អាជ្ញាធរសង្កាត់អូរម៉ាល់ក្នុងក្រុងបាត់ដំបង និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានគូសបញ្ជាក់ពីភាពខ្វះខាតក្នុងការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ឃុំ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការផ្សេងទៀតរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង ថវិកាកន្លងមកគឺមិនគ្រប់គ្រាន់សម្រាប់កសាងផ្លូវ និងប្រព័ន្ធលូផងដែរ។
លោក ជឿន សុវង្ស សមាជិកក្រុមប្រឹក្សាឃុំអូរម៉ាល់ បានប្រាប់ខេមបូចាថាមូលនិធិឃុំមានចំនួនតិចតួច សម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងបានស្នើឲ្យមានថវិកាច្រើនថែមទៀតសម្រាប់ឃុំ សង្កាត់។
លោកបន្ថែមថាថវិកាឃុំ សង្កាត់ភាគច្រើនចំណាយទៅលើសេវាសង្គម កិច្ចការនារី និងសុខភាព។ ជាការពិតលោកថា ថវិកាសម្រាប់ឆ្នាំ២០២៤ដែលទុកប្រើសម្រាប់កសាងផ្លូវ គឺមិនគ្រប់គ្រាន់នោះទេ ហើយលោកក៏បានប្រាប់ «ដោយត្រង់»ទៅកាន់ប្រជាពលរដ្ឋអំពីបញ្ហានេះផងដែរ។
ជាមួយគ្នានេះដែរ លោកថាសង្កាត់បានរៃអង្គាសបានមូលនិធិមួយចំនួនខណៈកំពុងរង់ចាំថវិកាជាតិឆ្នាំក្រោយដើម្បីកសាងផ្លូវឲ្យបានច្រើនតាមដែលអាចធ្វើបាន។ លោកបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៤ ថវិកាជាតិសម្រាប់សង្កាត់អូរម៉ាល់មានចំនួន ៧៥៧លានរៀល ឬប្រហែលជាង១៨៤ ៦៥២ដុល្លារ។ លោកបន្តថាថវិកាចំនួន៣៩៣លានរៀនប្រើសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និង១១លានរៀលទៀតប្រើសម្រាប់សេវាសង្គមផ្សេងៗ។
លោកបន្តថា៖ «ជាការពិត ថវិកានេះមិនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍមូលដ្ឋាន ដូចដែលប្រជាពលរដ្ឋរំពឹងទុកនោះទេ។ សម្រាប់ការកសាងផ្លូវបេតុងក្នុងមួយឆ្នាំ យើងអាចកសាងបានត្រឹម១០០ម៉ែត្រ និងយើងនៅសល់៧០ម៉ែត្រទៀតទើបសង់រួច។ ដូចនេះ យើងធ្វើបានប្រហែល៣៥ភាគរយក្នុងមួយឆ្នាំ ហើយនៅជំពាក់៦៥ភាគរយទៀត»។
សម្រាប់តម្រូវការប្រជាពលរដ្ឋដែលមិនទាន់បានបំពេញ ពួកគេនឹងលើកសំណើជាថ្មីទៀតពេលដែលសង្កាត់បានថវិកាពីថ្នាក់ជាតិ ដើម្បីកសាងទៅតាមលទ្ធភាព និងដំណាក់កាល។ ក្នុងសង្កាត់អូរម៉ាល់មានភូមិចំនួន១០ និងមានប្រជាពលរដ្ឋរស់នៅប្រហែល១១ ៩៤៧នាក់ ដូចនេះតម្រូវការប្រើប្រាស់ផ្លូវក៏ខ្ពស់ណាស់ដែរ។
យ៉ាងណា នៅពេលដែលថវិកាអភិវឌ្ឍន៍ឃុំ/សង្កាត់មានចំនួនតិច វាមិនអាចបំពេញតម្រូវការប្រជាពលរដ្ឋនោះទេ ដូចនេះអាជ្ញាធររៃអង្គាសថវិកាបន្ថែមពីប្រជាពលរដ្ឋ។ អាជ្ញាធរភូមិ និងឃុំ តែងតែងរៀបចំកម្មវិធីផ្សេងៗដើម្បីស្វែងរកជំនួយពីសប្បុរសជន និងអង្គការនានាតាមរយៈបណ្ដាញសង្គម។ បន្ថែមពីនេះ សាលារៀនក៏បាននរៀបចំបុណ្យផ្កាសាមគ្គីដើម្បីរកថវិកាផងដែរ។
លោកមានប្រសាសន៍ទៀតថា៖ «ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ អាជ្ញាធរបានជួបការលំបាក ពីព្រោះថាថវិកាឃុំមានតិចពេក ខណៈដែលតម្រូវការប្រជាពលរដ្ឋមានច្រើន ដូចនេះខ្ញុំស្នើឲ្យរដ្ឋាភិបាលបង្កើនថវិកាអភិវឌ្ឍន៍មូលដ្ឋាន»។
លោក ស៊ុំ សោម វ័យ៤៣ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់អូរម៉ាល់ ជឿថាថវិកាដែលរដ្ឋាភិបាលទម្លាក់មកឃុំសង្កាត់នីមួយៗគឺមិនដូចគ្នាទេ និងតម្រូវឲ្យមានការប្រមូលពីប្រជាពលរដ្ឋបន្ថែមទៀត។ លោកបន្តថាដោយសារតែថវិកាមានកម្រិត សង្កាត់ស្ទើរតែគ្មានថវិកាសម្រាប់អនុវត្តគម្រោងដែលខ្លួនមិនបានលើកឡើងនោះទេ។
លោកថា៖ «រាល់ឆ្នាំ សង្កាត់ចំណាយថវិកាជាពីរផ្នែកសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់ខែសម្រាប់ក្រុមប្រឹក្សាឃុំ។ ដោយសារតែតម្រូវការប្រជាពលរដ្ឋមានច្រើន ប៉ុន្តែអ្វីដែលសង្កាត់អាចដោះស្រាយគឺប្រឡាយធំ និងប្រព័ន្ធលូ ដូចនេះគាត់បានត្រឹមតែដោះស្រាយបញ្ហាសម្រាប់មួយឆ្នាំ[មុនពេល]អស់ថវិកា»។
ដើម្បីពង្រឹកការអភិវឌ្ឍឃុំ សង្កាត់ និងឆ្លើយតបទៅតាមតម្រូវការប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រដ្ឋាភិបាលគួរតែបន្ថែមថវិកាមូលនិធិឃុំឲ្យបានច្រើន ស្របតាមតម្រូវការ។
លោកបន្ថែមថា៖ «ខ្ញុំស្នើដល់រដ្ឋាភិបាលបង្កើនថវិកា។ ជាការពិត ក្នុងសង្កាត់របស់ខ្ញុំ ខ្ញុំបានឃើញមានការប្រមូលថវិកាពីប្រជាពលរដ្ឋ ដែលអ្នកខ្លះជាអ្នកក្រ ដូចនេះ [ខ្ញុំគិតថា] វាជាបន្ទុកបន្ថែមទៀតមកលើពួកយើង មិនមែន[រដ្ឋ] ដែលជាអ្នកផ្ដល់សេវា [អ្នកដែលចាត់វិធានការ និងអភិវឌ្ឍ]»។
ទឹកលិច ក្លិនស្អុយ និងមូសច្រើន
មេភូមិ២០ឧសភា ក្នុងសង្កាត់ស្វាយប៉ោ លោក ហ៊ឹម សីហា មានប្រសាសន៍ថានៅតំបន់ខ្លះមិនមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូរទឹកនៅតាមដងផ្លូវនោះទេ ដោយសារតែថវិកាមានកម្រិត។
លោកឲ្យដឹងថា៖ «វាមានសារសំខាន់ណាស់ ពីព្រោះថាផ្លូវត្រូវការជួសជុល ហើយយើងក៏ត្រូវការកសាងផ្លូវថ្មីៗដែរ។ ផ្លូវខ្លះមិនមានប្រព័ន្ធលូ ដើម្បីរំដោះទឹកពេលភ្លៀង និងជនលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែយើងមិនមានថវិកា ដូចនេះធ្វើឲ្យពួកគាត់ប្រឈមការលំបាកច្រើន»។
យ៉ាងណា លោករំពឹងថាសម្រាប់ឆ្នាំក្រោយៗ ឃុំរបស់លោកនឹងទទួលបានថវិកាច្រើន សម្រាប់កសាងផ្លូវ និងរៀបចំប្រព័ន្ធលូបន្ថែមសម្រាប់បម្រើប្រជាពលរដ្ឋ។
លោកបន្តថា៖ «បើមានថវិកាច្រើនបន្ថែមទៀត វាគឺល្អសម្រាប់អភិវឌ្ឍភូមិ ឃុំ។ និយាយមួយបែបទៀត ប្រាក់ខែ និងការចំណាយសង្គមផ្សេងៗទៀតក៏មានកម្រិតដែរ ដូចនេះ តើនៅមានប៉ុន្មានភាគរយសម្រាប់ការអភិវឌ្ឍ? វាមិនគ្រប់សម្រាប់ការអភិវឌ្ឍទេ ខណៈដែលប្រជាពលរដ្ឋមានស្ថានភាពរស់នៅក្រលំបាក»។
អ្នកស្រី ង៉ែត សៅកញ្ញា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំឯណេះវិញ ក៏បានបង្ហាញក្ដីបារម្ភប្រហាក់ប្រហែលគ្នានេះដែរ ទាក់ទងនឹងថវិកាឃុំនៅមានកម្រិត ខណៈដែលតម្រូវការរបស់ប្រជាពលរដ្ឋចេះតែកើនឡើង។
អ្នកស្រីមានលើកឡើងថា ក្នុងឃុំដែលអ្នកស្រីរស់នៅ មិនមានប្រព័ន្ធលូទេ ហេតុនេះហើយបានជានៅរដូវភ្លៀង ប្រជាពលរដ្ឋជួបបញ្ហាជន់លិចដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
អ្នកស្រីបន្តថា៖ «បញ្ហានៅក្នុងឃុំរបស់ខ្ញុំគឺប្រព័ន្ធលូ ហើយឃុំមិនមានថវិកាដើម្បីកសាងទេ។ ថវិកាមានសម្រាប់តែកសាងផ្លូវ មិនមានសម្រាប់កសាងប្រព័ន្ធលូទេ។ ប៉ុន្តែនៅពេលដែលគេចង់កសាងប្រព័ន្ធលូ គេក៏កាយផ្លូវ ដូចនេះវាធ្វើឲ្យមានការចំណាយខុស»។
អ្នកស្រីបន្ថែមថា៖ «អ្នកខ្លះត្អូញត្អែរអំពីការរៃអង្គាសប្រាក់សម្រាប់កាកបាទក្រហម ប៉ុន្តែខ្ញុំជឿថាបើសិនជាអាជ្ញាធរបង្ហាញពីហេតុផលសមរម្យក្នុងការប្រមូលថវិកាកសាងប្រព័ន្ធលូ ខ្ញុំគិតថាប្រជាពលរដ្ឋនឹងចូលរួម ពីព្រោះវាជាបញ្ហាធំមួយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងនេះដែរ»។
ពេលមានតែផ្លូវក្នុងភូមិ ហើយមិនមានប្រព័ន្ធលូ នៅរដូវវស្សាទឹកជន់លិចចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានក្លិនស្អុយ មានមូសច្រើន និងប៉ះពាល់ដល់សុខភាពកុមារ។ ក្មេងខ្លះបានស្លាប់ដោយសារតែទឹកជំនន់។
អ្នកស្រី កញ្ញា ជំរុញឲ្យអាជ្ញាធរក្នុងឃុំធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា និងបម្រើប្រជាពលរដ្ឋដោយមិនរុញបញ្ហាទៅវិញទៅមក។
ពន្លឿនវិមជ្ឈការ
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយតាមទូរសព្ទបានទេ។
បើតាមសារាចរចេញដោយក្រសួងសេដ្ឋកិច្ចក្នុងខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងបន្ទាយមានជ័យ ក៏ដូចជារាជធានីភ្នំពេញ នឹងត្រូវកាត់ថវិកាសម្រាប់ឆ្នាំ២០២៤ ប្រមាណជា៦៦ពាន់លានរៀល ឬប្រហែលជា១៦លានដុល្លារ។
មួយវិញទៀត រដ្ឋបាលខេត្តផ្សេងៗទៀត ត្រូវតែតាមដានការប្រើប្រាស់ថវិការបស់ខ្លួន ដោយកាត់បន្ថយការចំណាយរដ្ឋបាលណាដែលមិនចាំបាច់ ដើម្បីធានាតុល្យភាពថវិកា។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព បានមានប្រសាសន៍ថាឃុំ សង្កាត់នីមួយៗគួរមានថវិកាបម្រុងរបស់ខ្លួន។ បច្ចុប្បន្ន ឃុំពឹងផ្អែកទាំងស្រុងលើថវិកាជាតិ ដូចនេះ វាជាឧបសគ្គមួយដល់ការអភិវឌ្ឍ ក៏ព្រោះតែមានថវិកាមិនគ្រប់គ្រាន់។
លោកបន្តថា៖ «ដោយសារតែដំណើរការវិមជ្ឈការមានភាពយឺតយ៉ាវនៅថ្នាក់ឃុំ ធ្វើឲ្យឃុំមានថវិកាតិច និងពឹងផ្អែកថវិកាពីថ្នាក់ជាតិ។ ជាធម្មតា ពន្ធខ្លះគឺថ្នាក់ក្រោមជាតិអាចប្រមូល និងប្រើសម្រាប់ការអភិវឌ្ឍ»។
លោកឲ្យដឹងទៀតថា អាជ្ញាធរគួរតែអភិវឌ្ឍគម្រោងមួយចំនួន សម្រាប់ប្រជាពលរដ្ឋដែលត្រូវការបន្ទាន់។ គ្រប់គម្រោងទាំងអស់មិនមែនត្រូវអនុវត្តដោយថ្នាក់ជាតិទាំងអស់នោះទេ មានន័យបថា «រដ្ឋាភិបាលត្រូវតែពន្លឿនវិមជ្ឈការថវិកាទៅថ្នាក់ក្រោមជាតិ»។ វាក៏គួរតែអនុញ្ញាតឲ្យអ្នកទាំងនោះមានការទទួលខុសត្រូវលើការចាត់ចែងថវិកាផងដែរ។ «ប៉ុន្តែពេលនេះ ពួកគាត់មិនមានអំណាចក្នុងការចាក់ចែង គ្រប់គ្រងថវិកានោះទេ»។
បើតាមអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ច ថវិកាជុំទីពីរសម្រាប់អនុវត្តផែនការជាតិ (២០២១-២០៣០) ក្នុងឆ្នាំ២០២២ ទៅថ្នាក់ក្រោមជាតិមានការកើនឡើងជាង១ពាន់លានដុល្លារ។ ក្រុងមួយៗអាចទទួលបានថវិកាជាមធ្យម៥៧០ ០០០ដុល្លារក្នុងមួយឆ្នាំ និងឃុំ សង្កាត់មួយៗទទួលបានជាមធ្យម១២៧ ០០០ដុល្លារក្នុងមួយឆ្នាំ។
ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលបានឧបត្ថម្ភទុនបន្ថែមទៅឃុំនីមួយៗចំនួន៦៣៣លានរៀល ឬប្រហែល១៥៦ ៤២០ដុល្លារ។ ជាមធ្យមឃុំមួយៗអាចទទួលបានថវិកា៣៥៨លានរៀល ឬប្រហែល៨៨ ០០០ដុល្លារក្នុងមួយឆ្នាំ កើនឡើង២២,២ភាគរយធៀបទៅនឹងថវិកាជាតិឆ្នាំ២២២៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Commune Residents, Authorities Call For Increased National Budget To Meet People’s Needs