សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាប្តេជ្ញារំលាយកិច្ចសន្យាប្រេន ​PTT​ ទាំងអស់ទៅជាយីហោខ្មែរ

ស្ថានីយប្រេងឥន្ធនៈPTT មួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ស្ថានីយប្រេងឥន្ធនៈPTT មួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាបានប្តេជ្ញារំលាយកិច្ចសន្យាប្រេនPTTទាំងអស់របស់ថៃ ឱ្យ​ទៅជាយីហោខ្មែរទូទាំង​​២៥​​ខេត្ត-ក្រុង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ខណៈម្ចាស់ហាង និងបុគ្គលិកជាច្រើនពាន់នាក់កំពុងប្រឈមធ្លាក់ចុះប្រាក់ចំណូល បាត់បង់ការងារ ដោយសារ​សកម្មភាពពហិការមិនប្រើផលិតផលនាំចូលពីប្រទេសថៃ។  

ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេន PTT CAMBODIA  លោក ទៀ ស្យាម ជាបងប្រុសបង្កើតរបស់លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងការពារជាតិកម្ពុជា បានថ្លែងតាមទំព័រហ្វេសប៊ុកនៅថ្ងៃទី៤ ខែសីហា ថា ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈPTTទូទាំងប្រទេសនឹងប្តូរឈ្មោះទៅជា PPC (Peace Protroleom Cambodia) ដែលជារបស់ខ្មែរ។ ឈ្មោះនេះ នឹងឌីហ្សាញឡើងចំនួនប្រាំពណ៌រួមមាន ក្រហមតំណាងទឹកដីកម្ពុជា,សភាពបរិសុទ្ធ និងសន្តិភាព,ទឹកប៊ិកភាពរឹងមាំនិងទំនុកចិត្ត សត្វព្រាបបង្ហាញពីសេរីភាព និង ពណ៌មាសតំណាងភាពត្រចេះត្រចង់រុងរឿងរបស់ខ្មែរ។

មុនឈានដល់គម្រោងផ្លាស់ប្តូរ លោក ទៀ ស្យាម ក៏ថ្លែងតាមរយ:វីដេអូប្រមាណជាងប្រាំមួយនាទីដែរថា បច្ចុប្បន្ននេះ លោកសង្កេតឃើញពាណិជ្ជកម្ម PTT ស្ទើរ៩០ភាគរយទៅហើយដែលមានម្ចាស់ និងបុគ្គលិក រាប់ម៉ឺននាក់ជាជនជាតិខ្មែរ។ ហេតុនេះ ទើបលោកប្តេជ្ញាប្រមូលទិញសិទ្ធិគ្រប់គ្រងដើម្បីរួមចំណែកដោះស្រាយហិង្សារវាងខ្មែរគ្នាឯង វិបត្តិការងារ ព្រមទាំងបញ្ជៀសរាល់ការចាញ់ប្រៀបលើឆាករអន្តរជាតិផង នេះបើតាមការបញ្ជាក់របស់លោក ទៀ ស្យាម។

លោក ទៀ ស្យាម មានប្រសាសន៍ថា៖ «ខ្ញុំព្យាយាមដោះស្រាយទាំងខាងផ្លូវច្បាប់ ទាំងបុគ្គលិកបញ្ហាអ្វីៗទាំងអស់ឱ្យទៅជាមួយគ្នា ផលប៉ះពាល់ជាមួយប្រជាជន ពិសេសបុគ្គលិកដែលធ្វើការជាមួយយើងទាំងអស់ ខ្ញុំអត់ចង់មានពីណាទទួលការរងគ្រោះដោយសារបញ្ហាទាំងអស់ទេ»។

លោកបន្តថា៖ «ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត» ហើយម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ធន:ភីធីធីភាគច្រើនសម្រេចប្រគល់សិទ្ធិឱ្យលោកធ្វើជាតំណាង ដើម្បីរំលាយកិច្ចសន្យាចែកចាយរវាងម្ចាស់ស្ថាននីយប្រេងឥន្ធន:ភីធីធី និងក្រុមហ៊ុន PTT Cambodia ជាង១០០ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣ សីហា។

«ពហិការមិនប្រើផលិតផលសៀម ឬថៃ» កំពុងក្លាយជាវេទិកាខ្វែងគំនិតក្តៅគគុក ដែលឈានដល់ផ្ទុះការជេរប្រមាថ ថតវីដេអូភ្ជាប់សំណួរចាក់ដោត និងរើសអើងមុខទំនិញទាំងឡាយដែលមានអក្សរ ឬកូដជាភាសាថៃ។ ការកើតឡើងនេះ បន្ទាប់ពីកម្ពុជា-ថៃ ផ្ទុះអាវុធរយ:ពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែសីហា បង្កដោយភាគីថៃ ហើយបន្សល់នូវការខូចខាតប្រាង្គប្រាសាទ ផ្ទះសម្បែង វត្តអារាម និងគំរាមអាយុជីវិតជនស្លូតត្រង់ ជាដើម។ ក្រៅពីនេះ ក៏មានការចាប់ខ្លួនទាហានខ្មែរចំនួន២០រូប ក្រោយបទឈប់បាញ់ចូលជាធរមាន រួចបញ្ជូនមកវិញចំនួន២រូប ក្នុងនោះរបួសម្នាក់ និងម្នាក់ទៀតមានវិបត្តិផ្លូវចិត្ត ដែលអ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យថា ទំនងភាគីថៃធ្វើទារុណកម្មពួកគេ។

ទោះជាយ៉ាងណា លោក ទៀ វិចិត្រ ជាប្អូនប្រុសជីដូនមួយរបស់លោក ទៀ ស្យាម ដែលជាអ្នកទិញសិទ្ធិ 7-Eleven និង Amazon Coffee ម្នាក់ដែរ បានចូលរួមបង្ហាញក្តីបារម្ភតាមរយ:ទំព័រហ្វេសប៊ុក និងចាត់ទុកសកម្មភាពជ្រុលនិយមនេះ ជាទង្វើរំលោភបំពានសិទ្ធិភ្ញៀវ បុគ្គលិក និងម្ចាស់ហាងPTTធ្ងន់ធ្ងរផងដែរ។

លោក ទៀ វិចិត្រ បានបញ្ជាក់ថា៖ «សូមជម្រាបជូនបងប្អូន ខ្ញុំក៏ជាអ្នកទិញសិទ្ធ7-11 និង Amazon Coffee ផងដែរ ដោយឃើញបងប្អូនមានការចូលក្នុងហាងសម្ភាសន៍បុគ្គលិកដែលកំពុងធ្វើការ និងភ្ញៀវ ទាំងនេះគឺបង្ហាញឱ្យឃើញពីការបំពានសិទ្ធិរបស់ភ្ញៀវ ម្ចាស់ហាង និងបុគ្គលិក ដែលមិនមែនជាចលនាខ្មែរជួយខ្មែរនោះទេ»។

អ្នកគ្រប់គ្រងស្ថាននីយប្រេងឥន្ទន:PTTសាខាខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ជិន សេងហុង ថ្លែងប្រាប់ សារព័ត៌មានខេមបូចា នៅព្រឹកថ្ងៃទី៥ ខែសីហា ថា ចាប់តាំងពីពហិការកើនឡើងមក ស្ថាននីយប្រេងឥន្ធន:របស់លោកមានស្ថានភាពស្ងាត់ជ្រងំគួរបារម្ភ។ តែយ៉ាងណាលោកសាទរចំពោះដំណឹងនេះ ឆ្លើយតបស្ថានភាពបច្ចុប្បន្ន បើទោះបីលោកមិនទាន់ទទួលព័ត៌មានច្បាស់លាស់ ជុំវិញការទិញសិទ្ធិផ្តាច់មុខដោយកូនខ្មែរក៏ដោយ។

លោកបន្ថែមថា៖ «បើមានកូនខ្មែរទិញសិទ្ធិដាច់សប្បាយចិត្ត តែខាងខ្ញុំមិនទាន់ទទួលគោលការណ៍ច្បាស់លាស់ថាគេទិញគ្រប់ក្រុមហ៊ុនPTTទាំងអស់មែន ឬយ៉ាងណាទេ ព្រោះខាងខ្ញុំស្ងាត់ណាស់ តែមិនទាន់បញ្ឈប់បុគ្គលិកអីទេគឺនៅដដែល» ។

ចំណែកអ្នកគ្រប់គ្រងហាង Cafee Amazon ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកស្រី ឈាង ឆារ័ត្ន អបអរការប្តេជ្ញារបស់កូនខ្មែរ ស្របពេលបុគ្គលិកជាបុត្រសម្ព័ន្ធPTTទាំងអស់កំពុងរងសម្ពាធពេញទំហឹង។

លោកស្រីត្អូញថា ជាងពីរខែមកហើយដែលក្រុមហ៊ុនរបស់លោកស្រីធ្លាក់ចុះប្រាក់ចំណូលជាង៨០ភាគរយបើធៀបនឹងមុនជម្លោះរវាងខ្មែរ-ថៃ ដែលបន្តគំរាមកំហែងកាត់បន្ថយចំនួនបុគ្គលិក និងប្រាក់ឈ្នួល។

លោក ស្រី ឈាង ឆារ័ត្ន លើកឡើងថា៖ «កាលពីមុនភ្ញៀវពេញៗ បុគ្គលិករត់មិនទាន់ ហើយពួកខ្ញុំមានសម្ពាធខ្លាំងណាស់ ថ្ងៃខ្លះសឹងចង់ស្រែកយំអាណិតបុគ្គលិក អាណិតថៅកែ ព្រោះមិនចង់ដកនរណា បាត់បង់នរណាទេ»។

ហាងលក់ភេជ្ជៈ 7 Eleven មួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រភពដដែលចង់ឃើញដំណោះស្រាយដែលផ្តួចផ្តើមដោយ លោក ទៀ ស្យាម និង ទៀ វិចិត្រ លេចចេញជារូបរាងឆាប់ៗ ដើម្បីពង្រឹងស្មារតីកូនខ្មែរឱ្យបញ្ឈប់សកម្មភាពរើសអើងគ្រប់រូបភាព ខណ:កន្លងមក អាជីពនេះជួយសេដ្ឋកិច្ចពលរដ្ឋក្រីក្រច្រើន ពិសេសសិស្ស-និស្សិតកំពុងបន្តការសិក្សា។

យុវតីម្នាក់មកពីខេត្តតាកែវ កញ្ញា ចី ស្រីណែត ឱ្យដឹងថា កញ្ញាបានចូលរួមពហិការមិនទិញផលិតផលសៀម ចាប់តាំងពីពេលអាជ្ញាធរថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីមកម្ល៉េះ ក្រោមហេតុផលរំពឹងថា ម្ចាស់អាជីវកម្មស្រុកខ្មែរនឹងលែងយកឥវ៉ាន់ថៃមកលក់។

កញ្ញា ចី ស្រីណែត និយាយថា៖ «ពីមុនមកខ្ញុំធ្លាប់ជាភ្ញៀវរបស់ស្ថាននីយភីធីធី ហាងកាហ្វេAmazon Seven-Eleven និងអីវ៉ាន់ថៃដែរ តែក្រោយគេបិទព្រំដែនមុនមក ខ្ញុំកាន់តែលែងចង់ចាក់ លែងចង់ទិញ ព្រោះដូចដឹងស្រាប់ហើយអ្នកលក់បើគ្មានអ្នកទិញថា អ្នកទាំងនោះនឹងលែងយកមកលក់»។

ទន្ទឹមនឹងភាពចម្រូងចម្រាស និស្សិតឆ្នាំទី៣ កំពុងសិក្សាផ្នែកច្បាប់នៅរាជធានីភ្នំពេញ លោក កែវ សុវណ្ណឬទ្ធិ មិនយល់ស្របនឹងសកម្មភាពពហិការរបស់ប្រជាពលរដ្ឋខ្មែរទេ ក្រោមហេតផល អាណិតអាសូរ និងបារម្ភភាពគ្មានការងារធ្វើរបស់បងប្អូនខ្មែរ។

លោក កែវ សុវណ្ណឬទ្ធិ លើកឡើងថា៖ «មកទល់ពេលនេះសម្រាប់ខ្ញុំផ្ទាល់មិនចូលរួមពហិការទេ ខ្ញុំគិតថាអ្នកបម្រើការសុទ្ធសឹងជាជនខ្មែរធ្វើការច្រើនណាស់ តាមខ្ញុំមើលឃើញ តែក៏មិនថាអ្នកពហិការដែរ អីសំខាន់ជាសិទ្ធិរបស់គាត់ ខ្ញុំបន្តចាក់ជាសិទ្ធិរបស់ខ្ញុំ »។

ជុំវិញរឿងនេះ អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា សារអាជីវកម្មមិនប្រើផលិតផលប្រទេសថៃកំពុងមានអរិភាពនឹងគ្នា ជាបញ្ហាបន្ទាប់បន្សំ ហើយគ្មានផលចំណេញ​ដល់ចរន្តសេដ្ឋកិច្ចកម្ពុជាទេ។ ឯសន្ទុះជាតិនិយម ក៏មិនអាចយកកំហឹងភ្លើងចំបើងដោះស្រាយបញ្ហាបានដែរ ផ្ទុយទៅវិញ ការពន្លឿនដោះស្រាយបញ្ហាជម្លោះព្រំដែនទេ ដែលរដ្ឋាភិបាលគួរធ្វើជាអាទិភាព ជៀសវាងប៉ះពាល់មុខរបរពលរដ្ឋស្លូតត្រង់។

លោក ប៉ោ មករា ថ្លែងបន្តថា៖ «ខ្ញុំជំរុញឱ្យខ្មែរមានការផលិតច្រើនជាងនេះ ក្រសួងពាក់ព័ន្ធក៏ត្រូវយកចិត្តទុកដាក់ ព្រោះពីចុងជើងដល់សក់តើអ្វីទៅជារបស់យើងផលិតខ្លះ? បញ្ហានេះមិនមែនដោះស្រាយមួយថ្ងៃចប់ទេ ដូច្នេះសូមលើកទឹកចិត្តពលរដ្ឋត្រូវចូលរួមតាមដាននយោបាយ បញ្ហាជម្លោះនានា តែពុំមែន ជ្រុលពេកទេ នោះទើបដោះស្រាយបញ្ហាក្រោយៗបានទៀត»។

ក្រុមហ៊ុន PTT ជាសហគ្រាសមួយរបស់ថៃ ដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៨ អំឡុងពេលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ Kriangsak Chamanan ។ បើយោងតាម Media OutReach Newswire ចេញផ្សាយថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងដំណើរការស្ថាននីយPTTដ៏ពេញនិយមចំនួន ៤១៥ និងហាងCafe Amazonចំនួន៣៩១នៅទូទាំងអាស៊ី រួមទាំងប្រទេសកម្ពុជា ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី អូម៉ង់ អារាប់ប៊ីសាអូឌីត បារ៉ែន និងជប៉ុន។ ប្រភពដដែលប្រកាសប្រាក់ចំណូល១៨២លានបាតសម្រាប់ត្រីមាសនេះ ជាមួយនឹងប្រាក់ចំណេញសុទ្ធកើនឡើងដល់ ៤,៣៨ ពាន់លានបាត ស្មើ៤៦ភាគរយ ខណ:មួយត្រីមាសឆ្នាំ២០២៤ មានត្រឹម១៧,៦ភាគរយ នេះបើតាមនាយកប្រតិបត្តិនៃ(OR) លោក ML Peekthong Thongyai ។

កាលពីខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនPTT Oil and Retail Buseness បានប្រកាសគ្រោងនឹងចំណាយប្រាក់១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតឃ្លាំងប្រេងនៅកម្ពុជា បន្ទាប់ពីមានការវិនិយោគរួមគ្នា ក្នុងនោះ កម្ពុជាបានដំណើរការស្ថានីយ៍ PTT ចំនួន ១៨៦ (ក្នុងចំណោមស្ថានីយ PTT សរុបចំនួន ២៧៦១) ហាង Caffe Amazon ចំនួន ២៥៤ (ក្នុងចំណោមហាងកាហ្វេសរុបចំនួន ៤៨៩៨) និងហាងលក់រាយចំនួន ៧១ (ក្នុងចំណោមហាងសរុបចំនួន ២៤២១)៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម