ក្នុងរយៈពេលជាងបួនឆ្នាំដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដែលបានគ្រប់គ្រងរដ្ឋសភាឯកបក្ស សមាជិកសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលតែម្នាក់គត់មកសាកសួរហើយធ្វើឡើងតែម្តងប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យខុមហ្វ្រែល។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានពិនិត្យមើលសម័យប្រជុំពេញអង្គទាំងប្រាំបីដែលបានធ្វើឡើងនៅចន្លោះខែកញ្ញាឆ្នាំ២០១៨ ដល់ខែសីហាឆ្នាំ២០២២។ ក្នុងអំឡុងពេលនោះ រដ្ឋសភាបានអនុម័តរបៀបវារៈចំនួន១២៥ ប៉ុន្តែស្ថាប័ននេះស្ទើរតែមិនដែលកោះហៅមន្ត្រីរដ្ឋាភិបាលមកសាកសួរឡើយ ពោលគឺសមាជិកសភាកោះហៅតែរដ្ឋមន្រ្តីក្រសួងយុត្តិធម៌តែម្នាក់ហើយតែម្តងគត់។
មាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញចែងពីវិធីដែលតំណាងរាស្រ្តអាចចោទសួរមន្ត្រីរដ្ឋាភិបាលបាន ដែលខុមហ្វ្រែលបានកត់សម្គាល់ថាជាមធ្យោបាយដ៏សំខាន់ដែលតំណាងរាស្រ្តអាចយល់អំពីបញ្ហាជាច្រើន និងកំណត់តម្រូវការសម្រាប់ច្បាប់ថ្មី។
របាយការណ៍បានបន្ថែមថា៖ «សេចក្តីព្រាងច្បាប់មួយចំនួនត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយគ្មានការពិភាក្សាជាសាធារណៈណាមួយឡើយ។ បញ្ហាដែលលើកឡើងដោយគណបក្សនយោបាយប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និងសហជីពមិនត្រូវបានយកមកពិចារណានោះទេ។ [រដ្ឋសភា] មិនខ្វល់នឹងការលើកឡើងរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងមាត្រា ៣៥ឡើយ»។
ខុមហ្វ្រែល បានរៀបចំសិក្ខាសាលាមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីសមាជិកសង្គមស៊ីវិល សហជីព និងគណបក្សប្រឆាំង ទោះបីជាមិនមានតំណាងរដ្ឋាភិបាល ឬសមាជិកនៃគណបក្សប្រជាជនកម្ពុជាចូលរួមក៏ដោយ។
ថ្លែងក្នុងសិក្ខាសាលានេះ លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីឃ្លាំមើល និងតស៊ូមតិរបស់អង្គការខុមហ្វ្រែល មានប្រសាសន៍ថា ខុមហ្វ្រែលនឹងបញ្ជូនរបាយការណ៍ទៅរដ្ឋសភា នៅពេលដែលរបាយការណ៍ពេញលេញត្រូវបានបញ្ចប់ក្នុងខែមករា។
លោកបានមានប្រសាសន៍ថា៖ «យើងបានរកឃើញបញ្ហាមួយចំនួនដូចជាវិវាទដីធ្លី អយុត្តិធម៌សង្គម និងបញ្ហាកម្មករដែលមិនត្រូវបានដោះស្រាយ ដែលជាហេតុផលមួយដែលយើងមើលឃើញថាបណ្តាលមកពីខ្វះយន្តការពហុភាគី»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការបោះឆ្នោតឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក្នុងការធានាប្រជាធិបតេយ្យសេរីពហុបក្ស។ លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺជំរុញដំណើរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា លោកកំពុងជួបជាមួយម្ចាស់ឆ្នោតរបស់លោកនៅខេត្តបាត់ដំបង ទាក់ទងនឹងជម្លោះដីធ្លី ប៉ុន្តែបានបដិសេធចំពោះការរកឃើញនៃរបាយការណ៍នេះ ដោយលោកថារដ្ឋសភាបានដំណើរការល្អប្រសើរជាងពេលណាៗទាំងអស់។
លោកថ្លែងថា៖ «របាយការណ៍ខុមហ្វ្រែលត្រូវបានធ្វើឡើងក្រោមការវាយតម្លៃដ៏ឆ្កួតលីលាមួយ។ ខ្ញុំចង់និយាយថា គ្មានសមាជិកសភាក្នុងអាណត្តិណាផ្សេងធ្វើបានល្អជាងអាណត្តិនេះទេ»។
លោក វុន បន្ថែមថា រដ្ឋសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលជាច្រើននាក់មកសាកសួរក្នុងសម័យប្រជុំគណៈកម្មការតូចៗ ដែលធ្វើឡើងជាលក្ខណៈឯកជន។
លោកបានមានប្រសាសន៍ថា៖ «វាមិនចាំបាច់ត្រូវជជែកដេញដោលក្នុងសម័យប្រជុំពេញអង្គទេ ព្រោះវាត្រូវបានគេពិភាក្សា និងដោះស្រាយរួចហើយនៅក្នុងគណៈកម្មាធិការ។ យើងមិនចាំបាច់ពិភាក្សាក្នុងសម័យប្រជុំពេញអង្គទេ បញ្ហាធំៗត្រូវបានពិភាក្សានៅក្នុងគណៈកម្មការ ហើយព័ត៌មានទាំងអស់ត្រូវបានបង្ហោះនៅលើ Facebook»។
ក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ អាសនៈទាំង ៥៥ របស់គណបក្សត្រូវបានបែងចែកទៅឱ្យគណបក្សតូចៗផ្សេងទៀត។ ដោយគ្មានគណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន គណបក្សប្រជាជនបានបន្តឈ្នះអាសនៈសភាទាំង ១២៥ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨។
ក្រោយការរំលាយគណបក្សនេះ មន្ត្រីបក្សប្រឆាំងចំនួន ១១៨នាក់ ត្រូវបានហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យបានថ្លែងថា ក្នុងសភាឯកបក្ស បញ្ហាជាច្រើនរួមទាំងវិវាទដីធ្លី តម្លៃដំណាំកសិកម្ម និងបញ្ហាកម្មករមិនត្រូវបានសមាជិកសភាលើកឡើងទេ។
លោកថ្លែងថា៖ «កង្វះយន្តការសភាពហុបក្ស និងការប្រកួតប្រជែងគឺជាហេតុផលដែលនាំឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមានការយឺតយ៉ាវ។ របាយការណ៍នេះឆ្លុះបញ្ចាំងថា សភាពហុបក្សគឺល្អសម្រាប់ប្រជាជនជាងសភាឯកបក្សដូចបច្ចុប្បន្ន»។
លោក ចាន់រឿន កត់សម្គាល់ថាតំណាងរាស្ត្រមិនអាចបំពេញតួនាទីដោយឯករាជ្យបានទេ ដោយសារសម្ពាធនយោបាយ។
លោកថ្លែងថា៖ «នៅកម្ពុជា សម្ពាធនយោបាយគឺធំជាងអ្វីទាំងអស់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CPP-Controlled National Assembly a Quiet Space, Shows New Comfrel Report