លោក តេង ស៊ីជុន (Deng Xijun) ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃប្រទេសចិន បានជួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងទៀត ដើម្បីពិភាក្សាអំពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក តេង ស៊ីជុន បានចូលជួបសម្តែងការគួរសមជាមួយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោក ស៊ីឃុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។
លោក ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេស ចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន ក្នុងភាពជាអ្នកដឹកនាំ និង កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោក ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរដើម្បីទទួលបានសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់គោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនសម្ពុជា-ថៃ។
លោក តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា៖ «ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី»។
លោក តេង ស៊ីជុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។
ក្រសួងការពារជាតិបានលើកឡើងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃនៅតែបន្តវាយប្រហារលើប្រទេសកម្ពុជា ដោយប្រើប្រាស់ អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 លើតំបន់មួយចំនួនក្នុងយោធភូមិភាគទី៤ និងទី៥ ក្នុង ខេ្តកោះកុង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ។
បើតាមក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល១៣ថ្ងៃនៃជម្លោះប្រដាប់អាវុធខ្មែរ-ថៃ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់។ ជនភៀសសឹកមានប្រមាណ ៥១២ ០១០នាក់ ក្នុងនោះមានស្រ្តី ២៦៧ ៤២៨នាក់ និងកុមារ ១៦២ ២៥៦នាក់ ក្នុងខេត្តចំនួនប្រាំបីដែលរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ៕









