បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន៣៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាមិនលម្អៀងទៅរកមហាអំណាចណាមួយទេរវាងអាមេរិក និងចិន។ ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា កម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចទាំងពីរ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។
ថ្លែងក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលពីថ្ងៃទី២១ ខែមេសា លោក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា ដោយរក្សាគោលនយោបាយការបរទេសអព្យាក្រឹត។
លោកបានបន្តថា៖ «កម្ពុជារើសយកទាំងពីរ [អាមេរិក និងចិន] ដើម្បីធានាសុខភាពសេដ្ឋកិច្ច។ នេះជាជម្រើសរបស់រដ្ឋាភិបាល ហើយកម្ពុជាមានឯករាជ្យ និងអធិបតេយ្យភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង គ្មាននរណាអាចដាក់សម្ពាធយើងបានឡើយ»។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ជីនពីង ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា គាប់ជួនពេលដែលសហរដ្ឋអាមេរិកបានពង្រីកគោលនយោបាយគាំពារនិយម ដែលជះឥទ្ធិពលដល់ចិន និងកម្ពុជា។ បើទោះបីជាកម្ពុជា និងប្រទេសផ្សេងទៀតដែលដាក់ពន្ធបដិការត្រូវបានផ្តល់ការពន្យាររយៈពេល៩០ថ្ងៃ។ ប្រទេសចិនត្រូវបានដកចេញពីការផ្អាកពន្ធ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ជីនពីង កិច្ចព្រមព្រៀងចំនួន៣៧ត្រូវបានចុះហត្ថលេខាលើវិស័យនានារួមមានពាណិជ្ជកម្ម អប់រំ ហិរញ្ញវត្ថុ និងទេសចរណ៍។ លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងឯកជន និងឯកជន និង រដ្ឋជាមួយឯកជនមួយចំនួនក៏ត្រូវបានប្រកាសផងដែរ រួមទាំងការគាំទ្រដល់គម្រោងព្រែកជីកហ្វូណន។
លោក ហ៊ុន ម៉ាណែត បានច្រានចោលការអះអាងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា កម្ពុជាបានប្រគល់ស្វ័យភាពលើសេដ្ឋកិច្ច និងសន្តិសុខរបស់ខ្លួនទៅឱ្យប្រទេសចិន។ យោងទៅលើសេចក្តីថ្លែងការណ៍រួមដែលបានចេញក្នុងអំឡុងទស្សនកិច្ចរបស់លោក ជីនពីង លោក ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងចិនបានបញ្ជាក់ឡើងវិញនូវការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពជាតិ និងប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុង។
លោកបានបន្ថែមថា៖ «យើងធ្វើមិត្តគ្រប់បណ្ដាប្រទេសទាំងអស់ យើងមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ»។
ឆ្លើយតបនឹងការរិះគន់ថា កម្ពុជាកំពុងពឹងផ្អែកខ្លាំងលើការវិនិយោគរបស់ចិននោះ លោកបាននិយាយថា នៅឆ្នាំ២០២៣ ការវិនិយោគរបស់ចិននៅសហរដ្ឋអាមេរិកមានទំហំ២៨ពាន់លានដុល្លារ និងនៅតំបន់អាស៊ានមានទំហំសរុបចំនួន២៥ពាន់លានដុល្លារ។ ប្រទេសសិង្ហបុរីទទួលបានការវិនិយោគរបស់ចិនច្រើនជាងគេនៅក្នុងតំបន់ដែលមានទឹកប្រាក់ចំនួន១៣ពាន់លានដុល្លារ ខណៈដែលប្រទេសកម្ពុជានៅលេខរៀងទី៨ ដែលមានត្រឹមតែ៣០០លានដុល្លារប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត បានជំទាស់នឹងការលើកឡើងថា ការវិនិយោគរបស់ចិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា ដោយបង្ហាញថា សហរដ្ឋអាមេរិកខ្លួនឯងបានទទួលការវិនិយោគពីចិនចំនួន២៨ពាន់លានដុល្លារ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគបរទេសមិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុយទៅវិញគួរតែចាត់ទុកជាយន្តការសម្រាប់ការអភិវឌ្ឍរួមគ្នាដែលជំរុញផលប្រយោជន៍ជាតិ។
លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រត្តិបត្តិការពហុភាគី កិច្ចសហប្រតិបត្តិការសន្តិសុខ ដោយលើកឡើងពីពិធីសម្ពោធមូលដ្ឋានទ័ពជើងទឹករាម ដែលត្រូវបានធ្វើទំនើបកម្មដោយជំនួយរបស់ចិនកាលពីថ្ងៃទី៥ ខែមេសា។ បន្ទាប់មកក៏មានដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកជប៉ុននៅថ្ងៃទី១៩ ខែមេសា ដែលបង្ហាញពីការបើកចំហរបស់កម្ពុជាក្នុងការធ្វើការជាមួយដៃគូទាំងអស់។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត ក៏មានប្រសាសន៍ដែរថា កម្ពុជានឹងប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធ ព្រោះកម្ពុជានឹងប្រឈមមុខនឹងការតម្លើងពន្ធជាថ្មី។ ការបន្ធូរបន្ថយបណ្តោះអាសន្ននេះ បានផ្តល់ឱកាសសម្រាប់ការចរចាលើការស្នើរសុំពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងតំបន់។
មួយថ្ងៃមុនពេលលោក ជីនពីង មកដល់ទីក្រុងភ្នំពេញ មន្ត្រីកម្ពុជាបានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ ការពិភាក្សានេះធ្វើឡើងបន្ទាប់ពីមានលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើជូនលោកប្រធានាធិបតី Donald Trump។ ភាគីទាំងពីរបានសន្យារក្សាការសន្ទនាបើកចំហ និងបន្តការចរចា។
អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ជីនពីង បើទោះបីជាមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ប៉ុន្តែគ្មានជំនួយ ឬកម្ចីណាមួយត្រូវបានប្រកាសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ។ ឯកសារចំនួនប្រាំត្រូវបានចុះហត្ថលេខាសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ជាមួយក្រុមហ៊ុនរដ្ឋរបស់ចិន ទោះបីជាព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀងវិស័យឯកជនមិនត្រូវបានបង្ហាញក៏ដោយ។
បើទោះបីជាមិនមានជំនួយ ឬកម្ចីណាមួយមែន តែលោក ហ៊ុន ម៉ាណែត បានច្រានចោលការលើកឡើងដែលថា ចិនដកជំនួយជាថ្មីម្ដងទៀត ហើយថា កម្ពុជា និងចិន បានចចារគ្នាតាំងពីដើម ហើយជំហរមិនដែលប្រែប្រួលទេ។
លោក ម៉ាណែត បានបញ្ជាក់ទៀតថា៖ «មិនដែលមានពេលដែលរដ្ឋាភិបាលចិនបដិសេធមិនគាំទ្រគម្រោងនេះទេ។»
នៅក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាគីចិនគាំទ្រកម្ពុជាក្នុងការកសាង គម្រោងធារាសាស្រ្តចម្រុះហ្វូណនតេជោ ដោយស្របតាមគោលការណ៍លទ្ធភាពនិងចីរភាព។
ឆ្លើយតបទៅនឹងសារព័ត៌មានខេមបូចាតាមរយៈអ៊ីម៉ែល ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបាននិយាយថា រដ្ឋាភិបាលរបស់ពួកគេបានគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសមិទ្ធផលរួមគ្នាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ សម្លឹងឆ្ពោះទៅមុខ ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងឃើញការវិវត្តក្នុងន័យស្ថាបនាក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងភ្នំពេញ។
ស្ថានទូតបានមានប្រសាសន៍ថា៖ «យើងមិនបានស្នើឱ្យកម្ពុជាជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិនទេ»។
លោក រ៉ូ វណ្ណៈ អ្នកវិភាគនយោបាយបានប្រាប់សារព័ត៌មានខេមបូចាថា ការយល់ឃើញដែលថាកម្ពុជាពឹងផ្អែកលើប្រទេសចិន គឺជាកង្វល់ចម្បងក្នុងចំណោមអ្នកសង្កេតការណ៍សេដ្ឋកិច្ច សង្គម និងនយោបាយ។
លោកបានលើកឡើងពីជំហរលម្អៀងរបស់កម្ពុជាស្របទៅនឹងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងប៉េកាំងនៅក្នុងវេទិកាតំបន់។
ថ្មីៗនេះ ក្នុងដំណើរទស្សនៈកិច្ចប្រធានាធិបតីចិន រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយ «ចិនតែមួយ»។ លោកបានកត់សម្គាល់ថាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនធ្វើឱ្យប្រទេសកម្ពុជាងាយរងគ្រោះទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ ដោយសារកម្ពុជាជាប្រទេសដែលមានទំហំតូច បើប្រៀបនឹងឥទ្ធិពលសេដ្ឋកិច្ចខ្លាំងរបស់ប្រទេសចិន។
ក្នុងនាមជាតួអង្គសំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកតែងតែមើលប្រទេសកម្ពុជាតាមកញ្ចក់នៃឥទ្ធិពលរបស់ចិន ដែលជាការចាប់អារម្មណ៍ដែលថា ទោះបីជាមិនមានភាពត្រឹមត្រូវទាំងស្រុងក៏ដោយ លោកថាវាបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន។
លើសពីនេះទៅទៀត លោកថា ការមើលប្រទេសកម្ពុជាតាមភ្នែករបស់ប្រទេសចិន គឺមិនល្អសម្រាប់រដ្ឋាភិបាលកម្ពុជា ឬប្រជាជនកម្ពុជាឡើយ។
លោកបន្តថា៖ «ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងចិន នឹងអាមេរិកចំពោះតែស្រួចស្រាលខ្លាំង។ ដូច្នេះប្រទេសតូចងាយនឹងរងគ្រោះក្នុងល្បែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច»។
ទោះជាយ៉ាងនេះក្តី លោក វណ្ណៈ យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ឲ្យមានតុល្យភាពរវាងមហាអំណាចទាំងពីគឺសមហេតុផល ប៉ុន្តែលោកស្នើឱ្យកម្ពុជាបន្ត «យុទ្ធសាស្ត្រការការពារហានិភ័យ» ដើម្បីរក្សាអព្យាក្រឹតភាព និងបញ្ចៀសសម្ពាធពីភាគីណាមួយ។
ការលើកឡើងនោះ លោកបានសង្កត់ធ្ងន់ថា៖ «សម្តីត្រូវតែបង្ហាញឱ្យឃើញតាមរយៈសកម្មភាព»។ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលថ្មីកំពុងបង្ហាញសញ្ញានៃការធ្វើពិពិធកម្ម និងជំរុញឱ្យកម្ពុជាធ្វើជាស្ពាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការជំរុញកិច្ចសន្ទនា ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។
លោកបានថ្លែងថា៖ «យុទ្ធសាស្រ្តការការពារហានិភ័យបម្រើផលប្រយោជន៍ជាតិរបស់កម្ពុជា។ វាអនុញ្ញាតឱ្យប្រទេសរក្សាអធិបតេយ្យភាព ទាក់ទាញការវិនិយោគពីមហាអំណាច និងជៀសវាងការមើលឃើញថាជាការគំរាមកំហែងដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់នរណាម្នាក់»។
ប្រសិនបើសហរដ្ឋអាមេរិកលែងចាត់ទុកកម្ពុជាជា «កូនអុក» របស់ចិន វាអាចបើកទ្វារទទួលអត្ថប្រយោជន៍កាន់តែច្រើនពីទីក្រុងវ៉ាស៊ីនតោន ដែលអាចធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការរស់នៅនៅកម្ពុជា។ លោកថា ដើម្បីទទួលបានជោគជ័យ កម្ពុជាក៏ត្រូវពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន និងលើកកម្ពស់នីតិរដ្ឋផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Upholds Neutrality Amid Chinese Deals; U.S. Affirms It’s Not Forcing a Choice