សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កិច្ចសន្យារវាងប្រជាសហគមន៍ជាមួយក្រុមហ៊ុនម៉ាស៊ីនកិនស្រូវនឹងផ្ដល់ស្ថិរភាពនៃតម្លៃស្រូវ

កសិករស្រុកបវេល ខេត្តបាត់ដំបង បានជួលម៉ាស៊ីនដើម្បីច្រូតស្រូវលក់ឱ្យឈ្មួញកណ្តាល។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
កសិករស្រុកបវេល ខេត្តបាត់ដំបង បានជួលម៉ាស៊ីនដើម្បីច្រូតស្រូវលក់ឱ្យឈ្មួញកណ្តាល។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ការបង្កើតនូវប្រព័ន្ធតភ្ជាប់រវាងកសិករជាអ្នកផលិតស្រូវ និង​រោង​ម៉ាស៊ីនកិនស្រូវ នឹងបង្កើន ច្រវាក់ផលិតកម្មទីផ្សារស្រូវអង្ករនៅកម្ពុជា​ឱ្យទទួលបាន​ភាព​ល្អប្រសើរ ខណៈ​ក្រុមហ៊ុន​​រោងម៉ាស៊ីនកិនស្រូវចំនួន៣៣ ក្នុង​រាជធានី-ខេត្តចំនួន១២ បាន​កំពុងត្រៀមចុះ​ហត្ថលេខា​ដោយស្ម័គ្រចិត្ត​ជាមួយសហគមន៍​កសិកម្ម​នៅដើមឆ្នាំនេះ យោង​តាម​ការលើក​ឡើង​របស់​មន្រ្តីជំនាញផ្នែកកសិកម្ម។

រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ ថ្លែងថា បច្ចុប្បន្ននេះសហគមន៍កសិកម្មមួយចំនួនក្នុងចំណោម ១ ២០០សហគមន៍កសិកម្ម​នៅ​ទូទាំង​ប្រទេស ​បានចុះកិច្ចសន្យារួចរាល់ជាមួយនឹងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវក្នុង​តំបន់របស់​ពួកគេ តែនៅមួយចំនួនទៀតពុំទាន់ទៅដល់។

លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «ហើយបើសិនយើងធ្វើអាហ្នឹង ហើយដំណើរការ​ទៅ​បានល្អ។ អ៊ីចឹងពីមួយឆ្នាំទៅមួយឆ្នាំ ប្រព័ន្ធផលិតកម្មទីផ្សារស្រូវអង្ករយើងនឹង​បានកាន់តែ​ល្អ។ ហើយនឹងធ្វើឱ្យកសិករ និងរោងម៉ាស៊ីនកាន់តែច្រើនចូលរួម»

គួរឱ្យដឹងថា រាជធានី-ខេត្តគោលដៅចុះកិច្ចសន្យាទាំង១២ រួមមាន ខេត្តបាត់ដំបង​បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង តាកែវ កណ្ដាល កំពង់ស្ពឺ ព្រះវិហារ និងរាជធានីភ្នំពេញ។ លោកបន្ថែមថា នឹងមានចំនួនខេត្តផ្សេងទៀតចូលរួម​នាពេល​ខាងមុខផងដែរ។ មួយវិញទៀត លោកថាប្រភេទស្រូវដែលនឹងត្រៀមចុះកិច្ចសន្យា​នៅតាម​បណ្ដា​ខេត្ត​ទាំងនោះ គឺមានទាំងប្រភេទស្រូវទូទៅ និងប្រភេទស្រូវសរីរាង្គ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងកសិកម្ម និង​សហព័ន្ធ​ស្រូវអង្ករ។ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ​​សម្រេច​បាននូវកិច្ចសន្យា​កសិកម្ម​ចំនួន៦ជាមួយក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា គិតជា​បរិមាណស្រូវចំនួន ៨ ៥៣៣តោន លើផ្ទៃដីដាំដុះចំនួន ១ ៧៨០ហិកតា និងសមាជិក​កសិករ​ផលិតចំនួន១៨៦នាក់។ ដោយ​កិច្ច​សន្យា​នេះគឺផ្ដោតលើពូជស្រូវអង្ករបាយរឹងប៉ុណ្ណោះ។ ក្នុងនោះក៏មានការសម្របសម្រួលការ​ផ្គត់ផ្គង់​ធាតុចូលដូចជា ជី ថ្នាំកសិកម្ម និងពូជស្រូវ ពីក្រុមហ៊ុនផងដែរ ដោយកសិករអាច​ទិញ​បណ្ដាក់ និងទូទាត់នៅពេលប្រមូលផល។

ដោយឡែក នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ រោងម៉ាស៊ីនកិនស្រូវចំនួន៧ នៅ​ខេត្តបាត់ដំបង​បានចុះកិច្ចសន្យាទិញស្រូវពីកសិករក្នុងដំណាក់កាលដំបូងចំនួន២ម៉ឺនតោន។ មួយវិញទៀត កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សហគមន៍អ្នកផលិតស្រូវសែនក្រអូបពន្លកថ្មី បឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏បានត្រៀមសហការជាមួយរោងម៉ាស៊ីន ចាន់ គនម៉េង ក្នុងការ​ផលិតស្រូវសែនក្រអូបផងដែរ។ នេះបើយោងតាមការបង្ហោះ​លើគេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់លោក យ៉ង សាំងកុមារ។

ស្ត្រីម្នាក់រោយស្រូវដើម្បីហាល នៅជាយក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក តូច សុទ្ធី ជាកសិកររស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា លោក​ពេញចិត្តទៅនឹងតម្លៃទិញលក់ស្រូវដែលក្រុមហ៊ុនបានដាក់ឱ្យក្នុងកិច្ចសន្យានោះ។ ដោយ​បន្ថែមថា ការណ៌នេះគាត់នឹងអាចសល់ជាកម្រៃខ្លះបន្ទាប់ពីប្រមូលផល ក៏ដូចជាឈ្មួញ​កណ្ដាល​នឹងមិនអាចមកកេងចំណេញតម្លៃទិញលក់ស្រូវរបស់គាត់ដូចពីមុននោះឡើយ។

លោកលើកឡើងថា៖ «មានអារម្មណ៍ថាវាសប្បាយចិត្តក្នុងរឿងតម្លៃស្រូវនេះណា! ព្រោះវាអត់​មាន​អ្នកណាដើរមកបង្អាក់(កេងចំណេញ)យើងដូចពីមុនទៀត[..] ឈ្មួញនោះណា​ឈ្មួញ»។

កសិកររស់នៅស្រុកព្រះនេត្រព្រះរូបនេះ ក៏បានរំពឹងដែរថា ពូជស្រូវអង្ករបាយរឹង​របស់លោក​ដែលចេញនៅដើមខែមីនានេះ នឹងអាចច្រូតបានប្រមាណ១៦តោន លើផ្ទៃដីសរុបប្រមាណ ៣ហិកតាកន្លះ។

លោក ឈុំ ស៊ីណេត ជាអ្នកគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា នេះ ក្រុមហ៊ុនបានចុះកិច្ចសន្យា​ជាមួយ​សហគមន៍កសិករចំនួន៤ និងក្រុមផលិត ឬកសិករឯករាជ្យចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងការផ្គត់ផ្គង់​ពូជស្រូវ​អង្ករ​បាយរឹងក្នុងរយៈពេលវែងមួយ។ ក្នុងនោះ លោកថា​ក្រុមហ៊ុន​បាន​បែងចែកកិច្ចសន្យា​ចេញ​ជាពីរទម្រង់ គឺទម្រង់តម្លៃថេរ(តម្លៃងាប់) ដែលជាកិច្ចព្រមព្រៀង​ជា​មួយ​កសិករបុគ្គល គឺក្នុង១តោនស្មើនឹង២១៥ដុល្លារ។ រីឯ តម្លៃប្រែប្រួល(តម្លៃទីផ្សារ) ដែល​ជា​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍កសិករនោះគឺក្នុង១តោនស្មើនឹង២១៧,៥ដុល្លារ។

លោកបន្តថា ចំពោះភាពខុសគ្នារវាងទម្រង់ទាំងពីរ គឺការទិញលក់សម្រាប់តម្លៃថេរ វា​បាន​ត្រឹម​តែតម្លៃដែលបានកំណត់។ ចំណែកឯតម្លៃទីផ្សារ គឺការចរចារតម្លៃស្រូវត្រូវធ្វើឡើង២ថ្ងៃ​មុន​ពេល​ប្រមូលផលស្រូវអូអឹម(OM) នៅជុំវិញស្រែ ឫនៅក្នុងភូមិឃុំរបស់គាត់។ ដោយតម្លៃ​ស្រូវ​ត្រូវ​បានកំណត់ផ្អែកតាមតម្លៃទីផ្សារជាក់ស្ដែងនៃស្រូវអូអឹម(OM) បូកថែម​១០០បាត​(មួយរយបាតថៃ) ក្នុងមួយតោនស្រូវ។

លោក ស៊ីណេត ថ្លែងថា លោកក៏លើកទឹកចិត្តឱ្យបងប្អូនផ្សេងទៀតដែលរស់នៅតំបន់នោះ និងចង់ធ្វើការផ្គត់ផ្គង់ពូជស្រូវអង្ករបាយរឹង គឺអាចមកចុះកិច្ចសន្យាបន្តទៀតបាន។ ដោយ លោក​ថានៅពេលនេះគឺតម្រូវការរបស់ក្រុមហ៊ុននៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ។

សម្រាប់ផលប្រយោជន៍ដែលភាគីទាំងសងខាង ទទួលបានវិញ លោកបញ្ជាក់ថា ប្រជាកសិករ​នឹងមិនភ័យព្រួយថាមិនមានទីផ្សារលក់និងថវិកាគ្រប់គ្រាន់សម្រាប់ការទិញធាតុចូល ព្រោះថា​ខាងក្រុមហ៊ុននឹងធ្វើការផ្គត់ផ្គង់ធាតុចូលទៅកាន់កសិករ ដោយនឹងធ្វើការបណ្ដាក់និងទូទាត់​វិញ​ក្រោយពេលប្រមូលផល។

រីឯ ផលប្រយោជន៍ដែលក្រុមហ៊ុនទទួលបានវិញ លោកថា៖ «សម្រាប់ក្រុមហ៊ុនយើង បើ​និយាយ​អំពីផលប្រយោជន៍គឺកាលណានិយាយពីកិច្ចសន្យា មានន័យថា​ក្រុមហ៊ុន​នឹងមាន​ក្រុមផលិតមួយជាក់លាក់ដែលអាចផលិតបានស្រូវទៅតាមតម្រូវការ និងបរិមាណ​ដែល​ក្រុមហ៊ុនត្រូវការដូចគ្នា»

កសិករ​ដឹក​ស្រូវ​ទៅ​លក់ឱ្យឈ្មួញកណ្តាល​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ខេមបូចា/ សុខ សាវី

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ​ បានមានប្រសាសន៍ថា ប្រសិន​ជាមានការចុះកិច្ចសន្យាបានច្រើន ហើយមានការគោរពកិច្ចសន្យា​សម្រាប់រយៈ​ពេល​ច្រើនឆ្នាំនោះ វានឹងជួយឱ្យប្រជាកសិករមានភាពច្បាស់លាស់ចំពោះថ្លៃទំនិញទីផ្សារ។ ប៉ុន្តែ​លោក​​មិនរំពឹងថាប្រជាកសិករ​នឹង​អាចបង្កើនប្រាក់ចំណូលខ្លាំងនោះទេ តែថាវានឹងជួយ​សម្រួល​​ដល់ពួកគាត់ឱ្យ​មានកម្រិត​នៃប្រាក់ចំណេញមួយដែលមានស្ថិរភាព។

លោក សុផល បន្ថែមថា៖ «និយាយរួមទៅខ្ញុំមិនរំពឹងថាវានឹងធ្វើឱ្យមានកំណើនចំណូល​ខ្លាំងអីនោះទេ គ្រាន់តែជួយសម្រួលឱ្យមានស្ថិរភាពមួយទៅលើកម្រិតចំណេញ»

ជាមួយគ្នា លោក យ៉ុន ហុង ជាប្រធានរោងម៉ាស៊ីនកិនស្រូវឥណ្ឌូឆាយណា ខេត្តកំពង់ឆ្នាំង ​បាន​ឱ្យ​ដឹងថា រោងម៉ាស៊ីនរបស់លោកនឹងចុះកិច្ចសន្យាជាមួយសហគមន៍​កសិករនៅពេល​ពួកគេចាប់ផ្ដើមស្ទូងស្រូវជាថ្មី ហើយពូជស្រូវដែលជាតម្រូវការនោះគឺពូជស្រូវអង្ករស។ លោកបន្ថែមថា ដោយសារទើបតែចាប់ផ្ដើមលើកដំបូង ដូច្នេះលោកនឹងទទួលទិញតែ​ក្នុង​ចំនួន ១ ០០០តោន ក្នុងមួយរដូវកាល ឫមួយឆ្នាំប៉ុណ្ណោះ ខណៈលោកមិនទាន់អាចកំណត់តម្លៃ​បាន​នៅ​ឡើយទេដោយត្រូវរង់ចាំពេលដែលចុះកិច្ចសន្យា និងពិនិត្យមើលលើតម្លៃទីផ្សារ។

លោក ហុង បន្តថា បើប្រៀបធៀបតម្លៃលក់ក្នុង ១ ០០០តោន គឺពូជស្រូវទូទៅ​មានតម្លៃថោក​ជាងពូជស្រូវសរីរាង្គ ទោះបីលក់ចេញក្នុងបរិមាណប្រហាក់ប្រហែលគ្នាក៏ដោយ។ លោកបន្តថា ដោយសារកត្តាតម្រូវការទីផ្សារណាមួយស្រូវសរីរាង្គត្រូវបានគេចងក្រងយូរដែរមកហើយ។

លោកថា៖ «អូ! [ពូជស្រូវ]សរីរាង្គគេថ្លៃ សរីរាង្គគេថ្លៃណាស់។ ព្រោះដោយសារខាងសរីរាង្គ​គេ​ចង​ក្រងតាំងពីដើមមកហើយអាហ្នឹងនោះ។ ព្រោះពួកខ្ញុំស្រូវធម្មតាដូចអត់ធ្លាប់មាន​ធ្វើពី​មុន​មក យើងធ្លាប់តែទិញឈ្មួញ ឬក៏កសិករគាត់យកមកលក់ដល់ៗកន្លែង»

ត្រឡប់មក លោក យ៉ង សាំងកុមារ បានឱ្យដឹងបន្ថែមថា ចំពោះការសម្រេចយក​ទម្រង់​បែប​ណា​នោះ គឺលោកទុកឱ្យភាគីខាងរោងម៉ាស៊ីន និងសហគមន៍កសិករជាអ្នកជ្រើសរើស។ តែ​លោកបញ្ជាក់ថាជាបទពិសោធន៍ការជ្រើសរើសយកតម្លៃថេរគឺដោយសារកសិករគិតថាអាច​ដឹងពីតម្លៃមុន ប៉ុន្តែថាពួកគាត់ក៏នឹងខកចិត្តផងដែរនៅពេលដែលមានការឡើងថ្លៃស្រូវ ឬ​ប្រឈម​នឹងការផ្លាស់ប្ដូរចិត្តពីក្រុមហ៊ុននៅពេលស្រូវធ្លាក់ថ្លៃ។

លោកបន្ថែមទៀតថា៖ «វាជាជម្រើសនោះទេសម្រាប់គាត់ ប៉ុន្តែតាមបទពិសោធន៍កន្លងមក​ហ្នឹង ប្រហែលជាពិបាកបន្តិចក្នុងការយកតម្លៃថេរហ្នឹង។ ពីព្រោះកន្លងមកធ្លាប់មានបញ្ហា​នៅ​ពេល​ស្រូវឡើងថ្លៃទៅធ្វើឱ្យសហគមន៍គាត់នឹងអាចផ្លាស់ប្ដូរចិត្ត ឬក៏ពេលស្រូវរាងចុះថោក​ទៅធ្វើឱ្យរោងម៉ាស៊ីនផ្លាស់ប្ដូរចិត្តអីអញ្ចឹង»

578 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម