មេដឹកនាំសហជីពមួយចំនួនបានត្អូញត្អែរពីការបន្តជាប់បណ្តឹងផ្លូវច្បាប់ ទោះបីជាមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យមានការជំនុំជម្រះក្នុងសវនាការ ឬទម្លាក់បទចោទប្រកាន់នាពេលកន្លងមកក៏ដោយ។
កាលពីសប្តាហ៍មុន ក្រសួងការងារបានបញ្ជូនលិខិតមួយទៅកាន់សហជីពនិងសហព័ន្ធកម្មករចំនួន ១៨ ដោយស្នើឲ្យពួកគេបញ្ជូនរបាយការណ៍ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពករណីផ្លូវច្បាប់ប្រឆាំងនឹងមន្រ្តីសហជីពមួយចំនួន។ លិខិតនោះបានសំដៅទៅករណីបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌចំនួន៩៩ ប្រឆាំងនឹងមេដឹកនាំសហជីពនានា ដែលករណីមួយចំនួនត្រូវបានរាយការណ៍ថា ត្រូវបានដោះស្រាយរួចរាល់ហើយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសាធារណៈថា រឿងក្តីផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំសហជីពត្រូវតែបញ្ជូនទៅសវនាការជាបន្ទាន់ ឬបទចោទប្រកាន់ផ្សេងៗត្រូវតែទម្លាក់ចោល។ ការលើកឡើងដូចនេះពីសំណាក់លោកនាយករដ្ឋមន្រ្តីត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំសហជីពមួយចំនួនបាននិយាយជាចំហអំពីនីតិវិធីផ្លូវច្បាប់អូសបន្លាយពេលយូរដែលបានប៉ះពាល់ការងាររបស់ពួកគេ។
មេដឹកនាំមន្រ្តីសហជីពឯករាជ្យចំនួន ១៨ រួមមាន លោក ជា មុន្នី លោក អាត ធន់ លោកស្រី យ៉ាង សុភ័ណ្ឌ និងលោក ប៉ាវ ស៊ីណា ត្រូវបានម្ចាស់រោងចក្រ និងមន្រ្តីរដ្ឋាភិបាលប្តឹង ដោយចោទប្រកាន់ពីបទញុះញង់ និងមានចេតនាបង្កការខូចខាតអំឡុងពេលកូដកម្មទូទាំងប្រទេសពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា បាននិយាយថា លោកកំពុងតែពិនិត្យរឿងក្តីផ្លូវច្បាប់ដែលបានចែងនៅក្នុងលិខិតខាងលើ ហើយនឹងបញ្ជូនរបាយការណ៍បច្ចុប្បន្នភាពទៅកាន់ក្រសួងការងារពាក់ព័ន្ធនឹងរឿងក្តីទាំងនោះកាន់តែឆាប់តាមតែអាចធ្វើទៅបាន។
លោកបានថ្លែងថា៖ «បណ្តឹងព្រហ្មទណ្ឌ ១៤ ក្នុងចំណោម ៥៨ ត្រូវបានទម្លាក់បទចោទប្រកាន់ ហើយបណ្តឹងរដ្ឋប្បវេណីចំនួន ៤១ករណីនៅមិនទាន់ដោះស្រាយនៅឡើយ»។
លោកអាត ធន់បានថ្លែងប្រាប់ ខេមបូចា ថាមេដឹកនាំសហជីពដែលធ្វើការតាមរោងចក្រកាត់ដេរនានា ត្រូវបន្តប្រឈមនឹងការធ្វើទុក្ខបុកម្នេញកាលពីប៉ុន្មានឆ្នាំមកនេះ រួមមានការរើសអើងនៅកន្លែងធ្វើការ ហើយពេលខ្លះត្រូវបណ្តេញចេញពីការងារដោយសារសកម្មភាពសហជីពរបស់ពួកគេ។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បាននិយាយថា លោកមានការភ្ញាក់ផ្អើលនៅពេលឃើញបណ្តឹងតាំងពីឆ្នាំ២០១៣ នៅក្នុងលិខិតខាងលើ ដែលបានចោទប្រកាន់រូបលោកពីបទចេតនាបង្កការខូចខាតទ្រព្យសម្បត្តិ ជាមួយនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី។ បទចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយម្ចាស់រោងចក្រកាត់ដេរម៉េតហាតធេន។
លោកបានថ្លែងថា៖ «ខ្ញុំមិនដែលបានដឹងពីបណ្តឹងនោះទេ ពីព្រោះចាប់តាំងពីឆ្នាំ២០១៣មក ខ្ញុំមិនធ្លាប់បានទទួលដីកាតុលាការពាក់ព័ន្ធនឹងរឿងក្តីនេះនោះទេ»។
អ្នកនាំពាក្យរោងចក្រខាងលើនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។
លោកស៊ីណាបានថ្លែងប្រាប់ ខេមបូចា ថាលោកទទួលបានពាក្យបណ្តឹងចំនួនប្រាំពីរ ឬប្រាំបីប្រឆាំងនឹងរូបលោក និងសហការី បន្ទាប់ពីមានការអំពាវនាវពីសំណាក់លោកនាយករដ្ឋមន្រ្តីឲ្យមានការដោះស្រាយករណីប្តឹងផ្តល់ទាំងនេះកាលពីឆ្នាំ២០១៨។ ករណីភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ញុះញង់ រួមមាន បទញុះញង់ឲ្យប្រពឹត្តអំពើហិង្សា និងចេតនាបង្កឲ្យការខូចខាតទ្រព្យសម្បត្តិ។ លោកបានបន្តថា នៅក្នុងករណីប្តឹងមួយចំនួនដែលបានចែងក្នុងលិខិត លោកត្រូវបានកាត់ទោសកំបាំងមុខរួចទៅហើយ ឬបទចោទប្រកាន់ត្រូវបានទម្លាក់។ គ្រប់ទោសទណ្ឌប្រឆាំងនឹងរូបលោកត្រូវបានព្យួរ។
លោក ប៉ាវ ស៊ីណា បានបដិសេធបទចោទប្រកាន់ដែលធ្វើឡើងពីសំណាក់ម្ចាស់រោងចក្រម៉េតហាតធេន ដោយនិយាយថា លោកមិនមានការពាក់ព័ន្ធជាមួយនឹងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ីនោះទេ។
លោកបាននិយាយថា៖ «នេះជាករណីថ្មីសម្រាប់ខ្ញុំ ដែលខ្ញុំមិនធ្លាប់បានឮពីមុនមកនោះទេ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេ [ក្រសួងការងារ] និយាយថា [ពួកគេនឹងកំណត់] ថាតើនឹងបញ្ចប់រឿងក្តីនោះឬទេ… ពីព្រោះខ្ញុំព្រួយបារម្ភថា តុលាការនឹងធ្វើសវនាការ និងដាក់ទោសខ្ញុំ»។ លោកបានបន្តថា លោកមិនដឹងថា ហេតុអ្វីបានជាលិខិតនោះត្រូវបានបញ្ជូនមកមេដឹកនាំសហជីពនាពេលឥឡូវនេះនោះទេ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនអាចទាក់ទងសុំយោបល់បាននោះទេ។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលស្ថិតនៅក្នុងចំណោមក្រុមបុគ្គលស្នើឲ្យបញ្ជូនរបាយការណ៍បច្ចុប្បន្នភាពទៅកាន់ក្រសួងការងារ បានបង្ហាញក្តីអស់សង្ឃឹមដែលលោកនៅបន្តជាប់បណ្តឹងតុលាការ។
លោកបានថ្លែងថា៖ «យើងមានការព្រួយបារម្ភ ពីព្រោះប្រសិនបើយើងត្រូវបានរកឃើញថា មានទោស ឬមានកំណត់ត្រាបទព្រហ្មទណ្ឌ យើងមិនអាចកាន់តំណែងនៅក្នុងសមាគម ដើម្បីជួយប្រជាជន និងសង្គមបានទេ»។
លោកពុទ្ធីបាននិយាយថា លោកជាប់ក្នុងបណ្តឹងមួយនាពេលបច្ចុប្បន្ននៅសាលាឧទ្ធរណ៍ បន្ទាប់ពីលោកទទួលបានការព្យួរទោសជាប់ពន្ធនាគារមួយឆ្នាំពីបទចោទប្រកាន់ប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងមន្រ្តីប៉ូលិសក្រុងប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ កាលពីឆ្នាំ ២០១៦។ សាធារណជនបានបង្ហាញការមិនជឿពាក់ព័ន្ធនឹងបទចោទប្រកាន់នេះ បន្ទាប់ពីមានវីដេអូចែកចាយតាមបណ្តាញសង្គម ដោយបង្ហាញលោកពិសិដ្ឋហាក់ដូចជាធ្វើដួលនៅខាងមុខរថយន្តរបស់លោកពុទ្ធី។
លោកពុទ្ធីបានថ្លែងប្រាប់ ខេមបូចា ថាលោកទទួលបានការលើកលែងបទចោទចំពោះករណីបណ្តឹងចំនួនពីរកាលពីឆ្នាំ២០១៨ ដែលកើតចេញពីកូដកម្មដែលលោកបានដឹកនាំតាមបណ្តោយព្រំដែនកម្ពុជាថៃកាលពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងពន្ធនាំចូល និងការបង់ប្រាក់ឲ្យមន្រ្តីប៉ូលិសព្រំដែន ដែលលោកបាននិយាយថា បានប៉ះពាល់ដល់ជីវភាពរបស់កម្មករយ៉ាងខ្លាំង និងពីការធ្វើបាតុកម្មកាលពីឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងការបំផ្លាញផ្ទះប្រជាជននៅក្រុងប៉ោយប៉ែត។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បាននិយាយថា ការបន្តធ្វើទុក្ខបុកម្នេញមកលើមេដឹកនាំសហជីពអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលពឹងផ្អែកយ៉ាងខ្លាំងលើផលិតកម្មសម្លៀកបំពាក់ និងវាយនភណ្ឌ។
លោកបានថ្លែងថា៖ «ខ្ញុំមានការព្រួយបារម្ភពីផលប៉ះពាល់មកទៅទីផ្សារកម្ពុជាពាក់ព័ន្ធនឹងវិស័យសម្លៀកបំពាក់និងស្បែកជើង»។ លោកបានបន្ថែមថា សភាអាមេរិកកំពុងតែពិនិត្យឡើងវិញលើប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលមិនយកពន្ធលើទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ កម្ពុជាត្រូវបង់ពន្ធ ២០ភាគរយចំពោះការនាំចេញទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីមានការដកដោយផ្នែកលើប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់ទំនិញលើកលែងតែសព្វាវុធ។ នៅពេលសេចក្តីសម្រេចនេះត្រូវបានប្រកាសគណៈកម្មាការអឺរ៉ុបបានលើកឡើងពី «ព្រួយបារម្ភធ្ងន់ធ្ងរនិងជាប្រព័ន្ធពាក់ព័ន្ធនឹងសិទ្ធិមនុស្ស» ជាហេតុផលនៅពីក្រោយការដកប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកនេះ»។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court cases continue to hang over union leaders’ heads