គណបក្សកាន់អំណាចបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ កាលពីថ្ងៃអង្គារ ដោយបានទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ។
គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តត្បូងឃ្មុំ ដោយបានអះអាងថាការលើកឡើងរបស់លោក គង់ គាំ ទាក់ទងនឹងថ្ងៃ «ជ័យជម្នះ» ៧ មករា គឺមានចេតនាទុច្ចរិត ញុះញង់ បង្កចលាចល និងអសន្តិសុខសង្គម។ លោក គង់ គាំ បានជួបជុំថ្លែងសារទៅកាន់សមាជិកខ្លួនក្នុងពិធីសម្ពោធស្នាក់ការបក្សថ្មីនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃឈប់សម្រាក ៧ មករា។
ក្នុងពាក្យបណ្ដឹងនោះបានសរសេរសម្រង់សម្ដីរបស់លោក គង់ គាំ ប្រវែងជិតមួយទំព័រ។ ថ្វីបើសម្រង់សម្ដីរបស់លោក គង់ គាំ ដែលមានក្នុងពាក្យបណ្ដឹង មិនត្រូវបានបញ្ជាក់ថាមានន័យបែបណាឲ្យច្បាស់លាស់ តែសម្រង់សម្ដីនេះទំនងជាចង់សំដៅដល់គណបក្សប្រជាជនកម្ពុជា ថាបានបង្កើត និងបន្តរស់រានដោយមានអំណាចបរទេសជួយជ្រោមជ្រែង។
សម្រង់សម្ដីរបស់ លោក គង់ គាំ នៅក្នុងពាក្យបណ្ដឹងបានសរសេរថា៖ «ខ្ញុំធ្លាប់នៅជាមួយគណបក្សប្រជាជនដែរ កាលហ្នឹងគេប្រាប់ខ្ញុំឲ្យផឹកទឹកនឹងប្រភព ន៎ប្រភពឯជើងន៎ ឆ្ងាយកើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស»។
លោក គង់ គាំ ធ្លាប់បម្រើការជាមន្ត្រីក្រសួងការបរទេសនៅអំឡុងទសវត្សឆ្នាំ១៩៨០ មុននឹងលោកប្ដូរមកចូលរួមជាមួយគណបក្សជាតិខ្មែរដឹកនាំចដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ លោក គង់ គាំ បង្ហាញភាពភ្ញាក់ផ្អើលចំពោះបណ្ដឹងនេះ ដោយថាជាការចោទប្រកាន់លោកដោយគ្មានមូលដ្ឋានច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានវាយប្រហារ[ថ្ងៃ ៧ មករា] ហើយនិងដើមកំណើតគណបក្សប្រជាជនទេ ខ្ញុំគ្រាន់តែផ្ដោតសំខាន់លើគណបក្សភ្លើងទៀន»។ លោកបន្តថា៖ «ខ្ញុំមើលមិនឃើញថាសម្ដីរបស់ខ្ញុំបង្កឲ្យមានកាញុះញង់ និងអស្ថិរភាពសង្គមទេ»។
លោក គង់ គាំ ថាលោកនឹងបន្តបង្ហាញវត្តមាននៅគ្រប់វេទិកា របស់គណបក្សភ្លើងទៀនរហូតដល់ថ្ងៃបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថាការប្រមាថថ្ងៃ ៧ មករា គឺមានន័យថាប្រមាថប្រទេសជាតិទាំងមូល។ ថ្ងៃ ៧ មករា រៀបចំឡើងដើម្បីអបអរជ័យជម្នះលើរបបខ្មែរក្រហម បន្ទាប់ពីទាហានវៀតណាមបានវាយចូលកម្ពុជា និងបានឈរជើងក្នុងប្រទេសកម្ពុជាអស់ពេលមួយទសវត្ស ហើយក្រោយមកបក្សប្រជាជនកម្ពុជាក៏បានកាន់កាប់ប្រទេស។
លោក សុខ ឥសាន្ត មានប្រសាសន៍ទៀតថា៖ «នេះមិនមែនជាការគាបសង្កត់ ដូចការចោទប្រកាន់របស់មនុស្សមួយចំនួន និងក្រុមអ្នកវិភាគនយោបាយលម្អៀងនោះទេ ប៉ុន្តែវាគ្រាន់តែជាការរំឭកអ្នកទាំងនោះ…នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្បាស់ៗហើយថាគណបក្សនយោបាយទាំងអស់ត្រូវប្រយ័ត្ននឹងពាក្យសម្ដី ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
ពាក្យបណ្ដឹងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានព្រមានចំៗលើលោក គង់ គាំ ដោយថាលោក គង់ គាំ បានវាយប្រហារម្ដងហើយម្ដងទៀតលើគណបក្សប្រជាជនកម្ពុជានិងថាលោកអាចប្រឈមនឹងវិធានការច្បាប់ ឬត្រូវរងអំពើហិង្សាដោយហ្វូងមនុស្ស។
លោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃចន្ទថា លោកអាចនឹងរឹបអូសយកដីរបស់លោក គង់ គាំ ដោយថាលោក គង់ គាំ បានកាន់កាប់ដីរបស់រដ្ឋ ដែលដីនេះលោករស់នៅពេលលោកនៅជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងទសវត្សឆ្នាំ១៩៨០។ លោក គង់ គាំ មានប្រសាសន៍ថា លោក មិនជឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមកំហែងលោកទេ តែនេះជា «ការរំឭក» លោកប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅកាន់មេធាវីគណបក្សនៅទូទាំងប្រទេសឲ្យតាមឃ្លាំមើលដោយយកចិត្តទុកដាក់នូវរាល់សកម្មភាពរបស់ក្រុមបក្សប្រឆាំង និងពិនិត្យលើសម្ដីមេដឹកនាំទាំងនោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានស្នើទៅមេធាវីគណបក្សប្រជាជនកម្ពុជានៅគ្រប់ខេត្តឲ្យធ្វើកិច្ចការនេះ»។ លោកបន្ថែមថា៖ «បើ [មេធាវី] បានស្ដាប់សម្ដីរបស់ពួកគេ លោកលោកស្រីត្រូវស្ដាប់ឲ្យបានម៉ត់ចត់ ថាតើវាចាំបាច់ត្រូវប្ដឹងឬអត់»។
គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហារកេរ្ដិ៍ បន្ទាប់ពីអះអាងថាដំណើរការបោះឆ្នោតមិនយុត្តិធម៌ និងមាននិន្នាការទៅរកគណបក្សកាន់អំណាច។ លោក សុន ឆ័យ ត្រូវតុលាការកាត់ទោសឲ្យសងប្រាក់ជំងឺចិត្ត ១លានដុល្លារទៅគណបក្សប្រជាជនកម្ពុជា និងប្តឹងរឹបអូសផ្ទះចំនួនពីរកន្លែងរបស់លោក សុន ឆ័យ នៅសៀមរាប និងភ្នំពេញ បើលោក សុន ឆ័យគ្មានលុយសង។
បណ្ដឹងបរិហារកេរ្ដិ៍ប្រឆាំងលោក សម រង្ស៊ី ប្ដឹងដោយលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនពីររូបទៀត ដែលនាំឲ្យមានការរឹបអូសផ្ទះរបស់លោក សម រង្ស៊ី នៅភ្នំពេញ ដែលកន្លងមកជាស្នាក់ការកណ្ដាលរបស់អតីតគណបក្សសង្រ្គោះជាតិ។ ស្នាក់ការនេះត្រូវបានលក់កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ១,៦លានដុល្លារ ដើម្បីបង់ជាសំណងជំងឺចិត្ត ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CPP Sues Candlelight Advisor Kong Korm, Demands $500,000 in Damages