នាឱកាសប្រារព្ធខួបលើកទី៨នៃឃាតកម្មលើរូបលោក កែម ឡី ក្រុមសង្គមស៊ីវិលនិងសកម្មជនយុវជន បានប្រមូលផ្ដុំគ្នានៅឯស្ថានីយប្រេងឥន្ធនៈ កាល់តិច ជិតស្តុបបូកគោ ជាទីកន្លែងដែលឃាតកបានបាញ់សម្លាប់លោក កាលពីឆ្នាំ២០១៦ ។ ពួកគេបានដាក់កម្រងផ្កា ថ្លែងសុន្ទរកថា និងបានចូលរួមក្នុងពិធីសូត្រមន្តតាមទំនៀមទម្លាប់ពុទ្ធសាសនាដើម្បីរំឭកដល់មរណភាព ព្រមទាំងបន្តទាមទាររកយុត្តិធម៌ជូនលោក ។
ចំណែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃអង្គារ ក៏បានរៀបចំពិធីសូត្រមន្តបួងសួងដល់ដួងព្រលឹងរបស់លោក កែម ឡី និង«វីរជន»ដទៃទៀតដែលបានបាត់បង់ជីវិតនៅក្នុងការបំពេញការងារដើម្បីសង្គម» ។ ក្នុងអំឡុងពិធីនេះ មានកិច្ចពិភាក្សារយៈពេលមួយម៉ោងផងដែរ ដើម្បីអនុញ្ញាតឱ្យមិត្តភក្ដិរបស់សពលោក កែម ឡី ចែករំលែកបទពិសោធន៍របស់ពួកគេ និងការចងចាំអំពីលោក ។
អ្នកវិភាគនយោបាយ លោក មាស នី ដែលជាមិត្តភក្ដិជិតស្និទ្ធនិងជាសហការីរបស់លោក កែម ឡី បាននិយាយថា ពួកគាត់ស្គាល់រាប់អានគ្នាជិតដិតខ្លាំងណាស់ ដោយសារតែពួកគាត់បានធ្វើការជាមួយគ្នា ដោយគ្មានមហិច្ឆតានយោបាយអ្វីឡើយ ។ លោកបាននិយាយថា ការងាររបស់ពួកលោកគឺសំដៅពង្រឹងសមត្ថភាពរបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីប្រកាន់ខ្ជាប់នូវការពិត ដោយសារតែប្រព័ន្ធ«នៅខ្សោយណាស់» ។
លោកបាននិយាយថា៖ «ដូចដែលយើងដឹងហើយ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយជាកម្មសិទ្ធិរបស់រដ្ឋ ពួកគេនឹងនិយាយដើម្បីតែរដ្ឋាភិបាល ដូច្នេះ ប្រជាជននឹងរស់នៅក្នុងស្ថានភាពមួយដែលជានិច្ចកាលតែងតែខ្វះការពិត ហើយចុងក្រោយទៅ ប្រជាជននឹងរស់នៅក្នុងសង្គមមួយដែលយើងតែងតែកុហកគ្នាទៅវិញទៅមក» ។
លោក នី ក៏បានលើកឡើងផងដែរថា នៅពីរបីខែមុនការស្លាប់របស់លោក កែម ឡី «តែងតែមានមនុស្សតាមដានពួកគាត់ជានិច្ច នៅរៀងរាល់ពេលដែលពួកគាត់ជួបគ្នា» ។
លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមបណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) ដែលបានធ្វើការជាមួយលោក កែម ឡី កាលអ្នកស្រីនៅបម្រើការងារជាមួយមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានពណ៌នាលោក កែម ឡី ថាជា«មនុស្សរួសរាយនិងសាមញ្ញ» ។
នៅឯព្រឹត្តិការណ៍របស់ CCHR លោកស្រី សម្ផស្ស បាននិយាយយ៉ាងដូច្នេះ៖ «ទោះបីកន្លងផុតទៅ៨ឆ្នាំហើយក៏ដោយ ក៏ខ្ញុំនឹងមិនភ្លេចថ្ងៃនោះទេ ។ ៨ឆ្នាំកន្លងផុតទៅត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែ យុត្តិធម៌មិនទាន់ទទួលបាននៅឡើយ។ លោកគឺជាធនធានមួយសម្រាប់សង្គមជាតិខ្មែរ ដោយលោកផ្សព្វផ្សាយសាររបស់លោកឱ្យប្រជាជនបន្តរឹងមាំ» ។
នៅព្រឹកថ្ងៃពុធ ព្រះសង្ឃនិងយុវជនប្រហែល ៣០អង្គ-នាក់បាននិមន្តនិងដើរដង្ហែក្បួនដោយឥតពាក់ស្បែកជើងពីវិទ្យាល័យបាក់ទូក ទៅកាន់ស្ថានីយប្រេងឥន្ធនៈកាល់តិច ដោយអមជាមួយនូវបដា ដែលក្នុងនោះមានបដាមួយសរសេរថា «៨ឆ្នាំដែលបណ្ឌិតត្រូវបានបាញ់សម្លាប់ យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកនិយាយការពិត» ។ ព្រះសង្ឃនិងយុវជនបានចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិលដើម្បីដាក់កម្រងផ្កានៅទីកន្លែងកើតហេតុ បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងអស់ប្រហែលមួយម៉ោង ។
សកម្មជនយុវជនមួយរូបបានអានលិខិតដែលនាងសរសេរទៅកាន់សពលោក កែម ឡី «ដោយជម្រាបជូន» លោកថា ចាប់តាំងពីមរណភាពរបស់លោកមក «ភាពអយុត្តិធម៌ជាច្រើន»បានកើតឡើង «ដោយគ្មានទីបញ្ចប់» និងបានរីករាលដាលគ្រប់ទិសទី «តាមលង»ប្រជាជនកម្ពុជា ។
យុវនារីដដែលបានបន្តថា៖ «ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា[ផ្ដល់] ភាពអយុត្តិធម៌ ដល់អ្នកទាំងឡាយដែលនិយាយការពិត ដោយសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សជាច្រើនបានត្រូវចាប់ខ្លួន» ។
ក្នុងនាមជាអ្នកជំនាន់ក្រោយដែលគោរពដល់ការលះបង់ជីវិត និងសេចក្ដីក្លាហាន កញ្ញាបានប្ដេជ្ញាចិត្តបន្តបេសកកម្មប្រាប់ការពិតដើម្បីសង្គមជាតិជាបន្តទៀត ។
ជាមួយនឹងសុន្ទរកថាដ៏ពុះកញ្ជ្រោល ព្រះសង្ឃព្រះនាម សំ ដារ៉ូ បានមានសង្ឃដីកាថា «យុត្តិធម៌គួរតែមានសម្រាប់អ្នកដែលហ៊ាននិយាយការពិត» ដោយព្រះអង្គទទូចឱ្យ«ឃាតករបញ្ឈប់អំពើរបស់ពួកគេ» ។ «អ្នកអាចសម្លាប់បញ្ញវន្តម្នាក់ក្នុងពេលតែបួនប្រាំវិនាទី ប៉ុន្តែ គេចំណាយពេល ៥០ ទៅ ៦០ឆ្នាំ ទើបអាចបង្កើតបានបញ្ញវន្តមួយរូប ។ ខ្ញុំសង្ឃឹមថា ឃាតករទាំងនោះមានចិត្តមេត្តា និងមិនសម្លាប់បញ្ញវន្តទៀតទេ» ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា អស់រយៈពេល៨ឆ្នាំហើយ យុត្តិធម៌នៅតែមិនទាន់ទទួលបានពេញលេញ បើទោះបីជាជនដៃដល់ដែលគេចោទថាជាឃាតក ឈ្មោះ អឿត អាង ឬ «ជួប សម្លាប់» បានទទួលការផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតក្ដី ។
លោក សំអាត បាននិយាយថា៖ «៨ឆ្នាំមកនេះ យើងឃើញថា «សំណុំរឿងទីមួយ»គឺបានចប់ហើយ ដោយសារតែវាបានទៅដល់តុលាការកំពូល ហើយ អឿត អាង ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត» ។ លោកបានបន្ថែមថា៖ «ប៉ុន្តែ នៅក្នុង«សំណុំរឿងទី២» យើងមិនទាន់បានឃើញការវិវឌ្ឍនៃដំណើរការនីតិវិធី[ដើម្បីស្វែងរកអ្នកបញ្ជាឱ្យបាញ់សម្លាប់] ឬលទ្ធផលណាមួយនៅឡើយ ដែលធ្វើឱ្យយើងគិតថា យុត្តិធម៌ពេញលេញសម្រាប់បណ្ឌិត កែម ឡី អាចនឹងនៅឆ្ងាយ» ។
លោកជឿជាក់ថា នៅមានចន្លោះសម្រាប់ឱ្យអាជ្ញាធរនិងតុលាការធ្វើការស៊ើបអង្កេតនៅឡើយ បើទោះបីករណីនេះមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែ អ្វីដែលសំខាន់ គឺ«ការតាំងចិត្តផ្នែកនយោបាយនៅក្នុងការស្វែងរកយុត្តិធម៌» ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បាននិយាយនៅឯកន្លែងប្រារព្ធខួបលើកទី៨នៃការបាញ់សម្លាប់នោះថា៖ «សូមឱ្យស្មារតីនៃការប្រារព្ធខួបលើកទី៨នៃមរណភាពរបស់ [កែម ឡី] ជំរុញដល់អាជ្ញាធរកម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ ឱ្យពន្លឿនការស្វែងរកឃាតករពិត ជាជាងអនុញ្ញាតឱ្យពួកគេរស់នៅដោយមានសេរីភាពរហូតដល់ពេលឥឡូវ» ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ ខេមបូចា ថា យុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ករណីលោក កែម ឡី ត្រូវបានផ្ដល់ជូនតាមរយៈនីតិវិធីតុលាការ ស្របទៅតាមរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិរបស់ច្បាប់ ។
លោក ម៉ាលីន បាននិយាយថា យុត្តិធម៌ដែលកំពុងទាមទារដោយប្រជាជនជុំវិញ«ការស្វែងរកជនដៃដល់ពិតប្រាកដ» អាចនឹងមិនត្រូវបានផ្ដល់ឱ្យទេ ពីព្រោះវា«មិនស្របច្បាប់» ផ្ទុយទៅវិញ វាជា«យុត្តិធម៌បែបនយោបាយ» ដែល«កែម ឡី ជាឧបករណ៍នយោបាយ»ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ។
លោកបានបន្តថា រដ្ឋាភិបាលកំពុង«ធ្វើការស្រាវជ្រាវស្វែងរក»ជនដទៃទៀតដែលអាចនឹងមានការជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។
នៅក្នុងកិច្ចសម្ភាសន៍តាមអនឡាញមួយ ជាមួយ CCHR កាលពីថ្ងៃទី៥ ខែកក្កដា អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បាននិយាយថា អ្នកស្រីមិនទទួលយកអ្វីដែលគេហៅថាយុត្តិធម៌ដែលបានផ្ដល់ឱ្យសពស្វាមីរបស់អ្នកស្រីនាពេលកន្លងមកនេះទេ ដោយអ្នកស្រីបានហៅវាថាជា«យុត្តិធម៌ក្លែងក្លាយ» ។ នៅពេលសួរថាតើអ្នកស្រីរំពឹងថានឹងឃើញយុត្តិធម៌ជូនលោក កែម ឡី ដែរ ឬទេ អ្នកស្រីបាននិយាយថា៖ «ពន្លឺយុត្តិធម៌នៅឆ្ងាយណាស់ ។ នៅកម្ពុជា យុត្តិធម៌បានស្លាប់ហើយ ។ គ្មានយុត្តិធម៌សម្រាប់ជនស្លូតត្រង់ ឬអ្នកដែលត្រូវបានគេសម្លាប់ទេ ។ សូម្បី១០០ឆ្នាំទៀតក្ដី ក៏មិនអាចមានយុត្តិធម៌សម្រាប់អ្នកដែលបានស្លាប់នៅក្នុងរបបបច្ចុប្បន្ននេះដែរ» ។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលបានរក្សាតម្កល់សាលក្រមដែលផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឈ្មោះ អឿត អាង ដោយបានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់ចុងចោទ ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society Continues to Remember Kem Ley’s Heroism Eight Years After His Murder