សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក

កម្មករក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
កម្មករក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គ្រួសារដែលរងផលប៉ះពាល់ ដោយការកសាង​អាកាស​យាន​ដ្ឋាន​ភ្នំពេញដ៏ធំថ្មីមួយ បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​កាន់​ដីថ្មី​ដែលត្រូវបានបែងចែកឱ្យ​ពួកគេ ហើយ​កំពុង​ទាមទារ​សំណង​ជា​ប្រាក់​បន្ថែម​ទៀត​ចំពោះ​ការ​ដែល​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​។​

គម្រោង​តម្លៃ ១,៥​ ពាន់​លាន​ដុល្លារ​នៅ​ស្រុក​កណ្តាល​ស្ទឹង ដែល​រំពឹង​ថា​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី ២,៦០០ហិកតា​ នឹង​ក្លាយ​ជា​ព្រលាន​យន្ត​ហោះ​ធំ​ជាង​គេ​មួយ​របស់​ពិភព​លោក​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​អាកាសចរណ៍ បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​មែន​ជា​ច្រក​ឆ្លង​កាត់ទូទៅ ​ក៏​ដោយ​។

អាកាស​យាន​ដ្ឋាន​ថ្មី​ដែល​មាន​ចម្ងាយ​ប្រហែល ៣០គីឡូ​ម៉ែត្រ​នៅ​ខាង​​ក្រៅ​រាជ​ធានី កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុនOCIC ដែល​មាន​ឯកទេស​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ និង​ជា​​ក​ម្ម​សិទ្ធិ​របស់​ឧកញ៉ា​ ពុង ឃាវ​សែ ប្រធាន​ធនាគារ​កាណាឌីយ៉ា​។ គម្រោងនោះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៥ ។

ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​​ផ្ទះ និង​ដី​ស្រែ​ ត្រូវប៉ះពាល់ដោយសារគម្រោងនោះ បាន​និយាយ​ថា​ ពួកគេ​មិន​ចង់​រើ​ទៅ​តាំង​ទី​លំ​នៅ​ថ្មី​ ដែល​កំពុង​រៀប​ចំ​សម្រាប់​ពួក​គេ មាន​ចម្ងាយ​ប្រហែល ៤​គីឡូ​ម៉ែត្រ នៅភូមិ​ជើង​ព្រៃ​២ ឃុំ​អំពិល​ព្រៃនោះ​ឡើយ។

អ្នកស្រី ឃឹម ម៉ាលី អ្នក​ភូមិ​កំពង់​តាឡុង ដែល​មិន​ព្រម​ផ្លាស់​ទី​លំនៅ បាន​និយាយ​ថា ៖ «តើ​យើង​អាច​ធ្វើ​អ្វី​បាន ពេល​ដែល​យើង​ត្រូវ​បាន​គេ​ឱ្យរើទៅនៅកន្លែងថ្មី ដែល​នៅ​ឆ្ងាយ​ពី​ភូមិនោះ »

អ្នកស្រីបាន​​បន្ថែម​​ថា​៖ «​ខ្ញុំ​​ចង់​​បាន​​លុយ ដូច្នេះ​​ខ្ញុំ​​អាច​​ទិញ​​ដី​​នៅ​​កន្លែង​​ផ្សេង​បាន… បើ​​មិន​​ដូច្នេះ​​ទេ ខ្ញុំ​​សុខចិត្ត​ស្លាប់​​លើ​​ដី​របស់​​ខ្ញុំ​»​។ «​ពួក​យើង​គួរ​តែ​មាន​ជម្រើស​ចំពោះ​លើ​ទី​តាំង​ដែល​ពួក​យើង​កាន់​​កាប់ ផ្ទុយ​មក​វិញ​យើង​បែរ​ជា​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ទទួល​យក​នូវ​អ្វី​ដែល​គេ​ផ្តល់​ឱ្យ​ទៅវិញ»​ ។

 អាជ្ញាធរ​​ខេត្ត​​កណ្តាល​​ចាប់​​ផ្តើម​​ចុះ​​វាស់​វែង​​ផ្ទះ​​ប្រជា​ពលរដ្ឋ​​​​​​ ដែល​ជា​​ផ្នែក​​មួយ​​នៃ​​ការ​​វាលតម្លៃដើម្បី​​ផ្តល់​​សំណង​​ដល់​​ពួក​​គាត់​​ទាក់​​ទង​​នឹង​​ជម្លោះ​​ដី​ធ្លី​​ដ៏​​រ៉ាំ​រ៉ៃ​​ដែល​​បង្ក​​ឡើង​​ដោយ​​ការ​​អភិវឌ្ឍ​​ព្រលាន​​យន្ត​ហោះ​​ថ្មី​។ រូប​ភាព​​ថត​​កាល​​ពី​​ថ្ងៃ​​ទី ៤ ខែ​​វិច្ឆិកា​ ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ
អាជ្ញាធរ​​ខេត្ត​​កណ្តាល​​ចាប់​​ផ្តើម​​ចុះ​​វាស់​វែង​​ផ្ទះ​​ប្រជា​ពលរដ្ឋ​​​​​​ ដែល​ជា​​ផ្នែក​​មួយ​​នៃ​​ការ​​វាលតម្លៃដើម្បី​​ផ្តល់​​សំណង​​ដល់​​ពួក​​គាត់​​ទាក់​​ទង​​នឹង​​ជម្លោះ​​ដី​ធ្លី​​ដ៏​​រ៉ាំ​រ៉ៃ​​ដែល​​បង្ក​​ឡើង​​ដោយ​​ការ​​អភិវឌ្ឍ​​ព្រលាន​​យន្ត​ហោះ​​ថ្មី​។ រូប​ភាព​​ថត​​កាល​​ពី​​ថ្ងៃ​​ទី ៤ ខែ​​វិច្ឆិកា​ ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ

ក្រសួង​រៀប​ចំ​ដែន​ដី​បាន​ផ្តល់​ជម្រើស​២​ជូន​ប្រជា​ពលរដ្ឋ​ គឺទីមួយទទួល​យក​ការ​ដោះ​ដូរ​ដី​សម្រាប់​​នៅ​កន្លែង​ផ្សេង ឬ​ក៏​សំណង ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​ជា​ច្រើន​បាន​បន្ត​ច្រាន​ចោល​នូវ​ជម្រើស​នេះ​ដោយ​សារ​តែ​វា​ទាប​ពេក​។

ប៉ុន្តែ​​ការ​​សាង​​សង់​​នៅ​​តែ​​បន្ត​​ទៅ​​មុខ​ជា​ដរាប​។ អ្នក​យក​ព័ត៌មាន​ម្នាក់​របស់ ខេមបូចា ដែល​ចុះ​ទៅ​មើល​ទី​តាំង​ថ្មី កាល​ពី​ថ្ងៃ​ចន្ទ បាន​ឃើញ​គ្រឿង​ចក្រ​ឈូស​ឆាយ និង​រថយន្ត​ នៅតែបន្តដឹក​ដី​យក​ទៅ​ចាក់​បំពេញសម្រាប់ដោះដូរជូនពលរដ្ឋ។

កម្មករ​​ម្នាក់​បាន​​និយាយ​​ថា ក្រុម​ហ៊ុន​​កំពុង​​ចាប់​​ផ្តើម​​ចាក់​​បំពេញ​ដី ហើយ​​​​សង្ឃឹម​​ថា​​នឹង​​បញ្ចប់​​ការ​​សាង​សង់​​ផ្លូវ​​ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅ​​មុន​​រដូវ​​វស្សា​មក​ដល់ ។

អ្នក​​ភូមិ​​ផ្សេង​​ទៀត​​បាន​​និយាយ​​ថា ពួក​​គាត់​​ក៏​​មាន​​ការ​​ប្រុង​​ប្រយ័ត្ន​​​ចំពោះ​​ដី​​ដែល​​ពួក​​គាត់​​ត្រូវ​​បាន​​គេ​ផ្តល់​ឱ្យ​​នៅ​​ទីតាំង​​ថ្មី​​នោះ​ដែរ​។

លោក ផា សេង បាន​និយាយ​ថា គាត់​បាន​បដិសេធ​តម្លៃ ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដែល​ក្រុម​ហ៊ុន​ផ្តល់​ជូន​សម្រាប់​ដី​ស្រែ​របស់​គាត់ ប៉ុន្តែ​គាត់​នឹង​យល់​ព្រម​ផ្លាស់​ប្តូរ​ទៅ​ទី​តាំង​ថ្មី ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ផ្តល់​នូវ​តម្លៃ​ដីស្រែខ្ពស់​ជាង​នេះ​។

លោក​បាន​និយាយ​ថា៖ « ខ្ញុំ​យល់​ព្រម​ផ្លាស់​ប្តូរ [ផ្លាស់​ទៅ​កន្លែង​ថ្មី] ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ដី​ស្រែ​របស់​ខ្ញុំ​ត្រូវ​បាន​ដោះ​ស្រាយ​ជា​មុន ព្រោះ​ខ្ញុំ​មាន​កូន​ប្រាំ​ពីរ​នាក់​ដែល​ត្រូវ​ចិញ្ចឹម​»

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី ហ៊ាង ហៀក មាន​ប្រសាសន៍​ថា ជា​ថ្នូរ​នឹង​ដី​លំនៅ​ឋាន ដែល​អ្នក​ស្រី​ត្រូវ​ចាក​ចេញ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការសាងសង់ព្រលាន​យន្ត​ហោះ​ថ្មី គ្រួសារអ្នកស្រីត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ដី​ស្រែ​ទំនេរ​មួយ​ឆ្ងាយ​ពី​ភូមិ​ ដែល​គាត់​មិន​អាច​ប្រកប​អាជីវកម្ម​បាន​អ្វី​បានឡើយ​។ .

កម្មករ​​ក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ​ទី​១៤ ខែ​មីនា ឆ្នាំ​​២០២២។ ខេមបូចា/ព្រីង សំរាំង
ម្មករ​​ក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​​២០២២។ ខេមបូចា/ព្រីង សំរាំង

ប៉ុន្តែ​​អភិបាល​ស្រុក​កណ្តាលស្ទឹង លោក អ៊ូច សាវឿន មាន​ប្រសាសន៍​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ទាំង​អស់​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាង​សង់​សម្រាប់​អ្នក​ដែល​កំពុង​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី រួម​មាន​ទាំង​ផ្លូវ​ថ្មី ទឹក​ និង​ប្រព័ន្ធ​អគ្គិសនី​។

លោក​បាន​​មានប្រសាសន៍ថា​​៖ «យើង​​មិន​​ទាន់​​ដឹង​​ថា​​ក្រុម​ហ៊ុន​​នឹង​​ត្រូវ​​ចំណាយ​​ពេល​​ប៉ុន្មាន​​ដើម្បី​​បញ្ចប់​​ការ​សាង​សង់​​នេះ​ទេ​ ប៉ុន្តែ​បើការ​ស្ថាបនា​មិនទាន់រួចរាល់ទេ ពលរដ្ឋមិនទាន់ទៅនៅបានទេ​»​។

លោក​​បាន​​បន្ថែម​​ថា​​៖ «ខណៈ​​ពេល​​បច្ចុប្បន្ន​​វា​​គ្រាន់​តែ​ជា​​វាល​ស្រែ តែ​វា​​មាន​​សក្តានុពល​​ដោយ​សារ​​វា​​ត​​ភ្ជាប់​​ទៅ​​នឹង​​ផ្លូវ​​ក្រវាត់​​ក្រុង​​ទី​​៣ ហើយ​​តម្លៃ​​អចលនទ្រព្យ​​នៅ​​តំបន់​​នោះ​​ក៏​​ល្អ​​ដែរ​​»។​

​​ការ​​លើក​​ឡើង​​នេះ ក៏ត្រូវបាន​​លោក ជីវ កុក​សាយ ដែល​​ទទួល​​បន្ទុក​​ទទួល​​ក្នុង​ការ​ទិញ​យក​​ដី​​សម្រាប់​ធ្វើ​​ព្រលាន​​យន្ត​ហោះ​​ថ្មី​ គាំទ្រផងដែរ។

លោក​​បន្ត​​ថា​​៖ «ការ​​ផ្លាស់​​ទៅ​​ទី​តាំង​​ថ្មី​​គឺ​​ល្អ​​សម្រាប់​​ពួក​​គាត់​ព្រោះ​​តម្លៃ​​ដី​​នៅ​​ទី​នោះ​​ខ្ពស់​​ជាង​​នៅ​ទីតាំង​​ចាស់​​»

ប៉ុន្តែ លោក អំ សំអាត នាយករង​​ផ្នែក​​ឃ្លាំ​​មើល​​នៃ​​អង្គការ​​សិទ្ធិ​​មនុស្ស​​លីកាដូ បាន​​ព្រមាន​​ថា៖ «​បើ​​គ្មាន​​ការ​​ចរចា​​ដោយ​យុត្តិធម៌ និង​​តម្លាភាព ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​អាច​​បង្ក​​ឲ្យ​​មាន​​អំពើ​​ហិង្សា​»​។

វិវាទ​​ដី​ធ្លី​​ជា​​បញ្ហា​​ធំ​​នៅ​​កម្ពុជា​។ នៅ​​ក្នុង​​ជម្លោះ​​ខ្លះ អ្នក​​ភូមិ​​ត្រូវ​​បាន​​ផ្តល់​​ប្រាក់​​សម្រាប់​​ដី​​ឬ​​ផល​​ដំ​ណាំ​​របស់​ខ្លួន ប៉ុន្តែ​​ច្រើន​​តែ​​ក្នុង​​តម្លៃ​​ទាប​​ជាង​​តម្លៃ​​ទី​ផ្សារ​។ ចំណែក​​អ្នក​​ភូមិ​​ខ្លះ​​ត្រូវ​បាន​​ផ្លាស់​​ប្តូរ​​ដោយ​​គ្មាន​​សំណងដោយ​សារ​​អាជ្ញាធរ​​អះ​អាង​​ថា ពួក​​គេ​​បាន​​មក​​តាំង​ទី​លំ​​នៅ​​លើ​​ដី​​ដោយ​​ខុស​​ច្បាប់​។​

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ មាន​មនុស្ស ៩ នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​តវ៉ា ដែល​ពួក​គេ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​នៅ​ទីតាំង​ព្រលាន​យន្ត​ហោះ​ថ្មី​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Development of mega-airport continues, despite opposition by locals

806 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម