សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាតវ៉ាដែលកងទ័ពជើងទឹកថៃចាប់ខ្លួនប្រជានេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា

ទូកនេសាទត្រូវបានមើលឃើញនៅក្បែរកោះស្តេច នាខេត្តកោះកុង។ រូបភាពថតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ទូកនេសាទត្រូវបានមើលឃើញនៅក្បែរកោះស្តេច នាខេត្តកោះកុង។ រូបភាពថតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជាកាលពីថ្ងៃអាទិត្យ បានតវ៉ាចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងសកម្មភាពអនុវត្តនីតិវិធីដោយខុសច្បាប់នៅក្នុងដែនសមុទ្រដែលជាអធិបតេយ្យរបស់កម្ពុជា ដោយថៃបានចាប់ខ្លួនពលរដ្ឋកម្ពុជា៣នាក់ និងរឹបអូសទូកនេសាទរបស់ពួកគេទៀតផង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ប្រហែល ៧.២ ម៉ាយល៍សមុទ្រពីកោះយ៉រ ខេត្តកោះកុង។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃដោះលែងប្រជានេសាទទាំង៣នាក់ និងផ្តល់ទូកនេសាទរបស់ពួកគេជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មាននោះសរសេរថា៖ «សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ»។

កម្ពុជាក៏បានស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពល្បាតនិងអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាតទាំងអស់នៅក្នុងដែនសមុទ្ររបស់កម្ពុជាផងដែរ។

លោក យ៉ន មុត ម្ចាស់ទូកនេសាទ និងជាពូរបស់បុរសពីរនាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន បាននិយាយថា លោកបានដឹងអំពីឧបទ្ទវហេតុនេះពីអ្នកនេសាទផ្សេងទៀតដែលស្ថិតនៅក្បែរ ហើយបានទាក់ទងអាជ្ញាធរកម្ពុជាភ្លាមៗ ដើម្បីជួយធានាការដោះលែងពួកគេ។

លោកបាននិយាយថា៖«វាអយុត្តិធម៌សម្រាប់យើងអ្នកទេសាទ ដែលយើងអ្នករកស៊ីតំបន់នឹងជិត២០ឆ្នាំ។ ខ្ញុំមានសៀវភៅគ្រួសារ មាននៅបាក់ក្លងខេត្តកោះកុងនឹង»។

លោក មុត បន្តថា៖ «យើងគ្រាន់តែជាប្រជាពលរដ្ឋធម្មតា យើងមិនមានអំណាចនិយាយជាមួយពួកគេ [កងទ័ពជើងទឹកថៃ] ទេ។ មានតែមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះដែលអាចអន្តរាគមន៍ ដើម្បីឱ្យពួកគេដោះលែង និងប្រគល់ទូករបស់យើងមកវិញ» ដោយលោកបានបន្ថែមថា ទូកនេសាទនោះស្ថិតនៅក្នុងដែនទឹករបស់កម្ពុជាពេលដែលកងទ័ពជើងទឹកថៃចាប់ខ្លួនប្រជានេសាទកម្ពុជាទាំងបីនាក់។

មុនពេលត្រូវចាប់ខ្លួន ក្មួយរបស់គាត់ ឈ្មោះ ង៉ុត រ័ត្ន ដែលកំពុងបើកទូក បានព្យាយាមបើកគេចពីកងទ័ពជើងទឹកថៃដែរ ប៉ុន្តែមិនបានសម្រេចដោយសារម៉ាស៊ីនទូកខូច។

លោក មុត បាននិយាយថា សកម្មភាពប្រចាំថ្ងៃរបស់ប្រជានេសាទត្រូវបានរំខាន ខណៈភាពតានតឹងតាមព្រំដែនកំពុងកើនឡើង។

លោកមុតបានប្រាប់ថា៖ «យើងព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់យើង។ សមុទ្រនៅមុខផ្ទះយើង ប៉ុន្តែយើងមិនអាចចេញទៅនេសាទបាននោះទេ»។

លោកបានបន្ថែមថា៖ «ពួកវាបានរឹបអូសទូករបស់យើងនៅតំបន់ដែលយើងតែងតែនេសាទ»។

លោកបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលប្រទេសទាំងពីរ កំណត់ព្រំដែនសមុទ្រឱ្យច្បាស់លាស់ ដើម្បីឱ្យប្រជានេសាទកម្ពុជាដឹងថា តំបន់ណាដែលពួកគេត្រូវបានអនុញ្ញាតឱ្យនេសាទបាន។

លោក សាយ ម៉ុន  ដែលជាប្រជានេសាទម្នាក់ទៀត បានបង្ហាញក្តីព្រួយបារម្ភដូចគ្នា ដោយនិយាយថា សកម្មភាពនេសាទត្រូវបានកម្រិតកាន់តែតឹងតែងជាងមុន​ចាប់តាំងពីភាពតានតឹងតាមព្រំដែនកើនឡើង។

លោកបានប្រាប់ថា៖ «ពីមុន យើងអាចចូលទៅតំបន់ឆ្ងាយពីឆ្នេរលើសពី ៦ ម៉ាយល៍សមុទ្របាន ប៉ុន្តែឥឡូវមិនអាចបានទៀតទេ ព្រោះភាគីថៃ [កងទ័ពជើងទឹកថៃ] បង្ខំឱ្យយើងចាកចេញ»។

លោកបានបន្តថា៖ «ទោះយើងនេសាទនៅក្នុងដែនទឹករបស់យើងក៏ដោយ ពួកគេនៅតែដេញយើងទៀត»។

លោកបានបន្ថែមថា៖ «យើងព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់ពួកយើង ពេលចេញទៅនេសាទ ព្រោះពួកគេអាចចាប់យើងបានដោយមិនជូនដំណឹង។ ជីវភាពរបស់យើងពឹងផ្អែកទាំងស្រុងលើការនេសាទ។ ប្រសិនបើពួកគេចាប់យើង យើងមិនអាចធ្វើអ្វីបានទេ»។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើ «សន្តិភាព» ថាជាតម្លៃស្នូល នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោក ហើយបានអំពាវនាវឱ្យមានការអនុវត្តកិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងឡាយដែលបានព្រមព្រៀងគ្នារួចហើយរវាងកម្ពុជា និងថៃ។

ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​នៅ​តាម​បណ្តោយ​ព្រំដែន​រួម​ប្រវែង​ប្រហែល ៨០០ គីឡូម៉ែត្រ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង ១០០ នាក់​ស្លាប់ និង​ធ្វើ​ឱ្យ​ប្រជាជន​ជិត​មួយ​លាន​នាក់​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​នៅ​​ព្រំដែនទាំងសងខាង។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទងនឹងករណីនាវាថៃរំលោភចូលដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាតបែបនេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Protests Thai Navy’s Arrest of Three Cambodian Fishermen Within Territorial Sea

ព័ត៌មានថ្មី

អត្ថបទពេញនិយម