សារព័ត៌មានខេមបូចា បានទទួលរង្វាន់អ្នកសារព័ត៌មាន Anthony Lewis នៃគម្រោងយុត្តិធម៌ពិភពលោក (WJP) ដោយទទួលស្គាល់ការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងការផ្សាយប្រចាំថ្ងៃអំពីបញ្ហាដែលប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជា។
ក្នុងនាមជាអង្គភាពព័ត៌មានឯករាជ្យចុងក្រោយបង្អស់ សារព័ត៌មានខេមបូចា ត្រូវបានគេទទួលស្គាល់សម្រាប់ការផ្សាយអំពីយុត្តិធម៌សង្គម សិទ្ធិការងារ ការបង្រ្កាបលើមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម អំពើពុករលួយ និងការធ្លាក់ចុះក្នុងការអនុវត្តច្បាប់ ដែលផ្តល់ការរិះគន់ និងភាពមិនលំអៀងសម្រាប់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ ដែលស្ថិតក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលរឹតត្បិតកាន់តែខ្លាំង។
នេះជាពានរង្វាន់សារព័ត៌មានអន្តរជាតិដ៏ធំដំបូងគេ ដែល សារព័ត៌មានខេមបូចា ទទួលបាន។ នៅឆ្នាំ២០២០ ផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ត្រូវបានចាត់បញ្ចូលសម្រាប់ពានរង្វាន់សេរីភាពសារព័ត៌មាននៃអង្គភាពអ្នកកាសែតគ្មានព្រំដែន។
សារព័ត៌មានខេមបូចា គឺជាផ្នែកមួយនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីការពារសេរីភាពសារព័ត៌មាន និងលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។
រង្វាន់នេះត្រូវបានដាក់ឈ្មោះសម្រាប់អ្នកយកព័ត៌មានផ្នែកច្បាប់ដែលឈ្នះរង្វាន់ Pulitzer Prize គឺ Anthony Lewis ដែលជាតំណាងនៃគម្រោងយុត្តិធម៌ពិភពលោក (WJP) ដែលជាអង្គការស្រាវជ្រាវសង្គម និងពិភពលោក ដែលលើកកម្ពស់នីតិរដ្ឋ។ ពានរង្វាន់នេះផ្តល់កិត្តិយសដល់ «ការងារ និងភាពក្លាហាននៃសារព័ត៌មាន ដែលពង្រឹងគណនេយ្យភាព និងជំរុញការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ»។
នៅក្នុងសន្ទស្សន៍នីតិរដ្ឋជាសកលរបស់គម្រោងយុត្តិធម៌ពិភពលោក ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោមប្រទេសចំនួន១៤២ ដែលជាទីតាំងដែលខ្លួនបានធ្វើឡើងស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីសន្ទស្សន៍នេះត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៥ ដែលឆ្លុះបញ្ចាំងពីបញ្ហានីតិរដ្ឋដ៏ស៊ីជម្រៅ និងជាប់លាប់។
ក្នុងចំណោមការងារលេចធ្លោដែលបានលើកឡើង គឺការស៊ើបអង្កេតរបស់ សារព័ត៌មានខេមបូចា ដែលបានលាតត្រដាងការប្រឹងប្រែងជាក់ស្តែងដោយអ្នកនយោបាយជាន់ខ្ពស់ដើម្បីគេចពីទណ្ឌកម្ម។ រឿងនេះបានចោទជាសំណួរអំពីការអនុលោមតាមការដាក់ទណ្ឌកម្មដោយក្រុមហ៊ុនបរទេសដែលប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទំហំនៃការការពាររបស់រដ្ឋសម្រាប់ឧកញ៉ាដ៏មានឥទ្ធិពលដែលភ្ជាប់ទៅនឹងបណ្តាញឧក្រិដ្ឋកម្ម។
គម្រោងយុត្តិធម៌ពិភពលោក ក៏បានគូសបញ្ជាក់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែរបស់បន្ទប់ផ្សព្វផ្សាយព័ត៌មាន ក្នុងការគ្រប់គ្រងរបស់ប៉ូលិសក្នុងប្រតិបត្តិការបោកប្រាស់។ ការស៊ើបអង្កេតនោះបានបង្ហាញឱ្យឃើញពីរបៀបដែលជនរងគ្រោះនៃការជួញដូរមនុស្សដែលមានសក្តានុពលជាង ១០០០នាក់ បានបាត់បង់គណនី បន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសលើមជ្ឈមណ្ឌលបោកប្រាស់ ដោយគូសបញ្ជាក់ពីគំរូនៃការធ្វេសប្រហែស។
សារព័ត៌មានខេមបូចា បានលើកឡើងថា ខ្លួនពិតជាមានកិត្តិយសចំពោះការទទួលស្គាល់នេះ និងមានមោទនភាពដែលមានការយកចិត្តទុកដាក់លើការងាររបស់ខ្លួនជាមួយនឹងអ្នកសារព័ត៌មានឆ្នើម និងបន្ទប់ផ្សព្វផ្សាយព័ត៌មានផ្សេងទៀត។ iStories Media ដែលជាម្ចាស់ជ័យលាភីរងក្នុងឆ្នាំនេះ គឺជាក្រុមហ៊ុនឯករាជ្យរបស់រុស្ស៊ីដែលកំពុងប្រតិបត្តិការនិរទេសខ្លួន និងផ្តល់ការរាយការណ៍អំពីគណនេយ្យភាពលើការរំលោភបំពានដែលទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោក ឆន ចាន់ស៊ី ប្រធានផ្នែកព័ត៌មាននៃសារព័ត៌មានខេមបូចា បានមានប្រសាសន៍ថា៖ «សូមអរគុណដល់ WJP ដែលបានទទួលស្គាល់នូវតម្លៃនៃការរាយការណ៍របស់យើង។ វាពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ក្រុមរបស់យើង»។ លោកបន្តថា៖ «យើងនឹងបន្តរាយការណ៍ព័ត៌មានដោយមិនមានការរាថយ»។
លោក Coby Hobbs ការីនិពន្ធនៃសារព័ត៌មានខេមបូចា បានថ្លែងថា៖ «ខ្ញុំពិតជារំភើប និងមានមោទនភាពមិនគួរឱ្យជឿចំពោះក្រុមរបស់យើង»។ លោកបន្តថា៖ «ដោយសារការគំរាមកំហែងជាបន្តបន្ទាប់ប្រឆាំងនឹងអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងស្ថានភាពសេរីភាពសារព័ត៌មាន នេះជាតម្រូវការចាំបាច់នៃភាពវិជ្ជមានសម្រាប់វិស័យនេះ»។
ខេមបូចា នៅតែប្តេជ្ញាក្នុងការផ្តល់នូវសារព័ត៌មានឯករាជ្យ និងម៉ត់ចត់នៅកម្ពុជា។ ក្រុមអ្នកសារព័ត៌មានខេមបូចា បានឱ្យដឹងថា ការងារនោះអាចធ្វើទៅបានដោយការបន្តគាំទ្ររបស់អ្នកអាន និងម្ចាស់ជំនួយរបស់យើង។
*សម្រាប់ការសាកសួរព័ត៌មានទាក់ទងនឹងការទទួលរង្វាន់ Anthony Lewis របស់ សារព័ត៌មានខេមបូចា សូមទាក់ទងនាយកផ្នែកព័ត៌មាន លោក ឆន ចាន់ស៊ី តាមរយៈលេខទូរសព្ទ៖ +855 17 908 849 ឬ editor@cambojanews.com៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News Wins Anthony Lewis Prize for Exceptional Rule of Law Journalism