អង្គការសង្គមស៊ីវិលជាច្រើនរួមគ្នាប្រារព្ធទិវាពលរដ្ឋអន្តរជាតិ ដើម្បីលើកឡើងពីទុក្ខកង្វល់របស់កម្មករ និងពលរដ្ឋខ្មែរមកពីវិស័យផ្សេងៗ ស្របពេលដែលកូដករណាហ្គាវើលដ៍ជាច្រើននាក់ បានបន្តចេញធ្វើកូដកម្មទាមទារសិទ្ធិការងារ បន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់ការងារពួកគេអស់ជាច្រើនខែមកហើយដោយគ្មានដំណោះស្រាយ។
អង្គការសង្គមស៊ីវិលជាច្រើនបានរួមគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមប្រមាណ១ពាន់នាក់មកពីវិស័យការងារផ្សេងៗគ្នា នៅទីតាំងចំនួន២ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ គឺដើម្បីឱ្យអ្នកចូលរួមទំាងនោះសម្ដែងពីទុក្ខលំបាករបស់ពួកគេ និងដើម្បីស្នើទៅដល់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពួកគេ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ថា សិទ្ធិរបស់កម្មករខ្មែរ មិនទាន់មានការគោរពពេញលេញនៅឡើយទេ ខណៈនៅមានការបំពាន ការរំលោភសិទ្ធិការងារនៅកន្លែងធ្វើការ។
លោកបន្តថា សម្រាប់ទិវាពលកម្មអន្តរជាតិលើកទី១៣៦នេះ គឺជាការរំលឹកទៅដល់ការតស៊ូទាមទារសិទ្ធិសេរីភាព ក៏ដូចជាលក្ខខណ្ឌការងារពីសំណាក់ថៅកែ។
លោក សំអាត ថ្លែងថា៖«នៅកម្ពុជាយើងក៏មានប្រារព្ធទិវាពលកម្មអន្តរជាតិដែរ ដោយឡែកបញ្ហាបុគ្គលិកណាហ្គាវើលដ៍ដែលគាត់មានវិវាទការងារមកដល់ឥឡូវរយៈពេលជាច្រើនខែហើយមិនទាន់មានដំណោះស្រាយនៅឡើយទេ»។
នាយកចាត់ការទូទៅរូបនេះបន្តថ្លែងថា ផ្ដើមចេញពីទិវាពលកម្មអន្តរជាតិនេះ លោកសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងជួយជំរុញដើម្បីដោះស្រាយ និងបញ្ចប់វិវាទការងារមួយនេះជូនកម្មករដែលអូសបន្លាយអស់ពេលជាច្រើនខែមកហើយ។
ស្របពេលនេះដែរ កញ្ញា ជឹម រដ្ឋា ជាបុគ្គលិកណាហ្គាវើលដ៍មួយរួបដែលមិនមានឈ្មោះកាត់ បានលើកឡើងថា សម្រាប់រូបនាងយល់ឃើញថាមានការឆ្ងាយពីគ្នាខ្លាំងចំពោះសិទ្ធិសេរីភាពការងាររបស់កម្មករខ្មែរ ស្របពេលដែលកម្មករណាហ្គាវើលដ៍កំពុងចេញទាមទារសិទ្ធិការងារស្របទៅតាមច្បាប់ការងារ តែបែរជាមានអាជ្ញាធរចេញរារាំងនិងរងការគំរាមកំហែងគ្រប់រូបភាព ដោយមិនខ្វល់ថាចំថ្ងៃទិវាពលរដ្ឋអន្តរជាតិឬយ៉ាងណានោះទេ។
កញ្ញា រដ្ឋា បន្តថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធពិតជាបានដោះស្រាយដោយតម្លាភាព ច្បាស់ណាស់ថាវិវាទការងារនេះនឹងមិនអូសបន្លាយ និងធ្វើឱ្យកូដករជាច្រើននាក់រងទុក្ខលំបាកឡើយ។
កូដករវ័យក្មេងរូបនេះអះអាងថា៖«ខ្ញុំមើលឃើញថារាល់ថ្ងៃនេះក្រសួងការងារ តុលាការ គឺឈរលំអៀងទៅខាងក្រុមហ៊ុន កាន់ជើងក្រុមហ៊ុន ហើយធ្វើបាបកម្មករ ជាក់ស្ដែងទាំងដែលយើងធ្វើកូដកម្មស្របច្បាប់ បែរជាមានការបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើកូដករស្រ្តីទៅវិញ ការប្រើអំពើហិង្សា ទាំងកូដករធ្វើដំណើរទៅធ្វើកូដកម្មនៅមុខក្រុមហ៊ុនសោះ»។
កញ្ញា រដ្ឋា បន្ថែមថា ភាគីកូដករបានប្រើអស់នីតិវិធីច្បាប់ក្នុងរយៈពេលជាង៨ខែមកហើយ ដូច្នេះរូបនាង រំពឹងថាក្រសួងការងារ និងភាគីពាក់ព័ន្ធដទៃទៀតដោះស្រាយវិវាទនេះដោយស្មោះត្រង់ និងមានតម្លាភាពដើម្បីកម្មករខ្មែរ។
ចំណែកអ្នកស្រីម៉ម សុវឌ្ឍិន ជាកូដករមួយរូបលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាល និងក្រសួងការងារមិនបានលើកតម្កើងសិទ្ធិការងារឡើយ ថ្វីបើកម្ពុជាកំពុងប្រារព្ធទិវាពលរដ្ឋអន្តរជាតិក៏ដោយ។
អ្នកស្រីបន្តថា ជាក់ស្ដែងចំថ្ងៃទិវាពលកម្មអន្តរជាតិ កូដករប្រមាណ១០០នាក់ ត្រូវបានអាជ្ញាធរចាប់មកទម្លាក់ចោលនៅជាយក្រុង ដោយមិនឱ្យអាហារ ក្នុងចេតនាបញ្ចៀសមិនឱ្យកូដករទៅឈរក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖«គាត់អត់លើកតម្កើងសិទ្ធិការងារទេ បើចំថ្ងៃបុណ្យហើយគាត់នៅបង្រ្កាបកូដករទាំងកំរោលហ្នឹង ចាប់ពួកបងតាំងពីម៉ោង១០ព្រឹកគ្មានឱ្យបាយទឹកអីទេ»។
អ្នកស្រីបានសម្ដែងការអស់សង្ឃឹម ខណៈកម្មករខ្មែរប្រើសិទ្ធិធ្វើកូដកម្មស្របច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែនៅតែមានការរារាំងពីសំណាក់អាជ្ញាធរទៅវិញ។
អ្នកស្រីបន្តយ៉ាងដូច្នេះថា៖«យើងគិតថាថ្ងៃហ្នឹងបុណ្យពលកម្មអន្តរជាតិ ក្រែងលោគេអាចឱ្យពួកបងបានឈរស្របរបងក្រុមហ៊ុន ដល់ពេលមានណាគេចាប់មកប្លុងចោលនៅម្ដុំសាហ្វារី»។
កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីពទ្រទ្រង់កម្មករខ្មែរណាហ្គាវើលដ៍ បានថ្លែងថា ក្នុងរយៈពេលដែលកូដករធ្វើកូដកម្មរយៈពេលជាង៤ខែមកនេះ គឺអាជ្ញាធរជាអ្នកប្រើអំពើហិង្សាមកលើកូដករ តែគេបែរជាចេញសេចក្ដីប្រកាសចោទថាកូដករជាអ្នកប្រើអំពើហិង្សាទៅលើសមត្ថកិច្ចទៅវិញ។
កញ្ញាបន្ថែមថា ជារឿងដែលអយុត្តិធម៌បំផុតដែលកូដករស្រ្តីជាច្រើននាក់ ត្រូវបានអាជ្ញាធរប្រើអំពើហិង្សានៅទីសាធារណៈ តែបែរជាគ្មានចំណាត់ការពីក្រសួងពាក់ព័ន្ធឡើយ ខណៈកម្ពុជាប្រកាសក្ដែងៗថាគោរពសិទ្ធិស្រ្តីនៅកន្លែងការងារ។
កញ្ញាថ្លែងថា៖«តើបុគ្គលដែលគ្មានឯកសណ្ឋានទាំងនោះជាអ្នកណា? តើអ្នកណាជាអ្នកជួលឱ្យមក? អ្នកណាអ្នកចេញថ្លៃឈ្នួលឱ្យគាត់មកវៃកូដករស្រ្តីរាល់ថ្ងៃ?»។
កញ្ញាបានឱ្យដឹងទៀតថា ក្រសួងកិច្ចការនារីបានធ្វើកិច្ចការច្រើនណាស់ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី ដោយឡែកស្រ្តីនៅណាហ្គាវើលដ៍រាប់ពាន់នាក់ ដែលរងការរំលោភបំពានមិនមានអ្នកណាគិតគូរអំពីបញ្ហារបស់ពួកគេឡើយ ថែមទាំងចោទប្រកាន់មកភាគីកម្មករថែមទៀត។
កញ្ញា ស៊ីថរ ថ្លែងថា៖«យើងខិតខំដោះស្រាយបញ្ហាហិង្សាពីសំណាក់ភ្ញៀវមកលើកម្មករស្រ្តីនៅណាហ្គារាប់ពាន់នាក់ ក្រសួងកិច្ចការនារីនៅឯណា?»។
កញ្ញា ស៊ីថរ ចោទជាសំណួរថា តើថ្ងៃណាទើបកម្មករទទួលបានដំណោះស្រាយ? តើកូដករត្រូវរងទុក្ខដល់ពេលណា? កញ្ញាបន្តថា មកទល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បែរជាចេញដោះស្រាយឱ្យកម្មករដែលឈប់ធ្វើការនៅណាហ្គាវើលដ៍រួចទៅហើយឱ្យចូលធ្វើការទៅវិញ តែមិនដោះស្រាយឱ្យកម្មករ២០០នាក់ដែលកំពុងទាមទាររាល់ថ្ងៃចូលធ្វើការវិញឡើយ។
កញ្ញាបញ្ជាក់ថា កញ្ញាចង់បានអំណាចតុល្យភាពជាមួយថៅកែនៅកន្លែងធ្វើការ គឺតាមរយៈសហជីពឯករាជ្យនៅកន្លែងធ្វើការ ដែលជាសហជីពការពារប្រយោជន៍ជូនកម្មករពិតប្រាកដ។
ជុំវិញបញ្ហានេះខេមបូចាព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងការងារ លោកហេង សួរ និងអ្នកំនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ប៉ុន្តែពុំមានការឆ្លើយតបឡើយ។
យោងតាមអង្គការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានបញ្ឈប់បុគ្គលិកពីការងារទ្រង់ទ្រាយធំកាលពីខែមេសា ឆ្នាំ២០២១ និងបានរងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិការងារ និងសិទ្ធិសហជីព ដែលនាំឱ្យបុគ្គលិក កម្មករជាច្រើនរយនាក់តវ៉ាការបញ្ឈប់ការងារនេះ។
ទន្ទឹមនឹងនេះ មកដល់ខែឧសភាឆ្នាំ២០២២នេះ វិវាទការងារណាហ្គាវើលដ៍នៅតែគ្មានដំណោះស្រាយ។ ចំណែករដ្ឋាភិបាលបន្តបដិសេធសិទ្ធិជាមូលដ្ឋានរបស់កូដករណាហ្គាវើលដ៍ក្នុងការធ្វើកូដកម្ម ដែលបង្កជាឧបសគ្គចំពោះកិច្ចខិតខំប្រឹងប្រែងទាមទារឱ្យមានសិទ្ធិការងារកាន់តែប្រសើរឡើង៕