់ប្រាក់ជា​សាច់​ប្រាក់ និងការប៉ះពាល់ដោយផ្ទាល់ រវាងអ្នកអនុវត្តច្បាប់ និងអ្នកបើកបរ ដើម្បីបង្កើនតម្លាភាព និង​កាត់​បន្ថយ​ការសង្ស័យអំពើពុករលួយ។

សេចក្តីបញ្ចប់៖ ប្តូរពីការភ័យខ្លាច—ទៅជាការយល់ដឹង និងការទទួលខុសត្រូវរួម

ការផាកពិន័យអាចជាឧបករណ៍ចាំបាច់ ប៉ុន្តែមិនមែនជាគោលដៅ។ គោលដៅពិតប្រាកដនៃការអនុវត្តច្បាប់​ចរាចរណ៍ គឺការកាត់បន្ថយអ្នកស្លាប់ និងការកាត់បន្ថយគ្រោះថ្នាក់។ ប្រសិនបើប្រព័ន្ធនៅតែពឹងផ្អែកលើ​ការ​ភ័យ​ខ្លាច​នៃការផាកជាចម្បង នោះគ្រោះថ្នាក់អាចថយចុះតែបណ្តោះអាសន្ន ហើយត្រឡប់មកវិញ​ពេលការ​ត្រួត​ពិនិត្យថយចុះ។ ផ្ទុយទៅវិញ ប្រសិនបើការត្រួតពិនិត្យត្រូវបានបង្កើតជាផ្នែកមួយនៃប្រព័ន្ធការពារ​ដែល​មាន​ទិន្នន័យ តម្លាភាព និងសុចរិត សុវត្ថិភាពនឹងក្លាយជាវប្បធម៌ មិនមែនជាបាតុភូតបណ្តោះអាសន្ន។

ក្នុងគោលនយោបាយសាធារណៈ មានគោលការណ៍មួយហៅថា “procedural legitimacy” ដែលមានន័យថា មនុស្សគោរពច្បាប់ ព្រោះពួកគេជឿថា ច្បាប់ត្រូវបានអនុវត្តដោយយុត្តិធម៌ និងស្មើភាព។ នៅពេលទំនុកចិត្ត​កើតឡើង ការគោរពច្បាប់នឹងក្លាយជាវប្បធម៌ និងក្លាយជាគ្រឹះសំខាន់សម្រាប់​ការកាត់បន្ថយគ្រោះថ្នាក់​យូរ​អង្វែង។

អ្វីដែលកម្ពុជាចង់ឃើញ មិនមែនជាប្រព័ន្ធដែលប្រជាពលរដ្ឋគោរពច្បាប់ ព្រោះខ្លាចការផាកនោះទេ ប៉ុន្តែ​ជា​សង្គម​ដែលប្រជាពលរដ្ឋគោរពច្បាប់ ព្រោះយល់ថាវាជាការការពារជីវិតរបស់ខ្លួន និងរបស់អ្នកដទៃ។ ចុង​ក្រោយ​នេះ គ្រោះថ្នាក់ចរាចរណ៍មិនមែនជាលេខស្ថិតិទេ—វាជាមនុស្ស។ មនុស្សដែលមិនបានត្រឡប់ទៅផ្ទះ។ គ្រួសារ​ដែលបាត់អនាគត។

ជោគជ័យពិតប្រាកដនៃការអនុវត្តច្បាប់ មិនស្ថិតនៅក្នុងរបាយការណ៍នោះទេ ប៉ុន្តែ​ស្ថិតនៅ​ក្នុងថ្ងៃណាដែល​ប្រជាពលរដ្ឋ​អាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាព ដោយមិនចាំបាច់មាន​ការ​ចាប់​បង្ខំ។ ព្រោះ​សង្គម​រឹងមាំ មិន​ត្រូវ​បានកសាងដោយការភ័យខ្លាច—តែដោយការយល់ដឹង និងការទទួលខុសត្រូវរួម៕

អត្ថបទទស្សនៈនេះសរសេរដោយ ឡុង បញ្ញាវុឌ្ឍ

ព័ត៌មានថ្មី

អត្ថបទពេញនិយម