សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមអត្តពលិកកម្ពុជាដណ្តើមបានលទ្ធផលដ៏ត្រចះត្រចង់ពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី

ម្ចាស់មេដាយមាសគុនចម្រុះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ AMMA កីឡាការិនី ខៀវ ចិន្តារ័ត្ន កំពុងឡើងទទួលមេដាយមាសទម្ងន់ក្រោម៤៩គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ រូបថតនៅពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។(ខេមបូចា/ ប៉ា តុងចិន)
ម្ចាស់មេដាយមាសគុនចម្រុះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ AMMA កីឡាការិនី ខៀវ ចិន្តារ័ត្ន កំពុងឡើងទទួលមេដាយមាសទម្ងន់ក្រោម៤៩គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ រូបថតនៅពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។(ខេមបូចា/ ប៉ា តុងចិន)

កីឡាករ កីឡាការិនី​គុន​ចម្រុះ​កម្ពុជា បាន​រួមគ្នា​បង្កើត​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​មួយ ពី​ការធ្វើម្ចាស់​ផ្ទះ​លើកដំបូង​នៃ​ការ​ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd Asian Mixed Martial Arts Championship) ឆ្នាំ២០២៤ តាម​រយៈ​ការ​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​៥ និង​មេដាយសំរឹទ្ធ​ចំនួន​៩ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​​៥ ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំង​១៥។

សម្រាប់ការ​ប្រកួត Asian Mixed Martial Arts Championship ហៅ​កាត់​ថា AMMA Championship 2024 នេះ ​ម្ចាស់​ផ្ទះកម្ពុជា បាន​ដាក់កីឡាករ កីឡាការិនី​ឱ្យ​ចូលរួម​ប្រកួត​ប្រជែងចំនួន​១៦នាក់ ហើយ​តាម​រយៈការ​ប្រកួត​ចំនួន​៣​ថ្ងៃ នៅ​ក្នុង​វិមាន​ពហុកីឡដ្ឋានជាតិ កាលពី​ថ្ងៃទី​១១ ដល់​ទី​១៣ ខែកក្កដា កន្លងមកនេះ គឺ​មាន​តែ​កីឡាករជើង​ខ្លាំង​ ចាន់ រតនា ម្នាក់​ទេ ដែលដណ្តើម​មិន​បាន​មេដាយ បន្ទាប់ពី​រូបគេ​បានចាញ់​​​ពិន្ទុ​កីឡាករ​ហុងកុង Chung Pui  Wing ក្នុងវគ្គ​ជម្រុះ​​៨នាក់ចុង​ក្រោយ។

ផ្ទុយពី​នេះ កីឡាការិនី ខៀវ ចិន្តារ័ត្ន ដែល​ទើបចូល​ប្រឡូក​ក្នុងការ​ប្រកួត​គុនចម្រុះ MMA នេះ បែរជា​មាន​លទ្ធភាព​ដណ្តើម​បានមេដាយមាស​ជូន​ប្រទេស​កម្ពុជា ដ៏គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​បំផុត បន្ទាប់​ពី​កញ្ញាបាន​យក​ឈ្នះ​លើ​កីឡាការិនី​របស់​​ឥណ្ឌូនេស៊ី Puspitasari Nurdiana ដោយពិន្ទុ លើ​វិញ្ញាសាប្រពៃណីផ្នែកនារីទម្ងន់​ក្រោម​៤៩ កាលពី​ថ្ងៃទី​១២ ខែកក្កដា។

ចំណែក​កីឡាករ ឡុង ឡា, អេ វីរៈខាំឈីតភូថង, ហ៊ុន គឹមហៀង, មាស ម៉ើ និង​​កីឡាការិនី គន្ធ វណ្ណនីតា សុទ្ធតែ​ទទួលបានមេដាយប្រាក់ ទៅតាម​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន បន្ទាប់ពី​ពួក​គេ បានចាញ់​អត្តពលិក​មកពី​ប្រទេសកាហ្សាក់ស្ថានដូចគ្នា​​នៅវគ្គផ្តាច់​ព្រ័ត្រ។ រីឯ​កីឡាករ ផេង សុបញ្ញា, ធាន អាត, ហាត ភី, រិន សារ័ត្ន, ហ៊ុន ចាន់រាជ, សែន ច័ន្ទឫទ្ធីគុន រួម​ទាំង​កីឡាការិនី អ៊ុំ ថារ័ត្ន, ទួន ស្រីពីន និង នៅ ស្រីពៅ ទទួល​បានមេដាយ​សំរឹទ្ធ​ដូចគ្នា។

សម្រាប់ការ​រួមគ្នា​ដណ្តើមមេដាយចំនួន១៥ រួមមាន ​​មេដាយមាស​១ ​ប្រាក់​៥ និងមេដាយសំរឹទ្ធ៩​នេះ បានជួយ​ឱ្យ​កម្ពុជា​ឈរ​នៅចំណាត់​ថ្នាក់លេខ​៥ ក្នុងចំណោម​ប្រទេសទាំង​១៥ ដែល​បានចូលរួម​ព្រឹត្តិការណ៍​AMMA Championship 2024​ ខណៈ​ប្រទេស​កាហ្សាក់​ស្ថាន ឈរ​នៅលេខ​១ ដោយឈ្នះ​​បាន​មេដាយមាស៨ ប្រាក់២ សំរឹទ្ធ៣ រីឯឥណ្ឌូនេស៊ី ឈរ​នៅលេខ​២ ​ឈ្នះ​បាន​មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១ ហើយ​កៀហ្ស៊ីស៊ីស្ថាន ដែល​ឈ្នះ​បានមេដាយមាស​២ និងសំរឹទ្ធ៨ ឈរនៅលេខ​៣ ខណៈ​​ប្រទេសតាជីគីស្ថាន ឈរ​នៅលេខ​៤ ដោយឈ្នះ​បានមេដាយមាស​២។

លោក វ៉ាត់​ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុកថា ជាជោគជ័យដ៏ធំរបស់កម្ពុជា ដែលអាចរៀបចំព្រឹត្តិការណ៍ AMMA Championship 2024​នេះ​ដោយរលូន និងទទួលបានការកោតសរសើរពីភាគីពាក់ព័ន្ធក្នុងការធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត លោកអះអាងថា ជាមោទនភាពសម្រាប់កម្ពុជា ដែលអាចដណ្តើមបានចំណាត់ថ្នាក់លេខ៥ ជាប្រទេសដែលមានអត្តពលិកមានបច្ចេកទេសល្អ ទោះបីជាពួកគេមានភាពក្មេងខ្ចី ក្នុងការប្រកួតគុនចម្រុះជាលក្ខណៈអន្តរជាតិក៏ដោយ។

លោកបាន​ថ្លែងថា៖ «កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥ ជាមោទនភាពរបស់យើងខាងផ្នែកបច្ចេកទេស ហើយកីឡាករ កីឡាការិនីយើងទទួលបានជ័យលាភីមេដាយមាស១ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩»។

ចំណែកលោក ហ៊ុន ចាន់រាជ ជាអនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងជា​គ្រូ​បង្វឹក​ផង​នោះ បាន​ចាត់ទុក​ការ​ឈ្នះ​បាន​មេដាយសរុប​ចំនួន​១៥ ពី​​ព្រឹត្តិការណ៍ AMMA Championship 2024 នេះ  ថា ជាជោគជ័យដែលហួសពីការរំពឹងទុក ដែលអត្តពលិកកម្ពុជាអាចដណ្តើមបានក្នុងការចូលប្រឡូកព្រឹត្តិការណ៍អន្តរជាតិនេះ​ជា​លើកដំបូង។

លោក ហ៊ុន ចាន់រាជ ដែល​ជាកីឡាករ​ម្នាក់ ហើយ​ដណ្តើម​បានមេដាយ​ប្រាក់ សម្រាប់​ការ​​ប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​១២០​គីឡូក្រាមដែរ​នោះ ​​និយាយ​ថា៖ «ខ្ញុំគិតថាយើងធ្វើបានល្អ វាលើកទី​១របស់យើង ហើយយើងធ្វើបានប៉ុណ្នឹង ខ្ញុំគិតថា ជារឿងជោគជ័យមួយដែរ ហើយសម្រាប់មេដាយ ក៏យើងអត់បានរំពឹងទុកថា បានច្រើនដល់ថ្នាក់ហ្នឹងដែរ»។

ក្រុមយុវជនស្ម័គ្រចិត្តរបស់កម្ពុជា និងអត្តពលិកដែលចូលរួមប្រកួតទាំងអស់ កំពុងគោរពភ្លេងជាតិខ្មែរ នៅមុនពិធីបំពាក់មេដាយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។(ខេមបូចា/ ប៉ា តុងចិន)

សំឡេងភ្លេងជាតិខ្មែរ អមជាមួយនិងសំឡេង​ហោរអបអរនៅក្នុងសាលប្រកួតបន្លឺឡើងជាបន្តបន្ទាប់ចំពោះកីឡាករកីឡាការិនី ក្រោយទទួលការបំពាក់មេដាយរួច។ ម្ចាស់មេដាយមាសគុនចម្រុះជើងឯកអាស៊ីថ្មីថ្មោង កញ្ញា ខៀវ ចិន្តារ័ត្ន ដែលមានស្លាកស្នាមពេញផ្ទៃមុខ ក្រោយប្រកួតរួច បានបញ្ជាក់ថា ដោយសារតែការប្រកួតក្នុងប្រភេទទម្ងន់ក្រោម​៤៩គីឡូក្រាមនេះ ពុំសូវមានកីឡាការិនីបរទេសចូលរួមច្រើន ដូច្នេះនាងត្រូវប្រជែងតែមួយប្រកួតជាមួយកីឡាការិនីឥណ្ឌូនេស៊ី ដើម្បីដណ្តើមយកមេដាយមាសនេះ។

​តែទោះបីជា​យ៉ាង​ណា ចិន្តារ័ត្ន ក៏រៀបរាប់ពីឧបសគ្គក្នុងការប្រកួតដ៏តានតឹងនេះដែរ ព្រោះ​នេះជាលើកទីមួយ ដែលនាងចូលរួមប្រកួតកីឡាគុនចម្រុះ ហើយនាងក៏មានទម្ងន់ស្រាលជាងដៃគូចំនួន៦គីឡូក្រាមដែរ​។ កីឡាការិនីវ័យ២៩ឆ្នាំខាងលើរំឭក​ដែរថា ទោះជាទើបចូលប្រជែងគុនចម្រុះលើកទីមួយក៏ដោយ ប៉ុន្តែនាងបានប្តេជ្ញានៅមុនការប្រកួតចាប់ផ្តើមថា ទោះជាត្រូវដៃគូក្លេ ឬប្រើក្បាច់អ្វីក៏ដោយ ក៏នាងមិនសុំចុះចាញ់ដែរ សុខចិត្តចាញ់ដោយសន្លប់។

ខៀវ ចិន្តារ័ត្ន បាន​បញ្ជាក់​ថា៖ «ខ្ញុំបានស៊ូអស់ពីលទ្ធភាពហើយ! ខ្ញុំបានប្តេជ្ញាថា បើសិនជានៅទីលាន ទោះគេកាច់ខ្ញុំ គេគាបខ្ញុំ គឺខ្ញុំសុខចិត្តសន្លប់ ខ្ញុំមិនគោះ[ចុះចាញ់ដាច់ខាត] ខ្ញុំមានមោទនភាពខ្លាំងមែនទែន មានមោទនភាព ប៉ុន្តែមិនមែនសម្រាប់ខ្លួនឯងទេ។ ខ្ញុំមានមោទនភាពដែលខ្ញុំអាចយកមេដាយមាស​ជូនជាតិ ព្រោះក្តីស្រមៃរបស់ខ្ញុំ តែងតែចង់ឱ្យកិតិ្តយសជាតិខ្មែរយើងរីកសុះសាយទៅបរទេស»។

យ៉ាង​ណាក៏​ដោយ ចិន្តារ័ត្ន ក៏បានរៀបរាប់ដោយទឹកមុខស្រងូតស្រងាត់ និងលើកដៃសំពះសុំកុំឱ្យមហាជនជេរប្រមាថក្រុមកីឡាករកីឡាការិនីកម្ពុជា ដោយថា ការខិតខំហ្វឹកហាត់នៅមុនប្រកួត និងការមិនទទួលបានលទ្ធផលដូចការរំពឹងទុកក្រោយការប្រកួត បានធ្វើឱ្យក្រុមអត្តពលិករងការឈឺចាប់ជាច្រើនរួចមកហើយ​។ ហេតុ​នេះ​ប្រសិនបើត្រូវរងការបង្អាប់ពីមហាជនទៀត នោះកាន់តែរងការឈឺចាប់ផ្ទួនៗ។

កីឡាការិនី ចិន្តារ័ត្ន និយាយថា៖ «ពួកគាត់អត់ទទួលបានស្របតាមគោលដៅ អ៊ីចឹងពួកគាត់ឈឺចាប់រួចហើយ ប៉ុន្តែមានពាក្យសម្តីដែលចាក់ពួកគាត់ច្រើន សូម្បីតែខ្ញុំនៅរួមក្រុមជាមួយគ្នា គឺខ្ញុំឈឺខ្លាំងមែនទែន​។ អ៊ីចឹងខ្ញុំសំណូមពរឱ្យកាត់បន្ថយវប្បធម៌នៃការវាយប្រហារ ជាន់ពន្លិច ខ្ញុំសុំខ្លាំងមែនទែន ព្រោះអីពួកយើងប្រឹងខ្លាំងណាស់ មិនថាឈឺចាប់ មិនថាភាពហត់នឿយគ្រប់យ៉ាងទាំងអស់ គឺយើងប្រឈមមុខទាំងអស់ ក្តៅ ត្រជាក់ រងារ ទោះយើងឈឺក៏ត្រូវយើងងើបមកហាត់»។

ចំណែក​កីឡាការិនីម្ចាស់មេដាយប្រាក់គុនចម្រុះជើងឯកអាស៊ី ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម កញ្ញា គន្ធ វណ្ណនីតា បានបង្ហាញការសោកស្តាយ ដែលមិនអាចយកមេដាយមាសជូនជាតិបាន ដោយសារចាញ់ពិន្ទុកីឡាការិនីម៉ាឡេស៊ី Sze Teng Pang នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ​កីឡាការិនីរូបនេះអះអាងថា ឧបសគ្គធំបំផុតក្នុងការប្រជែងមេដាយមាសនេះ គឺពិបាកក្នុងការស្ទុះងើប នៅពេលដែលដៃគូចាប់ផ្តួល។

យ៉ាងណា គន្ធ សុវណ្ណនីតា មាន​ការ​ត្រេកអរចំពោះសមិទ្ធផលមួយនេះ និងបានប្តេជ្ញាពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីយកមេដាយមាសក្នុង​ការប្រកួតក្រោយទៀត ដោយ​បញ្ជាក់ថា៖«ខ្ញុំប្តេជ្ញាចិត្តសម្រាប់ខ្លួនឯងថា បើសិនជាមានការប្រកួតលើកក្រោយៗទៀត នឹងខំប្រឹងធ្វើឱ្យបានល្អជាងហ្នឹង ហើយនឹងពង្រឹងបច្ចេកទេសខ្លួនឯង ក៏ដូចជាការហ្វឹកហាត់ឱ្យបានល្អជាងហ្នឹង»។

បើតាម​ខ្លឹមសារ ដែល​ត្រូវ​បានប្រកាសក្នុងស​ន្និសីទកាសែត នៅ​ទី​ស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិក (NOCC) កាលពី​ថ្ងៃទី​១២ ខែមិថុនា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯក​អាស៊ី ឆ្នាំ​២០២៤​នេះ ​មាន​ប្រទេស​ចំនួន១៨ប្រទេសចូលរួម មានកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន សិង្ហបុរី ចិនហុងកុង ចិនតៃប៉ិ ចិនម៉ាកាវ ចិន បារ៉ែន និងអារ៉ាប៊ីសាអ៊ូឌីត។ ប៉ុន្តែជាក់ស្តែង លោក វ៉ាត់ ចំរើន បានឱ្យដឹងថា មានតែអត្តពលិកមកពី១៥ប្រទេសប៉ុណ្ណោះបាន​ចូលរួម។

ដោយឡែក នៅ​ក្នុងអំឡុង​ពិធីបើក​ការ​​ប្រកួត AMMA Championship 2024 នៅ​ក្នុង​វិមាន​ពហុកីឡដ្ឋានជាតិ កាលពីព្រលប់​ថ្ងៃទី​១១ ខែកក្កដា​នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យ​រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជា​រៀងរាល់ឆ្នាំ ដោយចាប់​អនុវត្ត​ពីខែតុលា ឆ្នាំ២០២៤តទៅ ហើយ​ការប្រកួតនេះ​ មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹងការប្រកួតកីឡាយុទ្ធចម្រុះជើងឯកអាស៊ី (AMMA) ដែរ ប៉ុន្តែ​ជារបស់​ខ្មែរ ដែល​មានការ​​​ប្រកួតក្បាច់គុនបុរាណខ្មែរ​គ្រប់ទម្រង់ទាំងអស់។

កីឡាករ អេ វីរៈខាំឈីតភូថង(ម៉ឺន មេឃា) ចាប់ក្លេដៃគូជនជាតិកាហ្សាក់ស្ថាន នៅមុនកីឡាករបរទេសរូបនេះវាយសន្ធាប់លើរូបគេ ឱ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២នៃគុនចម្រុះវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។(ខេមបូចា/ ប៉ា តុងចិន)

ជាមួយគ្នា​នេះ កម្ពុជា ក៏ធ្លាប់មានឱកាសចូលរួមប្រកួតយុទ្ធគុនចម្រុះអន្ដរជាតិជាច្រើនលើក ក្នុងនាមកីឡាករ​យុទ្ធគុនខ្មែរ កីឡាករគុនល្បុក្កតោ ចំបាប់ ការ៉ាតេ និងយូដូ ជាដើម។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានអះអាង​ថា ខ្មែរ​នៅមាន​ក្បាច់គុន​ចម្រុះ​ច្រើន​ទៀត ហើយនេះជាអ្វី​ដែល​លោក​ត្រូវតែ​រៀបចំ​​ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បី​បង្ហាញ​កូនខ្មែរជំនាន់​ក្រោយ និង​បរទេស​ឃើញពី​ភាព​សម្បូរបែប​របស់​ក្បាច់​គុនខ្មែរ។

លោកបាន​ថ្លែង​ថា៖ «នៅមានយុទ្ធគុនបុរាណខ្មែរដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន​ ហើយខ្ញុំបានផ្ដើម និងផ្ដល់ជាគោលការណ៍ឱ្យ​រៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកជំហរទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ»។

ប្រមុខដឹកនាំ​ប្រទេស​កម្ពុជា​រូបនេះ បានបន្ថែម​ថា៖ «ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ហើយ​ក្នុង​នោះ​ខ្ញុំ​ក៏​បានណែនាំ​ឱ្យ​រៀបចំ​ក្រុមជំនុំជម្រះ​ចង​ក្រង​ ស្រាវជ្រាវ​យុទ្ធ​គុនខ្មែរ​បុរាណ»។

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវដល់កីឡាករកីឡាការិនីកម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ AMMA Championship 2024 ព្រម​ទាំង​យុវជន និងអ្នកដែលចេះក្បាច់គុនបុរាណខ្មែរ សូម​ត្រៀម​ខ្លួន ដើម្បី​ចូលរួម និងស្វាគមន៍​ការ​ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើក​ទី​១ នា​ឆ្នាំ​២០២៤​នេះ។

លោក​បញ្ជាក់​ថា៖ «យើងនឹងមានរៀបចំការប្រកួត​(កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ) ស្រដៀង AMMA ដែរ ប៉ុន្ដែរបស់ខ្មែរ គឺប្រកួតតែក្បាច់គុនបុរាណខ្មែរ​គ្រប់ទម្រង់ទាំងអស់ ល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រងែពេន គុនដំបង ជាដើម គឺអាចដាក់ពាក្យចូលប្រកួតទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ សូមចូលរួមប្រកួតឲ្យបានច្រើនកុះករ ហើយបងប្អូនបរទេសក៏ស្វាគមន៍ តែត្រូវចេះក្បាច់គុនខ្មែរ»។

លោកនាយក​រដ្ឋមន្រ្តី ​បាន​​បន្ថែម​​ថា៖ «ការ​រៀបចំក្បាច់គុនចម្រុះ​​កន្លង​ទៅ គឺ​បើគុនខ្មែរ តែគុនខ្មែរទៅ ​ល្បុក្កតោ​ក៏ល្បុក្កតោទៅ ប៉ុន្តែ​ឥឡូវ​យើង​រៀបស្រដៀង​ MMA ដែរ តែ​យើង​យក​ក្បាច់​គុនចម្រុះ​​របស់​យើង​ ដើម្បី​ជាឱកាស​ឱ្យ​ក្បាច់​គុន​​យើង និង​អ្នក​ចេះ​ក្បាច់គុន​គ្រប់ទម្រង់​ទាំង​អស់​ មាន​ឱកាស​មក​សម្តែង មក​ប្រកួត​ក្នុងពេល​តែមួយ ឱ្យ​បង្ហាញ​ដល់​កូន​ខ្មែរ និង​អន្តរជាតិដឹង​​ថា យើង​មាន​​ក្បាច់គុន​ច្រើន​ណាស់ មិនមែន​មានតែ​២ រឺ៣នោះទេ»។ លោកបន្តថា៖ «យើង​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ស្រាវជ្រាវឡើង​វិញ​ ​​បង្ហាញឡើង​វិញ ហើយ​នេះជាឱកាស​ធំ​​សម្រាប់​កូនខ្មែរ»។

ជុំវិញការប្រកាសរបស់លោក ហ៊ុន ម៉ាណែត នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួអប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​ផ្នែក​កីឡា​ផង​នោះ បាន​ចាត់ទុកថា ជាសញ្ញាណមួយដ៏ល្អសម្រាប់កីឡានៅកម្ពុជា ដោយលោក​យល់​ថា ព្រឹត្តិការណ៍នោះនឹងបង្ហាញទាំងអត្តសញ្ញាណកីឡាប្រយុទ្ធ និងកីឡាសម្តែងផងដែរ។

លោកបញ្ជាក់ថា៖ «សម្តេច[លោក ហ៊ុន ម៉ាណែត] ចង់ឱ្យលើកកកាយ ជីកកកាយឡើងវិញនូវយុទ្ធគុនខ្មែរបុរាណរបស់យើងដែលមានភាពចម្រុះ ហើយមានអ្នកហាត់ច្រើន មានអ្នកសម្តែងច្រើន។ មិនមានតែការប្រយុទ្ធទេ មិនមែនមានតែការប្រកួតទេ គឺមានការប្រកួតប្រជែងទាំងការសម្តែងទៀត ពីព្រោះកម្ពុជាយើងមានព្រឹទ្ធាចារ្យ មានអ្នកហាត់គុនច្រើនណាស់នៅទូទាំងប្រទេស។ អ៊ីចឹងគាត់អាចចូលរួមមកសម្តែង មកបង្ហាញអំពីភាពឯក នៅក្នុងវប្បធម៌ចម្រុះនៃយុទ្ធគុនចម្រុះរបស់យើង»។

ជាមួយគ្នា​នេះ​គ្រូបង្ហាត់ និងក្រុមកីឡាករកីឡាការិនីគុនចម្រុះកម្ពុជា សុទ្ធតែបានសាទរចំពោះការផ្តួចផ្តើ​មរៀបចំឱ្យ​មាន​ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជា​រៀងរាល់ឆ្នាំ ពីសំណាក់​លោក ហ៊ុន ម៉ាណែត ព្រោះពួកគាត់ចង់ឃើញព្រឹត្តិការណ៍នេះយូរមកហើយ។ ជាក់ស្តែង ម្ចាស់មេដាយមាសថ្មីថ្មោង កីឡាការិនី ខៀវ ចិន្តារ័ត្ន ចាត់ទុកជាឱកាសសម្រាប់ក្រុមអ្នកហាត់គុន ដែលមានព្រឹត្តិការណ៍សម្រាប់បង្ហាញសមត្ថភាពរៀងៗខ្លួន។

កញ្ញា ចិន្តារ័ត្ន និយាយ​ថា៖«ខ្ញុំចង់ឱ្យប្រទេសកម្ពុជា គាំទ្រទៅលើវិស័យគុនឱ្យបានច្រើន។ ទីបំផុត អាចនិយាយបានថា យើងមានការប្រកួតបែបប្រចាំឆ្នាំជាប់លាប់ជារបស់ខ្លួនឯង ដែលជាប្រភេទគុនចម្រុះ ព្រោះអីពីមុនយើងបែងចែកគុន[ផ្សេងៗគ្នា] ប៉ុន្តែឥឡូវគឺយើងដាក់ចូលគ្នា អ៊ីចឹងខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ហើយវាជាឱកាសដល់បងៗ ឬក៏ប្អូនៗជំនាន់ក្រោយ ដែលគាត់ស្វែងរកបទពិសោធន៍ថ្មីៗ និងសិក្សាអ្វីដែលថ្មីៗ និងសម្បូរបែប»។

បើតាមគ្រូបង្ហាត់ និងជាអនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា លោក ហ៊ុន ចាន់រាជ បានបញ្ជាក់ថា អត្តពលិកគុនចម្រុះកម្ពុជា នៅមានភារកិច្ចសំខាន់ៗចំនួន៣ នៅចុងឆ្នាំ២០២៤នេះ រួមមានការត្រៀមប្រកួតដណ្តើមពានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅខែតុលា ការប្រកួតកីឡា Asian Indoor and Martial Arts Games នៅប្រទេសថៃ នាខែវិច្ឆិកា និងការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក នៅប្រទសឥណ្ឌូនេស៊ី នាខែធ្នូ ឆ្នាំ២០២៤៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម