សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនៅតែប្រឈមបញ្ហាកេងប្រវ័ញ្ច

ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃចន្លោះពី១០​ទៅ៣០នាក់ត្រូវបាន​អាជ្ញាធរ​ថៃបញ្ជូនមកកម្ពុជាវិញរៀងរាល់ថ្ងៃតាមច្រកព្រំដែនគីឡូ១៣​ ស្ថិតក្នុងខេត្តបាត់ដំបង ខណៈ​ដែល​ពួកគេខ្លះចំណាយលុយយ៉ាងច្រើនលើមេខ្យល់ដើម្បី​ឆ្លងដែនរកការងារធ្វើ ហើយពួកគេ​ត្រូវបានថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម។

វិសុទ្ធ មានវ័យ២៥ឆ្នាំ ជាពលករខ្មែរម្នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រក ព្រំដែនគីឡូ១៣ ខេត្តបាត់ដំបង នៅដើមខែកក្កដា គាត់សុំមិនបញ្ចេញឈ្មោះពេញ បានរៀប​រាប់​ថា​ គាត់បានចំណាយលុយ​ប្រមាណ៦ពាន់បាត(ប្រហែល៧០ម៉ឺនរៀល) ទៅលើមេខ្យល់​នាំឆ្លងដែនដោយខុសច្បាប់ស្វែង​រក​ការងារធ្វើនៅប្រទេសថៃ ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ។

វិសុទ្ធ ប្រាប់ថា៖ «មេខ្យល់បាននាំខ្ញុំឆ្លងអូរព្រំដែន រួចដើរកាត់តាមចំការដំឡូង ពោត ស្ទើរមួយ​យប់ទល់ភ្លឺ ទើបដល់ផ្លូវឡាន ហើយយើងជិះបន្តទៅកន្លែងធ្វើការផ្នែកថែសួននិងកាត់ដើម​ឈើ នៅខេត្តចាន់បូរី»

វិសុទ្ធ មានទីលំនៅភូមិកូនដំរី ឃុំកូបនិម្មិត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញពី​បទ​ពិសោធន៍រស់នៅនិងធ្វើការនៅប្រទេសថៃច្រើនឆ្នាំ ដែលត្រូវបានគេបញ្ជូនមកស្រុកវិញ។ លោកបានបន្ថែមថា គាត់ធ្វើការបានមួយថ្ងៃ៣៥០បាត ប៉ុន្តែមិនបានធ្វើរាល់ថ្ងៃនោះឡើយ ពេល​ខ្លះរត់គេចពីតម្រួតថៃខ្លះផង ពេលខ្លះថៅកែជួយបិទបាំងផង  ហើយពេលខ្លះកម្មករមាន​ឆ្លង​ជំងឺកូវីដ១៩ ក៏ផ្អាកធ្វើការមួយរយៈ ដូច្នេះធ្វើឱ្យគ្មានចំណូល។

លោកបញ្ជាក់ថា ដើម្បីចង់បានធ្វើការស្របច្បាប់ ខ្លួននិងពលករខ្មែរ៧នាក់ទៀតបានចំណាយ​លុយប្រមាណ៦ពាន់បាតទៅឱ្យគេរត់ការធ្វើប៉ាស័្ពរ តែមកទល់ពេលនេះមានរយៈ​បីឆ្នាំ​ហើយ​នៅតែមិនបានទៀត ដែលធ្វើឱ្យពួកគេធ្វើការទាំងមិនស្របច្បាប់ ប្រឈមគ្រប់បែប​យ៉ាង។

លោក វិសុទ្ធ បន្ថែមថា៖ «មន្រ្តីគេចុះមកខ្ញុំឱ្យគេ៦ពាន់បាតតែ៣ឆ្នាំហើយនៅតែមិនបានទៀត ណោះ​ហើយ! ខ្ញុំចាត់ទុកជាមោឃៈចុះ! ឥឡូវនេះខ្ញុំបានឱ្យថៅកែជួយធ្វើប៉ាស្ព័រឱ្យម្តង គេយក​៦ពាន់​បាត​ដែរ តែមិនទាន់បានទេ»

លោក វិសុទ្ធ បានបន្ថែមថា ក្នុងចំណោមពលករប្រមាណជាង៣០នាក់ដែលត្រូវបាន​អាជ្ញាធរ​​ថៃបញ្ជូនមកខ្មែរនេះ ខ្លះត្រូវបានចាប់បញ្ជូន ខ្លះមកដោយស្ម័គ្រចិត្ត។ ហើយពេល​ដែលតម្រួត​ថៃបញ្ជូន ត្រឡប់មកវិញនេះ ពលករម្នាក់ៗត្រូវចំណាយលុយប្រមាណ២ពាន់បាត​លើការ​ធ្វើ​ដំណើរ ទើបបានមកដល់ព្រំដែនខ្មែរ និងត្រូវចំណាយថ្លៃឡានតាស៊ីដែលចតចាំ​ដឹកពលករ​ស្រេចនៅមាត់អូរព្រំដែនក្នុងទីតាំងដែលសមត្ថកិច្ចខ្មែរឈរជើងអស់ប្រមាណជាង១ពាន់​បាត​ទៀត។

ពលករម្នាក់ទៀតដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកដែរ លោក លុយ ផល អាយុ៣២ឆ្នាំ រស់​នៅ​ភូមិព្រៃអង្គរ ឃុំអន្លង់សំណរ ខេត្តសៀមរាប បានឱ្យដឹងថាគាត់បានឆ្លងដែនទៅស្វែង​រក​ការងារសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់ពីរនាក់ប្តីប្រពន្ធអស់១ម៉ឺន២ពាន់បាត​(ប្រមាណ​ជាង៣០០ដុល្លារ) ក្នុងមួយជើងៗ។

លោក ផល បានបន្តថា នេះមិនមែន​ជាលើកទី១ទេដែលថៃបញ្ជូនមកស្រុកវិញ គឺបីបួនលើក​មកហើយ ក្នុងរយៈពេល​ច្រើន​ឆ្នាំ​មកនេះ  តែដោយសារជីវភាពនិងកង្វះការងារធ្វើក្នុងស្រុក គាត់និងប្រពន្ធនៅតែត្រឡប់ ទៅធ្វើការនៅប្រទេសថៃវិញតាមរយៈមេខ្យល់រាល់លើកដែរ។

លោក ផល ឱ្យដឹងថា៖ «លើកនេះ ខ្ញុំមានបញ្ហាគ្រួសារក៏រាយការណ៍​ទៅតម្រួតថៃគេក៏ចាប់​បញ្ជូន​មកជាមួយពលករខ្មែរផ្សេងទៀត ដោយចំណាយអស់៤ពាន់បាតទំរាំដល់ព្រំដែន និង ថ្លៃឡានជាង២ពាន់បាតទៀតបន្តដល់ផ្ទះ ហើយខ្ញុំនឹងត្រឡប់មកវិញម្តងទៀត​ពេលដោះ​ស្រាយ​គ្រួសារ​ហើយ»

លោក ផល បាននិយាយថា គាត់ចង់ធ្វើការតាមរយៈក្រុមហ៊ុនស្របច្បាប់ដែរតែគាត់ថាមិនចេះ​អក្សរ ណាមួយមិនដឹងទាក់ទងយ៉ាងម៉េច? ក៏ចេះតែនាំប្រពន្ធឆ្លងដែន​ខុសច្បាប់តាមរយៈ​មេ​ខ្យល់​​ទៅ។ លោក ផល បានរៀបរាប់ពីបទពិសោធន៍ច្រើនឆ្នាំដែលខ្លួនបានធ្វើការនៅថៃ​ គឺ​ស្រដៀង​គ្នានឹងពលករខាងលើដែរ ការធ្វើការខុសច្បាប់គឺមិនងាយស្រួលនោះទេ គឺប្រឈម​ច្រើន រត់គេចពីតម្រួតថៃញឹកញាប់ ពេលខ្លះថៅកែបានបង់លុយឱ្យតម្រួតថៃ ដើម្បីកុំឱ្យចាប់​ពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់នៅការដ្ឋានរបស់ខ្លួនក៏មាន។

 ពលករពីរនាក់ប្តីប្រពន្ធនេះបានបន្ថែមថា មុនត្រូវបានគេបញ្ជូនមកស្រុកវិញនេះ គាត់បានធ្វើ​បណ្ណស៊ីជំពូដែលមានសុពលភាព២ឆ្នាំ ត្រូវធ្វើបន្តម្តងអស់៣ពាន់បាតទៀត និងបានចំណាយ​លុយប្រមាណ១៥០០០បាត(ប្រមាណ៤០០ដុល្លារ) ឱ្យថៅកែថៃធ្វើប៉ាស្ព័រឱ្យដើម្បីបានធ្វើ​ការងារ​ស្របច្បាប់តែមិនទាន់បាននោះទេ។

ចំណែក សាន់នី អាយុ២៨ឆ្នាំ រស់នៅភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត​បាត់ដំបង ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញទាំងបីនាក់បងប្អូន ខណៈដែលពួកខ្លួន​ទើបតែឆ្លងដែនខុសច្បាប់ទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ បានត្រឹម១១ថ្ងៃប៉ុណ្ណោះ។ សាន់ នី និយាយថា ពួកគេស៊ូទ្រាំនឹងការងារក្នុងរោងចក្រសាច់មាន់ នៅប្រទេសថៃ​មិន​បាន​នោះទេ ដោយសារតែថៅកែបង្ខំឱ្យធ្វើការលើសកម្លាំងនិងលើសម៉ោង។

សាន់នី ថ្លែងថា៖ «ពួកខ្ញុំស៊ូទ្រាំមិនបានទេថៅកែថៃរោងចក្រសាច់មាន់នោះ គឺបង្ខំឱ្យធ្វើការ​លើសកម្លាំងនិងលើសម៉ោងច្រើន ទើបខ្ញុំសម្រេចចិត្តដើរឱ្យតម្រួតថៃចាប់បញ្ជូនមកខ្មែរវិញ»

សាន់នី បន្តថា ថៃបញ្ជូនមកព្រំដែនខ្មែរនេះពួកគេសល់លុយតែប៉ុន្មានបាតប៉ុណ្ណោះជាប់ខ្លួន មិនមានលុយជិះឡានទៅផ្ទះនោះទេ ដោយសារតែធ្វើការទើបតែបាន១១ថ្ងៃប៉ុណ្ណោះ មានតែ​ទូរសព្ទទៅម្តាយនៅផ្ទះដើម្បីផ្ញើលុយមកធ្វើសោហ៊ុយ បន្ថែមលើការចំណាយលើមេខ្យល់​ម្នាក់​៦ពាន់បាតដែលសុទ្ធជាប្រាក់ខ្ចីគេ។

ពលករខាងលើបានបន្ថែមថា ពួកគេចង់ទៅធ្វើការនៅប្រទេសថៃ តាមក្រុមហ៊ុនស្របច្បាប់ដែរ តែកន្លងទៅ ពួកគេបានដាក់ពាក្យទៅក្រុមហ៊ុនមួយចំណាយអស់៨ពាន់បាត ដោយក្រុមហ៊ុន ថាឱ្យចាំពីរខែទើបមានការងារធ្វើ។ ប៉ុន្តែដល់ពេលកំណត់ គេឱ្យចាំ២ខែបន្តទៀត ដោយ ចំណាយ​ពេលចាំយូរពេក ដេកស៊ីគ្មានចំណូល ទើបពួកគេសម្រេចចិត្តឆ្លងដែនខុសច្បាប់ តាម រយៈមេខ្យល់ដូច្នេះ។

ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកព្រំដែនគីឡូ១៣ ត្រូវបានត្រួតពិនិត្យ​ដោយសមត្ថកិច្ចកម្ពុជា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

លោកអនុសេនីយ៍ឯក ម៉ឹង ម៉េត នាយប៉ុស្តិ៍ការពារព្រំដែនគោកគីឡូ១៣ ខេត្តបាត់ដំបងបាន ឱ្យដឹងថា បច្ចុប្បន្ននេះពលករខ្មែរត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញតាមច្រកគីឡូ១៣​នេះមាន​ការធ្លាក់ចុះមួយថ្ងៃ១០ទៅ២០រឺ៣០នាក់ប៉ុណ្ណោះ បើប្រៀបធៀបមុនចូលឆ្នាំខ្មែរ​ថ្ងៃខ្លះ​៣០០​ទៅ​​​៤០០នាក់​ក៏មាន។

លោកទទួលស្គាល់ថា បច្ចុប្បន្ននេះក៏មានការលួចឆ្លងដែនខុសច្បាប់ខ្លះដែរ តែសមត្ថកិច្ច​ឈរ​ជើង​តាមព្រំដែនទាំងភាគីខ្មែរនិងថៃ តែងតែសហការរឹតបន្តឹងការឆ្លងដែនខុសច្បាប់នឹងបាន ឃាត់ខ្លួនមេខ្យល់បន្តបន្ទាប់ដែរ នាពេលកន្លងមក ចំណែកប្រជាពលរដ្ឋគ្រាន់តែអប់រំឱ្យទៅ​លំនៅដ្ឋានវិញ។

លោក ម៉ឹង ម៉េត បន្តថា៖ «យើងតែងតែជួបគ្នាជាមួយខាងថៃដែលឈរជើងតាមព្រំដែន កន្លង​មក ពលករឆ្លងដែនខុសច្បាប់ ភាគីថៃចាប់បានគេបញ្ជូនមកឱ្យខ្ញុំ គេមិនធ្វើបាបទេ តាមការ​ស្នើ​សុំរបស់យើង គឺមានការសហការគ្នាល្អ»

លោក ម៉ឹង ម៉េត ឱ្យដឹងថា គិតចាប់ពីខែឧសភាដល់ថ្ងៃទី៧ខែកក្កដា២០២២ មានពលករខ្មែរ ប្រមាណ១ ៣៥៥នាក់ក្នុងនោះស្រ្តី៥៣៦នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកតាមច្រកគីឡូ១៣ ដែលលោកឈរជើង។

ទោះបីយ៉ាងណាបើតាមលោក លឹង សុផុន មន្រ្តីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាក ស្រុក របស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃបានឱ្យដឹងថា បីបួនខែនេះពលករដែល​ចំណាកស្រុកតាមមេខ្យល់មានបញ្ហាច្រើនទាក់ទងស្វែងរកការងារ និងការធ្វើឯកសារការងារ ជាដើម ។

លោក សុផុន បន្ថែមទៀតថា៖ «ពួកគាត់ប្រឈមនឹងគេបោកប្រាស់ ប្រឈមនឹងធ្វើការ​ថៅកែមិនបើកប្រាក់ខែឱ្យ មិនធ្វើឯកសារឱ្យ ធ្វើការឱ្យគេហ្វ្រីៗ  ហើយថ្មីៗបងប្អូន​ពលករ​ទាក់ទងឱ្យអង្គការយើងជួយដោះស្រាយទាំងធ្វើឯកសារ ទាំងថៅកែមិនបើកលុយឱ្យ ទាំងគេបណ្តេញចេញពីរោងចក្រជាដើម»

លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានឱ្យដឹងថា ខាងមន្ទីរក៏មានការព្រួយបារម្ភច្រើន ចំពោះពលករដែលឆ្លងដែនទៅរកការងារនៅប្រទេសថៃ​ដោយខុសច្បាប់តាមរយៈមេខ្យល់ តាមបទពិសោធន៍កន្លងមក ពួកគាត់អាចប្រឈម​នឹងបញ្ហា​ច្រើន ។

លោកបន្ថែមថា៖ «ពួកគាត់ងាយនឹងចាញ់បោកគេ ដោយមិនមានឯកសារត្រឹមត្រូវតាមច្បាប់ មិនទទួលបានលក្ខខ័ណ្ឌការងារតាមច្បាប់   ប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម មិនទទួល​បានការថែទាំងសុខភាពពេលមានជំងឺ រឺគ្រោះថ្នាក់ការងារដោយសារមិនមានប័ណ្ណសង្គម​ដូចពលករស្របច្បាប់ជាដើម»

លោកបន្ថែមថា ពលករដែលឆ្លងដែនខុសច្បាប់ខ្លះ បើធ្វើការប៉ះចំថៅកែចិត្តធម៌ ពេលឈឺថ្កាត់ គេយកទៅព្យាបាលទៅ តែថៅកែខ្លះពេលឈឺគេឱ្យយើងឈប់  ហើយយើងដើរចេញទៅ ហើយ​ដើរ​តាមផ្លូវប្រឈមនឹងអាជ្ញាធរថៃចាប់អាចមានទោស រឺពិន័យនិង​ចាប់​បញ្ជូនមក​វិញ​ជា​ដើម។

លោក ដារ៉ា ថ្លែងថា៖ «ពលករអាចត្រូវគេជួញដូរកម្លាំងពលកម្មដោយមេខ្យល់យកដាក់​នៅ​ថៅកែហ្នឹង ហើយមេខ្យល់បើកប្រាក់ខែយកពីថៅកែជំនួសអស់ រឺមេខ្យល់ជាអ្នកកំណត់​ប្រាក់​ខែជំនួសថៅកែដូចអ្នកម៉ៅការ»

លោកបន្ថែមថា ថៅកែខ្លះឱ្យធ្វើការ ពីរបីខែបានបើក​លុយ​ឱ្យ ខ្លះកន្លះឆ្នាំ រឺមួយឆ្នាំអី តែពេលដល់ថ្ងៃបើកប្រាក់ខែ គេហៅប៉ូលិសមកចាប់ វាប្រឈមអត់​បាន​ប្រាក់ខែអញ្ចឹង!។

ទោះបីយ៉ាងណាលោក មាស ដារ៉ា បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលមានបញ្ហាកូវីដ១៩នេះ ខាងមន្ទីរការងារមិនបានទទួលពាក្យបណ្តឹងពីបញ្ហាប្រឈមចំពោះពលករខ្មែរដែលឆ្លងដែន​តាម​មេខ្យល់នៅឡើយទេ។ ប៉ុន្តែកន្លងទៅ មន្ទីរការងារធ្លាប់បានអន្តរគមន៍ជួយដល់ពលករ​ខ្មែរ​៦នាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទៅធ្វើការតាមរយៈមេខ្យល់ ត្រូវបានថៅកែថៃ​កេង​ប្រវ័ញ្ចកម្លាំងពលកម្មដោយមិនបើកប្រាក់ខែឱ្យ និងថែមទាំងរាយការណ៍​ឱ្យតម្រួតថៃ​ចាប់ខ្លួន​ទៀត។

លោក ដារ៉ា​ ឱ្យដឹងទៀតថា៖ «ពេលនោះយើងបានទាក់ទងទៅស្ថានកុងស៊ុលខ្មែរប្រចាំខេត្ត​ស្រះកែវ ឱ្យអន្តរាគមន៍ជួយពួកគាត់បានមកស្រុកវិញបាន»

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ លោកទទួលដំណឹងថាសមត្ថកិច្ចថៃមិនចាប់ខ្លួនពលករនោះទេ គឺគេដឹកបញ្ជូនពលករមកតាមសម្រួល បើបងប្អូនចង់មកស្រុកកំណើតវិញ រឺអត់ការងារធ្វើមិន អាចទ្រាំនៅបាន គេបញ្ជូនមកវិញ តែមិនពិនិត្យខុសច្បាប់រឺមិនខុសច្បាប់នោះទេ ខុសពី​ពេលមុន ។

លោក ដារ៉ា បន្ថែមថា មន្ទីរការងារតែងតែផ្សព្វផ្សាយពីការធ្វើចំណាកស្រុក ដោយសុវត្ថិភាព​តាម​មណ្ឌលទទួលពលករនៅស្រុកជាប់ព្រំដែនជាប្រចាំក្នុងមួយសប្តាហ៍ម្តង ហើយតែងតែ​តម្រង់​​ទិសដល់ពលរដ្ឋឆ្លងដែនទៅធ្វើការតាមរយៈទីភ្នាក់ងាររើសពលករ​ស្របច្បាប់ មិនលើក​ទឹក​ចិត្ត​ចំណាកស្រុកដោយខ្លួនឯង រឺតាមរយៈមេខ្យល់នោះទេ។

លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ដោយសារតែយើងមានចុះ MOU រវាងប្រទេសនិងប្រទេសជាមួយគ្នា និង ក្រុមហ៊ុនទទួលពលករ និងក្រុមហ៊ុនបញ្ជូនពលករស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរ ការងារ​និងក្រសួងការងារ។

លោកបន្ថែមថា៖ «ក្រុមហ៊ុនមានកាតព្វកិច្ចរៀបចំមានឯកសារត្រឹមត្រូវ  មានឯកសារធ្វើដំណើរ (ប៉ាស្ព័រ ) លិខិតអនុញ្ញាតធ្វើការ   មានកិច្ចសន្យាការងារត្រឹមត្រូវជាមួយក្រុមហ៊ុនទទួលពលករ  គោរពសិទ្ធកម្មករ ដែលយើងបញ្ជូនទៅ ដូចពលរដ្ឋរបស់ខ្លួនក្នុងប្រទេសដែរ»។ លោក ដារ៉ា បន្ថែមថា៖ «ពលករទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងទៀត និងមានយន្តការ​ជាច្រើនក្នុងការដោះស្រាយបញ្ហានានា គឺពលករមានសិទ្ធិប្តឹងមកក្រុមហ៊ុន បើក្រុមហ៊ុន​ដោះ​ស្រាយមិនបាន  ប្តឹងមកមន្ទីរការងារទៀត ដើម្បីកាន់តែមានប្រសិទ្ធភាព»

តាមរបាយការណ៍មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានឱ្យដឹងថា គិត​ចាប់​តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មកដល់ត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ មាន​ពលករ​ខ្មែរដែលអាជ្ញាធរថៃបញ្ជូន មកតាមច្រកព្រំដែននានាក្នុងខេត្តបាត់ដំបងចំនួន៤៣ ០១៨នាក់ ក្នុងនោះស្រ្តី១៩ ៥២៦នាក់ និងក្មេង៥៥២៣នាក់ ព្រមទាំងធ្វើការឃាត់​ខ្លួន​ពលករ​៦៩នាក់ ដែលឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ក្នុងនោះមានស្រី២៨នាក់ ក្មេង១០នាក់។ បន្ថែមពី​នោះ​មានពលករខ្មែរចេញទៅធ្វើការនៅប្រទេសថៃ តាមរដូវកាលនៅខេត្តចាន់បូរី​ប្រទេសថៃ ចំនួន៧៣៨០នាក់ ក្នុងនោះស្រ្តី៣០៩៥នាក់ និងក្មេង៧០២នាក់៕

618 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម