អំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទ បានបង្កឃាតកម្មលើមនុស្សយ៉ាងហោចណាស់ជាង១០០នាក់បានស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ បើគិតក្នុងរយ:ពេលតិចជាង៦ឆ្នាំចុងក្រោយ។ យោងតាមរបាយការណ៍អង្គការ លីកាដូ។
តាមរបាយការណ៍អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឱ្យដឹងថា ក្នុងប្រទេសកម្ពុជាមានពលរដ្ឋរងគ្រោះយ៉ាងតិច ចំនួន១៤៦នាក់ បានស្លាប់ ដោយសារករណីអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទ ចាប់តាំងពីឆ្នាំ២០២០មក។ ក្នុងនោះ មានស្ត្រីចំនួន៩៦នាក់ កុមារចំនួន៤៦នាក់ និងបុរសចំនួន៤នាក់ ព្រមទាំងជនរងគ្រោះជាច្រើន ដែលទំនងត្រូវបានសម្លាប់ក្នុងករណីក្រៅពីការចងក្រង ខ្លះទៀតកំពុងប្រឈមនឹងអំពើហិង្សាដែលបង្កហានិភ័យជារៀងរាល់ថ្ងៃផងដែរ។
របាយការណ៍ ជំរុញថា៖ «រាជរដ្ឋាភិបាលគួរពង្រឹងកម្មវិធីទប់ស្កាត់ និងសេវាគាំទ្រ រួមមានចំណាត់ការតាមផ្លូវតុលាការដែលមានប្រសិទ្ធភាព ដីការក្សាការពារ និងសេចក្ដីសម្រេចរដ្ឋបាល ការការពារផ្នែកច្បាប់ ទីជម្រកសុវត្ថិភាព ជំនួយហិរញ្ញវត្ថុ សេវាសុខភាព សេវាប្រឹក្សាផ្លូវចិត្ត និងសេវាកម្មផ្សេងៗទៀត»។
ម្យ៉ាងទៀត គួរធ្វើការកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យបានឆាប់រហ័ស និងទូលំទូលាយ ពិសេស ច្បាប់ស្តីពី «ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ»ដើម្បីដាក់ទោសទណ្ឌរាល់ទង្វើហិង្សាក្នុងគ្រួសារ និងហាមឃាត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ នេះបើយោងតាមរបាយការណ៍បញ្ចាក់។
របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ (CDHS) របស់រាជរដ្ឋាភិបាល បង្ហាញថា ស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី៥នាក់ គឺមានចំនួន២១% ធ្លាប់មានដៃគូ ហើយរងអំពើហិង្សាផ្លូវកាយ អារម្មណ៍ និងផ្លូវភេទ ដែលប្រព្រឹត្តដោយដៃគូបច្ចុប្បន្ន ឬដៃគូចុងក្រោយបំផុត និងបីភាគបួននៃអ្នកដែលបានទទួលរងអំពើហិង្សាទាំងនោះ (៧៥,៨ភាគរយ)បានរាយការណ៍ថា ពួកគេភ័យខ្លាចស្ទើរគ្រប់ពេលវេលា។
ចំនួននេះ អង្គការលីកាដូ ក៏ធ្លាប់អំពាវនាវ និងតាមដានសកម្មភាពរដ្ឋាភិបាលរយៈពេលជាងប្រាំបីឆ្នាំមកនេះថា មិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះទេ ហើយចាត់ទុកជាការព្រួយបារម្ភ ដោយសារការស្ទង់មតិរាជរដ្ឋាភិបាល ក៏បន្តបង្ហាញអំពីកម្រិតអំពើហិង្សា និងការរំលោភបំពានដ៏ច្រើនលើសលប់ ប៉ះពាល់ស្ត្រី កុមារ និងអ្នកស្រលាញ់ភេទដូចគ្នា ជាដើម។
ជនរងគ្រោះដែលត្រូវបានសម្លាប់ ក្នុងករណី ដែលអង្គការ លីកាដូ បានចងក្រង មានអាយុជាមធ្យម ៣១ឆ្នាំ និងរួមមានទារកអាយុចាប់ពី ១ខែ រហូតដល់មនុស្សវ័យចំណាស់អាយុ ៨៤ឆ្នាំ ក្នុងនោះ ស្ត្រីយ៉ាងតិច ៤នាក់កំពុងមានផ្ទៃពោះ អំឡុងពេលដែលពួកគេត្រូវបានសម្លាប់។ ឯច្រើនជាងពាក់កណ្ដាលនៃឃាតកម្មទាំងនេះ គឺប្រព្រឹត្តដោយដៃគូ ឬអតីតដៃគូរបស់ជនរងគ្រោះមានដូចជា ប្ដី គូដណ្ដឹង ឬមិត្តប្រុសជាដើម។

ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ លោក ព្រាប ភ្លី បង្ហាញការភ្ងាក់ផ្អើលចំពោះករណីឃាតកម្មនេះ បើទោះបីសហគមន៍លោកមិនទាន់មានចំនួនអ្នកបាត់បង់ជីវិតនៅឡើយ ពោល គឺមានត្រឹមតែរងរបួសធ្ងន់ស្រាលប៉ុណ្ណោះ។
លោក ព្រាប ភ្លី រៀបរាប់ថា៖ «ក្នុងភូមិខ្ញុំផ្ទាល់មិនទាន់មានដល់ថ្នាក់ស្លាប់ទេ មានតែអំពើហិង្សារវាងប្តីប្រពន្ធ បងថ្លៃប្អូនថ្លៃក៏មានដែរ ត្រឹមរបួសទេ ហើយក៏មានការអន្តរាគមន៍ពីខាងនគរបាលបន្ទាប់»។
ទោះជាយ៉ាងណា ប្រធានគម្រោងនារីដើម្បីសន្តិភាព((WPM) លោកស្រី អ៊យ ម៉ារីនី សម្តែងការបារម្ភជុំវិញបញ្ហាហិង្សាលើស្រ្តី និងក្មេងស្រីកើនឡើងនេះ ខណ:លោកស្រីសង្កេតឃើញមុខសញ្ញាបង្កមិនត្រូវបានផ្តន្ទាទោសតាមបទល្មើសដែលពួកគេបានប្រព្រឹត្តនោះទេ។
លោកស្រី អ៊យ ម៉ារីនី ស្នើថា៖ «១. ខ្ញុំជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សា និងកិច្ចការពារជនរងគ្រោះ។ ២. ធ្វើវិសោធនកម្មច្បាប់ណា ដែលមានចរិតរើសអើង។ ៣. ផ្តន្ទាទោសជនប្រព្រឹត្តហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី។ ៤.បង្កើតកិច្ចការពារសិទ្ធិស្រ្តី និងក្មេងស្រីតាមផ្លូវច្បាប់ (មានសេវាមេធាវី, ការប្រឹក្សាយោបល់ផ្លូវច្បាប់ មានជម្រកសុវត្តិភាពសម្រាប់ស្រ្តី និងក្មេងស្រីអាចស្នាក់នៅបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពរបស់ពួកគេ ផ្តល់សេវាប្រឹក្សាយោបល់ផ្លូវចិត្តដល់ពួកគេ ចេញដីកាការពារ និងសេចក្តីសម្រេចរដ្ឋបាលដែលការពារជនរងគ្រោះពីការតាមយាយីរបស់ជនប្រព្រឹត្ត»។
កាលពីពាក់កណ្តាលខែមិថុនា អង្គការសង្គមស៊ីវិលចំនួន១៣ស្ថាប័នបានចេញសេចក្តីថ្លែងការរួម និងអំពាវនាវដ្ឋាភិបាលពន្លឿនការធ្វើច្បាប់នេះ ព្រោះសកម្មភាពកន្លងមក មិនមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ សុំមិនអត្ថាអធិប្បាយជុំវិញ ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយទប់ស្កាត់បញ្ហានេះទេ។
លោក ទូច សុខៈ ថ្លែងថា៖ «បើសិនជារឿងនេះ ទាល់តែសួរទៅខាងក្រសួងកិច្ចការនារីបានត្រូវ! ក្រសួងកិច្ចការនារីអ្នករៀបចំសមត្ថកិច្ច ការអនុវត្ត ផែនការ និងយុទ្ធសាស្ត្រគោលនយោបាយបង្ក្រាប បង្ការ»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា ក៏បដិសេធការធ្វើអត្ថាធិប្បាយដែរ។
អ្នកស្រី ម៉ាន ចិន្តា ថ្លែងថា៖ «ព័ត៌មានអីហ្នឹង ចាំខ្ញុំឱ្យលេខអ្នកព័ត៌មាននៅក្រសួងទៅ សូមទាក់ទងទៅផេកក្រសួង សូមអរគុណ!»៕












