សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ

ពលរដ្ឋធ្វើដំណើរនៅរង្វង់មូលវិមានឯករាជ្យដែលមានដោតទង់ជាតិកម្ពុជា នាកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ពលរដ្ឋធ្វើដំណើរនៅរង្វង់មូលវិមានឯករាជ្យដែលមានដោតទង់ជាតិកម្ពុជា នាកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៥ ខែកក្កដា ដែលច្បាប់នេះអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ តាមការកំណត់ក្នុងច្បាប់។ ព្រះរាជក្រមនេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាមួយថ្ងៃក្រោយព្រឹទ្ធសភាបានអនុម័តវិសោធនកម្មនេះ។

ច្បាប់នេះត្រូវបានប្រកាសជាសាធារណៈនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។

មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មរួចហើយចែងថា៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់»។​

មុនពេលត្រូវបានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញបានចែងថាប្រជាពលរដ្ឋ​ខ្មែរ​«មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ» ដែលពេលនេះចំណុចនេះត្រូវបានដកចេញ។

វិសោធនកម្មនេះត្រូវបានស្នើឡើងដោយ លោក​ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ដើម្បីអនុញ្ញាតឱ្យដកសញ្ជាតិខ្មែរពីអ្នកដែលត្រូវបានចោទប្រកាន់ថាបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ។ សេចក្តីស្នើនេះត្រូវបានអនុម័តជាឯកច្ឆន្ទដោយរដ្ឋសភានៅថ្ងៃទី១១ ខែកក្កដា និងបានអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១៤ ខែកក្កដា ដោយមានសំឡេងគាំទ្រ ៥៨ លើ ៦០ សំឡេង។

សមាជិកព្រឹទ្ធសភាពីរនាក់មកពីគណបក្សប្រឆាំង គឺ ឆន្ទៈខ្មែរ គឺ លោក គង់ ម៉ូនីកា និង លោក​សេង ម៉ារឌី មិនបានលើកដៃគាំទ្រការអនុម័តកែច្បាប់នេះឡើយ។ ក្នុងអំឡុងសម័យប្រជុំនោះ លោក ហ៊ុន សែន បានគំរាមចាប់វាយខ្នោះសមាជិកព្រឹទ្ធសភាទាំងពីរនាក់ ប្រសិនបើពួកគេប្រព្រឹត្តអំពើក្បត់ជាតិ ដោយលោកបញ្ជាក់ថាទោះបីសញ្ជាតិខ្មែរពួកគេមិនទាន់ត្រូវបានដកហូតក៏ដោយ ក៏សមត្ថកិច្ចនៅតែអាចចាប់ខ្លួនពួកគេបានឱ្យតែហ៊ានក្បត់ជាតិ។

លោក គង់ ម៉ូនីកា បានប្រាប់ខេមបូចាថា បន្ទាប់ពីធ្វើវិសោធនកម្មមាត្រា៣៣ រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងកែសម្រួលច្បាប់ស្តីពីសញ្ជាតិផងដែរ។ ទោះបីជាព័ត៌មានទាក់ទងនឹងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ មិនទាន់ចែងលម្អិតច្បាស់ក៏ដោយ លោកបានចោទសួរថា តើរដ្ឋាភិបាលនឹងកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការដកសញ្ជាតិយ៉ាងដូចម្តេច?

លោក ម៉ូនីកា បានអំពាវនាវឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយយុត្តិធម៌ និងគ្មានការរើសអើង។

លោកបានលើកឡើងថា៖​ «ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល​យើងជំរុញឱ្យរាល់​ការអនុវត្តច្បាប់​ទាំងឡាយ​ត្រូវ​តែអនុវត្តប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ។ ​យើងសង្ឃឹមថាពលរដ្ឋខ្មែរទាំងអស់​នៅតែមាន​សិទ្ធិ​សេរីភាពទូលំទូលាយតាមច្បាប់ធម្មនុញ្ញ»​។

លោកបន្ថែមថា ច្បាប់ទាំងអស់ដែលត្រូវបានអនុវត្តហើយប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ មានន័យថាវាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថាវិសោធនកម្មនេះបានបង្កើនក្តីបារម្ភ និងបង្កើតភាពមិនប្រាកដប្រជាពីរបៀបដែលច្បាប់ថ្មីនេះនឹងត្រូវអនុវត្ត។

លោកបាននិយាយថា៖ «ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងស្របតាម​​បទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងទទួលស្គាល់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋស្របតាមបទដ្ឋានទាំងនោះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Constitution Amended to Permit Cambodian Citizenship Stripping

96 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម