រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងរួមទាំងស្ថាប័នថ្នាក់ជាតិផ្សេងទៀតរួមគ្នាធ្វើ«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ»ដើម្បីដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែតុលា។
អ្នកនយោបាយ អ្នកឃ្លាំមើលសង្គម និងតំណាងខ្មែរកម្ពុជាក្រោមបានថ្លែងគាំទ្រ និងសាទរជាខ្លាំងចំពោះគម្រោងដង្ហែអង្គកឋិនទានទៅកាន់អតីតទឹកដីខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានេះ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុកនិងបណ្តាញតេឡេក្រាមរបស់លោក នៅព្រឹកថ្ងៃទី៧ខែតុលាថា៖ «ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ[តាំងពីឆ្នាំ២០១២មក] រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា»ដែលការខកខាននេះដោយសារតែអកុសលឪពុករបស់លោក[ព្រឹទ្ធាចារ្យហ៊ុន នាង]បានទទួលមរណភាពនៅឆ្នាំ២០១៣ ទើបធ្វើឱ្យគ្រួសារលោកសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។
លោកបន្តថា រឿងថ្មីបានកើតឡើងគឺម្តាយក្មេករបស់លោក[មហាឧបាសិកាប៊ុន ស៊ាងលី]មានជំងឺ និងបានទទួលមរណភាពនៅឆ្នាំ២០២០ ក្រុមគ្រួសារលោកក៏បានសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម»។
អង្គកឋិនទានដែលនឹងដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានការចូលដោយផ្ទាល់ពីលោកស្រីប៊ុនរ៉ានី ហ៊ុន សែន លោកស្រីម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែន។
បន្ថែមពីនេះលោកប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា អង្គកឋិនទាននេះ នឹងរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរូបលោក និងភរិយារបស់លោក ចូលរួមដោយផ្ទាល់។
លោក ហ៊ុន សែនថ្លែងថា៖ «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា»។ជាមួយគ្នានេះប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំ«អង្គកឋិនទាន»ដើម្បីដង្ហែទៅកាន់កម្ពុជាក្រោម។ គណៈកម្មការនេះមានសមាសភាពចំនួន ២២រូប ក្នុងនោះមានលោកស្រី ម៉ែន សំអន ជាប្រធាន លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ អមជាមួយអនុប្រធាន៣រូប គឺលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និង លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅក្នុងប្រការ២នៃសេចក្តីសម្រេច គណៈកម្មការរៀបចំបុណ្យ«អង្គកឋិនទាន»នេះ មានកិច្ចការដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោមឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិនិត្យដោះស្រាយបញ្ហានានាទាក់ទងនឹងអង្គកឋិនទាន ធ្វើលិខិតអញ្ជើញភ្ញៀវចូលរួម រៀបចំគម្រោងគ្រប់គ្រងចំណូល និង អនុវត្តនូវកិច្ចការជាច្រើនទៀត ដើម្បីធ្វើឱ្យពិធីបុណ្យនេះដំណើរការល្អ។
គណៈកម្មការរៀបចំ«អង្គកឋិនទាន»នេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងអាចជ្រើសរើសក្រុមជំនួយការបន្ថែម ដើម្បីជួយសម្រួលការងារនានាដល់អង្គកឋិនទាន ហើយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ត្រូវចូលរួមអនុវត្តសេចក្តីសម្រេចនេះ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអនុប្រធានគណៈកម្មការរៀបចំបុណ្យ កឋិនទាននេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅថ្ងៃទី៧ខែតុលា។
ប៉ុន្តែលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការធ្វើអង្គកឋិនទាន គឺជាការធ្វើបុណ្យ ហើយការធ្វើបុណ្យបានទាល់តែមានសទ្ធាជ្រះថ្លា។ លោកអះអាងថា៖ «សម្តេចធិបតី និងក្រុមគ្រួសាររបស់លោកគឺជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ សម្តេចតេជោ សម្តេចគតិព្រឹទ្ធបណ្ឌិត្យគឺជាអ្នកដែលបានសាងសាសនាឡើងវិញនៅក្នុងប្រទេសយើងតាំងពីក្រោយសម័យ ប៉ុល ពត មក»។
លោក ប៉ែន បូណា លើកឡើងទៀតថា៖ «សម្តេចតេជោលោកជាស្ថាបនិករំដោះប្រទេសនេះហើយបានធ្វើឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ និងបានបន្តប្រពៃណីព្រះពុទ្ធសាសនាធ្វើជាគំរូក្នុងការធ្វើបុណ្យហ្នឹងធ្វើឱ្យវត្តអារាមប្រជាពុទ្ធបរិស័ទយើងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាមានព្រះសង្ឃមានអីរស់ឡើងវិញយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃហ្នឹង»។
លោកបន្តថា លោក ហ៊ុន ម៉ាណែត បានបន្តប្រពៃណីនឹងធ្វើបុណ្យកឋិនទានដង្ហែទៅកាន់ទីណាដែលមានវត្តអារាម ទីណាដែលមានប្រជាពុទ្ធបរិស័ទគោរពប្រណិប័តន៍អាចធ្វើអង្គកឋិនទានបានលោកដង្ហែទៅកាន់ទីនោះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានគាំទ្រចំពោះការរៀបចំធ្វើបុណ្យកឋិនទានដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនេះដោយលោកថ្លែងថាគឺជារឿងល្អដោយសារតែនៅទីនោះមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនថ្វីបើទឹកដីកម្ពុជាក្រោមបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមក៏ដោយ ក៏ប៉ុន្តែទំនៀមទម្លាប់ប្រពៃណី និងនិងសាសនាដែលបងប្អូនខ្មែរគោរពប្រណិប័តន៍ គឺនៅមានជាធរមាននៅឡើង។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំគិតថា គឺជារឿងល្អដែលបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះវិស័យព្រះពុទ្ធសាសនា ក៏ប៉ុន្តែមិនមែនមានន័យថា កម្ពុជាទៅរំលោភលើអធិបតេយ្យរបស់ប្រទេសវៀតណាមទេ ពីព្រោះចង់ ឬមិនចង់កម្ពុជាក្រោមនេះវាស្ថិតនៅក្នុងអធិបតេយ្យនៃប្រទេសវៀតណាមទៅហើយ»។ ក៏ប៉ុន្តែកឋិនទាននេះគឺជាមហាសាមគ្គីក្នុងនាមជាប្រជាពលរដ្ឋខ្មែរជាឈាមជ័រខ្មែរដែលគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាដូចគ្នា។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ជារឿងមួយល្អហើយក៏បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលរបស់ប្រជាជនកម្ពុជានៅប្រទេសកម្ពុជាចំពោះបងប្អូនខ្មែរនៅកម្ពុជាក្រោមទោះជាមានឈាមជ័រតែមួយក៏ប៉ុន្តែយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេងគ្នា»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបញ្ជាក់ថា បើទោះបីជាខ្មែរក្រោមដែលកំពុងរស់នៅលើអតីតទឹកដីកម្ពុជាទាំងនោះមានឈាមជ័រជាខ្មែរក៏ពិតមែនក៏ប៉ុន្តែពួកគាត់មានសញ្ជាតិជាវៀតណាមហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ហើយអ្វីដែលរដ្ឋាភិបាលកម្ពុជាអាចជួយបានគឺជួយខាងផ្នែកស្មារតីខាងផ្នែកសម្ភារ ឧទាហរណ៍ដូចជាការដង្ហែកឋិនទាននេះ ការកសាងវត្ត ឬក៏ការចូលបច្ច័យសម្រាប់ការសិក្សារៀនសូត្រភាសាអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរនៅដែនដីកម្ពុជាក្រោមជាដើម។
លោក គិន ភា ថ្លែងទៀតថា លោកគិតថា នេះជារឿងដែលរដ្ឋាភិបាលអាចធ្វើបាន«គឺយើងមិនអាចធ្វើអ្វីមួយលើសពីគេហៅថា សិទ្ធិជាអធិបតេយ្យរបស់រដ្ឋមួយៗទេ នោះគឺជាសច្ចៈភាពប្រវត្តិសាស្ត្រដែលយើងចាំបាច់ត្រូវតែទទួលស្គាល់»។ លោកលើកឡើងថា អ្វីដែលកម្ពុជាធ្វើកឋិនទៅកាន់កម្ពុជាក្រោមនេះគឺយើងបង្ហាញពីពីទឹកចិត្តធំធេងណាស់ទៅហើយសម្រាប់រដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋខ្មែរចំពោះបងប្អូនខ្មែរកម្ពុជាក្រោមពីព្រោះ មិនដែលមានទេនៅក្នុងប្រវត្តិសាស្ត្រដែលថ្នាក់ដឹកនាំរដ្ឋាភិបាលដង្ហែកឋិនទៅកាន់ទឹកដីកម្ពុជាក្រោម។
គួររំឭកថា កម្ពុជាក្រោមត្រូវបានអាណានិគមបារាំងកាត់ប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលគិតរហូតមកដល់ឆ្នាំ២០២៤នេះទើបតែមានរយៈពេល៧៥ឆ្នាំប៉ុណ្ណោះ។
បើយោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោមបានឱ្យដឹងថា ក្នុងឆ្នាំ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន ៨ ៧៥០អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាខ្មែរចំនួន៤៦១វត្ត។ រដ្ឋាភិបាលវៀតណាមបានធ្វើជំរឿនជាផ្លូវការកាលពីឆ្នាំ២០០៩ដោយបានបង្ហាញថា ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោម មានជាង១លាននាក់ ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោមបានកំណត់ដោយមានការឯកភាពពីអង្គការUNPO(អង្គការនៃប្រជាជាតិដែលគ្មានតំណាងនៅអង្គការសហប្រជាជាតិ)ដែលបានចុះទៅផ្ទាល់នៅកម្ពុជាក្រោមបានសន្និដ្ឋានថា មានចំនួន៧លាននាក់។
លោក តាំង សារៈ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ ដែលជាអតីតអាចារ្យបង្រៀនបាលីនៅសាលាបង្រៀនធម៌វិន័យវត្តទេពភារាមព្រៃជាប់ ខេត្តពលលាវ (វៀតណាមប្តូរទៅបាក់លីវ)ដែលបច្ចុប្បន្នជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំតំបន់កម្ពុជា បានថ្លែងប្រាប់ ខេមបូចា ថា ជាធម្មតាខ្មែរកម្ពុជាក្រោមគ្រប់រូប តែងតែមានភាពសប្បាយរីករាយ នៅពេលដែលមានមន្ត្រីឬមិនមែនជាមន្ត្រីសូម្បីត្រឹមប្រជាពលរដ្ឋខ្មែរនៅព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទេសចរណ៍ក្តីទៅធ្វើបុណ្យធ្វើទាននៅកម្ពុជាក្រោមក្តីគឺតែងតែស្វាគមន៍និងមានទឹកចិត្តរីករាយអបអរសាទរ។
លោក តាំង សារៈ មានប្រសាសន៍ថា៖ «ដូច្នេះការរៀបចំរបស់រាជរដ្ឋាភិបាលដើម្បីកសាងជាអង្គកឋិនទានដើម្បីដង្ហែទៅកាន់វត្តមួយនៅដែនដីកម្ពុជាក្រោមគឺវត្តស្វាយសៀមថ្មីខ្ញុំសូមស្វាគមន៍និងត្រេកអរ»។ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ខេត្តព្រះត្រពាំង(វៀតណាមប្តូរទៅខេត្តត្រាវិញ)។
បើតាមលោក តាំង សារៈ តាំងពីលោកដឹងក្តីមក លោកមិនដែលឃើញថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដង្ហែអង្គកឋិនទានទៅកាន់កម្ពុជាក្រោមដែលជាអតីតទឹកដីខ្មែរនោះទេ ប៉ុន្តែមាន មន្ត្រី និងប្រជាពលរដ្ឋខ្មែរកណ្តាលបានធ្វើបុណ្យកឋិនដង្ហែទៅកម្ពុជាក្រោមជាញឹកញាប់ក្នុងនោះក៏មានលោកស្រី ម៉ែន សំអន ដែលជាប្រធានគណៈកម្មការរៀបចំបុណ្យកឋិនរបស់រដ្ឋាភិបាលតាមព័ត៌មានថា លោកស្រីក៏ធ្លាប់ដង្ហែអង្គកឋិនទៅកម្ពុជាក្រោមផងដែរ។
បន្ថែមពីនេះលោក តាំង សារៈ បានរំឭកថា ក្នុងឆ្នាំ១៩៧២ លោកឧត្តមសេនីយ៍ ប៉ុក សំអានដែលជាឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋខ្មែរ ប្រចាំក្រុងព្រៃនគរ(វៀតណាមប្តូរទៅជាក្រុងហូជីមិញ)ក៏ធ្លាប់បានដង្ហែអង្គកឋិនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទរង្សីក្នុងទីក្រុងព្រៃនគរជាលើកទី១។ លើកទី២ក្នុងឆ្នាំ១៩៧៤លោក ប៉ុក សំអាន ដដែលក៏បានធ្វើអង្គកឋិនទានដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តប្រជុំសាគរសិក្ខារាម ហៅវត្តពលលាវថ្មីក្នុងខេត្តពលលាវ(ខេត្តបាក់លីវ) នាទឹកដីកម្ពុជាក្រោមផងដែរ ខណៈរូបលោកនិងពលរដ្ឋខ្មែរកណ្តាលជាច្រើនទៀតក៏ធ្លាប់បានដង្ហែអង្គកឋិនទានទៅកម្ពុជាក្រោមជាញឹកញាប់ផងដែរ។
អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នជាប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានសម្តែងការពេញចិត្តផងដែរ ចំពោះការធ្វើបុណ្យកឋិនទានដង្ហែទៅកាន់ដែនដីកម្ពុជាក្រោមដោយលោកថ្លែងថា នេះគឺជាដំណើរការមួយល្អមែនទែនរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលបង្ហាញពីការយកចិត្តទុកដាក់ដល់ខ្មែរកម្ពុជាក្រោម។លោកបន្តថា លោកធ្លាប់បានលើកឡើងតាមរយៈអ្នកសារព័ត៌មានជារឿយៗថា រដ្ឋាភិបាលកម្ពុជាគួរយកចិត្តទុកដាក់ចំពោះការការពារសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ពីព្រោះមេដឹកនាំវៀតណាមគេបានយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទោះបីស្របច្បាប់ក្តីនិងមិនស្របច្បាប់ក្តី។
លោកថ្លែងថា លោកបានឃើញប្រសាសន៍របស់លោក ហ៊ុន សែន ដែលលោកថា«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» នេះវាជាមោទនភាពហើយលោកគិតថា បើប្រធានព្រឹទ្ធសភាយល់ថា ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើជាខ្មែរតែមួយគឺជារឿងមួយដែលត្រឹមត្រូវបំផុតសម្រាប់អ្នកនយោបាយសម្រាប់ថ្នាក់ដឹកនាំប្រទេស។
អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបន្តថា៖ «ហើយខ្ញុំស្វាគមន៍មែនទែនហើយខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរច្បាស់ជាអបអរសាទរចំពោះសារនេះហើយអ្វីដែលសំខាន់ជាងនេះនឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោមលោកទទួលបានភាពកក់ក្តៅច្រើនមែនទែនពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានេះ»។ជាមួយគ្នានេះលោក អ៊ូ ច័ន្ទរ័ត្ន បានអំពាវនាវឱ្យអ្នកនយោបាយខ្មែរក្តីប្រជាពលរដ្ឋខ្មែរក្តីគួរតែចូលរួមក្នុងពិធីបុណ្យកឋិនទាននេះឱ្យបានច្រើនកុះករ ហើយលោកក៏នឹងចូលរួមដោយរីករាយបំផុតផងដែរប្រសិនបើមានឱកាស។
យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា ចេញកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា កឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានលក្ខណៈប្លែកពីបុណ្យដទៃដោយក្នុងមួយឆ្នាំបុណ្យនេះធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹម២៩ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះ។
បុណ្យកឋិនទានប្រារព្ធធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជាដើម្បីបង្កើនសាមគ្តីភាពរវាងបុគ្គល គ្រួសារ និងសង្គម ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនគង់វង្សស្ថិតស្ថេរនៅយូរអង្វែង។ បន្ថែមពីនេះដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃជាបុគ្គលដែលថែទាំ និងទ្រទ្រង់ព្រះពុទ្ធសាសនាតទៅ និងដើម្បីថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ ជាដើម។ល។
ឆ្នាំនេះបុណ្យកឋិនទានចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា៕