សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីឪពុករបស់លោក

លោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសមាជិក សមាជិការ គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលបន្ទាប់។ រូបថតថ្ងៃទី ៩ ខែវិច្ឆិការ ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង
លោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសមាជិក សមាជិការ គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលបន្ទាប់។ រូបថតថ្ងៃទី ៩ ខែវិច្ឆិការ ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង

លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ​ជ្រើសតាំងជា​បេក្ខភាព​​នាយករដ្ឋមន្ត្រី​នាពេល​អនាគត។ នេះបើយោងតាម​លទ្ធផលនៃសន្និបាត​គណៈកម្មាធិការ​កណ្តាលនៃគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ាណែត ក៏ជាមេបញ្ជាការកងទ័ពជើងគោក​ និងជាសមាជិកអចិន្ត្រៃយ៍​គណបក្សប្រជាជនកម្ពុជា​ ត្រូវបានជ្រើសតាំងដោយសមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្តវេន បន្ទាប់ពីលោក ហ៊ុន សែន។

លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ ខេមបូចា ថា​ មានតែបេក្ខភាព​ម្នាក់ប៉ុណ្ណោះដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា​​ឧទេសនាម គឺ លោក ហ៊ុន ម៉ាណែត ហើយបានអនុម័តគាំទ្រដោយមិនមានការបោះឆ្នោតនោះទេ។

លោក ឥសាន មានប្រសាសន៍ថា៖ «ពីព្រោះយើងដឹងថា ជាមុខសញ្ញាបេក្ខភាពរួចហើយ អ៊ីចឹងយើងអនុម័តដោយលើកដៃ តែអត់មានតាមនីតិវិធីបោះឆ្នោតទេ»

លោក ឥសាន មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ថាតើពេលណា លោក ហ៊ុន ម៉ាណែត នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីជំនួសឪពុករបស់លោកនោះទេ។

លោក​ ឥសាន បញ្ជាក់ថា៖ «អត់មានទេ [ការបោះឆ្នោត] ព្រោះអនុម័តរួចហើយ អ៊ីចឹងយកបេក្ខភាពហ្នឹង ទៅធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ដើម្បីប្រកួតប្រជែងជាមួយគណបក្សដ៏ទៃ»

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី ហ៊ុនសែន។ លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងងឃ្មុំ​​ ក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ។

 លោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់​បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។

(មើលពីឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ចូលរួមថ្ងៃបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យកណ្ដាលក្រុងភ្នំពេញ។ រូបតថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង
(មើលពីឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ចូលរួមថ្ងៃបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យកណ្ដាលក្រុងភ្នំពេញ។ រូបតថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង

នៅក្នុងអង្គសន្និបាតនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ លោក ទៀ បាញ់ និង រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជាផងដែរ។

រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានអនុប្រធានចំនួន៤រូប ក្នុងនោះមាន​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ និង លោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលកាន់អំណាចរយៈពេល៦អាណត្តិ​ ដែល មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិក​គណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕

366 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម