ក្រុមកសិករដាំពោត និងឈ្មួញកណ្តាលនៅតាមស្រុកជាប់ព្រំដែនខេត្តបាត់ដំបងបានប្រតិកម្ម នឹងក្រុមមន្រ្តីជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលមកដាក់ផាកពិន័យរថយន្តដឹកពោតលើសទម្ងន់ចំពេលដែលពួកគាត់ប្រមូលនិងទិញកសិផលដែលពួកគាត់អះអាងថា វានាំឱ្យប៉ះពាល់ដល់ការលក់ដូរនិងតម្លៃកសិផលរបស់ពួកគាត់។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋនិងឈ្មួញកណ្តាលនេះ ខណៈដែលមន្រ្តីជញ្ជីងចល័តរបស់ក្រសួងសាធារណការនឹងដឹកជញ្ជូន បានបោះទីតាំងផាកពិន័យលើផ្លូវជាតិលេខ៥៩ ក្នុងមូលដ្ឋានស្រុកភ្នំព្រឹកដោយបានឃាត់និងផាកពិន័យលើរថយន្តសណ្តោងដឹកពោតរបស់ឈ្មួញថៃបីគ្រឿងដែលដឹកលើសទម្ងន់ឆ្លងកាត់កំណាត់ផ្លូវនេះ បម្រុងចូលទៅទឹកដីថៃកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ។
អ្នកស្រី ឈួយ សាវឿង អាយុ៣២ឆ្នាំ រស់នៅស្រុកភ្នំព្រឹកដែលកំពុងប្រមូលផលពោតបានឱ្យដឹងថាតម្លៃពោតធ្លាក់ថ្លៃជាច្រើនថ្ងៃហើយ ក្រោយពីក្រុមជញ្ជីងចល័តចាប់រថយន្ត ថៃដឹកពោតលើសទម្ងន់ គឺធ្លាក់ពីរមួយគីឡូ ៦,១បាត មកត្រឹម៥,៥ បាតប៉ុណ្ណោះ ។
អ្នកស្រី សារឿង ប្រាប់ថា៖ «បន្ទាប់ពីចាប់រថយន្តថៃដឹកលើទម្ងន់មកខាងឡានថៃគេមិនចូល មកដឹកទៀត ធ្វើឲ្យ[ម្ចាស់ឃ្លាំង]ផ្អាកទិញមួយថ្ងៃ តែថ្ងៃនេះគេបើកទិញវិញ តែទិញតម្លៃថោក»។
កសិករខាងលើឱ្យដឹងថា បើតម្លៃធ្លាក់ថ្លៃដូច្នេះ គាត់ប្រាកដជាខាតដើមហើយ ព្រោះចំណាយ លើថ្លៃ ជួលដីគេ ថ្លៃពូជ ថ្លៃជី ដែលសុទ្ធតែឡើងថ្លៃគ្រប់មុខ ។ សារឿងបន្តថា គាត់ចំណាយដើមសរុបប្រមាណ២០០០ដុល្លារហើយ នេះមិនទាន់គិតថ្លៃឈ្នួលកម្លាំងពលកម្មកាច់ពោតនៅឡើយទេ ខណៈ ដែលគាត់ប្រមូល ផលពោតបាន ពាក់កណ្តាល ហើយលក់ទើបតែបានជាង៣ម៉ឺនបាត ដែលមិនទាន់ បានមួយពាន់ដុល្លារផងនោះ ។
អ្នកស្រី សារឿង បន្ថែមថា៖ «ខ្ញុំឆ្នាំនេះទិញពូជដាំពីថៃប៉ះចំពូជមិនសូវល្អផង ហើយថ្លៃដើមឡើងថ្លៃគ្រប់មុខ បើបន្តធ្លាក់ថ្លៃប្រកដជាខាតច្រើនហើយ។ ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយសម្រួលដោះស្រាយធ្វើយ៉ាង ណា ឱ្យតម្លៃកសិផលបានថ្លៃវិញផង»។
លោក ភត្រា អាយុ៣៣ឆ្នាំ ជាកសិករដាំពោត៥ហិកតានៅភូមិនិងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកដែរនោះបាននិយាយថា មន្រ្តីចុះមកដាក់ជញ្ជីងផាកពិន័យចំពេលដែលកសិករប្រមូលផលនេះ វាធ្វើអោយតម្លៃកសិផលធ្លាក់ថ្លៃខ្លាំង។ លោកបន្ថែមថា ឈ្មួញថៃ គេលែងហ៊ានយករថយន្តរបស់គេចូលមកដឹកកសិផលទៀតហើយ វាធ្វើឱ្យឈ្មួញកណ្តាលដែលចាំទិញពោតស្តុកលក់ឱ្យថៃធ្លាក់ថ្លៃពី៦បាតមកជាង៥បាត ។
លោក ភក្តា បានបញ្ជាក់ថា៖ «ឆ្នាំនេះថ្លៃសាំង ថ្លៃម៉ាស៊ូត ថ្លៃពូជជី សុទ្ធតែឡើងថ្លៃ ហើយដំបូងពោតគេទិញថ្លៃគួរសម្យ តែឥឡូវធ្លាក់ថ្លៃហើយ ពោតយើងវាទុំដល់ពេលប្រមូលផល បើមិនប្រមូលលក់វាខូច ទោះបីថោករឺថ្លៃក៏ដោយ»។ លោក ភក្រ្តា បន្ថែមថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលជួយមើលកសិករតាមព្រំដែនផង សូមជួយបន្ធូរបន្ថយយ៉ាងណាដើម្បីឱ្យកសិផលឡើងថ្លៃវិញ»។
លោក ជូ ង៉ា ជាកម្មករទម្លាក់ពោតក្នុងឃ្លាំងមួយក្នុងស្រុកភ្នំព្រឹកក្នុងចំណោមកម្មករជាច្រើនទៀត បាននិយាយថា រាល់ថ្ងៃពួកគាត់៨នាក់ធ្លាប់ទម្លាក់ពោតពីឡានបាន១០០ទៅ២០០តោនដែរ បានកម្រៃចែកគ្នា៤ទៅ៥ម៉ឺនរៀលក្នុងម្នាក់។ លោក ង៉ា ត្អូញត្អែរថា ថ្ងៃនេះ[០៦កក្កដា២២]ស្ងាត់ឈឹងមិនទាន់បានពោតទម្លាក់មួយតោននោះទេ ។
លោក ង៉ា បានឱ្យដឹងថា៖ «ជញ្ជីងគេចុះមកចាប់ទៅ ឡានថៃគេអត់ចូលមកទិញ ចឹងខ្ញុំអត់មានអីទម្លាក់ទេ ស្ងាត់ឈឹង នាំគ្នាអង្គុយលែងមើលមុខគ្នា។ ខ្ញុំចង់ឱ្យឡានថៃចូលដឹកវិញ តម្លៃពោតឡើងថ្លៃវិញ ខ្ញុំកម្មករក៏មានការងារធ្វើដែរ»។
ម្ចាស់ឃ្លាំងធំមួយនៅស្រុកភ្នំព្រឹកឈ្មោះ ប៉ែន គឹមលី បាននិយាយថា ចាប់តាំងពីក្រុមជញ្ជីងចល័តចុះមកចាប់រថយន្តថៃបីគ្រឿង ហើយពិន័យអស់មួយគ្រឿង១៥លានរៀល និងពីរគ្រឿងទៀតអស់មួយគ្រឿង១២លានរៀលមក ខាងឈ្មួញថៃគេលែងឱ្យរថយន្តគេចូលមកដឹកទៀតហើយ ព្រោះគេខាត។ ម្ចាស់ឃ្លាំងបន្ថែមថា ឈ្មួញថៃគេបង់ក្បាលឡានឱ្យភាស៊ីថៃអស់ជាងមួយម៉ឺនបាតនិងភាស៊ីខ្មែរប៉ុន្មានម៉ឺនរៀលទៀត ក្នុងមួយក្បាលឡានទើបអាចចូលដឹកក្នុងទឹកដីកម្ពុជាបាន ដូច្នេះដើម្បីចំណេញគេត្រូវដឹកដាក់ឱ្យពេញ៥០តោនរឺ៥៥តោនអី ទើបរត់រួច។
ម្ចាស់ឃ្លាំង គឹមលី ថ្លែងថា៖ «បច្ចុបប្បន្ននេះមានតែឈ្មួញថៃទេ គេមកទិញ បើថៃមិនចូលទិញតើលក់ឱ្យនរណាឥឡូវនេះ? យើងដឹកចូលស៊ីភីនៅអូរអិលនៅច្រកព្រំអី គេអត់ទាន់បើកទិញទេ ងាប់ប្រជាជនអស់ហើយ! ជួយអោយលឺដល់សម្តេចផង!»។ ម្ចាស់ឃ្លាំងបន្តថា៖ «គេយកជញ្ជីងមកដាក់ពេលណាមិនដាក់ មកដាក់ក្នុងខែកាច់ពោត គេថាដឹកលើសនាំអោយខូចផ្លូវ តែរថយន្តថៃវាចូលដឹកចម្ងាយ១គីឡូ ពីរគីឡូទេ វាមិនខូចផ្លូវអីទេ»។
លោក គឹមលី បន្តទៀតថា បច្ចុប្បន្ននេះដោយសារអាណិតកសិករ ដូច្នេះគាត់នៅតែប្រមូលទិញពោតស្តុកបន្តទៀត ព្រោះពោតកសិករទុំដល់ពេលប្រមូលផលហើយ ដើម្បីពួកគាត់លក់ បានលុយទៅបង់ធនាគារ ចំណាយលើជី ពូជ និងប្រញ៉ាប់ធ្វើដីដាំបន្តទៀត ។
លោក គឹមលី បន្ថែមថា៖ «ឆ្នាំនេះពោតបានថ្លៃល្អផង មុនដំបូងពោតស្នូលមួយគីឡូទិញ៦បាត៣កាក់ ពោតកិនគ្រាប់បាន៧បាតពីរកាក់ តែក្រោយពីគេដាក់ជញ្ជីងចាប់ពោតធ្លាក់ថ្លៃ ត្រឹម៥បាតកន្លះដល់៥បាត៨កាក់តាមសំណើមប៉ុណ្ណោះ»។

លោក នូវ រិទ្ធី អភិបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ជញ្ជីងចល័តនេះគេដាក់តាមបណ្តាស្រុកនៅជាប់ព្រំដែនខេត្តបាត់ដំបងនេះ គេបានដាក់នៅស្រុកកំរៀង ស្រុកសំពៅលូន តែទើបមានប្រតិកម្មពីកសិករដាំពោតនៅស្រុកភ្នំព្រឹកនេះ។ លោកបញ្ជាក់ថា អាជ្ញាធរមិនបានដឹងថាក្រុមជញ្ជីងចល័តនោះមកពីខាងណានោះទេ គ្រាន់តែដឹងថាខាងក្រសួងជំនាញ។
លោក រិទ្ធី មានប្រសាសន៍ថា៖ «ខ្ញុំអោយនាយករដ្ឋបាលឆែកមើលលិខិត អត់ឃើញមានលិខិតអោយអាជ្ញាធរសហការទេ ហើយសួរព័ត៌មានពីសមត្ថកិច្ចប៉ូលិសអីអត់មានដូចគ្នាដែរ។ ការចុះមកនេះអាជ្ញាធរក្តាប់អត់បានទេ អញ្ចឹងពលរដ្ឋគាត់មិនដឹងខាងណា គាត់មានតែមករកអាជ្ញាធរហ្នឹងឯងជួយដោះស្រាយ»។
លោក រិទ្ធីបន្តថា ក្នុងនាមអាជ្ញាធរ លោកបានយកសំណូមពររបស់កសិករដែលស្នើទៅឱ្យមន្រ្តីជំនាញដែលចុះទៅដាក់ជញ្ជីងផាកពិន័យនេះ ទីមួយគឺដើមរដូវប្រមូលផលនេះគាត់ចង់ឱ្យមានការបន្ធូរបន្ថយ បើចុះមកចាប់ដូច្នេះធ្វើឱ្យឈ្មួញថៃលែងហ៊ានយករថយន្តចូលមកដឹក និងទីពីរ ការដាក់ជញ្ជឹងនេះធ្វើអោយតម្លៃពោត ធ្លាក់ថ្លៃច្រើនពីរថ្ងៃមកនេះ។ លោកបញ្ជាក់ថា អាជ្ញាធរនៅរង់ចាំចម្លើយពីខាងមន្រ្តីជំនាញពីការសំណូមពររបស់ពលរដ្ឋនេះ ហើយខាងអាជ្ញាធរចង់បានដំណោះស្រាយឈ្នះៗទាំងអស់គ្នាប៉ុណ្ណោះ ។
លោក នូវ រិទ្ធី បន្ថែមថា៖ «គេចុះមកដាក់ជញ្ជីងកំណត់ការដឹកលើសទម្ងន់នេះវាត្រឹមត្រូវហើយ តែកសិករនៅតំបន់ព្រំដែននេះគាត់ពឹងទាំងស្រុងលើកសិកម្ម ពិសេសពោតនិងដំឡូងហ្នឹងឯង ដល់ពេលប្រមូលផលគាត់មានបញ្ហារឿងតម្លៃដូច្នេះ វាមិនមែនជិះឥទ្ធិពលលើមន្រ្តីជំនាញ រឺ នរណាម្នាក់នោះទេ វាជះឥទ្ធិលរួមគ្នា»។
លោកអភិបាលស្រុកភ្នំព្រឹកបានបន្ថែមថា បច្ចុប្បន្ននេះស្រុកភ្នំព្រឹកទើបតែប្រមូលផលពោតដើមរដូវប៉ុណ្ណោះ ដែលមានប្រហែល៣ពាន់ហិកតា និងមានពោតត្រូវប្រមូលផលខែបន្ទាប់រាប់ពាន់ហិកតាទៀតតាមរដូវរបស់វាដែលពលរដ្ឋគាត់ដាំបន្តបន្ទាប់គ្នា ។
ទាក់ទងប្រតិកម្មខាងលើនេះ ខេមបូចា មិនអាចទំនាក់ទំនង ក្រុមមន្រ្តីជញ្ជីងចល័តខាងលើបាននៅឡើយទេ។ តែទោះបីយ៉ាងណា លោក ហេង ប៊ុនលី ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការមានសិទ្ធិចុះត្រួតពិនិត្យលើផ្លូវថ្នល់តាមបណ្តាស្រុកនានាទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា ។
លោក ប៊ុនលី បញ្ជាក់ថា បច្ចុប្បន្ននេះខាងជញ្ជីងចល័តក្រសួងបានចុះមកត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ទូទៅ នៅបណ្តាស្រុកជាប់ព្រំដែន ខេត្តបាត់ដំបង ដោយសហការជាមួយក្រុមស្ថាននីយជញ្ជីងខេត្តបាត់ដំបង និង ជំនាញអធិការស្រុកនៅមូលដ្ឋាន។ លោកឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ បានរកឃើញរថយន្តថៃបីគ្រឿង ដឹកជញ្ជូនកសិផលលើសទម្ងន់ដែលដឹកឆ្លងកាត់ផ្លូវស្រុកភ្នំព្រឹកចូលទៅប្រទេសថៃតាមច្រកតំបន់អូររំដួល។
លោក ប៊ុនលី លើកឡើងថា៖ «រថយន្តថៃបីគ្រឿងនេះ ដឹកលើសទម្ងន់កម្រិតធ្ងន់ធ្ងរ ដែលដឹកដល់៧៥តោន ៧៨តោន នឹង៩០តោន តាមច្បាប់ឱ្យដឹកតែ៤០តោនទេ ចំពោះរថយន្តភ្លៅ៥ (វ៉េអង) គឺត្រូវផាកពិន័យ១តោន៣០ម៉ឺនរៀល»។ លោក ប៊ុនលី បន្ថែមថា៖ «ម្ចាស់រថយន្តទាំងបីគ្រឿងយល់ព្រមទទួលកំហុស ហើយយល់ព្រមតាមការផាកពិន័យតាមច្បាប់ និងធ្វើកិច្ចសន្យាឈប់ដឹកលើសទម្ងន់តទៅទៀត បើនៅដឹកលើសទម្ងន់ទៀត គេសុខចិត្តឱ្យមន្រ្តីជំនាញធ្វើការផាកពិន័យនិងអនុវត្តតាមច្បាប់ជាធរមានមិនលើកលែងឡើយ»។
ចំពោះការប្រតិកម្មរបស់ប្រជាពលរដ្ឋនិងឈ្មួញកណ្តាល លោក ប៊ុនលី បានឆ្លើយតបថា ការផាកពិន័យលើរថយន្តដឹកលើសទម្ងន់វាមិនប៉ះពាល់ដល់តម្លៃទីផ្សារនោះទេ ព្រោះតម្លៃទីផ្សារ វាស្ថិតលើឈ្មួញ និងកសិករ ដែលជាម្ចាស់កសិផលប៉ុណ្ណោះ។ លោកបន្តថា ពលរដ្ឋនិងឈ្មួញកណ្តាល គាត់មិនយល់ច្បាស់ពីច្បាប់កំណត់ស្តីពីផ្លូវថ្នល់នៅស្រុកខ្មែរ គឺកំណត់ឱ្យដឹកត្រឹមតែ៤០តោនប៉ុណ្ណោះ ហើយច្បាប់នៅប្រទេសថៃក៏គេកំណត់ដូចគ្នាដែរ គេក៏មិនអនុញ្ញាតឲ្យដឹករហូតដល់៧០តោន ៨០តោន និង៩០តោនដែរ ។
លោក ប៊ុនលី បានបញ្ជាក់ថា «ពួកគាត់យកហេតុផលដទៃមកទម្លាក់កំហុសលើក្រសួងយើង ហើយថាធ្វើបាបប្រជាពលរដ្ឋអី! វាមិនត្រឹមត្រូវទេកន្លែងហ្នឹង! ប្រហែលជាគាត់មិនទាន់យល់ច្បាស់ការដឹកជញ្ជូនហ្នឹងវាបានបំផ្លាញផ្លូវថ្នល់ ហើយការកសាងផ្លូវនីមួយៗគឺចំណាយលុយច្រើនណាស់»។
លោកបន្ថែមដោយលើកឧទាហរណ៍ថា៖ «យើងអនុគ្រោះឱ្យគាត់ហ្នឹងមួយ វាមិនមែនបំផ្លាញផ្លូវថ្នល់ត្រង់តែកំណាត់ផ្លូវស្រុកភ្នំព្រឹកមួយនោះទេ បើបើកឱ្យគាត់ដឹកចូលតាមច្រកហ្នឹងបាន គាត់ដឹកតាំងពីខេត្តណាខេត្តណីមក សម្រុកមកផ្លូវហ្នឹង វាបំផ្លាញផ្លូវរាប់រយគីឡូម៉ែត្រ»៕