សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោស​របស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្ស​ប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់​នោះ​ជា​បន្ទាន់។

សមត្ថកិច្ចបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី​សញ្ជាតិអាមេរិកនិងជា​សកម្មជនសិទ្ធិមនុស្សភ្លាមៗ បន្ទាប់​ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពី​បទ«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ​ជុំវិញការ​បង្ហោះ​សារគាំទ្រ​​គម្រោង​វិលត្រឡប់មក​ស្រុក​ខ្មែរមិនបានសម្រេចរបស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារ​ចំនួន​ ៦ឆ្នាំ ហើយ​តុលាការក៍សម្រេចផ្តន្ទាទោសអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី និងមន្ត្រី​ជាន់​ខ្ពស់ ព្រមទាំង​សកម្មជនរបស់​គណបក្សសង្គ្រោះជាតិ​ផ្សេងទៀតចន្លោះពី៥ ទៅ ៨ឆ្នាំ ពីបទ​រួមគំនិតក្បត់​និងញុះញង់​បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គមផងដែរ។

លោក នុត សវនា អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់ខេមបូចាយ៉ាងខ្លីថា កញ្ញា សេង ធារី ត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែម២​នៃពន្ធនាគារព្រៃស រាជធានីភ្នំពេញ។

បន្ទាប់ពីតុលាការប្រកាសសាលក្រមផ្តន្ទាទោសអ្នកទាំងអស់នោះ អង្គការសង្គមស៊ីវិលនិង​ក្រុមគ្រួសាររបស់សកម្មជននយោបាយ​បានសម្តែងការមិនពេញចិត្តចំពោះការកាត់ទោស​នោះ។

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួន​បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់និងញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង​
សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនកញ្ញា សេង ធារី រុញចូលឡាន ​ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក​ ជូង​ ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​​ សេង​ ធារី​​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ប្រកាសសាលក្រម យ៉ាងខ្លី​ថា​ លោកនឹងទៅជួបកញ្ញាធារីនៅពន្ធធនាគារ​បន្ទាប់ពី​តុលាការ​សម្រេចសាលលក្រមឱ្យកូនក្ដីលោកជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ។ ថ្វីបើយ៉ាងនេះក្ដី លោកជូងី​ អះអាងថា លោកនឹងប្ដឹងបន្តទៅសាលាឧទ្ធរណ៍ដើម្បីតវ៉ាក្ដីជូនកញ្ញាធារី។

លោកជូងីថ្លែងថា៖«ខ្ញុំនឹងទៅជួបគាត់នៅពន្ធធនាគារ ដើម្បីប្រើសិទ្ធិប្ដឹងឧទ្ធរណ៍។ ខ្ញុំនឹង​ព្យាយាមទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន ចំពោះការសម្រេចយ៉ាងណានោះ​ គឺនៅលើតុលាការ​បាទ»។

បើតាមលោក ជូងី ជនជាប់ចោទ​៤​នាក់​ផ្សេងទៀត​ ​បាន​ជាប់ឃុំ​ស្រាប់​ទៅ​ហើយ​ ​រួម​មាន​លោក​ ​កាក់​ កុម្ភារ ​លោក​ ​ហេង​ ​ច័ន្ទសុទ្ធី ​លោក​ ​ទុំ​ ​ប៊ុន​ថន​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ ​ខណៈ​ដែល​អ្នកស្រី​ ​យក់​ ​នាង​ ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (PJ)។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​ររយៈពេល​ ៦ឆ្នាំ។​ ​

អ្នកស្រី​ ព្រំ ​ចន្ថា​ ​និងក្រុមស្រ្តីថ្ងៃសុក្រជាច្រើននាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ក៏មានវត្តមាននៅថ្ងៃប្រកាសសាលក្រមនេះដែរ ។ ទន្ទឹមនឹងនោះ ក៏មានការប៉ះទង្គិចគ្នាមួយ​រំពេច​ផងដែរ រវាង​ក្រុមគ្រួសារសកម្មជន​បក្សប្រឆាំង ជាមួយនឹងអាជ្ញាធរ ​នៅពេល​ដែល​ពួកគេ​សម្ដែងមតិគាំទ្រ និងទាមទាររកយុត្តិធម៌នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

អ្នកស្រី ចន្ថា បានឱ្យដឹងថា សម្រាប់ការសម្រេចរបស់តុលាការ គឺជារឿងអយុត្តិធម៌បំផុត​សម្រាប់​អ្នកស្រី និងអ្នកនយោបាយផ្សេងទៀត។ អ្នកស្រីមានការសោកស្ដាយ ដល់ថ្នាក់ដឹកនាំ ដែលធ្វើទុក្ខបុកម្នេញប្រជាជនខ្លួនបែបនេះ។

អ្នកស្រីនិយាយទាំងស្រក់ទឹកភ្នែកថា៖ «សម្រាប់ខ្ញុំអយុត្តិធម៌ខ្លាំងបំផុត។ ទឹកភ្នែកខ្ញុំហូរនេះ ហូរឈឺចាប់ថាហេតុអ្វីបានប្រទេសកម្ពុជាមួយនឹង ធ្វើបាបប្រជាពលរដ្ឋដល់ថ្នាក់នឹង? សម្រាប់​អ្នកនយោបាយទាំងអស់ដែលស្រលាញ់ជាតិស្រលាញ់ទឹកដីធ្វើដើម្បីប្រជាពលរដ្ឋទាំង ១៦លាន​​នាក់»។

អ្នកស្រីបន្តទៀតថា ការសម្រេចឱ្យប្ដីអ្នកស្រី ក៏ដូចជាកញ្ញា សេង ធារី ជាប់ឃុំរ​យៈពេល៦ឆ្នាំ ដោយតុលាការសំអាងថា អ្នកទាំងនោះ ជាប់ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញ​របស់​លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។​ យ៉ាងណាមិញ អ្នកស្រីចន្ថា អះអាងថានឹងបន្តសកម្មភាពតវ៉ា និងស្នើទៅស្ថានទូតលោកសេរីផ្សេងៗទៀត ឱ្យជួយដោះស្រាយនិងយកចិត្តទុក​ដាក់​ជុំវិញ​ករណីនេះ។

អាជ្ញាធរជាបុរសជាច្រើននាក់ ចោមរោមដណ្ដើមផ្ទាំងបដាពីអ្នកស្រី ព្រំ ចន្ថា ខណៈពេលដែលគាត់ព្យាយាមលើកបង្ហាញសាធារណជន ដើម្បីស្រែកទាមទាររកយុត្តិធម៌ នៅមុខសាលា​ដំបូងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់អង្គការឃ្លាំ​មើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Phil Robertson នាយករង​នៃ​អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បាន​មានប្រសាសន៍ថា ការផ្តន្ទាទោសមកលើ​សមាជិកគណបក្សប្រឆាំង ដែលត្រូវបាន​រំលាយ​ដោយ​​តុលាការតាំងពីយូរណាស់មកហើយ បានបង្ហាញពីភាពភ័យខ្លាចរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការជាប់គាំងនៃ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។ ហើយលោក បានស្នើឱ្យអ្នកពាក់ព័ន្ធ​នានា​ជំរុញរដ្ឋាភិបាលកម្ពុជា​ពិចារណា​ឡើង​វិញ​ចំពោះការផ្តន្ទាទោសនេះ។

លោក Robertson ថ្លែងថា៖ «រដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយ​គួរតែជំរុញរដ្ឋាភិបាលកម្ពុជាឱ្យលុបបំបាត់ការផ្តន្ទាទោសទាំងនេះ និងបញ្ចប់ការដាក់គំនាប ទ្រង់ទ្រាយធំរបស់ខ្លួនមកលើលំហពលរដ្ឋ និងប្រជាធិបតេយ្យដែលនៅសេសសល់​របស់​កម្ពុជា»។

លោក Robertson បន្តទៀតថា ការកាត់ក្តីទ្រង់ទ្រាយធំទៅលើសមាជិកគណបក្សប្រឆាំង គឺជា ការទប់ស្កាត់មិនឱ្យមានការប្រជែងក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មជន​នៃ​បក្សប្រឆាំងទាំងនោះ បានក្លាយជានិមិត្តរូបនៃការដួលរំលំនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ លោកបន្ថែមថា ការបង្កើតបរិបទនយោបាយដោយផ្អែកទៅលើការបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ខ្លួន  គឺជាការសបញ្ជាក់ឱ្យឃើញថារដ្ឋាភិបាលកម្ពុជា​មិនបាន​យកចិត្តទុកដាក់ចំពោះសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។

ជាមួយគ្នានេះ បន្ទាប់ពីមានការចាប់ខ្លួនកញ្ញា សេង ធារី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយភ្ជាប់ជាមួយរូបកញ្ញា សេង ធារី​ ថា ស្ថានទូតអាមេរិកមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌​នៅថ្ងៃ​នេះ ដែលបានប្រកាសផ្តន្ទាទោសទៅលើកញ្ញា សេង ធារី  និងអ្នកនយោបាយដទៃទៀត។

ស្ថានទូតអាមេរិក បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញាធារី និងសកម្មជន​សិទ្ធិ​មនុស្ស​ដទៃទៀត ពីការដាក់ពន្ធនាគារដ៏អយុត្តិធម៌នេះ។

ស្ថានទូតអាមេរិកបានថ្លែងថា៖ «សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជា​សមាគម ហើយនិងការអត់ឱន ចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់​បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ»។

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស បានថ្លែងទៅកាន់អ្នកសារព័ត៌មាន​មុនពេលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសគាត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក សឹង​ សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បានថ្លែងប្រាប់ខេមបូចា ថា ជុំវិញ​ការផ្តន្ទាទោសកញ្ញា សេង ធារី និងអ្នកនយោបាយផ្សេងទៀត សម្រាប់លោកចាត់ទុក​ថា​ករណីនេះជារឿងនយោបាយ  ហើយស​បញ្ជាក់ថាស្ថានភាពនយោបាយ​នៅកម្ពុជា​មិនមាន​ភាពល្អប្រសើរឡើយ។

លោកថ្លែងថា៖ «តុលារការមានឆន្ទានុសិទ្ធិក្នុងការសម្រេចទៅលើការចាប់ដាក់ពន្ធធនាគារ ក៏ប៉ុន្តែយើងឃើញថាករណីនេះជាករណីនយោបាយ ចង់មិនចង់ការសម្រេចនឹង​រងការរិះគន់​ពីសហគមន៍ជាតិ និងអន្តរជាតិ ព្រោះក្រុមគ្រួសារអ្នករងការចោទប្រកាន់ទាំងអស់នោះ បាន​លើកឡើងពីការមិនពេញចិត្ត និងមានភាពអយុត្តិធម៌ទៅដល់ពួកគេ»។

យ៉ាងណាមិញលោក សែនករុណា មើលឃើញថាករណីនេះ  គឺមិនមានជាផលវិជ្ជមានឡើយ សម្រាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ហើយខាងអាមេរិកនឹង​មិននៅ​ស្ងៀមឡើយជុំវិញបញ្ហានេះ។

លោកបញ្ជាក់ថា៖ «វាមិនជារឿងមួយល្អប្រសើរទេសម្រាប់បរិបទកម្ពុជា ជាមួយនឹងការ​ទំនាក់​ទំនងខាងសហរដ្ឋអាមេរិក ទោះបីថាកម្ពុជាតែងតែលើកពីការអនុវត្តច្បាប់ក៏ដោយ ក៏ប៉ុន្តែ​ការ​អនុវត្តច្បាប់ហ្នឹង យើងឃើញហើយថា កញ្ញា សេង ធារី ជាសញ្ជាត្តិអាមេរិក ចង់មិនចង់ច្បាស់​ថាអាមេរិក រដ្ឋគេមិននៅស្ងៀមទេ តាមខ្ញុំយល់»។

គួរកត់សម្គាល់ដែរថា ក្នុងរយៈពេល២ឆ្នាំកន្លង​មកនេះ មានសកម្មជនរបស់អតីតគណបក្ស​សង្គ្រោះជាតិ​ជាច្រើន​​នាក់ ត្រូវ​ចាប់​ឃាត់ខ្លួន និងចោទប្រកាន់ដោយតុលាការ​។

ដោយឡែកនៅដើម​ខែមីនា ឆ្នាំ២០២១នេះ តុលាការ​ក្រុង​ភ្នំពេញបានប្រកាសសាលក្រម​កាត់ទោស​លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ព្រមទាំងដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​ចំនួន។ ចំណែក​​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ និងសកម្មជនមួយ​ចំនួន​ ក៏ត្រូវ​កាត់ទោស​ ដោយអ្ន​កខ្លះ​តម្រូវ​ឱ្យ​ជាប់​ពន្ធនាគារចន្លោះពី២០ ទៅ ​២២ឆ្នាំ។

បើតាមរបាយការណ៍របស់អង្គការលីកាដូ បញ្ជាក់ថា សាលក្រម​ថ្ងៃទី១៤ មិថុនានេះ​ ​គឺជា​សាលក្រម​ទី​៣​ហើយ​ ​ក្នុង​សវនាការ​ដ៏​ធំ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​២​១​មក។ ​ដោយឡែករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឱ្យដឹងថា មានអ្នកទោសនយោបាយជាង ៥០នាក់ កំពុងស្ថិតក្នុងការឃុំខ្លួន​បណ្តោះអាសន្ន ឬជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា រួមមានសមាជិកគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លីនិងបរិស្ថាន ព្រមទាំងអ្នកសារព័ត៌មាន៕

408 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម