និស្សិតដែលមានពិការភាពនៅតែប្រឈមនឹងការលំបាកផ្សេងៗនៅតាមសាកលវិទ្យាល័យឯកជន ដែលនៅមិនទាន់អាចបំពេញតម្រូវការចាំបាច់សម្រាប់ពួកគេបាន ខណៈកម្ពុជានៅមិនទាន់មានមហាវិទ្យាល័យឯកទេសណាមួយសម្រាប់សិស្សមានពិការភាពនៅឡើយ ទោះបីជាផែនការយុទ្ធសាស្រ្តជាតិរបស់រដ្ឋាភិបាល បានបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់សិស្សមានពិការភាពអាចចូលរៀនបានក៏ដោយ។
លោក ម៉ី ពន្លក វ័យ ២៥ឆ្នាំ ជានិស្សិតឆ្នាំទី២ រៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ហើយរូបលោកពិការភ្នែកតាំងពីកំណើត។ លោកប្រាប់ខេមបូចា ថា រាល់ថ្ងៃលោកជួបការលំបាកគ្រប់បែបយ៉ាង តាំងការធ្វើដំណើរចូលទៅថ្នាក់រៀន និងការរៀនសូត្រជាដើម ដោយសារខ្វះខាតឯកសារអានដែលជាប្រភេទអក្សរស្ទាប។
លោកបន្ថែមថា នៅសាកលវិទ្យាល័យមិនមានឯកសារស្រាវជ្រាវសម្រាប់សិស្សពិបាកភ្នែកទេ ហើយនិស្សិតត្រូវស្នើសុំសៀវភៅផ្សេងៗដើម្បីផ្ញើទៅកាន់វិទ្យាស្ថានជាតិអប់រំពិសេសជួយរៀបចំជាអក្សរស្ទាប ហើយថាដំណើរការនេះត្រូវស៊ីពេលរាប់សប្ដាហ៍ឯណោះ។
លោកបញ្ជាក់ថា៖ «សាកលវិទ្យាល័យមិនមានឯកសារជាអក្សរស្ទាបទេ។ ដូចនេះបើសិនជាខ្ញុំចង់អានសៀវភៅ ខ្ញុំត្រូវតែយកវាទៅឲ្យគេរៀបចំជាអក្សរស្ទាប។ ការយកសៀរភៅទៅធ្វើជាអក្សរសម្រាប់ជនពិការត្រូវចំណាយពេល និងធ្វើឲ្យការសិក្សារបស់ពួកយើងយឺតយ៉ាវ»។ លោកបន្តថា៖ «ពេលខ្លះប្រឡងពាក់កណ្ដាលឆមាសចប់ហើយ ទើបខ្ញុំបានសៀវភៅមកអាន»។
នៅក្នុងថ្នាក់លោកថាសិស្សពិការភ្នែកអាចបានត្រឹមតែស្ដាប់។ លោកពន្យល់ថា៖ «ការរៀនរបស់យើងខុសពីសិស្សផ្សេងទៀត ហើយការអានរបស់យើងយឺតជាងគេ… ពួកគេប្រើទាំងភ្នែក និងត្រចៀក ប៉ុន្តែយើងប្រើតែត្រចៀក»។
លោកថា ការសាកសួរទៅកាន់គ្រូប្រចាំថ្ងៃក៏ពិបាកដែរ។
លោកបន្តថា៖ «ខ្ញុំចង់ឲ្យភាគីពាក់ព័ន្ធជួយដល់ការចំណាយប្រចាំថ្ងៃ និងមធ្យោបាយធ្វើដំណើរ ពីព្រោះយើងមិនអាចធ្វើដំណើរទៅណាបានដោយខ្លួនឯង ហើយត្រូវពឹងពាក់អ្នកផ្សេងដើម្បីជូន ឬត្រូវហៅកង់បីជិះ តែវាចំណាយច្រើនណាស់»។
ពន្លកជានិស្សិតម្នាក់មកពីគ្រួសារក្រីក្រមួយ និងបានទទួលអាហារូបករណ៍១០០ភាគរយ សម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ យ៉ាងណា អាហារូបករណ៍នេះបានត្រឹមតែថ្លៃសិក្សាប៉ុណ្ណោះ មិនបានគ្របដណ្ដប់លើថ្លៃរស់នៅនោះទេ។ ដូចនេះហើយ លោកត្រូវរស់នៅជាមួយក្រុមនិស្សិតជាង ៣០នាក់នៅភ្នំពេញ ហើយនិស្សិតម្នាក់ៗត្រូវចូលគ្នាម្នាក់ ១០ដុល្លារក្នុងមួយខែសម្រាប់រាប់រងការចំណាយប្រចាំថ្ងៃ។
យ៉ាងណាលោកថា លោកដឹងថាការសិក្សាពិតជាមានសារៈសំខាន់ណាស់ ទោះបីជាអាចពិបាកក្នុងការស្វែងរកការងារក្រោយរៀនចំក៏ដោយ។
លោកបន្ថែមថា៖ «ទោះបីជាយើងមានបរិញ្ញាបត្រ ហើយមានអត្រាទទួលបានការងារទាបក៏ដោយ យើងក៏នៅតែអាចចែករំលែកចំណេះដឹងជាមួយសហគមន៍ និងអប់រំខ្លួនឯង»។
លោក សូ សៀមសុខឃីម វ័យ ២៥ឆ្នាំ ជានិស្សិតពិការភ្នែកម្នាក់ទៀតដែលបានសិក្សាមុខវិជ្ជាទំនាក់ទំនងអន្តរជាតិដែរនោះ បានលើកឡើងថា លោកក៏មិនខុសពីលោក ពន្លក នោះទេ។ លោកថា លោកមានបញ្ហាប្រឈមបីធំៗ គឺការធ្វើដំណើរ ការរៀនក្នុងថ្នាក់ និងការប្រឡង។
លោកបន្ថែមថា៖ «ពេលយើងចាប់ផ្ដើមចូលរៀនមហាវិទ្យាល័យ ពេលនោះមិនមានសៀវភៅសម្រាប់ជនមានពិការភាពដូចពេលយើងនៅរៀននៅថ្នាក់អប់រំពិសេសនៅថ្នាក់វិទ្យាល័យ និងបឋមសិក្សានោះទេ»។ លោកបន្តថា៖ «ទោះបីជាយើងបានប្រើបច្ចេកវិទ្យាសម្រាប់ជំនួយដល់ការសិក្សា តែវាមិនមានប្រសិទ្ធភាព ១០០ភាគរយទេ»។
លោកឲ្យដឹងដែរថា យ៉ាងណាពេលប្រឡងគ្រូអនុញ្ញាតឲ្យប្រឡងផ្ទាល់មាត់។
ដូចទៅនឹងពន្លកដែរ លោកបារម្ភពីរឿងការងារក្រោយបញ្ចប់ការសិក្សា ដោយជឿថាក្រោយបញ្ចប់ការសិក្សានឹងពិបាករកការងារធ្វើ។
លោកលើកឡើងថា៖ «មនុស្សមានពិការភាពត្រូវបានលើកទឹកចិត្ត ប៉ុន្តែមនុស្សពិការភ្នែក និងគថ្លង់មានចំនួនតិចតួចប៉ុណ្ណោះបានធ្វើការនៅតាមស្ថាប័នរដ្ឋ ឬឯកជន»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថានិស្សិតមានពិការភាពនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកំចាយមារ បានទទួលថវិកា ៥០ដុល្លារក្នុងមួយខែពីសាកលវិទ្យាល័យ ហើយសម្រាប់និស្សិតស្រីបានទទួលកន្លែងស្នាក់នៅដោយមិនគិតថ្លៃ។ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានផ្ដល់ថវិកា ១០ដុល្លារក្នុងមួយខែសម្រាប់និស្សិតម្នាក់ៗផងដែរ។
បើតាមលោក រស់ សុវាចា បច្ចុប្បន្នមាននិស្សិតចំនួន ៤៣នាក់ដែលមានពិការភាព ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនោះមាននិស្សិតស្រីចំនួន ១៣នាក់ ហើយថាកាលពីឆ្នាំទៅនិស្សិតមានពិការភាពចំនួនប្រាំបីនាក់បានបញ្ចប់ការសិក្សា។ លោកបន្តថាក្រសួង ក៏បានជួយរកការងារដល់និស្សិតបញ្ចប់ការសិក្សានោះផងដែរ។
លោកបន្ថែមថា៖ «ក្រសួងបានស្នើជាគោលនយោបាយសម្រាប់និស្សិតមានពិការភាពនេះដែលថា ៧០ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាមានការងារធ្វើជាគ្រូសម្រាប់សិស្សមានពិការភាព ១៥ភាគរយធ្វើការនៅតាមអង្គការដៃគូអភិវឌ្ឍន៍ និង១៥ភាគរយទៀតធ្វើការនៅតាមក្រសួង និងស្ថាប័នរដ្ឋាភិបាល»។
លោកបន្តទៀតថា ដើម្បីជួយដល់សិស្សមានពិការភាពឲ្យបានសិក្សានៅតាមមហាវិទ្យាល័យ ក្រសួងនឹងខិតខំជួយរកវិធីកាត់បន្ថយការចំណាយលើឯកសារចាំបាច់ និងសម្ភារៈសិក្សាផ្សេងៗទៀតដែលពួកគេត្រូវការ។
លោក ឈរ ប៊ុណ្ណារដ្ឋ ប្រធានកម្មវិធី អង្គការជនពិការកម្ពុជា ហៅកាត់ថា CDPO មានប្រសាសន៍ថា ជនពិការភ្នែកជួបបញ្ហាលំបាកជាងគេពេលរៀននៅមហាវិទ្យាល័យ ពីព្រោះថាសាកលវិទ្យាល័យឯកជនហាក់មិនសូវយកចិត្តទុកដាក់លើពួកគេប៉ុន្មានទេ ពិសេសលើឯកសារអាន។ គ្រូនៅសាកលវិទ្យាល័យក៏មិនមានការបណ្ដុះបណ្ដាលពីរបៀបបង្រៀនសិស្សមានពិការភាពនេះដែរ។
លោកបន្តថា៖ «មានគ្រូតិចតួចណាស់បានទទួលការបណ្ដុះបណ្ដាលលើរបៀបបង្រៀនសិស្សពិការភ្នែក។ សាកលវិទ្យាល័យមិនបានគិតដល់សិស្សពិការភ្នែកដែលត្រូវចូលរៀននៅមហាវិទ្យាល័យនោះទេ»។
លោកបន្ថែមថា អង្គការ CDPO តែងតែស្នើទៅរដ្ឋាភិបាល និងទីភ្នាក់ងារជាតិមុខរបរ និងការងារឲ្យជួយដល់ជនមានពិការភាព ដែលបានទទួលការអប់រំ និងមានជំនាញឲ្យបានការងារធ្វើ។
លោកឲ្យដឹងទៀតថា ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច កំពុងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តជួយដល់ជនមានពិការភាពអាចទទួលបានកម្រិតអប់រំដូចទៅនឹងអ្នកដែលគ្មានពិការភាពដែរ។
លោកបន្តទៀតថា៖ «យើងមានច្បាប់រួចហើយដែលជួយដល់ជនពិការភ្នែកឲ្យទទួលបានការអប់រំដូចទៅនឹងអ្នកមិនពិការដែរ។ យើងមានច្បាប់នេះ ហើយយើងត្រូវតែរុញច្បាប់នេះឲ្យនេះឱ្យដំណើរការ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian universities are failing students with disabilities