កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំងដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែមកនេះ ស្នើឱ្យក្រសួងការងារដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។
កម្មករម្នាក់ផ្នែកពិនិត្យខោអាវ លោក សារឿន ចាន់ឃិន អាយុ៣៦ឆ្នាំ ដែលដេកយាមមុខរោងចក្រជារៀងរាល់យប់លើកឡើងថា រាល់ថ្ងៃនេះលោកសង្ឃឹមថា ក្រសួងការងារនឹងស្វែងរកថៅកែរោងចក្រដែលរត់ចោលកម្មករទៅបើករោងចក្រផ្សេងនោះឱ្យមកដោះស្រាយជាមួយកម្មករ ហើយលោកក៏ព្រួយបារម្ភដែរថាអាចនឹងមាននរណាម្នាក់ជួលមនុស្សឱ្យធ្វើបាបលោកនៅពេលដេកយប់ឡើង។
លោក ចាន់ឃិន បន្តថា កម្មករដេកយាមមុខរោងចក្រចន្លោះពី១០ទៅ១២នាក់បាត់ទូរសព្ទ ចំនួនពីរគ្រឿងនិងកាបូបលុយមួយដែលដាក់លើក្បាលដំណេក។
កម្មករធ្វើការអស់រយៈពេល៧ឆ្នាំរូបនេះ និយាយថា៖«មានសង្ឃឹម[បានពីរចំណុច]លុះត្រាតែមន្ត្រីក្រសួងគាត់វែកមុខពួកថៅកែ»។ លោក បន្ថែមថា៖ «ខ្លាចជនមិនស្គាល់មុខគេជួលអីយប់ឡើងសម្រាន្តលក់អត់ដឹង»។
លោក ចាន់ឃិន ឱ្យដឹងទៀតថា ជារៀងរាល់យប់សំឡេងឡានធំៗបើកតាមផ្លូវលាន់ឮខ្លាំងរំខានដល់ដំណេកកម្មករដែលដេកយាមខាងមុខរោងចក្រ។ លោកបន្តលើកឡើងពីផលពិបាកថា រាល់យប់នៅពេលមានភ្លៀងធ្លាក់ម្ដងៗតង់ធ្លុះធ្លាយសាចទឹក បណ្ដាលឱ្យកម្មករពុំអាចដេកបានឡើយ។
លោក ចាន់ឃិន បញ្ជាក់ថា៖ «ជួបបញ្ហាធំបំផុតគឺទឹកលិចសើមមុងសើមភួយទាំងអស់ ដេកមិនបានយប់ឡើង អង្គុយទាល់ៗភ្លឺ តង់យើងធ្លុះធ្លាយអស់។ ទឹកលិចចាល់ពីក្នុងរោងចក្រអីផង ស្មើនឹងអាគ្រែយើងដេក។ លោក បន្ថែមថា៖ «ឈឺជាធម្មតាត្រូវទឹកភ្លៀង ផ្ដាសាយអី កត្តាដែលយើងខ្លាំងបំផុតគឺអត់បានដេក អត់ងងុយរឹតតែឈឺហ្មង»។
កម្មករស្រីម្នាក់ទៀតផ្នែកតុកាត់ អ្នកស្រី ឆុន ស្រីម៉ាប់ អាយុ៣៣ឆ្នាំ ដែលអង្គុយយាមនៅមុខរោងចក្រតាំងពីព្រឹករហូតដល់ល្ងាចនិងជាអ្នកធ្វើម្ហូបដាំបាយឱ្យកម្មករដេកយាម ប្រាប់ថា រាល់ថ្ងៃត្រូវចំណាយប្រាក់៦ម៉ឺនរៀលសម្រាប់ម្ហូបក្នុងមួយថ្ងៃ ដោយប្រាក់ទាំងនោះបានមកពីការរៃអង្គាសគ្នា។
អ្នកស្រី ស្រីម៉ាប់ បន្តថា អាហារថ្ងៃត្រង់និងល្ងាចចំណាយមួយពេល៣ម៉ឺនរៀល និងអាហារពេលព្រឹកក្រុមកម្មករអាចរកអ្វីហូបដោយខ្លួនឯង ខណៈអង្ករដាំ២គីឡូកន្លះក្នុងមួយថ្ងៃ។
កម្មករធ្វើការ១២ឆ្នាំនៅរោងចក្រឃែនធើរេនរូបនេះ ឱ្យដឹងថា គាត់ទទួលបានប្រាក់៨០០ដុល្លារ ពីការផ្ដល់សំណងបីចំណុចរបស់ក្រសួងការងារ ខណៈគាត់គិតថាបើបន្ថែមពីរចំណុចទៀតប្រហែលបាន៣ពាន់ដុល្លារ។
អ្នកស្រី ស្រីម៉ាប់ ដែលឱ្យកូនអាយុ៦ឆ្នាំឈប់រៀនពីសាលាឯកជន ដោយប្ដូរទៅសាលារដ្ឋវិញ លើកឡើងពីបញ្ហាថវិកាអំឡុងពេលយាមមុខរោងចក្រ ដោយសារពុំមានការងារធ្វើ ខណៈអ្នកស្រីថា នឹងនៅយាមមុខរោងចក្ររហូតទាល់តែមានដំណោះស្រាយ។
អ្នកស្រី ស្រីម៉ាប់ និយាយថា៖ «ប៉ះពាល់ខ្លាំងជាងគេគឺថវិកា ព្រោះយើងត្រូវការបង់បន្ទប់ជួល ធនាគា ទឹកដោះគោកូន សាលាកូន បង់ថ្លៃទឹកភ្លើង។ កាលខ្ញុំនៅធ្វើការអាអស់ហ្នឹងខ្ញុំអ្នករាប់រង លូវយើងខ្ចីគេហែៗរហូត»។
អ្នកស្រីបន្ថែមថា៖ «បញ្ឈប់ពីសាលាឯកជនទៅសាលារដ្ឋ បីខែហ្នឹងកាត់ចូលសាលារដ្ឋ ឯកជនសាលាមីគីវ៉េ ថ្នាក់មត្តេយ្យ៣៣ដុល្លារ រៀនរដ្ឋអត់អស់លុយទេ»។
កម្មករោងចក្រឃែនធើរេនដែលភាគច្រើនជាកម្មករវ័យចាស់ដែលធ្វើការអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើការតវ៉ានិងដេកយាមខាងមុខរោងចក្រចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីថៅកែរត់ចោល។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានការណែនាំពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រសួងការងារ បានចេញសេចក្ដីជូនដំណឹងមួយដល់កម្មកររោងចក្រឃែនធើរេន ទាក់ទិននឹងការដោះស្រាយបីចំណុច ក្រោយថៅកែរត់ចោល ដោយប្រើថវិកាបុរេប្រទានរបស់រដ្ឋាភិបាលដែលមានដូចជា ១-ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ២-ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣-ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។
ទោះជាយ៉ាងណាបើតាមក្រុមកម្មករ ពួកគេតវ៉ាទាមទារចំនួន៥ចំណុច ដោយពីរចំណុចមិនទាន់ទទួលបាននោះរួមមាន ប្រាក់ជូនដំណឹងជាមុន និងប្រាក់សងជំងឺចិត្ត ហើយពួកគេចាត់ទុកថាបានខាតបង់យ៉ាងធ្ងន់ធ្ងរប្រសិនបើបាត់ពីរចំណុចនេះ។
យោងតាមច្បាប់ស្ដីពីការងារ មានត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទារសងសោហ៊ុយជម្ងឺចិត្តបាន។
មាត្រានេះបានគូសបញ្ជាក់ថា សោហ៊ុយជម្ងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹងប្រាក់បំណាច់ទូទៅជួសការឱ្យដំណឹងមុនឬជាមួយនឹងប្រាក់បំណាច់បណ្ដេញចេញទេ។
កម្មករនិយោជិតអាចទាមទារប្រាក់បំណាច់បើកផ្ដាច់មួយ ដែលមានចំនួនស្មើនឹងប្រាក់បំណាច់បណ្ដេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ចដែលត្រូវផ្ដល់ភ័ស្ដុតាងបញ្ជាក់ពីការខូចខាតរបស់ខ្លួន។
ចំណែកមាត្រា៧៧ ឱ្យដឹងទៀតថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោកជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ដល់ កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួល ហើយនិងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។
អ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរេន ថ្លែងថា ក្រុមកម្មករប្រមាណ១៥០នាក់នៅបន្តតាមទាមទារពីរចំណុចបន្ថែមទៀតពីថៅកែដោយធ្វើការដេកយាមនៅខាងមុខរោងចក្រ។
អ្នកស្រី សុផា បន្ថែមថា រាល់ថ្ងៃកម្មករប្រមូលថវិកាដោយស្ម័គ្រចិត្តដើម្បីឧបត្ថម្ភដល់អ្នកដេកយាមយប់។
អ្នកស្រី និយាយថា៖ «ពួកខ្ញុំធ្វើការ២០ឆ្នាំ អត្ថប្រយោជន៍បានប៉ុណ្ណឹងវាខាតខ្លាំងបីចំណុច វាខាតសឹងពាក់កណ្ដាល ហើយពួកខ្ញុំតស៊ូ ខ្ញុំធ្វើការឱ្យរោងចក្រនេះ២០ឆ្នាំជាងហើយ ចឹងការចំណេញរោងចក្រនេះវាច្រើន។ [កម្មករ]ពួកគាត់ខ្លះក៏មិនបានទៅធ្វើការ ខ្លះធ្វើការយកប្រាក់ខែហ្នឹង ឧបមា៥ទៅ៦ដុល្លារទៅ[ក្នុងមួយខែ] ដើម្បីឧបត្ថម្ភអ្នកដេកយប់ដែលគាត់អត់ទៅរកការងារធ្វើ»។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ឃើញថា នេះគឺជាសិទ្ធិរបស់កម្មករក្នុងការទាមទារឱ្យថៅកែរោងចក្រដែលបិទទ្វារទុកកម្មករចោលឱ្យដោះស្រាយ។
លោក ស៊ីណា ថ្លែងថា៖«ខ្ញុំគិតថាពួកគាត់អាចនឹងមានការដង្ហែក្បូនឬតវ៉ាបន្ថែមទៀតជាមួយផ្ទះសម្ដេចអីមិនដឹង ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេច ព្រោះពួកគាត់មិននៅស្ងៀមទេ»។
ក្រុមកម្មករតវ៉ាដែលមានគ្នាសរុបជាង៣០០នាក់ ត្រូវបែកជាពីរក្រុម ដោយមួយក្រុមធ្វើការតវ៉ាដេកយាមមុខរោងចក្រ និងមួយក្រុមទៀតដាក់លិខិតទាមទារទុកនៅក្រសួងការងារឱ្យជួយដោះស្រាយ។
កម្មករនីម្នាក់ដែលពុំចូលរួមតវ៉ាដោយដេកយាមមុខរោងចក្រ អ្នកស្រី នៅ ហាន លើកឡើងថា ក្រុមកម្មករអ្នកស្រីដែលមានគ្នាជាង១០០នាក់ ក៏មានបំណងក្នុងការដេកយាមមុខរោងចក្រប៉ុន្តែមិនដឹងថាតវ៉ាជាមួយអ្នកណា ព្រោះថៅកែមិនព្រមចេញមុខដោះស្រាយ។
កម្មករវ័យ៥២ឆ្នាំរូបនេះ និយាយថា៖«យើងនៅធ្វើទៀតតែយើងយកពាក្យដាក់នៅក្រសួងហើយៗ ដាក់ពាក្យសូមក្រសួងសុំអី(ក្រសួង)គាត់ថានឹងដោះស្រាយឱ្យ គាត់នឹងរកមើលថៅកែឱ្យ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើកឡើងថា វិវាទការងារនេះអាចនឹងដោះស្រាយចប់យ៉ាងឆាប់រហ័ស ក្រោយមានការណែនាំពីលោកនាយករដ្ឋមន្រ្តីហ៊ុនសែន។
លោក ធន់ និយាយថា៖« ដូចជាមិនមានឧបសគ្គអីទៀតទេដោយថាខាងនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងដោះស្រាយ។ ខ្ញុំគិតថាវាកាន់តែលឿនហើយព្រោះកន្លងមក មានការយឺតយ៉ាវដោយសារខាងក្រសួងចេះតែនីតិវិធីនេះនិតិវិធីនោះអាចនឹងវែងឥលូវដូចជាមិនមានអីយូរទៀតទេតាមមើល»។
ក្រៅពីការដាក់ញត្តិតាមស្ថាប័នរដ្ឋនានា ក្រុមកម្មករទាំងនោះក៏បានដើរដាក់ញត្តិតាមបណ្ដាស្ថានទូតបរទេសមួយចំនួនប្រចាំប្រទេសកម្ពុជាផងដែរ។
យោងតាមលិខិតរបស់កម្មករសុំអន្តរាគមន៍ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា ក្រុមកម្មករស្នើឱ្យអន្តរាគមន៍ទៅកាន់ក្រុមហ៊ុនបញ្ជាទិញ Wai-Mart និង Primark ឱ្យចូលរួមទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករឱ្យស្របតាមច្បាប់ស្ដីពីការងារ។
ចំណែកលិខិតរបស់កម្មករសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានឱ្យដឹងថា ជនជាតិមាឡេស៊ី ឈ្មោះ Yap Fung Kong ជាថៅកែរោងចក្រឃែនធើរេន ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រត់ចោលកម្មករចំនួន៣២០នាក់ដែលមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់។
ដោយឡែក ប្រធានរដ្ឋបាលរោងចក្រលោក Chhoong Weipiau បានលាឈប់នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ទាំងមិនទាន់ទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ស្ដីពីការងារជូនកម្មករនៅឡើយ។
ប្រភពដដែលបន្តថា ក្រុមហ៊ុនកាត់ដេរឃែនធើរេន អឹភែរឹល និងក្រុមហ៊ុនកាត់ដេរ ខ្វលីធី តេក្សស្ទីល គឺជាក្រុមហ៊ុនតែមួយ ដោយមានលោក Chhoong Weipiau ជាប្រធានរដ្ឋបាលតាំងពីដើមមក ហើយមុនលោក Chhoong Weipiau លាឈប់ពីការងារ ក្រុមហ៊ុនកាត់ដេរ ឃែនធើរេន បានដឹកជញ្ជូនសម្ភារៈមានតម្លៃជាច្រើនដូចជា ម៉ាស៊ីនភ្លើង ម៉ាស៊ីនដេរថ្មីៗ និងសម្ភារៈអាចប្រើប្រាស់បានជាច្រើនទៀត ព្រមទាំងនិងបញ្ជូនកម្មករមួយចំនួនទៅកាន់ក្រុមហ៊ុនកាត់ដេរ ខ្វលីធី ដែលសព្វថ្ងៃកំពុងដំណើរការជាធម្មតា។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ ប្រាប់ថា នោះគឺជាសិទ្ធិរបស់កម្មករក្នុងការតវ៉ាទាមទារ ខណៈលោកថា ក្រសួងការងារពុំមានសម្ថកិច្ចនាំថៅកែរោងចក្រឱ្យចូលមកដោះស្រាយឡើយ។
លោក ថ្លែងថា៖«ដោយសារគាត់មានការប្ដឹងតុលាការអីដែរ ខាងក្រសួងមានដែនសម្ថកិច្ចរបស់យើង។ ដល់ណុងគឺគាត់អាចទៅតុលាកាអីហើយ ការចុះឆែកឆេរតាមរកថៅកែជាសម្ថកិច្ចហួសដែនយើង(ក្រសួងការងារ)»។
លោក សុវណ្ណ បន្តថា សម្រាប់អីវ៉ាន់ក្នុងរោងចក្រដែលកម្មករកំពុងដេកយាមនេះ មន្ត្រីក្រសួងនឹងពិនិត្យថាតើគួរបង្វិលថវិកាសងរដ្ឋវិញនូវប្រាក់បុរេប្រទានដែលរដ្ឋបានផ្ដល់ជូនកម្មករ ឬត្រូវចែកគ្នាជាមួយកម្មករ។
លោក បានបន្ថែមថា៖«យើងត្រូវបង្វិលថវិកាសងរដ្ឋវិញ អ្វីដែលជាទ្រព្យសល់តិចតួចខាងរោងចក្រ (ប៉ុន្តែ)គោលការណ៍គឺយើងត្រូវឆ្លងថ្នាក់ដឹកនាំទៀតអត់អាចបញ្ជាក់ភ្លាមៗតាមហ្នឹងបានទេ»។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រឃែនធើរេន អ្នកស្រី សាន់ សុផា និយាយថា ក្រុមកម្មករបានប្ដឹងឱ្យតុលាការនាំខ្លួនថៅកែរោងចក្រមកដោះស្រាយជាមួយកម្មករ ព្រមទាំងចេញដីកាការពារទ្រព្យសម្បត្តិ អគារនិងដីជាបណ្ដោះអាសន្នរហូតទាល់តែមានដំណោះស្រាយ។
តែយ៉ាងណា អ្នកស្រី សុផា ប្រាប់ថាចៅក្រមសាលាដំបូងចេញដីកាត្រឹមរក្សាការពារតែទ្រព្យសម្បត្តិក្នុងរោងចក្រប៉ុណ្ណោះ។
អ្នកស្រី សុផា បញ្ជាក់ថា៖ «ប្ដឹងឱ្យរកថៅកែរោងចក្រឃែនធើរេនមកដោះស្រាយទូទាត់សំណងតាមផ្លូវច្បាប់ជូនពួកខ្ញុំ និងបិទជួលឬដូរអគារទាំងដីសូមបណ្ដោះអាសន្នក្នុងករណីដែរយើងកំពុងមានវិវាទ។ ចៅក្រមគេឱ្យយើងរឹបអូសតែបណ្ដោះអាសន្ននូវអីវ៉ាន់ខាងក្នុង។ តែពួកខ្ញុំអត់សុខចិត្ត ព្រោះអីវ៉ាន់ខាងក្នុងអគាររបស់អេតចាយ សាខាមួយទៀតវារើទៅអស់ហើយ ម៉ាស៊ីនទំនើបៗគេយកទៅសាខាមួយទៀតអស់ហើយ»។
អ្នកស្រី សុផា បានបន្ថែមទៀតថា ក្រុមកម្មករកំពុងត្រៀមឯកសារប្ដឹងតុលាការទាមទារយកពីរចំណុចផងដែរ៕