សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការចាក់ខ្សែអាត់វីដេអូរបស់លោក កឹម សុខា ម្តងទៀតក្នុងសវនាការសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា លើកដៃគ្រវីទៅកាន់អ្នកគាំទ្រ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បន្ទាប់ពីសវនាការបញ្ចប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា លើកដៃគ្រវីទៅកាន់អ្នកគាំទ្រ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បន្ទាប់ពីសវនាការបញ្ចប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បន្ត​សវនាការ​លើ​បទ​ចោទ​ក្បត់​ជាតិ​ប្រឆាំង​នឹងអតីត​មេបក្ស​ប្រឆាំង​ លោក កឹម សុខា ដោយ​ផ្ដោត​សំខាន់​លើ​ខ្សែអាត់​វីដេអូ​ខ្លីៗ ដែល​ខាង​ព្រះ​រាជអាជ្ញា​ចោទ​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​អ្នក​នយោបាយ​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

សវនាការ​រយៈ​ពេល​បី​ម៉ោង​នៅ​ថ្ងៃអង្គារ​នេះ តុលាការ​បាន​ចាក់​ខ្សែ​អាត់វីដេអូ ដែល​​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​លោក កឹម សុខា បានសម​គំនិត​ជាមួយ​បរទេស ដើម្បី​​ដណ្ដើម​អំណាច​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​។ ខ្សែ​អាត់​វីដេអូ​មួយៗ​មាន​រយៈពេល​ចន្លោះពី​មួយ​ទៅ​ប្រាំ​នាទី អំពី​លោក​ កឹម សុខា នៅ​កន្លែង​ និង​កម្មវិធី​ផ្សេងៗ​គ្នា ដែល​ភាគ​ច្រើន​និយាយ​ពី​សមត្ថភាព​របស់​លោក​ក្នុង​នាម​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង​។​

ក្នុង​ខ្សែ​អាត់វីដេអូ​មួយ​​​ថត​សម្ដី​របស់ លោក កឹម សុខា និង​លោក សម រង្ស៊ី ក្នុង​បាតុ​កម្មមួយ​នៅ​ទីលាន​ប្រ​ជា​ធិបតេយ្យ​ ដែល​​លោក​ កឹម សុខា ប្រកាស​​ទាមទារ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ខេត្ត​កំពង់​ចាម​។

តាម​រយៈ​វីដេអូឃ្លីបថត​ក្នុង​ការ​ប្រមូល​ផ្ដុំ​មួយ​នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ នៅទីលាន​ប្រជា​ធិបតេយ្យ​លោក កឹម សុខា ថ្លែងថា៖ «ខ្ញុំ​បាន​ជួប​ជាមួយ​ទូត​ប្រទេស​មហាអំណាច…​យើងមិនឯកោ​ទេ ពួកគេ​គាំទ្រ​ដល់​កម្មករ​[ដែល​]​បាន​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

​វីដេអូឃ្លីបមួយ​ផ្សេង​ទៀត ​ថត​ពីរ​ថ្ងៃ​បន្ទាប់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដែរ បានបង្ហាញ​ពី​លោក សម រង្ស៊ី និយាយ​ដល់​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ ១លាន​នាក់​នៅ​ទីក្រុង​ភ្នំពេញ រួម​មាន​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធផង ក្នុង​ចលនា​ដ៏​ធំ​មួយ​ទាម​ទារ​ឲ្យ​ «លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង»។​

ព្រះ​រាជអាជ្ញារង លោក ប្លង់ សុផល លើក​ឡើង​ក្នុង​សវនាការ​ថ្ងៃអង្គារនេះ​ថា៖ «វីដេអូឃ្លីប​បង្ហាញ​ថា​ជនជាប់​ចោទ​ កឹម សុខា បាន​សមគំនិត​ជាមួយ​បរទេស ដែល​នេះ​ជា​សកម្មភាព​គ្រោះ​ថ្នាក់សម្រាប់​ប្រទេស​ជាតិ»។​

លោក កឹម សុខា គឺ​ជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​បាន​ចោទ​ប្រកាន់​ថា​បាន​សម​គំនិត​ជាមួយ​ប្រទេស​មហាអំណាច ដែល​សំដៅ​ដល់​ការ​ធ្វើ​ការ​ជាមួយ​នឹង​សហរដ្ឋអាមេរិក ថាមាន​គំនិត​ធ្វើ​បដិវត្ត​ន៍​ពណ៌ផ្ដួល​រំលំ​រដ្ឋាភិបាលដឹក​នាំដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​

លោក​ កឹម សុខា បាន​បន្ត​រក្សា​ជំហរ​​របស់​ខ្លួន ដោយ​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​គ្រាន់​តែ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​មាន​តម្លា​ភាព​ក្នុង​ការ​ដណ្ដើម​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​។

លោក កឹម សុខា អតីត​មេដឹក​នាំ​បក្ស​ប្រឆាំង លើក​ដៃ​គ្រវី​ទៅ​កាន់​អ្នក​គាំទ្រ ពេល​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​សវនាការ​លើ​បទ​ចោទ​ថា​ក្បត់​ជាតិ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧ ដោយ​តុលាការ​កំពូល ព្រម​ទាំង​មាន​សមាជិក​គណបក្ស​ជា​ច្រើន​រូប​ទៀត​ត្រូវ​ចាប់​ខ្លួន ដែល​គេ​ជឿ​ជា​ទូ​ទៅ​ថា​ជា​បទ​ចោទ​​​រឿង​នយោបាយ។ មេ​ដឹក​នាំ​គណបក្ស​កំពូលៗ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ហើយ​មាន​សមាជិក​ជាង​ ១០០​នាក់​ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​។​

សហមេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក​ ចាន់ ចេន មាន​ប្រសាសន៍​ថា​​វីដេអូ​ឃ្លីប​​ដែល​បាន​ចាក់​ក្នុង​បន្ទប់​សវនាការនៅថ្ងៃអង្គារនេះ គឺធ្លាប់បានចាក់ម្តងរួចមកហើយ ចំណែកលោក កឹម សុខា ក៏បាន​បញ្ជាក់​រួច​ហើយ​ដែរ​។​

លោក​ ចាន់ ចេន មាន​ប្រសាសន៍​ថា៖ «[ពួកគាត់​]​គ្រាន់តែ​បង្ហាញ​ពី​ទស្សនៈ និងអនុញ្ញាត​ដោយ​ច្បាប់»។​

លោក​ ចាន់ ចេន បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មាន​ការ​សោក​ស្ដាយ​ដែល​តុលាការ​មិន​​បើក​សវនាការ​ឲ្យ​បាន​ទៀង​ទាត់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃសុក្រ ដោយ​លោក​ថា​កាលវិភាគ​សវនាការ​មួយ​សប្ដាហ៍​ម្ដង​មិន​អាច​ជំរុញ​សវនាការ​ទៅ​មុខ​លឿន​បាន​ទេ ហើយ​វា​ក៏​ប៉ះ​ពាល់​ដល់​ការ​ងារ​កូន​ក្ដី​របស់​លោក​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នយោបាយ​។​

ប្រធាន​អង្គជំនុំជម្រះ លោក កុយ សៅ បាន​ឆ្លើយ​តប​ថា តុលាការ​សម្រេច​​តាម​​កាល​វិភាគ​​សវនាការ​​របស់​ខ្លួន​ ព្រោះ​មន្ត្រី​តុលាការ​ក៏​ជាប់​រវល់​នឹង​សំណុំ​រឿង​ផ្សេង​ទៀត។ លោក​ចៅក្រមក៏បានលើក​ឡើង​ទៀត​ថា សំណុំរឿង​ក្បត់ជាតិមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលមានន័យថា វាទាមទារពេលវេលាដើម្បីដំណើរការសវនាការ។

លោក សឹង សែន​ករុណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​ថ្ងៃអង្គារ​នេះ​ដែរ​នោះ មាន​ប្រ​សាសន៍​ថា សវនាការ​មិន​ដំណើរ​ការទៅ​មុខ​​ច្រើន​ទេ។ លោក​ថា វីដេអូ ដែល​ចាក់​ផ្សាយ​នៅ​ក្នុង​សវនាការ គឺ​ធ្លាប់​បាន​ពិភាក្សា​កាល​សវនកា​លើក​មុន​រួច​ហើយ​។​

លោក​មានប្រសាសន៍​ថា៖ «ដូច​ដែល​​យើង​បាន​លើក​ឡើង​ហើយ បើ​សិន​ជា​មិនមាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ទេ សំណុំ​រឿង​នេះនឹង​ត្រូវ​នៅ​បន្ត​វែង​ឆ្ងាយ​ទៀត»។ លោកបន្ថែមថា៖ «ទាក់ទង​នឹង​ភស្តុតាង​​[វីដេអូ] វិញ​គឺ​ពិបាក​នឹង​ចោទ​ប្រកាន់​លោក កឹម សុខា ពីព្រោះវីដេអូឃ្លីប​ទាំង​នោះ មិន​បាន​បង្ហាញ​ថា​រដ្ឋ​បរទេស​មួយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា»។

សវនាការ​នឹង​បន្ត​ជា​ថ្មី​ទៀត​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court replays video footage of Kem Sokha in treason trial

411 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម