រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត មានប្រសាសន៍ថា គោលនយោបាយដែលមានភាពបត់បែនមួយគួរតែត្រូវបង្កើតឡើងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍផ្នែកឌីជីផលប្រកបដោយសមធម៌ ខណៈបរិយាបន្នឌីជីថល និងកិច្ចសហការពហុភាគីត្រូវបានធ្វើឡើងដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការឆបោកតាមអនឡាញ និងមាតិកាដែលបង្កគ្រោះថ្នាក់នានា។
លោកមានប្រសាសន៍ក្នុងពិធីបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណីតកម្ពុជាថា៖ «ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ប្រឆាំងនឹងការឆបោកតាមអនឡាញ និងមតិកាខុសច្បាប់នានា ដើម្បីកសាងមជ្ឈដ្ឋានឌីជីថលប្រកបដោយទំនុកចិត្តមួយ»។
លោកឲ្យដឹងដែរថា ក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័តកំពុងរៀបចំដាក់ឲ្យដំណើរការសេវា 5G នៅឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីទីក្រុងភ្នំពេញ និងខេត្តចំនួនប្រាំផ្សេងទៀត។ អ្វីទាំងនេះកើតចេញពីការគាំទ្រដោយមានផែនការវិនិយោគច្បាស់លាស់ដើម្បីធានាដល់សេវាគុណភាពខ្ពស់របស់ទូរគមនាគមន៍។
បើតាមលោក ជា វ៉ាន់ដេត ក្រុមហ៊ុនទូរសព្ទចល័តបានប្ដេជ្ញាពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម រួមទាំងការសាងសង់បន្ថែមនូវបង្គោលអង់តែនចំនួន៥០០សម្រាប់ក្រុមហ៊ុនមួយៗក្នុងមួយឆ្នាំ ដែលជាសរុបនឹងមានបង្គោលអង់តែនសរុបជាង ២ ០០០ នៅក្នុងរយៈពេលបីឆ្នាំ។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់នូវចំណុចអាទិភាពចំនួនពីរ គឺទីមួយពង្រឹងសុវត្ថិភាពលើអនឡាញ ខណៈដែលបច្ចេកវិទ្យា AI កាន់តែរីកដុះដាល និងធានាឲ្យមានលក្ខណៈសកល និងការតភ្ជាប់បណ្ដាញអ៊ីនធឺណិតប្រកបដោយទំនុកចិត្ត។
លោកបានអំពាវនាវឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយទំនួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ខណៈដែលកំពុងជំរុញនវានុវត្តន៍ ក៏ដូចជាភាពងាយស្រួលក្នុងការប្រើប្រាស់ និងសេវាដែលអាចទុកចិត្តបាន ដើម្បីកាត់បន្ថយគម្លាតផ្នែកឌីជីថលរវាងទីក្រុង និងជនបទ។
លោកបានថ្លែងថា៖ «អ៊ីនអឺណិតនឹងលែងគ្រាន់តែជាឧបករណ៍ទៀតហើយ។ វាជាឆ្អឹងខ្នងនៃសង្គមជឿនលឿន និងជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ការអប់រំ និងពាណិជ្ជកម្ម អភិបាលកិច្ច និងការតភ្ជាប់សង្គម ខណៈពេលដែលកម្ពុជាបោះជំហានទៅមុខក្នុងការផ្លាស់ប្តូរដំណើរឌីជីថលរបស់ខ្លួន។ យើងកំពុងឈរនៅចំណុចប្រសព្វនៃឱកាសដ៏ធំ»។
លោកបន្ថែមថា៖ «យើងមិនមកទីនេះដើម្បីជជែកវែកញែកនោះទេ ប៉ុន្តែគឺដើម្បីស្តាប់ រៀន និងបង្កើតដំណោះស្រាយសម្រាប់សន្តិសុខអ៊ីនធឺណិត អភិបាលកិច្ចទិន្នន័យ និងសិទ្ធិឌីជីថល។ វាគឺត្រូវតែមានបរិយាបន្ន តាមរយៈកិច្ចសន្ទនាពិតប្រាកដក្នុងចំណោមអ្នកដែលមានវត្តមាននៅទីនេះ»។

អ្នកស្រី Esther McFarlane នាយិកាទទួលបន្ទុកការិយាល័យ UNESCO នៅទីក្រុងភ្នំពេញ បានលើកឡើងថា កម្ពុជាកំពុងប្រែក្លាយអនុសាសន៍ទៅជាសកម្មភាពជាក់ស្តែង ដែលបង្ហាញពីភាពជាម្ចាស់ និងការប្តេជ្ញាចិត្តចំពោះការរៀបចំគោលនយោបាយ និងការអភិវឌ្ឍឌីជីថលដោយផ្អែកលើមូលដ្ឋានភស្តុតាង។
អ្នកស្រីបានកត់សម្គាល់ថា ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នជាតិដទៃ បានរៀបចំសន្និសីទស្តីពី AI ក្នុងវិស័យអប់រំ។ តាមរយៈការបំផុសគំនិតពីអង្គការ UNESCO វេទិកានេះបានអំពាវនាវឲ្យមានការបង្កើតវេទិកាជាក់លាក់តាមវិស័យសម្រាប់ AI ដែលមានទំនួលខុសត្រូវ និងផ្តោតលើមនុស្ស។ អ្នកស្រីថ្លែងថា៖ «នេះគឺជាអភិបាលកិច្ចឌីជីថលដោយការអនុវត្ត ហើយវានឹងមានសារៈសំខាន់ក្នុងការកំណត់រូបរាងអនាគតឌីជីថលដែលប្រកបដោយសុវត្ថិភាព បើកចំហ និងបរិយាបន្នសម្រាប់កម្ពុជា»។
អង្គការ UNESCO កំពុងជួយជ្រោមជ្រែងក្រសួងប្រៃសណីយ៍ក្នុងការបង្កើតក្របខណ្ឌសមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) និង AI លើកដំបូងរបស់កម្ពុជាសម្រាប់គ្រូបង្រៀន និងកំពុងអភិវឌ្ឍដំណោះស្រាយឌីជីថលជាច្រើន ពីការរៀបចំផែនការកម្លាំងពលកម្ម រហូតដល់ការពង្រីកលទ្ធភាពទទួលបានកម្មវិធីសិក្សាដែលអាចបត់បែនបានសម្រាប់យុវជនដែលបោះបង់ការសិក្សា។
លោក Prasad Jayabalan អ្នកជំនាញសន្តិសុខអ៊ីនធឺណិតមកពី Axiata Group នៅប្រទេសម៉ាឡេស៊ី បានថ្លែងថា វឌ្ឍនភាពឌីជីថលពឹងផ្អែកលើទំនុកចិត្ត ដោយកត់សម្គាល់ថាសេវាឌីជីថលទំនើបៗ រាប់តាំងពីការទូទាត់ប្រាក់រហូតដល់ការថែទាំសុខភាព និងអត្តសញ្ញាណ ដំណើរការបានល្អលុះត្រាតែប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាព។
លោកបានបន្តថា ការវាយប្រហារតាមអ៊ីនធឺណិតកើតមានកាន់តែច្រើនឡើងៗ ដោយផ្តោតលើបុគ្គលម្នាក់ៗតាមរយៈព័ត៌មានមិនពិត ជាជាងការវាយប្រហារលើប្រព័ន្ធបច្ចេកទេស ហើយក្រាន់តែ «បទពិសោធន៍អាក្រក់មួយ» អាចរីករាលដាលយ៉ាងឆាប់រហ័ស និងបំផ្លាញទំនុកចិត្តសាធារណៈជន។ ដំណោះស្រាយគឺការផ្តល់អំណាចដល់ពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេ អនុវត្តសុវត្ថិភាពឌីជីថលជាមូលដ្ឋាន និងរាយការណ៍ពីបញ្ហាឲ្យបានឆាប់ ដែលធ្វើឲ្យពួកគេក្លាយជា «អ្នកការពារជួរមុខដ៏សំខាន់»។
លោកបន្តថា៖ «យើងមានសារច្បាស់លាស់ បច្ចេកវិទ្យា និងទំនុកចិត្តត្រូវតែដើរទន្ទឹមគ្នា។ បើសិនជាយើងបាត់បង់ទំនុកចិត្ត យើងនឹងរីកចម្រើនយឺតយ៉ាវ។ បើសិនជាយើងកសាងទំនុកចិត្តបាន យើងនឹងពង្រឹងភាពធន់របស់យើងបាន»។
លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តប្រកបដោយសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានដែលដំណើរការដោយ AI ហើយអ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ប្រើប្រាស់ឧបករណ៍ដែលត្រូវបានទទួលស្គាល់ និងជៀសវាងការបង្ហាញទិន្នន័យសម្ងាត់ ដែលវាជាកំហុសទូទៅមួយ ហើយអ្នកវាយប្រហារតែងតែទាញយកផលប្រយោជន៍ពីវា។
លោក Prasad បានអំពាវនាវឲ្យមានការកសាង «ទំនុកចិត្តលើសុវត្ថិភាពអ៊ីនធឺណិត» ដែលប្រជាពលរដ្ឋអនុវត្តទម្លាប់ប្រុងប្រយ័ត្នតាមអនឡាញ ខណៈដែលស្ថាប័នរដ្ឋាភិបាលរៀបចំប្រព័ន្ធសុវត្ថិភាព និងទំនាក់ទំនងឲ្យបានច្បាស់លាស់ ហើយអង្គការនានាត្រូវសម្របសម្រួល ចែករំលែកព័ត៌មាន និងឆ្លើយតបជាមួយគ្នា។
អ្នកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានចង្អុលបង្ហាញពីសារៈសំខាន់នៃបរិយាបន្នបច្ចេកវិទ្យាឌីជីថល ជាពិសេសសម្រាប់ស្ត្រី និងក្រុមជនងាយរងគ្រោះ ដែលជារឿយៗខ្វះលទ្ធភាពទទួលបានជំនាញ និងការការពារនៅពេលប្រើប្រាស់ប្រព័ន្ធឌីជីថល។
អ្នកស្រីមានប្រសាសន៍ថា៖ «ក្រុមជនងាយរងគ្រោះ ឬស្ត្រីនៅក្នុងសហគមន៍ជនបទក្រីក្រ អាចត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធធំនេះ»។ អ្នកស្រីបន្តថា សង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាសហគមន៍ជនបទ និងក្រីក្រត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធឌីជីថលឲ្យបានកាន់តែទូលំទូលាយ។
អ្នកស្រីបន្តថា តម្លៃនៃការចូលរួមពីចម្រុះភាគីពាក់ព័ន្ធ គឺមិនត្រឹមតែជួយកំណត់រូបរាងគោលនយោបាយឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការបង្កើនការយល់ដឹង និងការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិទៅកាន់សហគមន៍ដែលនឹងក្លាយជាអ្នកប្រើប្រាស់ចុងក្រោយផងដែរ។
របាយការណ៍មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Realtor Knight Frank ក្នុងឆ្នាំ២០២៤ បានដកស្រង់តួលេខរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដោយថាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន២០លាននាក់នៅក្នុងប្រទេស។
របាយការណ៍លើកឡើងថា៖ «បើគិតថាមនុស្សម្នាក់មានឧបករណ៍ភ្ជាប់អ៊ីនធឺណិតជាមធ្យមពីរ នោះយើងអាចប៉ាន់ស្មានថាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល១០លាននាក់នៅក្នុងប្រទេសកម្ពុជា។ នេះស្មើនឹងប្រហែល៦០ភាគរយនៃចំនួនប្រជាជនសរុប ដែលបានប្រើប្រាស់អ៊ីនធឺណិត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Pushes for Safer, Inclusive Digital Future at Internet Governance Forum










