UPDATES:
ម៉ោង ៣:42 ៖ គិតមកដល់ ៣:៣៣នាទី រសៀលនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន២០រូបត្រឡប់មកវិញនៅឡើយទេ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ាលី សុជាតា។
លោកស្រីបានបន្តថា ក្នុងន័យនេះកម្ពុជាសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឱ្យត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមាន ប្រសិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ភាគីថៃ។
លោកស្រី សុជាតា បានលើកឡើងថា ជាមួយគ្នានេះយើងក៏នឹងបន្តការចរចាឲ្យអស់ពីលទ្ធភាពដើម្បីយកបងប្អូនយើងទាំងអស់គ្នាត្រឡប់មកវិញឲ្យបានឆាប់បំផុត និងដោយសុវត្ថិភាព។ ជាមួយគ្នានេះ កងទ័ពកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងព្រំដែននៃប្រទេសទាំងពីរជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកស្រី ក៏បានបញ្ជាក់ថា លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកិច្ចការព្រំដែនទូទៅ បានដឹកនាំកិច្ចប្រជុំត្រៀមដើម្បីធានាថា ការប្រព្រឹត្តទៅនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការកិច្ចការព្រំដែន(GBC)) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំណើរការទៅបានដោយរលូន។
ទី២ ថ្ងៃនេះផងដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើលិខិតអញ្ជើញទៅកាន់ រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថៃ ដើម្បីដឹកប្រតិភូយោធាជាន់ខ្ពស់ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មការកិច្ចការព្រំដែនទូទៅកម្ពុជាថៃ(GBC)នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ម៉ោង ១២:៤៥៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹក ដោយសារការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង ១៧:៤៥នាទី ល្ងាចថ្ងៃទី៣០ ខែកក្កដា មានចំនួនសរុបជាង១៧ម៉ឺននាក់ ដែលស្ថិតក្នុងខេត្តចំនួន៥។
ចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ (វេលាម៉ោង ១៧:៤៥នាទី) នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួនប្រាំ ដូចខាងក្រោម ៖
១. ខេត្តឧត្តរមានជ័យ ចំនួន ៣៩ ៥៤៦ នាក់
២. ខេត្តព្រះវិហារ ចំនួន ៣២ ៥៥៨ នាក់
៣. ខេត្តបន្ទាយមានជ័យ ចំនួន ៣៥ ០៥៧ នាក់
៤. ខេត្តពោធិ៍សាត់ ចំនួន ៣ ០២៦ នាក់
៥. ខេត្តសៀមរាប ចំនួន ៦១ ៩០៧ នាក់
សរុបរួម ១៧២ ០៩៤ នាក់
កម្ពុជាទទួលបានសាកសពទាហានកម្ពុជាមួយរូបពីភាគីថៃ និង២០រូបទៀតកំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ភាគីថៃនៅឡើយ ដែលភាគីកម្ពុជាកំពុងចរចា ដើម្បីបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីមានបទឈប់បាញ់។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នា២០២៥ លោកស្រី ម៉ាលី សុជាតា ក៏បានជម្រាបជូនពីហេតុការណ៍ដែលកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ។
លោកស្រី បានថ្លែងថា៖ «មកទល់ពេលនេះ យើងបានទទួលសពចំនួនមួយរូប និង២០រូបផ្សេងទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ»។ លោកស្រីបន្តថា៖ «អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតទេ»។
លោកស្រីបញ្ជាក់ថា៖ «យើងនឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីបងប្អូនទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់បំផុតដោយសុវត្ថិភាព»។ លោកស្រីបន្តទៀតថា ក្នុងន័យនេះ «យើងសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកម្លាំងរបស់យើងទាំង២០រូបឱ្យត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតបើសិនមានក្នុងការគ្រប់គ្រងរបស់ថៃ»។
លោកស្រី សុជាតា បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងខេមរៈភូមិន្ទកម្ពុជា មិនលះបង់កងទ័ពកម្ពុជាណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកស្រី បន្តទៀតថា គិតមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ មាន រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងខេមរៈភូមិន្ទរក៏បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួយអន្តរាគមន៍ផងដែរ។
លោកស្រីបានឱ្យដឹងថា៖ «ជាមួយគ្នានេះ ភូមិភាគជួរមុខក៏បានកំពុងនឹងដោះស្រាយ ដូច្នេះ យើងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់នោះនឹងវិលត្រឡប់មកវិញដោយសុខសុវត្ថិភាព»។ លោកស្រីបន្តថា កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ជួយមើលថែបងប្អូនដែលនៅទីនោះឱ្យបានល្អ និងឆាប់បញ្ជូនពួកគេត្រឡប់មកវិញឱ្យបានឆាប់ ស្របតាមច្បាប់មនុស្សអន្តរជាតិ។
លោកស្រីលើកឡើងទៀតថា ថ្នាក់ដឹកនាំកម្ពុជាមិនបានលាក់ព័ត៌មានព័ត៌មាននោះទេ ប៉ុន្តែពេលខ្លះពេលបញ្ចេញព័ត៌មានភ្លាមអាចប៉ះពាល់ពីសុវត្ថិភាពពួកគេទៅវិញទេ ជាងនេះទៅទៀត ថ្នាក់ដឹកនាំភូមិភាគជួរមុខបានខិតខំប្រឹងប្រឹងចរចាជាមួយភាគីថៃតាំងពីកើតហេតុភ្លាម ដើម្បីឱ្យបងប្អូនត្រឡប់មកវិញ។
លោកស្រី សុជាតា មានប្រសាសន៍ថា កាលពីម្សិលមិញ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូបណ្តាអង្គទូត និងអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ទៅទស្សនកិច្ចនៅកងអន្តរាគមន៍លេខ៣ និងតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តមមានជ័យ ក្នុងគោលបំណងផ្តល់បច្ចុប្បន្នភាពពីស្ថានភាព ស្ថានការណ៍តាមព្រំដែន អនុលោមតាមកិច្ចព្រមព្រៀងតាមបទឈប់បាញ់ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី កន្លងទៅ។
លោកស្រីបន្តថា ក្នុងការបំពេញទស្សនកិច្ច ភាគីទាំងអស់បានឃើញដោយផ្ទាល់នៅតំបន់រងផលប៉ះពាល់ ដើម្បីវាយតម្លៃតាមភាពជាក់ស្តែង។ តាមគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា មានបំណងផ្សព្វផ្សាយនូវតម្លាភាពស្វែងរកពីស្ថានភាពឱ្យស៊ីជម្រៅ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព ការប្រព្រឹត្តដោយទទួលខុសត្រូវ ការដោះស្រាយភាពតានតឹងដោយសន្តិវិធី ហើយដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអនុវត្តយ៉ាងពេញលេញប្រកបដោយភាពស្មោះត្រង់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នាជាមួយប្រទេសថៃកន្លងមក។
លោកស្រី សុជាតា ថ្លែងថា៖ «កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលនៃកិច្ចព្រមព្រៀងដែលរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ កម្ពុជាជំរុញឱ្យទាំងអស់គ្នាចូលរួមចំណែក ដើម្បីឱ្យមានលទ្ធផលកាន់តែវិជ្ជមាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
លោកសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។
នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។
លោក ម៉ណែត មានប្រសាសន៍ថា៖ «ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន»។
លោកបន្តថា នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត»។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបដិសេធដាច់អហង្ការជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ខុសពីកាពិតរបស់ប្រទេសអំពីការរំលោភបំពានទៅលើបទឈប់បាញ់ ដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសរបស់ប្រទេសថៃនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
លោកបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនៅថ្ងៃជាមួយគ្នានេះដែរ ក្រសួងសូមអះអាងជាថ្មីម្តទៀតថា កងទ័ពរបស់កម្ពុជាពុំបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានទៅលើកិច្ចឈប់បាញ់ ឯកភាពគ្នាដោយប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។
លោកបានមានប្រសាសន៍ថា កម្ពុជានៅតែប្តេជ្ញាចិត្តគោរពលើកិច្ចឈប់បាញ់ និងខិតខំធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់ និងសហការជាមួយគ្រប់ភាគី។
លោក សុន្ទរី បានថ្លែងថា៖ «កម្ពុជាស្វាគមន៍កិច្ចប្រឹងប្រែងយ៉ាងឆាប់រហ័សរបស់ប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីបង្កើនឡើងនូវយន្តការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យមួយសម្រាប់កិច្ចឈប់បាញ់គ្នានេះ»។ លោកបានបន្ថែមទៀតថា កម្ពុជាក៏បានសង្កត់ទៅលើសារសំខាន់ក្នុងការស្តារមកវិញនូវសន្តិភាព ហើយនិងការធ្វើឱ្យសន្តិភាពនោះស្ថិតស្ថេរ ចិរកាល ជាផលប្រយោជន៍ទៅដល់ប្រទេសទាំងពីរ ហើយនិងតំបន់៕










