សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សប្រជាជនកម្ពុជាប្តឹងមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​បាន​ប្តឹង ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​​ភ្លើងទៀន ទៅ​តុលាការក្រុងភ្នំពេញ បន្ទាប់ពី​លោក​បាន​រិះគន់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយថា មិនសេរី និង​មិន​យុត្តិធម៌។

បណ្ដឹងនេះ បានធ្វើឡើងតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​បានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះអ្នករិះគន់លើដំណើរការ​បោះឆ្នោត​នេះ​ ដែល​ក្នុង​នោះ​បាន​សំដៅ​ដល់​លោក សុន ឆ័យ ដែល​​បានចោទប្រកាន់ គ.ជ.ប ថាលម្អៀងទៅរកគណបក្សកាន់អំណាចផងដែរ។ ក្នុងបណ្តឹង គណបក្សប្រជាជនកម្ពុជាប្តឹងទាមទារសំណង១លានដុល្លារពីលោក សុន ឆ័យ។

លោក សុន ឆ័យ មិនជាបុគ្គលតែម្នាក់ទេ ដែលរិះគន់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី ៥ មិថុនា នោះទេ។ គណបក្សនយោបាយផ្សេងទៀត និងក្រុមសង្គមស៊ីវិលមួយចំនួនក៏​​លើក​ឡើង​ពីភាពមិនប្រកក្រតីក្នុង​ដំណើរការ​បោះឆ្នោតនេះ​ផងដែរ។  មក​ដល់​ពេលនេះ​មាន​បណ្តឹង​ ២០០ករណី ទាក់ទងនឹងភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតត្រូវ​បាន​គណបក្ស​បានដាក់​ទៅ​កាន់​អាជ្ញាធរ​បោះឆ្នោត។ ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​បាន​ច្រាន​ចោល​រាល់​ការ​រិះគន់ទាំងនោះ ហើយបាន​កោត​​សរសើរ គ.ជ.ប ថា​រៀបចំ​បោះឆ្នោត​បាន​ល្អទៀតផង។

បណ្តឹង ដែលរៀបចំដោយមេធាវីការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា លោក គី តិច រៀបរាប់ថា៖ «ការលើកឡើងខាងលើរបស់ឈ្មោះ សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា»។

លោក សុន ឆ័យ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ចំណែកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បាននិយាយថា លោក សុន ឆ័យ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីប៉ុន្មានថ្ងៃមុនការប្តឹងផ្តល់នេះកើតឡើង។ លោក សេដ្ឋា ប្រាប់ខេមបូចាថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្រ្កាប​អ្នក​រិះគន់​ការ​បោះឆ្នោត។ លោកបាន​បន្ថែម​ថា​៖ «​វា​ជា​ការ​គំរាម​កំហែង​នយោបាយយ៉ាង​ច្បាស់ណាស់»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​បាន​បដិសេធ​ថាករ​ណីនេះ​មិន​បាន​បង្កើតបរិយាកាសនយោបាយអាប់អ៊ួរនោះទេ។ លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ បំពាន​គណបក្ស​ដទៃ​ពួកគេ​ក៏​មាន​សិទ្ធិ​ប្តឹង​យើង​ដែរ»។

ប៉ុន្តែ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខមហ្វ្រែល មានប្រសាសន៍ថា ចំណាត់ការផ្លូវច្បាប់បែបនេះនឹងមានផលប៉ះពាល់ដល់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៣ ពីព្រោះពួកគេខ្លាចមិនហ៊ានតវ៉ាអំពីភាពមិនប្រក្រតីណាមួយ។

លោកថ្លែង​ថា៖ «វា​ត្រូវបានគេមើលឃើញថាជា​បរិយាកាសនយោបាយមិនអំណោយផលរួច​ទៅ​ហើយហើយ​ការចូលរួមនៅក្នុងការបោះឆ្នោតនឹងធ្លាក់ចុះ ដែលជាផ្នែក​មួយនៃ​ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា អង្គការផ្នែកសង្កេតការណ៍បោះឆ្នោតចំនួនប្រាំបានចេញរបាយការណ៍បឋមមួយដោយរៀបរាប់ពីភាពមិនប្រក្រតី រួមមានវត្តមានកងកម្លាំងប្រដាប់អាវុធនៅតាមការិយាល័យបោះឆ្នោត ក៏ដូចជាកង្វះខាតកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យអ្នកបោះឆ្នោតបានចុះឈ្មោះត្រឹមត្រូវ។

គណបក្សនយោបាយចំនួន ១៧ បានចូលរួមការបោះឆ្នោត ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះដែលទទួលបានតំណែងមេឃុំ-ចៅសង្កាត់ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈយ៉ាងច្រើនលើសលុប​ នេះបើយោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយ គ.ជ.ប។ លទ្ធផលផ្លូវការត្រូវនឹងប្រកាសនៅថ្ងៃទី២៦ ខែមិថុនា៕ (រាយការណ៍បន្ថែមថាដោយ ទ្រី ថានី)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CPP sues opposition leader after commune election criticism

348 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម