សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ទោះបីមានកិច្ច​ខិតខំប្រឹងប្រែងរួម​គ្នា​យ៉ាងណាក៏ដោយ ក៏ទន្លេកម្ពុជានៅតែសម្បូរទៅដោយប្លាស្ទិក

ក្រុមការងាររបស់អង្គការសំអាតទន្លេ សមុទ្រ ប្រមូលសំរាមនៅទន្លេបាសាក់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
ក្រុមការងាររបស់អង្គការសំអាតទន្លេ សមុទ្រ ប្រមូលសំរាមនៅទន្លេបាសាក់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ បានឱ្យដឹងថា បរិមាណប្លាស្ទិក​ដែលស្មើនឹង​រថយន្តផ្ទុកសំរាមប្លាស្ទិកពេញចំនួន​​ ២០០០ គ្រឿង​​ ត្រូវបានគេ​ចាក់​ចូល​​សមុទ្រនៅទូទាំង​ពិភពលោកជារៀងរាល់ថ្ងៃ​។ 

ខណៈពេលដែលការបំពុលទឹក​សមុទ្រ គឺ​ជាវិបត្តិសកល បណ្តាប្រទេសអាស៊ីអាគ្នេយ៍​ស្ថិតក្នុងចំណោមប្រទេស ដែលបំពុលបរិស្ថានខ្លាំងបំផុត ដោយសារការប្រើ​​ប្រាស់ប្លាស្ទិកគ្រប់ទីកន្លែង​និង​គ្រប់គ្រងមិនបាន​ត្រឹមត្រូវនៅ​ក្នុង​តំបន់​នេះ។

បរិមាណនៃការ​ប្រើ​ប្រាស់​ប្លាស្ទិចសរុបនៅទូទាំងពិភពលោកបានកើនឡើងដល់៨,៣ ពាន់លានតោន ដោយក្នុង​នោះ ជាង ៨លានតោនបានហូរចូល​ក្នុង​សមុទ្រជារៀងរាល់ឆ្នាំ។

កាកសំណល់ភាគច្រើនត្រូវបាន​ហូរ​នាំ​តាម​ដងទន្លេធំៗចំនួន១០​ ដែលមួយ​ក្នុងចំណោមនោះ គឺទន្លេមេគង្គ ដែលហូរ​នាំ​ប្លាស្ទិកប្រហែល ៤០ ០០០តោនចូលទៅក្នុងមហាសមុទ្រពិភពលោករៀង​រាល់​ឆ្នាំ​។

ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជាវិញ ដែលមានទន្លេ​ប្រវែង​​ប្រហែល៤៨០ ​គីឡូម៉ែត្រ ការ​រៀប​ចំក្រុង​ និងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយ​ទ​សវត្សរ៍ចុងក្រោយនេះ បានធ្វើ​ឱ្យមានការកើនឡើងនូវ​​សំណល់រឹង និងសំ​ណល់​​ប្លាស្ទិក។

ដោយ​សារតែ​បញ្ហា​នេះ ប្រទេស​កម្ពុជា ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន បានចាប់​ផ្តើមសហការ​ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គ​​ការដទៃទៀតក្នុងឆ្នាំ២០២១ ដើម្បីបង្កើតកម្មវិធីមួយ​ចំនួន​ ក្នុងគោលបំណងសម្រួល​ដល់​វិស័យគ្រប់គ្រងកាកសំណល់ និងកាត់​បន្ថយសំណល់​ប្លាស្ទិក​តាម​​ផ្លូវទឹក​។ 

ប៉ុន្តែទោះបីជាមានការ​ចូល​រួម​ពី​អង្គការក្រៅរដ្ឋាភិបាល និងក្រុមបរិស្ថានក្នុងស្រុកក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន​ដោយ​ប្លាស្ទិក តាម​រយៈ​ការ​រៀបចំក្រុម​សម្អាត និងយុទ្ធនាបង្កើន​ការយល់ដឹងក៏ដោយ ការ​ខកខាន​មិន​បាន​អនុវត្ត​គោលនយោបាយ និងការកើន​ឡើង​នៃ​កាកសំណល់ជាច្រើនឆ្នាំមក​នេះ​ បានធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ពន្យារ​ពេល​កំណត់​របស់ខ្លួន​ ក្នុង​ការសម្រេចបាននូវប្រព័ន្ធ​សេដ្ឋ​កិច្ចវិលជុំ និង​ទឹកស្អាត។

គ្រាន់តែ​រាជធានី​ភ្នំពេញ​​មួយ​ ​បច្ចុប្បន្ន​មាន​​សំរាម​​ប្រមាណ​ ៣ ០០០​តោន​ក្នុង​មួយ​ថ្ងៃ ​ដែល​ក្នុង​នោះ​មាន​តែ​ ២០ ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​កែច្នៃ​ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន​។

ប្លាស្ទិក​ ដែល​គេ​បោះចោល​មាន​ចំណែក​​ ២១ភាគរយ​ នៃ​កាកសំណល់​ប្រចាំឆ្នាំ​របស់​ទីក្រុងភ្នំពេញ​។ 

ទោះបីជាមានការខិតខំប្រឹងប្រែងបន្តពីយុទ្ធនាការប្រឆាំងការបំពុលបរិស្ថាន​ដូចជា​គំនិតផ្តួចផ្តើម «កុំប្រើ​ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃយក​មកប្រើប្រាស់​» ក៏ដោយ ក៏ភាគច្រើននៃកាកសំណល់នេះ នៅតែត្រូវបាន​គេ​បោះចោលនៅទីសាធារណៈ​ ដុតចោលនៅកន្លែង​មួយ​ចំនួន​ ដែលគ្មានសេវាប្រមូលសំរាម ឬបោះចោលទៅក្នុងទន្លេនៅរាជ​ធានីភ្នំពេញ​។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ​សំអាតទន្លេ​ សមុទ្រ (ROC) ដែលជាអង្គការការពារបរិស្ថាន មានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានប្រាប់ខេមបូចា​ថា ចាប់តាំង​ពីឆ្នាំ២០២០មក អង្គការរបស់​លោក​បាននិងកំពុងសម្អាតកាកសំណល់ ជាពិ​សេសផលិតផលប្លាស្ទិកចេញ​ពីទន្លេសំខាន់ៗនៅ​ក្នុងប្រទេសកម្ពុជា រួមទាំង ទន្លេ​មេគង្គ ទន្លេសាប និងទន្លេ​បាសាក់។

លោក សុវណ្ណ បាន​មាន​ប្រសាសន៍ថា ចាប់តាំងពីខែសីហា ឆ្នាំ​២០២០ អង្គការ​ ROC បានប្រមូលសំរាមផ្សេងៗពីទន្លេចំនួន ១​ ៨៦០​តោន ហើយបានបញ្ជូនសំរាម​ភាគច្រើនទៅក្នុងប្រព័ន្ធគ្រប់គ្រងកាក​​សំណល់វិលជុំ​។ លោក​បានបន្ថែមថា សំរាមដែលអង្គការ​របស់​លោក​តែងតែប្រមូលមានដូចជា ដប ថង់ប្លាស្ទិក សម្លៀក​បំពាក់ និងកាកសំណល់ផ្ទះបាយ។

នាយកប្រតិបត្តិរូបនេះបាន​អះអាង​ថា អង្គការ ROC ប្រមូលសំរាមបានចន្លោះពី៥០ ទៅ៦០តោនតាម​ទន្លេជារៀងរាល់ខែ។

ខណៈពេលដែលលោក សុវណ្ណ មានទំនុកចិត្តលើសមត្ថភាពរបស់អង្គការ​ ROC ក្នុងការ​ប្រមូល​សំរាមដែល​អណ្តែតលើផ្ទៃទន្លេ លោកកត់សម្គាល់ថា បញ្ហានៃសំ​ណល់ដែលកប់យូរឆ្នាំនៅបាតទន្លេកំពុងធ្វើឱ្យអង្គការរបស់​លោកប្រើ​ប្រាស់ធនធានអស់យ៉ាងច្រើន។

សំណល់​ចាស់ៗ​ដែល​កប់​ជ្រៅ​នៅ​បាត​ទន្លេ និង​នៅ​បាត​សមុទ្របាន​បន្តផុស​ឡើងវិញជារៀងរាល់ថ្ងៃ​ ដែលធ្វើឱ្យសំរាមនៅលើផ្ទៃទឹកបន្តកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់អង្គការ​ ROC ដែល​តំបន់មួយចំនួនត្រូវ​បាន​សម្អាត​រហូ​ត​ដល់ប្រាំដងក៏ដោយ ក៏​សំណល់ទាំងនេះនៅតែបន្តកើតមាននៅតាម​ផ្លូវទឹក​នានា​នៅ​ក្នុង​ប្រទេសកម្ពុជា។

លោក សុវណ្ណ ប៉ាន់ប្រមាណថា ចំណាយពេលយ៉ាងតិចប្រាំមួយឆ្នាំ ជាមួយនឹងមូលនិធិគ្រប់គ្រាន់ ដើម្បីប្រមូល​សំណល់ចាស់ៗទាំងនោះចេញពីផ្នែក​នៃ​ទន្លេមេគង្គ ទន្លេសាប និងទន្លេ​បាសាក់របស់​ប្រទេស​កម្ពុជា​។

លោកបានសង្កត់ធ្ងន់ថា ការគាំទ្រពីក្រុមហ៊ុនឯកជន និងម្ចាស់ជំនួយ គឺមានសារៈ​សំខាន់ណាស់​ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ ដើម្បីពន្លឿនការប្រមូលសំណល់ចាស់ៗ។

សំណើសុំជំនួយបន្ថែមទៀតកើតមានចំ​ពេលដែលអង្គការ​ ROC ព្រមានថា ការបំ​ពុលទឹកទន្លេជាបន្តបន្ទាប់នេះ នឹងរឹតត្បិត​លទ្ធភាពទទួលបានទឹកស្អាត​ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅ​រដូវវស្សា​។

ក្រុមការងាររបស់អង្គការ​សំអាតទន្លេ​ សមុទ្រ ប្រមូលសំរាមនៅទន្លេបាសាក់កាល​ពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​។ (រូបភាព​ផ្តល់​ឱ្យ​)​​

លោក មី ណាក់ ប្រធានគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកសមុទ្រនៅកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា បាននិយាយនៅក្នុងផតខាស៍​ថ្មីៗ ដែលចុះផ្សាយដោយទីភ្នាក់ងារនេះថា កាកសំណល់ប្លាស្ទិកដែល​គ្រប់​គ្រង​មិន​បាន​ល្អ​នៅកម្ពុជា បង្កហានិភ័យមួយចំនួន​ដល់សុខភាព និងបរិស្ថាន​​។

លោក មី ណាក់ បានលើកឡើងពីបញ្ហានៃវត្តមាន​របស់​មីក្រូប្លាស្ទីកនៅក្នុង​ចំណី​អាហារ​ ហើយត្រី​នឹង​ស៊ី​មីក្រូប្លាស្ទិក​ក្នុង​ទឹក​ ដែល​បណ្តាល​មក​ពី​​ការបំពុលដោយ​ប្លាស្ទិកនៅតាម​ផ្លូវទឹកនៅ​កម្ពុជា។ បន្ទាប់មក សារធាតុពុលទាំងនេះនឹង​បន្ត​ចូល​ក្នុង​ខ្លួន​មនុស្ស​នៅ​ពេល​មនុស្ស​ទទួល​ទាន​ត្រី​នោះ។

លោក ណាក់ បានព្រមានថា កម្ពុជាត្រូវការយុទ្ធសាស្ត្រទូលំទូលាយជាងនេះ ក្រៅពីកម្មវិធីដែលមានស្រាប់ ដើម្បីដោះស្រាយការបំពុលដោយ​ប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបន្ថែមថា ក្រៅពីបទប្បញ្ញត្តិដ៏តឹងរ៉ឹង និងការកំណត់ការនាំចូលកាកសំណល់ប្លាស្ទិកពីប្រទេសផ្សេងៗ យុទ្ធនាការអប់រំ និងការលើកទឹកចិត្តពន្ធសម្រាប់ជម្រើសផ្លាស្ទិកគួរតែជាអាទិភាពកំពូល។

កញ្ញា មាន លីសា សកម្មជនបរិស្ថាន ដែលតែងតែធ្វើដំណើរទៅខេត្តកោះកុង ដើម្បីសិក្សាពីបញ្ហាបរិស្ថាន បានប្រាប់ខេមបូចា​ថា ពលរដ្ឋ​តាម​មូល​ដ្ឋាន​ជាច្រើនបោះចោលសំរាមដោយផ្ទាល់ចូល​ទៅក្នុងសមុទ្រ។

កញ្ញា​ លីសា បាន​និយាយ​ថា​៖ «ពលរដ្ឋមិន​បាន​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​បោះ​ចោល​សំរាម​ទៅក្នុងទឹក​ទេ ហើយ​ការផ្សព្វ​ផ្សាយ​ជា​សាធារណៈ​​និង​ការ​​អនុវត្ត​ច្បាប់​របស់​​អាជ្ញាធរ​មូលដ្ឋាននៅ​មាន​កម្រិត ​បានធ្វើ​ឱ្យ​ការ​​​ពង្រាយ​សំ​រាម​នៅ​បន្ត​កើត​មាន​»។

លោក ហែម សុភេម ជា​ស្ថាបនិករបស់​ក្រុម​និស្សិតប្លាស្ទិក​ ដែលជាក្រុមសម្អាតសំ​រាមជាប្រចាំតាមប្រឡាយទឹកស្អុយ​ ក៏បានកត់សម្គាល់ពីបញ្ហាសហគមន៍ជនបទដែលខ្វះ​ការយល់ដឹង​។

លោក​បាននិយាយ​ថា៖​ «​បន្ទាប់​ពី​ធ្វើ​ការ​​ប្រមូលសំរាមពីកន្លែង​មួយ​ សំរាម​នឹង​មកស្ទះ​ឡើង​​វិញ​នៅ​​កន្លែង​​ដដែល​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ ដោយ​សារ​​​ប្រជាពលរដ្ឋ​​បន្ត​បោះចោល​សំរាម​តាម​ប្រឡាយ​ និង​ក្នុង​លូ»។

សំណល់ប្លាស្ទិកអណ្តែតលើផ្ទៃ​ទឹកសមុទ្រជុំវិញកោះស្តេច នៅ​ស្រុកគិ​រី​សាគរ ខេត្តកោះកុង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ស៊ើង​ និមល់)

បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានគោលនយោបាយមួយចំនួនសម្រាប់​សកម្មភាព​នា​ពេល​អនាគត ដែលរៀបចំឡើង ដើម្បីស្តារឡើងវិញនូវវិស័យកែច្នៃរបស់ប្រ​ទេសកម្ពុជា និងកម្រិតការប្រើប្រាស់ប្លាស្ទិកដែល​ផលិត​ថ្មីៗ។

ប៉ុន្តែគោលនយោបាយទាំងនេះនៅខ្វះខាតនៅពេលគេ​និយាយអំពីការផ្សព្វ​ផ្សាយ​ជាសាធារណៈ និងការបង្កើត​ប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាពនៅតំបន់ជនបទ និងតំបន់​ក្រីក្រក្នុងទីក្រុង​ នេះបើយោងតាមភាគី​ពាក់​ព័ន្ធនៅ​ក្នុងគំនិតផ្តួចផ្តើមសម្អាតបរិស្ថាន​។

ក្រសួងបរិស្ថានមិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់ខេមបូចា​ ទាក់ទងនឹងការកែសម្រួលភាពខ្វះចន្លោះ​ដែល​អាចមាន​នៅក្នុង​គោលនយោបាយរបស់​ខ្លួនសម្រាប់ការគ្រប់គ្រងកាកសំណល់នោះទេ។

ទោះបីជាមិន​ទទួល​បាន​ជោគជ័យក៏ដោយ ក៏កម្ពុជានៅតែបន្តទទួលបានជំនួយអន្តរជាតិសម្រាប់កែលម្អលើចំណុច​ទាំងនេះ។

ការគាំទ្រ​ថ្មីៗបំផុតបានធ្វើ​ឡើង​កាល​ពី​ខែឧសភា ឆ្នាំ២០២៣ នៅពេលដែលធនាគារពិ​ភពលោកបានយល់ព្រម​ផ្តល់ឥណទាន​ចំនួន៦០លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយកម្ពុជាលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងលំហូរនៃសំណល់ និងលើកកម្ពស់សេដ្ឋកិច្ចវិលជុំ​។

ជំនួយ​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​​ការផ្តល់ជំនួយ​​ជា​បន្តបន្ទាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ការ​​បំពុល​សមុទ្រដោយ​ប្លាស្ទិក។

ខណៈពេលដែលកាកសំណល់របស់កម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាមួយនឹងកំណើនសេដ្ឋកិច្ច និងកំណើន​ប្រជាជននោះ​ ភាពជោគជ័យរបស់កម្ពុជា​ក្នុងការរក្សាទឹកទន្លេគ្មានប្លាស្ទិក និងសំណល់រឹងនោះ នឹងពឹងផ្អែកលើការប្រើប្រាស់ជំនួយពហុភាគី។ នៅកម្រិតមូលដ្ឋាន អង្គការបរិស្ថានក្នុងមូលដ្ឋាននៅតែប្រកាន់ខ្ជាប់ក្នុងការបង្កើន​ការយល់ដឹងនៅតាម​សហគមន៍ និងសម្អាតអ្វីដែលពួកគេអាចធ្វើបាន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite Concerted Efforts, Cambodian Rivers Are Still Rife With Plastic

343 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម