មន្ត្រីឱ្យដឹងថា កម្ពុជាបានទទួលការកោតសរសើរពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរការចរចារលើពន្ធបដិការ ខណៈសហរដ្ឋអាមេរិកកំពុងរៀបចំអនុវត្តការដំឡើងពន្ធនាំចូលចាប់ពីថ្ងៃទី១ ខែសីហា នេះ។ ប្រទេសដៃគូពាណិជ្ជកម្មនានាដែលមិនមានកិច្ចព្រមព្រៀងដាច់ដោយឡែកនឹងប្រឈមនឹងការយកពន្ធនាំចូលកើនឡើងចន្លោះពី១៥ភាគរយទៅ២០ភាគរយ។
ក្នុងលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជូនដំណឹងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាពន្ធបដិការលើទំនិញកម្ពុជាបានចុះពី៤៩ភាគរយ ជាតួលេខដាក់ចេញលើកដំបូង មកនៅ៣៦ភាគរយ ហើយអត្រាពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីថ្ងៃអាទិត្យបាននិយាយថា កាលបរិច្ឆេទកំណត់ចុងក្រោយគឺថ្ងៃទី១ ខែសីហា និងមិនមានការពន្យារពេលនោះទេ។
កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ប្រទេសជាច្រើនដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកជាមួយអាមេរិកថានឹងត្រូវប្រឈមអត្រាពន្ធ១៥%ទៅ២០%លើទំនិញនាំចូលអាមេរិក បន្ថែមពីលើពន្ធ១០ភាគរយដែលលោកបានដាក់កាលពីខែមេសាកន្លងទៅ។
អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សរ សិនិរ៉ា ប្រាប់ សារព័ត៌មានខេមបូចា ថា ស្ថានភាពកម្ពុជាហាក់មានភាពវិជ្ជមានច្រើនដោយសារកម្ពុជាមានយន្តការសកម្មក្នុងការចរចារជាមួយសហរដ្ឋអាមេរិក។ តាំងពីខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកចំនួនបួនដងទាក់ទងនឹងពន្ធបដិការថ្មី ហើយក៏អាចនឹងមានកិច្ចពិភាក្សាគ្នាបន្ថែមទៀតមុននឹងអត្រាពន្ធនេះចូលជាធរមាន ថ្ងៃទី១ ខែសីហា។
លោកបន្ថែមថា៖ «ប្រទេសផ្សេងៗដែលមិនបានចរចារក្នុងចេតនាស្មោះត្រង់នឹងប្រឈមអត្រាពន្ធបន្ថែមចន្លោះពី១៥ទៅ២០%។ ប៉ុន្តែសម្រាប់កម្ពុជា យើងបានការទទួលស្គាល់ពីក្រុមមន្ត្រីហសរដ្ឋអាមេរិកលើកិច្ចខិតខំប្រឹងប្រែងរបស់យើង»។
អ្នកស្រី គង់ ម៉ាលីស ជាកម្មកររោងចក្រកាត់ដេរមួយរូបនៅទីក្រុងភ្នំពេញ បានប្រាប់ សារព័ត៌មានខេមបូចា ថា អ្នកស្រីបារម្ភរឿងអាមេរិកយកពន្ធបន្ថែមនេះ។ អ្នកស្រីថាការណ៍នេះអាចនាំកម្មករបាត់បង់ការងារព្រោះរោងចក្រអាចបិទទ្វារ ដោយសារតែពន្ធនាំចូលអាមេរិកឡើងខ្ពស់។
អ្នកស្រីបន្តថា កម្មករនឹងប្រឈមការលំបាកដោយសារចំណូលគ្រួសារតិច និងបំណុលកើនឡើង។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំពិតជាបារម្ភពីបញ្ហាពន្ធនេះ។ ខ្ញុំមិនដឹងថាតើនឹងនៅយូរប៉ុនណាទៀតដែលកម្មករដូចយើងអាចធ្វើការបាន»។
អ្នកស្រីឱ្យដឹងទៀតថា៖ «វាអាចធ្វើឲ្យរោងចក្របញ្ឈប់កម្មករ ឬបិទដំណើរការតែម្ដង ដែលនេះនឹងប៉ះពាល់ដល់កម្មករជាច្រើន។ មិនថាខ្ញុំ ឬអ្នកផ្សេងទេ យើងមានបំណុលច្រើន ហើយយើងក៏ត្រូវចំណាយលើថ្លៃសិក្សាកូនៗផងដែរ»។
អ្នកស្រីស្នើដល់រដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំអាមេរិកបន្តចរចារគ្នាបញ្ចុះអត្រាពន្ធនាំចូល ដែលអាចនឹងមិនប៉ះពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។
លោក ខេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) មានប្រសាសន៍ថា លោកមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតពីរឿងពន្ធនេះនៅឡើយ ខណៈពន្ធដែលអាមេរិកដាក់៣៦% មិនទាន់ជាតួលេខចុងក្រោយ ហើយក៏ទំនងជាអាចុះទាបជាងនេះ។
លោកទទួលស្គាល់ថា រឿងពន្ធនេះពិតជានឹងមានផលប៉ះពាល់ ប៉ុន្តែបើនិយាយពេលនេះវាហាក់ដូចជាលឿនពេកដោយមិនទាន់មានការសិក្សាពេញលេញនៅឡើយ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Says US Praised Trade Talks, But 36% Tariff Still Set









