សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់បង្ហាញពីកំណើននៃការកែច្នៃក្នុងស្រុក

គ្រឿងញៀនដែលរឹបអូសបានត្រូវដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរដោយខុសច្បាប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ខេមបូចា/ព្រីង សំរាំង
គ្រឿងញៀនដែលរឹបអូសបានត្រូវដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរដោយខុសច្បាប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ខេមបូចា/ព្រីង សំរាំង

ជាមួយនឹងសញ្ញាដែលបង្ហាញថាកម្ពុជាកំពុងដើរលើផ្លូវដែលអាចក្លាយជាប្រទេសផលិតគ្រឿងញៀន ក៏ដូចជាប្រទេសឆ្លងកាត់ក្នុងការដឹកជញ្ជូនគ្រឿងញៀន ទាំងមន្ត្រី និងប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភស្រដៀងពីផលប៉ះពាល់សង្គមដែលបណ្តាលមកពីបញ្ហានេះ។

កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ រោងចក្រកែច្នៃគ្រឿងញៀនក្នុងស្រុកដ៏ធំមួយត្រូវបានរកឃើញនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាល បាននិយាយថាពួកគេបានរឹបអូសបានថ្នាំញៀនប្រភេទកេតាមីន (Ketamine) ជាង ១,៤ តោន និងសារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ជាង​ ៨0 តោន ដោយពេលនោះសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស១៣នាក់ និងសម្លាប់ជនជាតិតៃវ៉ាន់ម្នាក់ដែលបានប្រើប្រាស់អាវុធបាញ់តបត។ ប៉ូលិសកម្ពុជា និងចិន ត្រូវបានរាយការណ៍ថាបានរួមគ្នាតាមដានទីតាំងនេះ អស់រយៈពេលជាច្រើនខែ មុនពេលធ្វើការវាយឆ្មក់បង្រ្កាប។

អ្នកភូមិបានសម្តែងការព្រួយបារម្ភ ដោយសារទីតាំងកែច្នៃនោះ ស្ថិតនៅខាងក្នុងបរិវេណនៃរោងចក្រកែច្នៃកសិកម្មមួយដែលនៅក្បែរផ្ទះរបស់ពួកគេ។

លោក ឃាង ដុម អាយុ ២៥ ឆ្នាំ បម្រើការនៅរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង ដែលមានទីតាំងនៅខាងក្នុងរោងចក្រនោះ បាននិយាយថាលោកមិនដឹងថាថ្នាំញៀនកំពុងត្រូវបានកែច្នៃនៅក្នុងបរិវេណជាមួយគ្នានឹងកន្លែងលោកធ្វើការឡើយ រហូតដល់មានការឆ្មក់ចូលពីសមត្ថកិច្ច ទើបលោកបានដឹង។

លោក​បាន​មាន​ប្រសាសន៍​ថា៖«ដំបូង​គេ​ថា​នេះ​ជា​រោងចក្រ​ផលិត​ស្បែក​ជើង ហើយ​អ្នក​ភូមិ​ជា​ច្រើននាក់​បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើនៅហ្នឹង ប៉ុន្តែពួក​គេ​មិន​ដែល​រើស​កម្មករ​ទេ»

លោក បានបន្តថា៖«ខ្ញុំ​ធ្លាប់​ចូល​បរិវេណ​រោងចក្រ​ដើម្បី​សម្អាត ហើយ​មាន​ក្លិន​ដូច​កាវ​ចេញ​ពី​រោងចក្រ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោលបំណង​កែច្នៃ​គ្រឿងញៀនទេ។ ខ្ញុំ​បាន​ឃើញ​គេ​យក​ធុង​ជាច្រើន​ចូល​ក្នុង​រោងចក្រ»

ឃ្លាំងមួយដែលប្រើសម្រាប់កែច្នៃថ្នាំញៀនសំយោគត្រូវបានគេឃើញនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ឃួន ណារីម
ឃ្លាំងមួយដែលប្រើសម្រាប់កែច្នៃថ្នាំញៀនសំយោគត្រូវបានគេឃើញនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ឃួន ណារីម

អនុប្រធានភូមិ ជំនាប់ លោក ជា ផ្លយ អាយុ ៤២ឆ្នាំ មានប្រសាសន៍ថា អ្នកភូមិពីមុនត្រូវបានអនុញ្ញាតឱ្យដើរដោយសេរីក្នុងបរិវេណរោងចក្រនោះ ខណៈអាជ្ញាធរឃុំក៏អាចចូលទៅពិនិត្យផងដែរ ក្នុងករណីរក្សាទុកកាកសំណល់ស្វាយមិនត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ បីខែមុនការវាយឆ្មក់ អ្នកខាងក្រៅត្រូវបានហាមឃាត់មិនឱ្យចូលកន្លែងនោះទេ។

លោក ឡេង សុខ អាយុ៤០ឆ្នាំ មានផ្ទះនៅជាប់រោងចក្រដែលត្រូវបានប្រើជាកន្លែងកែច្នៃគ្រឿងញៀននោះ បានប្រាប់ថា ពីរខែមុនការបង្រ្កាប លោកបានប្រទះឃើញម្សៅខ្មៅមានក្លិនស្អុយបោះចោលនៅខាងក្រោយរោងចក្រ។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ដឹង​ថា​វា​មិន​មែន​ជា​កាកសំណល់​ស្វាយ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​អ្វី​ទេ​ រហូត​ដល់​មានការបង្រ្កាបគ្រឿងញៀន ​ទើប​ខ្ញុំ​យល់​ថា​វា​ទំនងជា​កាកសំណល់​ថ្នាំ​ញៀន​»

អ្នកស្រី ឡឹម វឿន ដែល​មាន​ផ្ទះ​នៅ​ខាង​មុខ​រោងចក្រ​បាន​និយាយ​ថាគាត់​បាន​​ឃើញ​កម្មករ​ចិន​មក​​រាល់​ថ្ងៃ​ទាំង​កណ្តាល​អធ្រាត្រ។

អ្នកស្រី បានបន្តថា៖«យើង​អត់​ដឹង​អី​ទេ ទាល់​តែ​ប៉ូលិស​មក​បិទ​រោងចក្រ។ យើង​មិន​ដែល​សង្ស័យ​អីទេ» អ្នកស្រី បានបន្ថែមថា៖«ខ្ញុំ​មិន​បាន​គិត​ថា​មាន​រោងចក្រ​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​​ខ្ញុំ ហើយ​នៅ​ជិត​ផ្ទះ​​ខ្ញុំ​អ៊ីចឹង​ទេ។ ខ្ញុំ​ពិត​ជាពិបាកចិត្តណាស់ចឹងអី»

ការ​បង្រ្កាបរោងចក្រកែច្នៃគ្រឿងញៀនកំពង់ស្ពឺនោះ ​បង្ហាញ​ថា​ប្រហែល​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ធំ​បំផុត​ក្នុង​ប្រទេស ប៉ុន្តែ​ការ​បង្ក្រាប​ថ្មីៗ​នេះ​ក៏​បាន​រក​ឃើញ​ចលនាកែច្នៃគ្រឿងដ៏ធំផងដែរ។ កាល​ពី​ខែ​តុលា ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​៦​នាក់​ពី​បទ​ជួញ​ដូរ និង​កាន់កាប់​ថ្នាំ​ញៀន​ជាង ២០០​គីឡូក្រាម នៅ​ខេត្ត​កោះកុង។ កាល​ពី​ចុង​ខែ​ធ្នូ ជនជាតិ​ចិន ៩​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ពី​បទ​កាន់កាប់ និង​ជួញ​ដូរ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ជិត ៣៥០​គីឡូក្រាម។

កែច្នៃ ប៉ុន្តែមិនមែនផលិត

ករណីបង្រ្កាបរោងចក្រកែច្នៃគ្រឿងញៀននៅកំពង់ស្ពឺដែលត្រូវបានគេជឿថាគ្រប់គ្រងដោយជនជាតិចិន បានទាក់ទាញចំណាប់អារម្មណ៍របស់អាជ្ញាធរ ដែលជាអ្នកជួយក្នុងការបង្រ្កាបនោះដែរ។ អ្នកជំនាញ យល់ថា លំហូរចូលនៃជនជាតិចិនមកកម្ពុជា ក៏មកជាមួយគ្នានឹងការកើនឡើងនៃពាណិជ្ជកម្មឆ្លងដែនខុសច្បាប់ ក៏ដូចជាការរត់ពន្ធនិងការកែច្នៃគ្រឿងញៀនក្នុងស្រុកផងដែរ។

របាយការណ៍ឆ្នាំ២០២១ ដែលចេញដោយអង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនត្រូវបានផ្សាភ្ជាប់ទៅនឹងការកើនឡើងហានិភ័យដែលបណ្តាលមកពីការកើនឡើងនៃពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងឧក្រិដ្ឋកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា។

យោងតាមការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿង និង ឧក្រិដ្ឋកម្ម (UNODC)កម្ពុជាបានក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរគ្រឿងញៀន។ នៅលើគេហទំព័ររបស់ពួកគេ UNODC កត់សម្គាល់ថា «ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេសថ្នាំរំញោចប្រភេទអំហ្វេតាមីន (ATS) – បានកើនឡើងយ៉ាងខ្លាំង» ។

អគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញអំពីការបង្រ្កាបរោងចក្រកែច្នៃថ្នាំញៀនសំយោគមួយកន្លែង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បញ្ញា ឆព័ណ្ណ
អគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញអំពីការបង្រ្កាបរោងចក្រកែច្នៃថ្នាំញៀនសំយោគមួយកន្លែង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បញ្ញា ឆព័ណ្ណ

លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានប្រាប់ខេមបូចាថា ការជួញដូរគ្រឿងញៀនបានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល។  ទោះយ៉ាងណាក៏ដោយលោកថាវាមិនត្រឹមត្រូវនោះទេក្នុងការហៅកម្ពុជាថាជាប្រទេសផលិតគ្រឿងញៀន។ ប៉ុន្តែលោកបន្តថាអាចហៅបានថាជាប្រទេសដែលមាន «ការកែច្នៃ» គ្រឿងញៀនខ្នាតតូចកើតឡើង។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ថា​ [​កម្ពុជា​ផលិត​ថ្នាំញៀនទេ​] ​​ព្រោះ​យើង​បាន​អះអាង​ថា​ប្រទេស​យើង​មាន​ការ​កែច្នៃ​ថ្នាំញៀន​សំយោគ​។ យើងទទួលស្គាល់ថាកម្ពុជាមានការកែច្នៃ មិនមែនផលិតទេ»

ថ្នាំសំយោគដែលត្រូវបានបង្កើតដោយសារធាតុគីមី ដែលអាចពិបាកក្នុងការបង្ក្រាប  មានតម្លៃថោកក្នុងការផលិត ហើយអាចផលិតបានស្ទើរតែគ្រប់ទីកន្លែង។ លោក វីរិទ្ធ ថាដោយសារតែមូលហេតុទាំងនេះហើយទើបសមត្ថកិច្ចមាន​លំបាក​ក្នុង​ការ​បញ្ឈប់​ការ​ផលិត​និង​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន​ដូច​ជា មេតំហ្វេតាមីន កេតាមីន(Ketamine) MDMA និង​ច្រើន​ប្រភេទទៀត។

ទីតាំងរបស់ប្រទេសកម្ពុជា ដែលតភ្ជាប់យ៉ាងងាយស្រួលទៅកាន់សមុទ្រ និង «ត្រីកោណមាស» បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយ ដែលករណីនេះបណ្តាលឱ្យមានការរីករាលដាលនៃគ្រឿងញៀនក្នុងប្រទេសនេះកាន់តែច្រើន។

លោកបន្ថែមថា៖ «​គ្រឿងញៀន​រាលដាល​ដល់​តំបន់​ដាច់ស្រយាល​ដោយសារ​ថ្នាំ​សំយោគ​មាន​តម្លៃ​ថោក ហើយ​មនុស្ស​អាច​ទិញ​វា​បាន​យ៉ាង​ងាយស្រួល​»​

នាំចូលសម្ភារៈស្របច្បាប់ សកម្មភាពខុសច្បាប់

កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ខិត​ខំ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

លោក បានថ្លែងដោយសំដៅដល់ការបង្រ្កាបថ្មីៗដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីចុងដែរមករាថា៖ «ចុងក្រោយនេះ បានរកឃើញសារធាតុញៀន ដែលគេដឹកចូលមកដោយស្របច្បាប់ មិនមែនលួចលាក់ជាង១០០តោន»

លោក បានដាក់ជាសំណួរថា៖«អ៊ីចឹងសួរថា នរណាទទួលខុសត្រូវ ក្នុងការនាំសារធាតុញៀនហ្នឹងមក?» លោកបន្ថែមថា៖«ខ្ញុំគិតថាយើងត្រូវតែរកអ្នកទទួលខុសត្រូវ»។

អាជ្ញាធររៀបចំគ្រឿងញៀនដែលរឹបអូសបានយកទៅដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩។ ខេមបូចា/ព្រីង សំរាំង
អាជ្ញាធររៀបចំគ្រឿងញៀនដែលរឹបអូសបានយកទៅដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩។ ខេមបូចា/ព្រីង សំរាំង

​លោក ស ខេង កត់​សម្គាល់ថា សារធាតុ​ជាច្រើន​ដែល​ប្រើ​សម្រាប់​កែច្នៃ​ថ្នាំញៀន​ត្រូវបាន​នាំចូល​ដោយ​ស្របច្បាប់ ដោយថា​ជា​សារធាតុ​គីមី​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ថែទាំ​សុខភាព​។ លោក​បាន​ជំរុញ​ឱ្យសមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នូវ​សារធាតុ​ណា​ដែល​អាច​ប្រើ​ផលិតគ្រឿង​ញៀនបាន។

ការកើនឡើងនៃផលិតកម្ម និងការជួញដូរគ្រឿងញៀនក្នុងស្រុក បាននាំឱ្យមានការកើនឡើងនៃឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងចំណោមអនីតិជន។ លោក​កត់​សម្គាល់​ថា ក្នុង​ឆ្នាំ​២០២១ មាន​យុវជន​មិន​ទាន់​គ្រប់​អាយុ​ចំនួន ១ ៤២២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ករណី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។

បើតាម លោក ​​ស ខេង អាជ្ញាធរកម្ពុជាបានអនុវត្តការបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់សរុបចំនួន ៦ ៣០៨ករណី ឃាត់ខ្លួនមនុស្សចំនួន ១៣៩៧៩ នាក់ក្នុងឆ្នាំ ២០២១។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាន ៣៤ នាក់ ពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន។ លោក​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០២១ អាជ្ញាធរ​រឹបអូស​បាន​ថ្នាំ​ញៀន​៤.៦៨​តោន និង​សារធាតុ​គីមី​សម្រាប់ផលិតគ្រឿងញៀនចំនួន​៨៤​តោន ។

ការ​ព្រួយ​បារម្ភកើនឡើង ខណៈ​ដែល​ថ្នាំ​ញៀន​រីក​រាល​ដាល​ដល់​តំបន់​ជន​បទ

ការចែកចាយគ្រឿងញៀននៅទូទាំងប្រទេសរាប់ទាំងតំបន់ជនបទដាច់ស្រយាល បានកើតមានមុនការបង្រ្កាបរោងចក្រកែច្នៃគ្រឿងញៀននៅកំពង់ស្ពឺយូរណាស់មកហើយ។

អ្នកស្រី វឿន ដែលរស់នៅក្បែររោងចក្រកែច្នៃគ្រឿងញៀននោះ បានឱ្យដឹងប្អូនថ្លៃប្រុសរបស់អ្នកស្រីក៏ញៀនថ្នាំដែរ ហើយថាអ្នកចែកចាយក្នុងភូមិរបស់អ្នកស្រីក៏ត្រូវបានចាប់ខ្លួនមួយចំនួនផងដែរ។

អ្នកស្រី បាននិយាយថា៖«ខ្ញុំមិនដឹងថាថ្នាំញៀនហ្នឹងត្រូវបានចែកចាយនៅក្នុងភូមិនៅពេលណានោះទេ ហើយពួកគេយកថ្នាំញៀនពីណាទេ ប៉ុន្តែខ្ញុំទើបតែដឹងថាប៉ូលសបានចាប់ខ្លួនអ្នកចែកចាយបន្ថែមទៀតនៅឆ្នាំ២០២១»។

អ្នករងគ្រោះដោយគ្រឿងញៀនចូលរៀននៅ សមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង នៅរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង
អ្នករងគ្រោះដោយគ្រឿងញៀនចូលរៀននៅ សមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង នៅរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មានប្រសាសន៍ថាកំណើនផលិតកម្ម និងចលនាគ្រឿងញៀនក្នុងស្រុក បានបង្ហាញថារដ្ឋាភិបាលខ្វះយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក​ ​បន្ត​ថា​៖ «​វា​​កំពុង​រីក​រាលដាល​ដល់​សហគមន៍​ជនបទ​ដាច់​ស្រយាល​»។ លោក បន្ថែមថា៖«ទាំងអ្នកប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនបានកើនឡើងយ៉ាងខ្លាំង ហើយពលរដ្ឋរាយការណ៍ថាការជួញដូរគ្រឿងញៀននៅក្នុងសហគមន៍របស់ពួកគាត់នៅតែមានកម្រិតខ្ពស់»

លោក ជ័យ បាន​បន្ត​ថា រដ្ឋាភិបាល​គួរ​បង្កើត​យន្តការ​គណនេយ្យភាព​ទៅវិញទៅមក ដោយមានការចូលរួមពី​សហគមន៍ និង​អាជ្ញាធរ​ដើម្បី​រួមគ្នា​ដោះស្រាយ​សកម្មភាព​ខុសច្បាប់នោះ។ ប៉ុន្តែ​លោក​បារម្ភ​ថាអំពើ​ពុករលួយអាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​បាន​ពេញលេញ។

លោក​ បានលើកឡើង​ថា​៖ «​គ្រឿងញៀន​ជា​បញ្ហា​ស្មុគស្មាញ​ដោយសារ​កង្វះ​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​។ លោក​បាន​ថ្លែង​បន្តថា​៖ «​រឿងនេះ​​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ជា​ទម្រង់​នៃ​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ»
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ជារឿយៗពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកថា លុះត្រាតែអាជ្ញាធរធ្វើការលុបបំបាត់អំពើពុករលួយ ទើបបញ្ហាគ្រឿងញៀនទំនងជានឹងរលាយបាត់ពីប្រទេសកម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​និយាយពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន គេមិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ ​វា​ត្រូវ​ធ្វើ​ជា​ប្រព័ន្ធ»

លោក បានថ្លែងបន្ថែមថា៖«​បើ​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​សូម្បី​តែ​ក្នុង​សហគមន៍​ជន​បទ​ វា​មាន​ន័យ​ថា​ទំហំ​នៃ​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ទំហំ​ធំ»

ការស្តារនីតិសម្បទាសម្រាប់អ្នកប្រើប្រាស់ថ្នាំញៀន

ជាមួយនឹងការកើនឡើងនៃផលិតផល និងការជួញដូរគ្រឿងញៀន ក៏មានការកើនឡើងនៃការប្រើប្រាស់គ្រឿងញៀនផងដែរ។ យោង​តាម NACD នៅប្រទេសកម្ពុជា​បច្ចុប្បន្ន​មាន​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​អ្នកប្រើប្រាស់គ្រឿងញៀន​ចំនួន ១៩ ដែល​ក្នុង​នោះ​មាន ១០ កន្លែង​គ្រប់គ្រង​ដោយ​រដ្ឋ ៤ កន្លែង​ជារបស់​ឯកជន និង ៥ទៀត​គ្រប់គ្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ខណៈពេលដែលមជ្ឈមណ្ឌលស្តារនីតិសម្បទាដែលគ្រប់គ្រងដោយរដ្ឋត្រូវបានរងការរិះគន់ពីក្រុមសិទ្ធិមនុស្សថាមានការឃុំខ្លួនខុសច្បាប់ និងការរំលោភបំពានលើរាងកាយ មជ្ឈមណ្ឌលឯកជនកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងសម្រាប់គ្រួសារ និងបុគ្គលដែលកំពុងស្វែងរកការព្យាបាល។

លោក ហង្ស ប្រសើរ អនុប្រធានសមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង ដែលជាមជ្ឈមណ្ឌលស្តារនីតិសម្បទាឯកជនមួយ បាននិយាយថា ទោះបីជាមានការបង្រ្កាបក្នុងទ្រង់ទ្រាយធំជាបន្តបន្ទាប់ក៏ដោយ វាមានសញ្ញាតិចតួចពីការថយចុះនៃសកម្មភាពគ្រឿងញៀន។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ឃើញ​ការ​បង្ក្រាប​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​វា​មិន​បាននាំ​ឱ្យ​មាន​ការ​ថយ​ចុះ [​ភាព​ងាយស្រួលក្នុងការរកទិញ​ថ្នាំ​ញៀន]ទេ»

លោក ហង្ស ប្រសើរ អនុប្រធានសមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានខេមបូចា នៅរាជធានីភ្នំពេញនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង
លោក ហង្ស ប្រសើរ អនុប្រធានសមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានខេមបូចា នៅរាជធានីភ្នំពេញនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

អ្នកដែលចូលមកក្នុងមជ្ឈមណ្ឌលរបស់លោក ប្រសើរ មករកការព្យាបាលបង្ហាញពីវិសាលភាព នៃអ្នកជំងឺកាន់តែច្រើនមកពីតំបន់ជនបទ។

លោក តុលា អាយុ ៣៧ឆ្នាំ មកពីឃុំអ្នកលឿង ខេត្តព្រៃវែង បានប្រើប្រាស់គ្រឿងញៀនប្រហែលមួយទស្សវត្សរ៍មុននឹងទទួលការព្យាបាលនៅមជ្ឈមណ្ឌលចាប់ពីឆ្នាំ ២០១៧។ លោកបាននិយាយថា ការជួញដូរគ្រឿងញៀននៅក្នុងសហគមន៍របស់លោកមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក បាននិយាយថា៖ «ការ​ចែកចាយ​ថ្នាំ​ញៀន​ក្នុង​សហគមន៍​របស់​ខ្ញុំ​បន្ត​កើន​ឡើង ជា​ពិសេស​ក្នុង​អំឡុង​ពេលដែលមាន​កូវីដ-១៩នេះកើតឡើង»

ក្រុមអ្នកជំងឺជាបុរសៗលេងបាល់ទះនៅ សមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង នៅរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង
ក្រុមអ្នកជំងឺជាបុរសៗលេងបាល់ទះនៅ សមាគម អប់រំព្យាបាលជនប្រើប្រាស់គ្រឿងញៀន និងបណ្តុះបណ្តាលចំណេះដឹង នៅរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Drug busts suggest growth in domestic processing

2,393 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម